កងទ័ព​និង​នគរបាល​ប្រចាំ​ការ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​ខ្វះ​ទឹក​ប្រើប្រាស់

កង​យោធពល​ខេមរភូមិន្ទ និង​នគរបាល កំពុង​បំពេញ​បេសកកម្ម​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ បាន​ត្អូញត្អែរ​ពី​កង្វះ​ខាត​ទឹក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ។
ដោយ ដែន អយុធ្យា
2013.02.16
ទឹក​ព្រះវិហារ ៣០៥ ប៊ីដុង​របស់​កងទ័ព​ឈរ​ជើង​នៅ​លើ​កំពូល​ភ្នំ​ព្រះវិហារ ដាក់​ត្រង​ទឹក​ដែល​បង្ហូរ​ចេញ​ពី​អាង​តាម​ទុយោ​តូច​មួយ កាល​ពី​ថ្ងៃ​ទី១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៣។
RFA/Uon Chhin

កង​កម្លាំង​បាន​ស្នើ​ឲ្យ​រាជ​រដ្ឋាភិបាល ឬ​ស្ថាប័ន​ពាក់ព័ន្ធ ជួយ​ផ្គត់ផ្គង់​ទឹក ឬ​មាន​វិធានការ​ផ្តល់​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់។ បញ្ហា​នេះ មន្ត្រី​ជាន់​ខ្ពស់​រាជ​រដ្ឋាភិបាល មិន​ធ្វេស​ប្រហែស ឬ​ព្រងើយ​កន្តើយ​នោះ​ទេ។

ពល​ទាហាន នគរបាល និង​សមត្ថកិច្ច​ផ្សេង​ទៀត ដែល​កំពុង​បំពេញ​បេសកកម្ម​ការពារ​ទឹកដី​តាម​ព្រំដែន និង​ការពារ​ប្រាសាទ​ព្រះវិហារ បាន​រអ៊ូរទាំ​ថា សព្វថ្ងៃ​នេះ​ពួក​គេ​កំពុង​ប្រឈម​បញ្ហា​ខ្វះ​ទឹក ដោយ​ហេតុ​ថា ស្រះ​ទឹក ឬ​អាង​ស្តុក​ទឹក​នៅ​លើ​ភ្នំ​ត្រូវ​រីង​ស្ងួត ហើយ​ម៉ាស៊ីន​បូម​ទឹក​បញ្ជូន​ទឹក​ពី​ផ្នែក​ខាង​ក្រោម​ទៅ​ចែក​ចាយ​លើ​ភ្នំ បាន​ខូច និង​ទុយោ​ទឹក​ខ្លះ​ត្រូវ​ភ្លើង​ព្រៃ​ឆេះ​មិន​ទាន់​ជួស​ជុល។

យោធា​មិន​បង្ហាញ​អត្តសញ្ញាណ​ម្នាក់ ស្ថិត​ក្នុង​ចំណោម​កងទ័ព​ផ្សេង​ទៀត បាន​ឲ្យ​ដឹង​ថា នៅ​ពេល​ម៉ាស៊ីន​បូម​ទឹក​ខូច កងទ័ព​មិន​បាន​ងូត​ទឹក​ពី ២ ទៅ ៣​ថ្ងៃ និង​មាន​ពេល​ខ្លះ​ស្ទើរ​រក​ទឹក​ចំអិន​អាហារ​ហូប​ចុក​ពុំ​បាន​ផង៖ «ទឹក​បាន​ត្រឹម​តែ​លាង​ខ្លួន​ទេ មិន​ហ៊ាន​ងូត​ទេ​ខ្លាច​អត់​ទឹក​ដាំ​បាយ។ គ្មាន​ទឹក​ទេ​ខាង​លើ គេ​បូម​នៅ​ក្រោយ​ពយ​តាឌី។ អាង​នៅ​ជិត​វត្ត ខ្ញុំ​ទៅ​មើល​ស្ងួត​អស់​ហើយៗ​ស្រះ​នៅ​លើ​ភ្នំ​ក្បែរ​ប្រាសាទ​ទី៤ ជិត​រីង​អស់​ហើយ»

