ថៃ​តវ៉ា​ប្រឆាំង​នឹង​ការដោត​ទង់​យូណេស្កូ​នៅ​ប្រាសាទ​ព្រះវិហារ

ពិធី​ដោត​ទង់​សញ្ញា​អន្តរជាតិ​ជា​និមិត្តរូប​ការពារ​ប្រាសាទ​បូរាណ​ខ្មែរ និង​សកម្មភាព​ពុទ្ធ​បរិស័ទ​ខ្មែរ​ធ្វើ​កឋិន​ទៅ​វត្ត​ខ្មែរ កែវសិក្ខាគិរីស្វរៈ នៅ​ឯ​បរិវេណ​ប្រាសាទ​ព្រះវិហារ​កន្លង​មក​នេះ បាន​ញ៉ាំង​ឲ្យ​រដ្ឋាភិបាល​ថៃ​កើត​ក្តី​ក្តៅ​ក្រហាយ​និង​បាន​ធ្វើការ​តវ៉ា​ជា​ខ្លាំង។

សេចក្តី​រាយការណ៍​ពី​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី​ប្រចាំ​ប្រទេស​ថៃ​បាន​ឲ្យ​ដឹង​ថា ថៃ​បាន​ធ្វើ​សេចក្តី​តវ៉ា​នៅ​ក្នុង​កិច្ច​ប្រកាស​មួយ​កាលពី​ថ្ងៃ​សុក្រ ទី​១៤ វិច្ឆិកា​កន្លង​មក​នេះ។

ក្រសួង​ការ​បរទេស​ថៃ​បាន​ប្រតិកម្ម​តវ៉ា​ប្រឆាំង​ទៅ​នឹង​សកម្មភាព​មួយចំនួន​របស់​អាជ្ញាធរ​កម្ពុជា​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ ដែល​សកម្មភាព​មួយ​កើត​នៅ​ថ្ងៃ​ទី​៧ វិច្ឆិកា និង​សកម្មភាព​មួយ​ទៀត​កើត​នៅ​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ដោយ​ចោទ​ថា​កម្ពុជា​បាន​រំលោភ​អធិបតេយ្យភាពនិង​បូរណភាព​ទឹក​ដី​របស់​ខ្លួន។

សូម​បញ្ជាក់​ថា ថ្ងៃ​ទី​៧ វិច្ឆិកា គឺ​ជា​ទិវា​ដែល​មន្ត្រី​អង្គការ​យូណេស្កូ​និង​មន្ត្រី​រដ្ឋាភិបាល​ខ្មែរ​បាន​ធ្វើ​ពិធី​ដោត​ទង់​និង​ផ្លាក​សញ្ញា​ក្នុង​បរិវេណ​ប្រាសាទ​ព្រះវិហារ និង​ថ្ងៃ​ទី​១២ វិច្ឆិកា គឺ​ជា​ទិវា​ដែល​មាន​ពុទ្ធ​បរិស័ទ​ខ្មែរ​បាន​នាំ​គ្នា​ធ្វើ​កឋិន​នៅ​ក្នុង​វត្ត​ខ្មែរ កែវសិក្ខាគិរីស្វរៈ។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ចុះ​ថ្ងៃ​ទី​១៤ វិច្ឆិកា ក្រសួង​ការ​បរទេស​ថៃ​បាន​សរសេរ​ថា ថៃ​បាន​បញ្ជូន​លិខិត​តវ៉ា​របស់​ខ្លួន​ទៅ​កាន់​ក្រសួង​ការ​បរទេស​កម្ពុជា​ជុំវិញ​ការធ្វើ​បុណ្យ​កឋិនទាន​នៅ​វត្ត​កែវសិក្ខាគិរីស្វរៈ ដោយ​ចោទ​អាជ្ញាធរ​កម្ពុជា​ថា​ពុំ​បាន​អនុញ្ញាត​ឲ្យ​ភាគី​ថៃ​ដឹង​ឮ​អំពី​រឿង​ពិធី​នោះ​ទេ និង​ចោទ​ថា​កម្ពុជា​បាន​រំលោភ​លើ​ទឹក​ដី​របស់​ខ្លួន​ត្រង់​វត្ត​កែវសិក្ខាគិរីស្វរៈ​នោះ។

