ថាច់ ង៉ុកថាច់៖ ទឹម សាខន អាច​នឹង​មាន​សេរីភាព​នា​ពេល​ឆាប់ៗ​នេះ

លោក ទឹម សាខន អតីត​ព្រះ​ចៅ​អធិការ​វត្ត​ភ្នំ​ដិន​នៃ​ខេត្ត​តាកែវ អាច​នឹង​មាន​សេរីភាព​ពេញលេញ​រួច​ផុត​ពី​ការតាម​ឃ្លាំ​មើល​គ្រប់​ជំហាន​ពី​អាជ្ញាធរ​ប្រទេស​វៀតណាម នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ហើយ។

នេះ​បើ​តាម​សេចក្តី​អះអាង​របស់​ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ ង៉ុកថាច់ ដែល​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដែល​មាន​សេចក្តី​ពិស្តារ​យ៉ាង​ដូច្នេះ ៖ «ចំពោះ​លោកគ្រូ ទឹម សាខន ពី​ម្សិល​ម៉្ងៃ យើង​បាន​ទទួល​ដំណឹង​មក​ថា រដ្ឋាភិបាល​យួន​ដែល​ជា​អ្នក​ឃ្លាំមើល​រយៈពេល​២​ខែ​កន្លង​មក​ហើយ​នៅ​ក្នុង​ប្រទេស​វៀតណាម បាន​ប្រាប់​ថា ចាប់​ពី​ថ្ងៃ​ទី​១ ខែ​១១​នេះ​ទៅ ការឃ្លាំមើល​របស់​ប៉ូលិស​វៀតណាម​ហ្នឹង ប៉ូលិស​យួន​ហ្នឹង គឺ​គេ​ឈប់​ឃ្លាំមើល​ទៀត​ហើយ លោក​គ្រូ ខន អាច​រស់នៅ​មាន​សិទ្ធិ​សេរីភាព ហើយ​អាច​ដើរ​ហើរ​ទៅ​ណា​មក​ណា​បាន​ដូច​ប្រជាពលរដ្ឋ​ខ្មែរ​ដទៃ​ទៀត ដូច​ប្រជាពលរដ្ឋ​យួន​អ៊ីចឹង​ដែរ។ ហើយ​យើង​សង្ឃឹម​ថា ២​-​៣​ថ្ងៃ​ខាង​មុខ​ហ្នឹង​នឹង​មាន​ការប្រែប្រួល ដូច្នេះ​ហើយ​បាន​យើង​តាម​ដាន​ប្រកិត»

លោក ថាច់ ង៉ុកថាច់ បញ្ជាក់​បន្ថែម​ថា ការ​ដែល​ធ្វើ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​បន្ទន់​ជំហរ​បែប​នេះ គឺ​នៅ​បន្ទាប់ពី​សហគមន៍​អន្តរជាតិ​ធ្វើការ​ដាក់​គំនាប​ខ្លាំង​លើ​រដ្ឋាភិបាល​វៀតណាម​ឲ្យ​ត្រូវតែ​គោរព​សិទ្ធិ​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម។

លោក ថាច់ ង៉ុកថាច់ បាន​មាន​ប្រសាសន៍​ថា ៖ «យោង​ទៅ​លើ​សន្និសីទ​អន្តរជាតិ​ឆ្នាំ​២០០៦ ហើយ​ថ្មីៗ​ហ្នឹង ក្រោយ​ពេល​ដែល​មាន​ការប្រជុំ​នៅ​រដ្ឋសភា​អឺរ៉ុប នៅ​ថ្ងៃ​ទី​២៦ ខែ​៨ កន្លង​មក​ហ្នឹង ខាង​សភា​អឺរ៉ុប​បាន​បោះ​ឆ្នោត​គាំទ្រ​សំណើ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម។ ហើយ​នៅ​ថ្ងៃ​ទី​២១ កន្លង​មក​ហើយ​ហ្នឹង​បាន​ធ្វើ​សេចក្ដី​សម្រេច​យ៉ាង​ធំធេង គឺ ៤៧៩​សំឡេង ទល់​នឹង ២១​គាំទ្រ ជំរុញ​ឲ្យ​រដ្ឋាភិបាល​យួន​គោរព​សិទ្ធិ សាសនា ហើយ​និង​ដោះលែង​អ្នក​ដែល​ត្រូវ​ជាប់​ពន្ធនាគារ​ទាំងអស់​ហ្នឹង»

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បាន​អះអាង​ថា លោក ទឹម សាខន នៅតែ​មិន​អាច​វិល​មក​កម្ពុជា​វិញ​បាន បើ​ទោះ​បី​ប្រធាន​មន្ទីរ​ឃុំឃាំង​បណ្តោះ​អាសន្ន​នៃ​អាជ្ញាធរ​វៀតណាម​នៅ​ខេត្ត​មាត់ជ្រូក ដែល​វៀតណាម​ហៅ​ថា​ខេត្ត​ជូដុក ឬ​អាងយ៉ាង នៅ​ដែនដី​កម្ពុជា​ក្រោម បាន​ចេញ​លិខិត​ដោះលែង​លោក​ជា​ផ្លូវការ តាំងពី​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០០៨​នេះ​ក្តី។

លោក ទឹម សាខន ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ចាប់​ឃុំ​មួយ​ឆ្នាំ​ដោយ​ចោទ​ថា បាន​ធ្វើ​ឲ្យ​ខូច​ចំណង​មិត្តភាព​របស់​រដ្ឋាភិបាល​កុម្មុយនីស្ត​វៀតណាម​និង​កម្ពុជា៕