លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែមករា កន្លងទៅនេះ បានគំរាមធ្ងន់ៗធ្វើការចាប់ខ្លួនលោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយ និងស្ថានការណ៍សិទ្ធិមនុស្សនៅកម្ពុជា ក្រោយពីលោកបានថ្លែងពីប្រទេសអង់គ្លេស ក្នុងការលើកឧទាហរណ៍ពីការបះបោររបស់ប្រជាជនទុយណេស៊ី ដែលបានបណ្ដេញចេញប្រធានាធិបតីរបស់ខ្លួនពីតំណែង មកប្រៀបធៀបជាមួយប្រទេសកម្ពុជា។
លោក ហ៊ុន សែន បានថ្លែងថា ៖ «កាលពីឆ្នាំ២០០៣ អាម្សៀហ្នឹងនិយាយម្ដងហើយថា ថ្វាយអំណាចឲ្យព្រះមហាក្សត្រសិនចាំបោះឆ្នោត។ ខ្ញុំសុំផ្ដាំទៅអ្នកឯង ចង់ឲ្យមានកុបកម្មដូចនៅទុយណេស៊ី ខ្ញុំនឹងបិទទ្វារវ៉ៃឆ្កែ ពេលនេះផ្ដាំឲ្យហើយ។ ឥឡូវខ្ញុំកំពុងផ្ដាំឲ្យរកឯកសារអាម្សៀហ្នឹង ចូលស្រុកអាចចាប់។ បើអ្នកឯកប្រមូលគ្នាបានសូមអញ្ជើញមក។ បើនាយករដ្ឋមន្ត្រីមិនដឹកនាំការពាររដ្ឋធម្មនុញ្ញទុកឲ្យគេធ្វើអនាធិបតេយ្យពេញផ្ទៃប្រទេសយ៉ាងម៉េច?»។
ពីប្រទេសអង់គ្លេស លោក ឡៅ ម៉ុងហៃ មានប្រសាសន៍តាមទូរស័ព្ទប្រាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃព្រហស្បតិ៍ថា ការបកស្រាយរបស់លោកកន្លងមក មិនមានចេតនាអាក្រក់ណាមួយចំពោះរដ្ឋាភិបាលកម្ពុជានោះឡើយ ហើយថា លោកមានការសោកស្ដាយចំពោះបញ្ហានេះ។
លោកបន្តថា ៖ «មានតែការសោកស្ដាយដែលខ្ញុំបានធ្វើអត្ថាធិប្បាយដោយមានមូលដ្ឋានច្បាស់លាស់ ហើយទៅជាបង្កឲ្យលោកនាយករដ្ឋមន្ត្រីខឹងសម្បានឹងខ្ញុំនោះ ខ្ញុំមានការសោកស្ដាយ គឺខ្ញុំធ្វើអត្ថាធិប្បាយនេះដោយមានសុឆន្ទៈល្អចំពោះរដ្ឋាភិបាល ចំពោះប្រទេសទាំងបច្ចុប្បន្ន និងទៅអនាគត»។
លោក ឡៅ ម៉ុងហៃ បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី១៦ មករាថា ការផ្ទុះកំហឹងប្រឆាំងរដ្ឋាភិបាលនៅប្រទេសទុយណេស៊ី ជាមេរៀនមួយសម្រាប់អ្នកដឹកនាំកម្ពុជា ប្រសិនបើកម្ពុជា ជួបវិបត្តិសេដ្ឋកិច្ចអត់ការងារធ្វើ ហើយលោកថា ការរៀបចំ និងដឹកនាំប្រទេសជាតិទៅតាមក្របខ័ណ្ឌច្បាប់ អាចជួយឲ្យសង្គមកម្ពុជា ក្លាយជានីតិរដ្ឋដែលជាកត្តាអាចជួយបញ្ចៀសភាពវឹកវរ និងអំពើហិង្សាដូចនៅប្រទេសទុយណេស៊ី។
លោក ឡៅ ម៉ុងហៃ មានប្រសាសន៍ទៀតថា ៖ «ដើម្បីផលប្រយោជន៍ជាតិ គេគួរកសាងស្ថាប័នដែលមានចែងក្នុងរដ្ឋធម្មនុញ្ញទាំងប៉ុន្មានហ្នឹងឲ្យមានលក្ខណៈ និងដំណើរការឲ្យស្របទៅតាមលក្ខណៈរបស់ស្ថាប័នប្រជាធិបតេយ្យ ឬស្ថាប័ននីតិរដ្ឋ។ កាលណារឹងមាំទៅ គឺថា យើងអាចផ្លាស់ប្ដូររបបអីគឺវាស្រួល ហើយឲ្យមានការកែប្រែអីដោយសន្តិវិធីបាន»។
ប្រធានាធិបតី លោក ហ្ស៊ីន អែល អាប៊ីឌីន បែនអាលី (Zine el-Abidine Ben Ali) បានរត់ភៀសខ្លួនកាលពីថ្ងៃទី១៤ ខែមករា ទៅជ្រកកោននៅអារ៉ាប៊ីសាអ៊ូឌីត ក្រោយពីមានការបះបោរពីកម្លាំងមហាជនប្រឆាំងនឹងការកាន់អំណាចជាង ២០ឆ្នាំជាប់ៗគ្នា ហើយត្រូវបានពលរដ្ឋទុយណេស៊ី ចោទថា បានប្រើអំណាចផ្ដាច់ការ ប្រព្រឹត្តអំពើពុករលួយ បំបិទសិទ្ធិសេរីភាព និងធ្វើឲ្យប្រជាពលរដ្ឋទុយណេស៊ី អត់ការងារធ្វើកាន់តែច្រើនឡើង។
បច្ចុប្បន្នលោក ហ្ស៊ីន អែល អាប៊ីឌីន បែនអាលី អតីតប្រធានាធិបតីនៃប្រទេសទុយណេស៊ី កំពុងស្នាក់នៅគេចខ្លួននៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ សាច់ញាតិ និងសមាជិកក្រុមគ្រួសាររបស់លោកចំនួន ៣៣នាក់ ដែលព្យាយាមរត់ចេញពីប្រទេសដែរនោះ ត្រូវអាជ្ញាធរចាប់ឃុំខ្លួន៕