ហោ ណាំងហុង៖ សភាពការណ៍នៅថៃអាចប៉ះពាល់ដល់ការចរចាបញ្ហាព្រំដែន
2008.11.28
ថ្លែងនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញក្នុងពេលវិលត្រឡប់មកពីចូលរួមកិច្ចប្រជុំកំពូលរបស់ប្រទេសទាំងបី កម្ពុជា វៀតណាម លាវ លើកទី៥ នៅប្រទេសលាវ ដែលចូលរួមដោយនាយករដ្ឋមន្រ្តីនៃប្រទេសទាំងបី លោក ហោ ណាំហុង បានមានប្រសាសន៍ថា ៖ «ខ្ញុំអាចនិយាយថា ជាការពិតណាស់សភាពការណ៍ស្មុគស្មាញនៅថៃនេះនឹងមានឥទ្ធិពលអវិជ្ជមានដល់ការចរចារវាងកម្ពុជានិងថៃដោះស្រាយបញ្ហាបោះបង្គោលព្រំដែននេះ។ លោកបានចាំហើយកាលប្រជុំនៅសៀមរាបថ្មីៗនេះ យើងបានឈានដល់គម្លាតមួយជាក់ស្ដែងហើយទៅមុខ។ ខែ១២នេះក្រុមបច្ចេកទេសទាំងពីរនឹងទៅវាស់វែងនៅម្ដុំប្រាសាទព្រះវិហារ ដើម្បីរៀបចំបោះបង្គោលផង ដើម្បីដោះមីនផង ហើយខែមករានេះនឹងមានការប្រជុំគណៈកម្មការចម្រុះព្រំដែននិងរដ្ឋមន្ត្រីការបរទេសទាំងពីរ ក៏ប៉ុន្តែសភាពការណ៍នៅថៃសព្វថ្ងៃនេះមិនដឹងសភាប្រជុំបានឬមិនបាន»។
លោករដ្ឋមន្រ្តីការបរទេសកម្ពុជា ហោ ណាំហុង បានថ្លែងឲ្យដឹងទៀតថា តាមច្បាប់របស់ប្រទេសថៃរាល់ការប្រជុំទាក់ទងជាមួយទឹកដី រដ្ឋាភិបាលថៃត្រូវសុំអនុញ្ញាតពីរដ្ឋសភាថៃជាមុនសិន។
លោក ហោ ណាំហុង បានមានប្រសាសន៍ថា ៖ «ដូច្នេះសភាក៏ប្រជុំមិនបាន ដូច្នេះតាមមាត្រា១៩០របស់ថៃ រាល់ការទៅប្រជុំ រាល់ការសម្រេចអ្វីទាំងអស់ដែលទាក់ទងនឹងបញ្ហាទឹកដីត្រូវតែសុំការអនុញ្ញាតជាមុនពីរដ្ឋសភាថៃ ហើយក្រោយមកត្រូវការមានការសម្រេចអ្វីហើយ ត្រូវសុំការសម្រេចរបស់រដ្ឋសភាថៃទៀត។ ដូច្នេះវាច្បាស់ជាមានបច្ច័យអវិជ្ជមាននូវការចរចាលើបញ្ហាព្រំដែននេះជាមិនខាន»។
លោក ហោ ណាំហុង បានថ្លែងថា គេនៅមិនទាន់អាចប៉ាន់ស្មានថា តើសភាពការណ៍នៅប្រទេសថៃនេះអាចមានសភាពធូរស្រាលនៅពេលណានៅឡើយទេ។
សូមជម្រាបជូនថា កិច្ចចរចារវាងតំណាងប្រទេសកម្ពុជាជាមួយតំណាងប្រទេសថៃទាក់ទងជាមួយទំនាស់ខ្សែព្រំដែនរវាងប្រទេសកម្ពុជានិងថៃបានកើតមានឡើងក្រោយពីមានកងទ័ពថៃបានលើកមកលុកលុយប្រទេសកម្ពុជានៅតំបន់ក្បែរប្រាសាទព្រះវិហារនិងតំបន់មួយចំនួនទៀត កាលពីថ្ងៃទី១៥ ខែកក្កដាកន្លងទៅ ហើយបង្កើតឲ្យមានការប្រឈមមុខដាក់គ្នា និងកន្លែងខ្លះមានការប្រយុទ្ធគ្នារវាងកងទ័ពនៃប្រទេសទាំងពីរនៅតាមព្រំដែន។ ជាមួយនោះមានការចរចាមួយចំនួនដែរ តែរាល់ការចរចាទាំងនោះមិនបានសម្រេចព្រមព្រៀងគ្នាដល់ការដកទ័ពទាំងស្រុងចេញពីតំបន់ព្រំដែនប្រទេសទាំងពីរ និងធ្វើឲ្យសភាពការណ៍វិលត្រឡប់រកភាពធូរស្រាលប្រក្រតីដូចកាលមុនថ្ងៃទី១៥ កក្កដានៅឡើយទេ។
កិច្ចចរចាទាំងនោះមានភាពរអាក់រអួលដោយមានពេលខ្លះតំណាងប្រទេសថៃបានលុបចោលការចូលរួមដោយសារសភាពការណ៍នយោបាយនៅប្រទេសថៃមានភាពចលាចល៕