ប្រមុខ​រដ្ឋាភិបាល​សំណូមពរ​ឲ្យ​មាន​ការបញ្ចុះ​តម្លៃ​អគ្គិសនី​នៅ​ជនបទ

ប្រមុខ​រដ្ឋាភិបាល​ខ្មែរ​សំណូមពរ​ឲ្យ​ក្រុមហ៊ុន​អគ្គិសនី​ឯកជន​តាម​ជនបទ​បញ្ចុះ​តម្លៃ​អគ្គិសនី​ខណៈ​ប្រេង​ទីផ្សារ​អន្តរជាតិ​បាន​ចុះ​ថ្លៃ​ខ្លាំង​ជាង​មុន។

0:00 / 0:00

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ក្នុង​វេទិកា​រាជ​រដ្ឋាភិបាល​និង​ផ្នែក​ឯកជន​លើក​ទី​១៤​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្រ្តី​នៅ​ថ្ងៃ​សុក្រ ទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០០៨។

លោក ហ៊ុន សែន មាន​ប្រសាសន៍​ថា តម្លៃ​ប្រេង​ទីផ្សារ​អន្តរជាតិ ពេល​វិបត្តិ​អតិផរណា​បាន​ឡើង​ថ្លៃ​ជាង​១៤០​ដុល្លារ​ក្នុង​១​បារ៉ែល ដល់​មក​បច្ចុប្បន្ន​តម្លៃ​ប្រេង​នោះ​បាន​ចុះ​ថ្លៃ​ក្រោម​៥០​ដុល្លារ​ក្នុង​១​បារ៉ែល គួរតែ​តម្លៃ​អគ្គិសនី​ឯកជន​នៅ​ជនបទ​បញ្ចុះ​ថ្លៃ​តាម​តម្លៃ​ប្រេង​ទីផ្សារ​អន្តរជាតិ​នោះ​ដែរ។

លោក​នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា ៖ «ព្រោះ​កាល​ដែល​គាត់​ឡើង​ថ្លៃ គាត់​ថា​មក​ពី​ប្រេង អ៊ីចឹង​គាត់​ដំឡើង​ថ្លៃ​ភ្លើង តែ​ឥឡូវ​ប្រេង​វា​ចុះ​មក​វិញ អា​ភ្លើង​គាត់​មិន​ព្រម​ចុះ»

មន្រ្តី​អគ្គិសនី​កម្ពុជា លោក ទី ថានី មាន​ប្រសាសន៍​ថា តម្លៃ​អគ្គិសនី​ដែល​ឈ្មួ្មញ​មិន​ទាន់​បញ្ចុះ​ថ្លៃ​បាន​គឺ​គេ​ប្រើ​ម៉ាស៊ីន​ភ្លើង​ចាក់​ប្រេង​ដែល​គេ​មិន​បាន​ជាវ​អគ្គិសនី​ពី​រដ្ឋ​ទេ ប៉ុន្តែ​ស្ថិត​ក្រោម​ការត្រួត​ពិនិត្យ​តម្លៃ​ពី​អាជ្ញាធរ​អគ្គិសនី​និង​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល។

លោក ទី ថានី បាន​ឲ្យ​ដឹង​ថា ៖ «សំណូមពរ​ឲ្យ​គេ​ចុះ ហើយ​យើង​នឹង​ចុះ​ទៅ​ជា​បន្ត​បន្ទាប់​ដល់​កន្លែង​នោះ​ដើម្បី​បង្ខំ​ឲ្យ​គេ​ចុះ​ទៅ​តាម​តម្លៃ​ប្រេង​ហ្នឹង មិន​ឲ្យ​គេ​ធ្វើ​ព្រងើយ​កន្តើយ។ ឥឡូវ​យើង​អនុវត្ត​បាន​ប្រហែល​ជា​៣០%​ភ្លាមៗ​ហើយ យើង​នៅ​ចុះ​បន្ត​បន្ទាប់​ទៀត»

ប្រជាជន​សង្កាត់​ព្រែកលាប​ត្អូញ​ថា ឈ្មួញ​លក់​អគ្គិសនី​នៅ​ទី​នោះ​មិន​ព្រម​ចុះ​ថ្លៃ​ឡើយ ៖ «ខ្ញុំ​នៅ​ក្រុង​ដែរ​រួច​ម៉េច​ក៏​ថ្លៃ ថ្លៃ​ទាល់តែ​មែនទែន ២៥០០ បើ​ប្រៀបធៀប​ក្រុង​វា ៣៥០ ៥០០ ៧៥០..»

