កិច្ច​ពិភាក្សា​ជុំវិញ​ផែនការ​សកម្មភាព​ជាតិ​​ទប់ស្កាត់​អំពើ​ហិង្សា​លើ​ស្ត្រី​និង​កុមារ

បញ្ហា​អំពើ​ហិង្សា​លើ​ស្ត្រី និង​ក្មេង​ស្រី នៅ​តែ​ជា​ប្រធាន​បទ​ធំ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា បើ​ទោះ​ជា​អ្នក​ជំនាញ​ខ្លះ​និយាយ​ថា មាន​ស្ថានភាព​ប្រសើរ​ខ្លះ។

0:00 / 0:00

ក្នុង​ទិសដៅ​ដោះស្រាយ​បញ្ហា​នេះ រដ្ឋាភិបាល​កំពុង​រៀបចំ​ផែនការ​ជាតិ​លើក​ទី២ សម្រាប់​អាណត្តិ​ថ្មី​បន្ត​ទៀត ដោយ​មាន​ការ​ចូល​រួម​ពិគ្រោះ​យោបល់​ពី​អ្នក​ពាក់ព័ន្ធ​ក្នុង​សង្គម​ស៊ីវិល​ផង។

មាន​សកម្មជន តំណាង​អង្គការ និង​បណ្ដាញ​លើក​ស្ទួយ​សិទ្ធិ​នារី ចំនួន ៦០​នាក់ បាន​មក​ជួបជុំ​គ្នា​នៅ​សណ្ឋាគារ​សាន់វ៉េ (Sunway Hotel) រាជ​ធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី៧ ធ្នូ ដើម្បី​ពិគ្រោះ​ពិភាក្សា​គ្នា​រក​អនុសាសន៍ ឬ​មតិ​យោបល់​នានា ដាក់​ជូន​ក្រសួង​កិច្ចការ​នារី សម្រាប់​ដាក់​បញ្ចូល​ទៅ​ក្នុង​ផែនការ​សកម្មភាព​ជាតិ​ថ្មី​លើក​ទី២ ក្នុង​ទិសដៅ​ទប់ស្កាត់​អំពើ​ហិង្សា​លើ​ស្ត្រី​ដែល​ត្រូវ​អនុវត្ត​ក្នុង​រយៈ​ពេល ៤​ឆ្នាំ​ទៅ​មុខ បន្ទាប់​ពី​ឆ្នាំ​២០១២ ទៅ។

នាយិកា​ប្រតិបត្តិ​អង្គការ​យេនឌ័រ និង​អភិវឌ្ឍន៍ ដើម្បី​កម្ពុជា គឺ​អ្នកស្រី រស់ សុភាព ថ្លែង​ថា ការ​ជួបជុំ​ពិភាក្សា​គ្នា​នេះ មាន​សារសំខាន់​ណាស់​ចំពោះ​ពលរដ្ឋ អាជ្ញាធរ និង​បណ្ដាញ​អង្គការ​នៅ​តាម​មូលដ្ឋាន មាន​ឱកាស​ផ្លាស់​ប្ដូរ​បទពិសោធន៍​កន្លង​មក និង​ប្រមូល​មតិ​យោបល់​រួម​ចំណែក​ដាក់​ចូល​ក្នុង​ផែនការ​សកម្មភាព​ជាតិ​ថ្មី ដែល​ក្រសួង​កិច្ចការ​នារី​កំពុង​ដឹកនាំ​រៀបចំ​ធ្វើ។

អំពើ​ហិង្សា​លើ​ស្ត្រី ត្រូវ​បាន​អ្នក​ជំនាញ និង​អ្នក​ធ្វើ​ការ​លើក​កម្ពស់​សិទ្ធិ​នារី ចាត់​ទុក​ថា ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស ដែល​មាន​ចែង​ក្នុង​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ ជា​ពិសេស គឺ​សិទ្ធិ​របស់​នារី​ដែល​មាន​ចែង​ក្នុង​អនុសញ្ញា​ស្ដីពី​ការ​លុប​បំបាត់​រាល់​ទម្រង់​នៃ​ការ​រើសអើង​ប្រឆាំង​នឹង​នារី (ស៊ី-ដ = CEDAW)។ ក្រៅ​ពី​នេះ សិទ្ធិ​នារី​ក៏​ត្រូវ​បាន​ការពារ​ដោយ​ក្របខ័ណ្ឌ​ច្បាប់​ជាតិ​មួយ​ចំនួន ដែល​មាន​ជា​អាទិ៍ រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

