នាយក​រដ្ឋមន្រ្តី​ខ្មែរ​សុំ​ឲ្យ​ថៃ​ដក​ទ័ព​ចេញ​ពី​វត្ត​ខ្មែរ​ក្បែរ​ប្រាសាទ​ព្រះវិហារ

លោក ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​កម្ពុជា បាន​សរសេរ​លិខិត​មួយ​ច្បាប់​ជា​ផ្លូវការ​ផ្ញើ​ជូន​លោក​នាយករដ្ឋ​មន្ត្រី​ថៃ នៅ​ថ្ងៃ​ទី​១៧ កក្កដា​នេះ សុំ​ឲ្យ​មាន​ការដក​កងទ័ព​ថៃ​ពី​វត្ត​កែវ​សិក្ខា​គិរី​ស្វារៈ ហៅ​វត្ត​ប្រាសាទ​ព្រះវិហារ ដែល​ទាហាន​ថៃ​មិន​ត្រឹមតែ​មិន​បាន​ដក​ចេញ​ប៉ុណ្ណោះ​ទេ តែ​នៅ​បាន​បង្កើន​ចំនួន​ទ័ព​ដល់​៤០០​នាក់​ហើយ​នៅ​ពេល​បច្ចុប្បន្ន​នេះ ។

ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្រសួង​ព័ត៌មាន​ក្រុង​ភ្នំពេញ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​កម្ពុជា បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​ឲ្យ​ដឹង​ថា លិខិត​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន គឺ​ផ្ញើ​តាមរយៈ​ស្ថានទូត​ថៃ​នៅ​កម្ពុជា ក្រោយ​ពេល​មាន​ការជួប​សន្ទនា​តាម​ទូរស័ព្ទ​រវាង​លោក​នាយក​រដ្ឋមន្រ្តី​ខ្មែរ​និង​ថៃ​កន្លង​ទៅ ។

នៅ​ក្នុង​ខ្លឹមសារ​លិខិត​នោះ​ក្រៅពី​សុំ​ឲ្យ​មាន​ការដក​កងទ័ព​ថៃ នៅ​មាន​ការយល់ព្រម​ឲ្យ​មាន​ការជួប​គ្នា​រវាង​មន្រ្តី​ជាន់ខ្ពស់​កម្ពុជា ដែល​មាន​លោក ទៀ បាញ់ ឧប​នាយក​រដ្ឋមន្រ្តី​និង​ជា​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ ជាមួយ​លោក​នាយក​រដ្ឋមន្រ្តី​ថៃ សាម៉ាក់ ស៊ុនថរ៉ាវេទ ដែល​នឹង​ធ្វើឡើង​នា​ថ្ងៃ​ទី​២១ កក្កដា នៅ​ខែត្រ​ស្រះ​កែវ​ប្រទេស​ថៃ​ទៀត​ផង ។

លោក ខៀវ កាញារីទ្ធ បាន​មាន​ប្រសាសន៍​ថា ៖ «សម្ដេច​នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​មក​ខ្ញុំ​ដើម្បី​ប្រាប់​ថា លោក​ទាំង​ពីរ​គឺ​បាន​ជួប​គ្នា​ហើយ ។ ក្នុង​ការជួប​គ្នា​ហ្នឹង​គឺ​បាន​ឈាន​ដល់​ចំណុច​ពីរ ។ ទី​១ ការប្រជុំ​នឹង​សម្រេច​ធ្វើឡើង​នៅ​ថ្ងៃ​ច័ន្ទ ទី​២១ ហើយ​ទី​២ នាយក​រដ្ឋមន្ត្រី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ប្រឹងប្រែង​អស់​ពី​សមត្ថភាព​ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​សភាពការណ៍​នៅ​ស្ងប់ស្ងៀម»