បញ្ហា​នេះ យោធា​ដែល​កំពុង​ប្រចាំ​ការ​នៅ​តាម​ជំរាល​ភ្នំ​ឡើង​ទៅ​ប្រាសាទ​ព្រះវិហារ តាម​ជណ្ដើរ​បុរាណ បាន​ទទូច​ស្នើ​ឲ្យ​រដ្ឋាភិបាល​ជួយ​ធ្វើ​អាង​ស្តុក​ទឹក ឬ​ពិនិត្យ​ចំពោះ​បញ្ហា​ខ្វះ​ទឹក​សមរភូមិ​ជួរ​មុខ​ជា​បន្ទាន់ ព្រោះ​រដូវ​នេះ​ជា​រដូវ​ក្តៅ។ លោក​ថា ដោយ​សារ​តែ​ផ្លូវ​មាន​ចម្ងាយ​ឆ្ងាយ និង​ខ្វះ​មធ្យោបាយ​មិន​អាច​ឲ្យ​កងទ័ព​ធ្វើ​ដំណើរ​ចុះ​ទៅ​ដង​ទឹក​ពី​ក្រោម​ទៅ​លើ​ភ្នំ​បាន​ងាយ​ទេ។

មន្ត្រី​កងទ័ព​ឲ្យ​ដឹង​ថា បញ្ហា​ផ្គត់ផ្គង់​ទឹក​សម្រាប់​ផ្តល់​ជូន​កងទ័ព​សមរភូមិ​ជួរ​មុខ ឬ​កំពុង​បំពេញ​បេសកកម្ម​នៅ​តាម​ព្រំដែន​តំបន់​ព្រះវិហារ មិន​គួរ​ឲ្យ​ខ្វះខាត​ទេ ព្រោះ​ទឹក​ជា​ដង្ហើម​រស់​នៃ​ជីវិត។ លោក​ថា បើ​គ្មាន​ទឹក គ្មាន​ជីវិត ហើយ​ក៏​មិន​អាច​បំពេញ​បេសកកម្ម​ការងារ ឬ​ធ្វើ​កិច្ចការ​បាន​ជោគជ័យ​ទេ។

មិន​ខុស​គ្នា​ទេ សម្រាប់​មន្ត្រី​នគរបាល​ការពារ​បេតិកភណ្ឌ ប្រចាំ​ការ​នៅ​លើ​ប្រាសាទ​ព្រះវិហារ បាន​ទទួល​ស្គាល់​ថា កង​កម្លាំង​ពិត​ជា​កំពុង​ប្រឈម​ខ្វះ​ទឹក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ពិត​មែន ដែល​បញ្ហា​នេះ​ទាម​ទារ​ឲ្យ​រដ្ឋាភិបាល​ជួយ​មាន​វិធាន​ការ​ជា​បន្ទាន់៖ «ទឹក​ជាក់ស្តែង​ពិត​ជា​ខ្វះ​មែន ដោយ​សារ​តែ​រដូវ​នេះ​ជា​រដូវ​ក្តៅ​គ្មាន​ភ្លៀង​ធ្លាក់»

ឆ្លើយ​តប​បញ្ហា​នេះ លោក ផៃ ស៊ីផាន មន្ត្រី​នាំ​ពាក្យ និង​ជា​រដ្ឋលេខាធិការ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​មិន​ធ្វេស​ប្រហែល​ក្នុង​ការ​ផ្តល់​សម្ភារៈ​ប្រើប្រាស់ ឬ​អាហារ​ហូប​ចុក​ដល់​កង​កម្លាំង​ប្រចាំ​ការ​នៅ​តំបន់​ព្រំដែន​ប្រាសាទ​ព្រះវិហារ ទេ គឺ​បាន​បន្ត​ជួយ​ទំនុក​បម្រុង និង​ចុះ​ពិនិត្យ​ជា​ប្រចាំ​ខែ៖ «រាជ​រដ្ឋាភិបាល​មិន​ដែល​ព្រងើយ​កន្តើយ​ទេ ប៉ុន្តែ​មាន​ជួប​ឧបសគ្គ​ម្តងម្កាល​ដូច​ជា​ការ​បញ្ជូន​ទឹក​ទៅ​តាម​ម៉ាស៊ីនៗ​ខូច​ជាដើម។ ហើយ​យើង​នឹង​ជួសជុល នឹង​នៅ​តែ​ថែ​រក្សា​បន្ត​ឧបត្ថម្ភ​ម្ហូប​អាហារ​ដល់​កន្លែង។ ជាពិសេស​ខ្លួន​ខ្ញុំ​ផ្ទាល់ ខ្ញុំ​តែង​តែ ១​ខែ​កន្លះ ឬ ២​ខែ ខ្ញុំ​ទៅ​ដល់​កន្លែង​ហ្នឹង​ម្តង ដើម្បី​វាយ​តម្លៃ​សភាពការណ៍ ម្ហូប​ហូប​ចុក និង​ទំនាក់​ទំនង​កង​កម្លាំង​រវាង​ឆ្មាំ​ព្រំដែន​កម្ពុជា និង​ថៃ ដើម្បី​រាយការណ៍​ជូន​ប្រមុខ​រាជ​រដ្ឋាភិបាល»