ទីប្រឹក្សា​ឯករាជ​មួយ​រូប ដែល​ធ្វើ​ការ​ឱ្យ​អង្គការ​យេនឌ័រ និង​អភិវឌ្ឍន៍ ដើម្បី​កម្ពុជា និង​មជ្ឈមណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា អ្នកស្រី វីកតូរៀ ភាសិន (Victoria Pearson) មាន​ប្រសាសន៍​នៅ​ក្នុង​កិច្ច​ពិភាក្សា​ថា អំពើ​ហិង្សា​លើ​ស្ត្រី មាន​ស្ថានភាព និង​ច្រើន​ទម្រង់​ខុសៗ​គ្នា៖ «អំពើ​ហិង្សា​លើ​ស្ត្រី​នេះ គឺ​ជា​អំពើ​ហិង្សា​ដែល​ទម្រង់​ច្រើន​យ៉ាង ក្នុង​នោះ​អំពើ​ហិង្សា​លើ​ស្ត្រី​អាច​ជា​អំពើ​ហិង្សា​ក្នុង​គ្រួសារ ជា​ការ​រំលោភ​សេពសន្ថវៈ ជា​ការ​បៀតបៀន​ផ្លូវ​ភេទ ជា​ការ​ជួញ​ដូរ​ស្ត្រី ជា​ការ​កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ​ជា​ដើម។ ប៉ុន្តែ​ទម្រង់​អំពើ​ហិង្សា​លើ​ស្ត្រី មិន​មែន​តែ​ប៉ុណ្ណេះ​ទេ តែ​នៅ​ទី​នេះ ខ្ញុំ​សូម​លើក​ឡើង​តែ​ទម្រង់​អំពើ​ហិង្សា​ដែល​តែង​តែ​កើត​មាន​ញឹកញាប់​ប៉ុណ្ណោះ»

អ្នកស្រី​បញ្ជាក់​ថា ផែនការ​សកម្មភាព​ជាតិ គឺ​ជា​ក្របខ័ណ្ឌ​គោល​នយោបាយ​ដែល​កំណត់​អំពី​យុទ្ធសាស្ត្រ​សម្រាប់​ស្ថាប័ន​ពាក់ព័ន្ធ​ធ្វើ​ការ​ជាមួយ​គ្នា ដើម្បី​សម្រេច​គោលដៅ​រួម ដោះស្រាយ​បញ្ហា​អំពើ​ហិង្សា​លើ​ស្ត្រី​ជា​លក្ខណៈ​ប្រព័ន្ធ មាន​ការ​ផ្លាស់​ប្ដូរ​ដោយ​ចិរភាព និង​សម្រប​សម្រួល​ដោយ​ការ​ចូល​រួម​ពី​អ្នក​ពាក់ព័ន្ធ​ទាំង​អស់​គ្នា។

អ្នក​សម្រប​សម្រួល​កម្មវិធី​នៃ​អង្គការ​សហប្រជាជាតិ​ស្ដីពី​ស្ត្រី លោក វន វ៉ិត បញ្ជាក់​ថា ការ​ចូល​រួម​ពិគ្រោះ​យោបល់​ក្នុង​ការងារ​រៀបចំ​ផែនការ​នេះ គឺ​ជា​ការ​ឆ្លុះ​បញ្ចាំង​តម្រូវ​ការ​ពិត​របស់​ពលរដ្ឋ​ក្នុង​សង្គម។

អ្នកស្រី រស់ សុភាព មាន​ប្រសាសន៍​ថា តាម​ការ​អនុវត្ត​ផែនការ​លើក​ទី១ ពី​ឆ្នាំ​២០០៩ ដល់​ឆ្នាំ​២០១២ ដែល​មាន​សកម្មភាព​ផ្សព្វផ្សាយ អប់រំ និង​ការ​ធ្វើ​ច្បាប់​គោល​នយោបាយ​នានា អ្នកស្រី​វាយ​តម្លៃ​ថា ពលរដ្ឋ​ខ្មែរ​ទាំង​ឯកជន និង​ក្នុង​ស្ថាប័ន​រដ្ឋ មាន​ការ​យល់​ដឹង និង​ចូល​រួម​ច្រើន​ជាង​មុន ជា​ពិសេស​ក្នុង​យុទ្ធនាការ​នានា​ប្រឆាំង​នឹង​អំពើ​ហិង្សា​លើ​ស្ត្រី។ បន្ថែម​លើ​នេះ មាន​ករណី​ច្រើន​បង្គួរ​ដែរ​ដែល​ស្ត្រី​រងគ្រោះ​ស្វែង​រក​ជំនួយ​ផ្នែក​ច្បាប់ នៅ​ពេល​ណា​អំពើ​ហិង្សា​កើត​ឡើង។

ការ​រៀបចំ​ផែនការ​សកម្មភាព​ជាតិ​ស្ដីពី​ការ​ទប់​ស្កាត់​អំពើ​ហិង្សា​លើ​ស្ត្រី​ថ្មី​នេះ គេ​រំពឹង​ថា​នឹង​បាន​ចប់​នៅ​ពាក់​កណ្ដាល​ឆ្នាំ​២០១៣ ហើយ​នឹង​ត្រូវ​អនុវត្ត​ជា​គោល​នយោបាយ​របស់​រដ្ឋាភិបាល​រហូត​ដល់​ឆ្នាំ​២០១៧៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។