ក្រសួង​ការ​បរទេស​ថៃ​នៅ​បាន​ចោទ​រដ្ឋាភិបាល​កម្ពុជា​ថា បាន​រំលោភ​លើ​អធិបតេយ្យភាព​និង​បូរណភាព​ទឹក​ដី​របស់​ខ្លួន​ទៀត​ដោយសារ​តែ​សកម្មភាព​នៅ​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា រួម​មាន​ការដោត​ទង់​ជាតិ​ចំនួន​៣​នៅ​លើ​កំពូល​ប្រាសាទ​ព្រះវិហារ ការកសាង​ប៉ាណូ​ធំៗ​ពីរ​នៅ​នឹង​ជើង​ជណ្តើរ​ប្រាសាទ​ព្រះវិហារ និង​ការធ្វើ​ដំណើរ​ឆ្លងកាត់​របស់​មន្ត្រី​កម្ពុជា​ចូល​ទៅ​លើក​ទង់​ជាតិ​ទាំង​នោះ ដោយ​មិន​មាន​ការអនុញ្ញាត​ពី​ភាគី​ថៃ​ជា​មុន។

គេ​នៅ​មិន​ទាន់​ឃើញ​មាន​ប្រតិកម្ម​ពី​រដ្ឋាភិបាល​កម្ពុជា​នៅ​ឡើយ​ទេ​ជុំវិញ​ការតវ៉ា​និង​ការចោទ​ប្រកាន់​របស់​រដ្ឋាភិបាល​ថៃ​នា​ពេល​នេះ។

ទោះ​ជា​យ៉ាង​ណា​ក្តី​ក្រុម​សកម្មជន​ការពារ​ព្រំដែន​ខ្មែរ​នៅ​ទ្វីប​អឺរុប​បាន​សម្ដែង​ប្រតិកម្ម​ទៅ​នឹង​ការតវ៉ា​របស់​ក្រសួង​ការ​បរទេស​ថៃ។

លោក គិរី សេនា ដែល​ជា​ពលរដ្ឋ​ខ្មែរ​មួយ​រូប​រស់នៅ​ក្នុង​ប្រទេស​ហុល្លង់​បាន​ថ្លែង​ថា ៖ «ការ​ដែល​ដាក់​ទង់​អង្គការ​យូណេស្កូ ដាក់​ទង់​តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ និង​ទង់​របស់​កម្ពុជា​ទៅ​លើ​ប្រាសាទ​ព្រះវិហារ​ហ្នឹង ក៏​ជា​អធិបតេយ្យភាព​របស់​កម្ពុជា​ក្នុង​ការបញ្ជាក់​ពី​កេរមរតក​របស់​ខ្លួន។ ឯ​ការធ្វើ​កឋិន​នៅ​វត្ត​កែវសិក្ខាគិរីស្វរៈ​ហ្នឹង​គឺ​ជា​រឿង​របស់​កម្ពុជា​សុទ្ធសាធ ជា​សិទ្ធិ​អំណាច​របស់​កម្ពុជា»

លោក គិរី សេនា បាន​ឲ្យ​ដឹង​ទៀត​ថា ការខឹង​នឹង​សកម្មភាព​ឈ្លានពាន​របស់​ថៃ​នោះ​ហើយ​បាន​ញ៉ាំង​ឲ្យ​មាន​ការធ្វើ​បាតុកម្ម​មួយ​ដោយ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ចំនួន​ប្រមាណ​២៧០​នាក់ កាលពី​ថ្ងៃ​ទី​១ វិច្ឆិកា នៅ​មុខ​តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ​នៃ​ប្រទេស​ហុល្លង់។

ពលរដ្ឋ​ខ្មែរ​ទាំង​២៧០​នាក់​នោះ គឺ​រួម​មាន​ពលរដ្ឋ​ខ្មែរ​មក​ពី​សហរដ្ឋ​អាមេរិក កាណាដា ន័រវ៉េ បារាំង អាល្លឺម៉ង់ ហុល្លង់ និង​ពី​ប្រទេស​កម្ពុជា​ផង​នោះ​ដែរ៕