វៀតណាមផ្តល់ឯកសារបន្ថែមទៀតដល់មជ្ឈមណ្ឌលឯកសារកម្ពុជា
2008.12.31
លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជាដដែលបានឲ្យដឹងថែមទៀតថា ឯកសារទាំងនោះជាខ្សែភាពយន្តមានចំនួនបួនរឿងផ្សេងពីគ្នាដែលរដ្ឋាភិបាលវៀតណាមបានផ្តល់មកឲ្យ។
លោក ឆាំង យុ បានមានប្រសាសន៍ថា ៖ «បួនរឿងចុងក្រោយហ្នឹងទាក់ទងពីរឿងទំនាក់ទំនងវៀតណាមជាមួយចិន ព្រោះនៅក្នុងហ្នឹងមានរូបថត ម៉ៅ សេងទុង មានអីអ៊ីចឹង។ ហើយមួយទៀតទាក់ទងអំពីសង្គ្រាមនៅទល់ដែនកម្ពុជាវៀតណាម ហើយបន្ទាប់មកទៀត មួយទៀតនិយាយអំពីថ្ងៃ២ ធ្នូ របស់ខាងគណបក្សប្រជាជន ២ ធ្នូ ដែលចាប់ផ្ដើមធ្វើដំបូង។ មួយទៀតគឺខ្មែរក្រហមដែលវ៉ៃចូលទៅតាយមិញ»។
គួររំឭកផងដែរថា នៅក្នុងការគ្រប់គ្រងរបស់កម្ពុជាប្រជាធិបតេយ្យ របបនេះបានធ្វើឲ្យមានមនុស្សស្លាប់អស់ជាច្រើននាក់ ហើយបើតាមព័ត៌មានដកស្រង់ចេញពីសៀវភៅមួយមានចំណងជើងថា "ពេជ្ឈឃាដបាត់ខ្លួន" របស់អ្នកនិពន្ធ នីក ដងឡុប ដែលបានប្រែសម្រួលដោយលោក ហេង ហាំងខេង នោះ បានកត់ត្រាថា កម្ពុជាប្រជាធិបតេយ្យគ្រប់គ្រងប្រទេសបាន១៣៦៤ថ្ងៃ ហើយក្នុងមួយថ្ងៃមានមនុស្សស្លាប់ប្រមាណជា១៤៦៦នាក់។
សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃសុក្រ ទី២៦ ខែធ្នូ ឆ្នាំ២០០៨ គឺនៅក្នុងសប្តាហ៍កន្លងទៅថ្មីៗនេះ រដ្ឋាភិបាលវៀតណាមបានផ្តល់ខ្សែភាពយន្តជាឯកសារចំនួន១៦រឿងរួចមកហើយមកដល់មជ្ឈមណ្ឌលឯកសារកម្ពុជា ហើយនៅក្នុងថ្ងៃច័ន្ទ ទី២៩ ខែធ្នូ ឆ្នាំ២០០៨ ម្សិលមិញនេះ រដ្ឋាភិបាលវៀតណាមបានផ្តល់ឯកសារជាភាពយន្តបន្ថែមចំនួនបួនរឿងផ្សេងទៀត។
នាយកមជ្ឈមណ្ឌលឯកសារកម្ពុជាដដែលបានកត់សម្គាល់ឃើញថា ក្នុងចំណោមប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ទាំងអស់ មានតែប្រទេសវៀតណាមនិងលាវប៉ុណ្ណោះដែលបានផ្តល់ឯកសារទាក់ទងទៅនឹងរបបកម្ពុជាប្រជាធិបតេយ្យមកឲ្យមជ្ឈមណ្ឌលឯកសារកម្ពុជា។
លោក ឆាំង យុ បានបញ្ជាក់ថា ៖ «ខ្ញុំថាវៀតណាមគឺជាប្រទេសទីមួយនៅក្នុងចំណោមប្រទេសអាស៊ានដែលបានសហការជួយកម្ពុជាសិក្សាអំពីប្រវត្តិសាស្ត្ររបស់ខ្លួននិងរៀបចំប្រវត្តិសាស្ត្រសាឡើងវិញ។ ប្រទេសទីពីរគឺជាប្រទេសលាវ ក៏បានផ្ដល់ឯកសារមួយចំនួនដែរ។ តែក្រៅពីហ្នឹង ប្រទេសនៅក្នុងតំបន់មិនមានប្រទេសណាមួយដែលបានបើកចំហ ហើយសហការ យកចិត្តទុកដាក់ក្នុងការកសាងប្រវត្តិសាស្ត្រសម្រាប់ឲ្យប្រជាជនខ្មែរហ្នឹងបានស្គាល់បានដឹង។ ខ្ញុំគិតថាវាជាការល្អ ហើយសង្ឃឹមថាប្រទេសដទៃទៀតនឹងបើកចំហទូលាយដល់កម្ពុជាក្នុងការសិក្សាស្រាវជ្រាវស្វែងយល់អំពីបញ្ហានេះ»។
រហូតមកទល់នឹងពេលនេះមជ្ឈមមណ្ឌលឯកសារកម្ពុជាបានទទួលឯកសារជាភាពយន្តចំនួន២០រួចមកហើយពីរដ្ឋាភិបាលវៀតណាម៕