ចំណែក​ប្រជាជន​ក្នុង​ឃុំ​ព្រែកកំពឹស ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល ឲ្យ​ដឹង​ថា អគ្គិសនី​ឯកជន​នៅ​ឃុំ​នោះ​បាន​ឡើង​ថ្លៃ​តាម​ប្រេង​ឥន្ទនៈ ៖ «មុន​នោះ​យក​តែ​១​គីឡូវ៉ាត់ ១៥០០​ទេ។ ១៥០០ ឡើង ២០០០ ២០០០​ហើយ ឡើង​២៥០០​មក​ដល់​ឥឡូវ»

រីឯ​ប្រជាជន​នៅ​ភូមិ​ព្រៃទទឹង ឃុំ​ជ្រៃវៀន ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម បាន​អះអាង​ថា អគ្គិសនី​នៅ​បន្ត​ឡើង​ថ្លៃ​បើ​ទោះ​បី​អាជ្ញាធរ​អគ្គិសនី​កំណត់​តម្លៃ​សម្រាប់​ខែ​វិច្ឆិកា ១​គីឡូវ៉ាត់​ម៉ោង​តែ​២៣០០​រៀល​ក៏​ដោយ ៖ «គេ​លក់ ២៧០០ ហើយ​ខាង​អគ្គិសនី​ប្រកាស​ឲ្យ​លក់ ២៣០០ សម្រាប់​ខែ​វិច្ឆិកា តែ​ខាង​សេវាករ​គាត់​អត់​ព្រម»

ប្រជាជន​នៅ​ផ្សារ​ត្រាំខ្នារ ស្រុក​បាទី ខេត្ត​តាកែវ មាន​ប្រសាសន៍​ថា ភ្លើង​អគ្គិសនី​ឯកជន​នៅ​តម្លៃ​ថេរ​៣៥០០​រៀល​ក្នុង​១​គីឡូវ៉ា់ត់​ម៉ោង​បើ​ទោះ​បី​ប្រេង​សាំង​ចុះ​ថ្លៃ​ក៏ដោយ។

ចំណែក​ជំទប់​ទី​២ ឃុំ​ព្រែកអំបិល ស្រុក​ស្អាង ខេត្ត​កណ្តាល លោក រស់ ស៊ុយ អះអាង​ថា ក្រុមហ៊ុន​អានកូ​លក់​ភ្លើង​១​គីឡូវ៉ាត់​ម៉ោង​តែ​៦៥០​រៀល​ទេ។

សូម​ជម្រាប​ថា វិស័យ​អគ្គិសនី​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន​វិនិយោគ​នាំ​ឲ្យ​តម្លៃ​លក់​ខុសៗ​គ្នា។ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​តែ​មួយ តាម​សង្កាត់​ខ្លះ​១​គីឡូវ៉ាត់​ម៉ោង​គេ​លក់​ថ្លៃ​ជាង​៣០០​រៀល​ទៅ​ជាង​៥០០​រៀល។ សង្កាត់​ខ្លះ​ជាង​៧០០​និង​ជាង​៩០០​រៀល​តាម​ប្រើ​តិច​ច្រើន និង​តាម​ផ្ទះ​ដែល​មាន​មុខរបរ​លក់​ដូរ​ជាដើម។

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុនសែន បាន​បញ្ជា​ឲ្យ​មន្រ្តី​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល អាជ្ញាធរ​អគ្គិសនី​ជាតិ​និង​អាជ្ញាធរ​ខេត្ត​បញ្ជា​ឲ្យ​ឈ្មួញ​បញ្ចុះ​ថ្លៃ​អគ្គិសនី​នៅ​ជនបទ​តាម​តម្លៃ​ប្រេង​ដែល​ចុះ​ថ្លៃ​នេះ​ឆាប់ៗ៕