ទោះ​ជា​បែប​នេះ​ក្តី កង​កម្លាំង​ស្នើ​មិន​បង្ហាញ​ឈ្មោះ ឲ្យ​ដឹង​ថា បច្ចុប្បន្ន​បញ្ហា​ប្រឈម​ចំពោះ​មុខ​របស់​កងទ័ព និង​នគរបាល​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ គឺ​បញ្ហា​ខ្វះ​ទឹក។ លោក​ថា មាន​ពេល​ខ្លះ​កង​កម្លាំង​នៅ​តំបន់​នោះ​ក្នុង​រយៈពេល ២ ឬ ៣​ថ្ងៃ ទើប​ងូត​ទឹក​ម្តង ឬ​ត្រឹម​ក្រមា​ជ្រលក់​ទឹក​ដើម្បី​ជូត​ខ្លួន​ប៉ុណ្ណោះ។ លោក​ថា ដើម​ហេតុ​នាំ​ឲ្យ​ខ្វះ​ទឹក អាច​បណ្ដាល​មក​ពី​ទុយោ​បូម​ទឹក​សម្រាប់​បូម​ទឹក​ឡើង​ភ្នំ ត្រូវ​ភ្លើង​ព្រៃ​ឆេះ​បំផ្លាញ និង​គួប​ផ្សំ​ម៉ាស៊ីន​បូម​ទឹក​ខូច ទើប​ប្រឈម​ការ​ខ្វះខាត​ទឹក៖ «ធ្វើ​អាង​ទឹក​បាន​៣ ឥឡូវ​ស្ងួត​ទឹក​អស់​ហើយ។ មាន​ថ្ងៃ​ខ្លះ កង​កម្លាំង​ងូត​ទឹក ២​ដប​ទឹក​សុទ្ធ គឺ​ថ្នាក់​លើ​ផ្តល់​ទឹក​មិន​បាន​ទាន់​ពេល​វេលា​ខ្លះ​ដែរ ប៉ុន្តែ​កង​កម្លាំង​នៅ​បន្ត​អត់ធ្មត់​តស៊ូ​ការពារ​ទឹក​ដី​នៅ​តំបន់​ប្រឈម​ជាមួយ​ទ័ព​សៀម។ ទីតាំង​ដែល​ខ្ញុំ​ឈរ​ជើង គឺ​នៅ​ខ្សែ​ត្រៀម​ទី១ ទ័ព​សៀម​នៅ​ខាង​លើ​ខ្ញុំ​នៅ​ខាង​ក្រោម។ យប់​ឡើង​កម្លាំង​យើង​ខ្ញុំ​យាម​កាម ២៤​ម៉ោង»

កង​កម្លាំង​ជួរ​មុខ បាន​អះអាង​ថា ដោយ​សារ​តែ​ផ្លូវ​មាន​ចម្ងាយ​ឆ្ងាយ ហើយ​ការ​ដឹក​ទឹក​ឡើង​លើ​ភ្នំ ត្រូវ​ចំណាយ​ថវិកា​មួយ​ចំនួន​ផង​នោះ នាំ​ឲ្យ​ពួក​គេ​ជួប​ការ​លំបាក និង​ប៉ះពាល់​ដល់​សតិអារម្មណ៍​បំពេញ​បេសកកម្ម​ការពារ​ទឹកដី។ បញ្ហា​នេះ ស្នើ​ឲ្យ​ប្រមុខ​រាជ​រដ្ឋាភិបាល​បញ្ជូន​មន្ត្រី​ចុះ​អង្កេត និង​មាន​វិធាន​ការ​ផ្គត់ផ្គង់​ទឹក​ដល់​កង​កម្លាំង​ជួរ​មុខ​ឲ្យ​បាន​គ្រប់គ្រាន់​ជា​បន្ទាន់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។