លោក​រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​បាន​ហៅ​ការបង្កើន​ចំនួន​ទ័ព​របស់​ថៃ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ ថា​ជា​ការខុស​ច្បាប់ ហើយ​ប្រទេស​កម្ពុជា​មាន​សិទ្ធិ​គ្រប់​បែប​យ៉ាង​ទាំង​វិធានការ​ច្បាប់​និង​ការទូត​ដើម្បី​ការពារ​ប្រទេស ដែល​មក​ទល់​ពេល​នេះ​កម្ពុជា​ចង់​ឲ្យ​មាន​ការដោះស្រាយ​បញ្ហា​នោះ​ដោយ​សន្តិវិធី ។

តាម​លោក​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មក​ទល់​ពេល​នេះ​ភាគី​ថៃ​បាន​បិទ​ចរាចរណ៍​នៅ​ក្នុង​ទឹក​ដី​ថៃ​ចម្ងាយ​៨​គីឡូម៉ែត្រ​ពី​ប្រាសាទ​ព្រះវិហារ​ខ្មែរ ហើយ​ការដាក់​ទ័ព​របស់​ប្រទេស​ថៃ​មក​កាន់​តំបន់​ប្រាសាទ​ព្រះវិហារ​នេះ​ជា​ការគំរាម​កំហែង​មក​លើ​បេតិកភណ្ឌ​ពិភពលោក​តែម្តង និង​ជា​ការអាម៉ាស់​មួយ​របស់​ប្រទេស​ថៃ​ដែល​ជា​ប្រទេស​ស៊ីវិល័យ មាន​កិត្តិយស​លើ​ឆាក​អន្តរជាតិ​មួយ​ដែរ​នោះ ។

លោក ខៀវ កាញារីទ្ធ បាន​បញ្ជាក់​ថា ៖ «ដែល​យើង​បន្ថែម​មនុស្ស​ហ្នឹង​មិន​មែន​បន្ថែម​អី​ទេ ពីព្រោះ​កន្លងមក​រុញ​គ្នា​ចុះ​ឡើង​ហ្នឹង យើង​រុញ​មិន​ឲ្យ​ចូល គេ​រុញ​ចូល​មក ប៉ុន្តែ​អត់​មាន​ប្រើ​កាំភ្លើង​ទេ រុញ​តែ​ដៃ​ចុះ​ឡើង​ទេ ។ ក្រោយ​មក​ក៏​មិន​ដឹង​ដែរ គេ​ដេក​ទាំងអស់​គ្នា​នៅ​ហ្នឹង​ទៅ ក្នុង​វត្ត​ហ្នឹង ប៉ុន្តែ​យើង​ចៀស​បាន​គឺ​ចៀស​មិន​ឲ្យ​ឆ្លង​ទៀត ។ បើ​ឈាន​ចូល​ដល់​ទី​២ បាន​ន័យ​ថា​ដល់​ជណ្ដើរ​ឬ​ដល់​កំផែង​នេះ គឺ​ខ្ញុំ​មិន​អាច​ហ៊ាន​ថា​បាន​តើ​ផល​វិបាក​វា​យ៉ាងម៉េច​ទេ ? ប៉ុន្តែ​ទី​២ ថៃ​នឹង​បាត់បង់​អស់​ភាព​ស្រប​ច្បាប់​របស់​ខ្លួន ហើយ​និង​ទី​៣ ថៃ​នឹង​ដល់​ជំហរ​មួយ​ទៀត​ដែល​ថៃ​គឺ​អ្នក​បំផ្លាញ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ពីព្រោះ​លក្ខន្តិកៈ​បាន​ហាម​មិន​ឲ្យ​សមាជិក​នៃ​សមាគម​នេះ​ប្រើប្រាស់​កម្លាំង​បាយ​ដើម្បី​ដោះស្រាយ​ទំនាស់​ទេ»

លោក ខៀវ កាញារីទ្ធ បាន​ឲ្យ​ដឹង​ថា​បច្ចុប្បន្ន​នេះ​កម្ពុជា​មាន​ទាហាន​ប្រមាណ​៤០០​នាក់​នៅ​ការពារ​តំបន់​ប្រាសាទ​ព្រះវិហារ​នោះ ៕