ការអស់សង្ឃឹមបានធ្វើឡើងដោយសារតែគេមិនជឿថា ការចរចាទ្វេភាគីនោះ អាចដោះស្រាយបញ្ហាវិវាទព្រំដែនកម្ពុជា-ថៃ បានទេ ប៉ុន្តែផ្ទុយទៅវិញ ភាគីកម្ពុជានឹងបន្តខាតបង់ផលប្រយោជន៍តទៅមុខទៀត។
តើរដ្ឋាភិបាលខ្មែរមានមូលហេតុអ្វីដែលចេះតែបន្តអូសបន្លាយការចរចាទ្វេភាគីជាមួយប្រទេសថៃលើបញ្ហាព្រំដែន ដោយមិនទុកឲ្យអន្តរជាតិដោះស្រាយ បើទោះបីជាកម្ពុជា បានឈ្នះក្ដីនៅក្នុងរឿងព្រំដែនជាមួយនឹងថៃ កាលពីឆ្នាំ១៩៦២ ហើយក៏ដោយនោះ?
"និយាយគ្នាថា យើងធ្វើទ្វេភាគី ក៏ប៉ុន្តែភាគីថៃ បែរជាធ្វើអន្តរជាតិភាវូបនីយកម្មលើបញ្ហាព្រំដែនកម្ពុជា-ថៃ ក្នុងតំបន់ប្រាសាទព្រះវិហារ ដូច្នេះកម្ពុជាអត់ខ្លាចក្នុងការធ្វើអន្តរជាតិភាវូបនីយកម្មលើជម្លោះព្រំដែនកម្ពុជា-ថៃ" ៖ សំឡេងទះដៃសាទរបានលាន់ឮកងរំពង នៅពេលដែលនាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន សែន បានប្រកាសកាលពីថ្ងៃទី៩ ខែសីហា កន្លងទៅ ស្ដីអំពីឆន្ទៈរបស់លោកក្នុងការប្ដឹងទៅអន្តរជាតិ ដើម្បីឲ្យមានអន្តរាគមន៍ដោះស្រាយវិបត្តិទល់ដែនខ្មែរ-ថៃ ប៉ុន្តែមកដល់ពេលនេះ ការគ្រោងទុកនោះបែរជាត្រូវរលាយបាត់ទៅវិញ។
លោក រ៉ុង ឈុន សមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលធ្លាប់នាំគ្នាធ្វើបាតុកម្មប្រឆាំងការឈ្លានពានរបស់ថៃ បានថ្លែងនៅថ្ងៃអង្គារ ទី២៨ ខែកញ្ញា ដោយអស់សង្ឃឹមថា លោកខំមានជំនឿថា គេនឹងយកបញ្ហាព្រំដែនខ្មែរ-ថៃ ប្ដឹងអន្តរជាតិនៅក្នុងសន្និសីទអង្គការសហប្រជាជាតិលើកនេះ ប៉ុន្តែឥឡូវនេះត្រូវខកចិត្ត ដោយសារតែរដ្ឋាភិបាលបានផ្អឹបរឿងនេះចោល ដោយងាកទៅរកការចរចាទ្វេភាគីទៅវិញ។
លោក រ៉ុង ឈុន បន្តទៀតថា លោកគ្មានជំនឿទាល់តែសោះថា ការងាកមកចរចាទ្វេភាគីនឹងអាចដោះស្រាយបញ្ហានោះបាន ៖ «មិនត្រូវត្រឡប់ក្រោយមកធ្វើការចរចាទ្វេភាគីនោះទេ ពីព្រោះយើងចំណាយពេលអស់ជាង ២ឆ្នាំមកហើយ យើងគ្មានទទួលបានលទ្ធផលអ្វីទាំងអស់ អ៊ីចឹងសមល្មមបញ្ឈប់ការចរចាទ្វេភាគី»។
ជម្លោះព្រំដែនខ្មែរ-ថៃ បានកើតឡើងចាប់ពីប្រទេសកម្ពុជា បានសម្រេចដាក់ប្រាសាទព្រះវិហារចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨មក។ ចាប់តាំងពីពេលនោះមក កងទ័ពថៃ ត្រូវបានគេដាក់ពង្រាយនៅក្នុងវត្តខ្មែរ និងនៅតំបន់មួយចំនួនក្បែរប្រាសាទព្រះវិហារនោះដែរ។
ជម្លោះនោះក៏បានតឹងតែងទៅៗ ដែលយូរៗម្ដងនាំឲ្យមានការប៉ះទង្គិចគ្នារវាងកងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងពីរ។ ស្ថានភាពនោះចេះតែបន្តអូសបន្លាយ ដែលគេតែងឃើញមេដឹកនាំខ្មែរ និងមន្ត្រីការទូតថៃ ធ្លាប់បានប៉ះគ្នាដោយសម្ដីរហូតដល់នាំឲ្យមានការដកមន្ត្រីទូតរបស់ខ្លួនរៀងខ្លួនៗ កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០០៩។
ការចុះឡើងចរចារវាងមន្ត្រីខ្មែរ និងមន្ត្រីថៃ ត្រូវបានគេធ្វើឡើងជាបន្តបន្ទាប់ចំនួន ៣ដងរួចមកហើយ ប៉ុន្តែការចរចាទាំងនោះត្រូវបរាជ័យ គ្មានលទ្ធផលអ្វីមកទល់ថ្ងៃនេះឡើយ។
ក្នុងអំឡុងពេលនោះដែរ គេក៏ឃើញកម្ពុជា បានធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់ ហើយក៏បានឃើញកម្ពុជានាំចូលរថក្រោះ និងរថពាសដែកចូលមកកម្ពុជាផងដែរ។
លោកនាយករដ្ឋមន្ត្រីបានថ្លែងទទួលស្គាល់ជាសាធារណៈកាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០១០ថា ការចរចាទ្វេភាគីរវាងខ្មែរ និងថៃ មិនអាចទៅរួចទៀតឡើយ ហើយលោកបានបញ្ចប់ការចរចានោះ ដោយបានខិតខំរៀបចំលិខិតពីរច្បាប់រួចរាល់ទៅកាន់ក្រុមប្រឹក្សាសន្តិសុខ និងប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ ដើម្បីឲ្យដោះស្រាយបញ្ហានេះ។
លោក ហ៊ុន សែន បានថ្លែងដូច្នេះ ៖ «ឥឡូវរឿងវាក្តៅអ៊ីចឹង មិត្តភ័ក្ដិចង់ឲ្យសន្ទនាគ្នា ប៉ុន្តែសន្ទនាគ្នាតែពីរនាក់គំរាមឯងជាប់! ឥឡូវមិនបាច់ទេ ខ្ញុំស្នើឲ្យមានសន្និសីទអន្តរជាតិមួយ ស្តីអំពីព្រំដែនខ្មែរ-ថៃ»។
មកដល់ថ្ងៃអាទិត្យ ទី២៦ ខែកញ្ញា នៅគ្រាដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រឡប់មកពីកិច្ចប្រជុំអាស៊ាន-អាមេរិកវិញ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីប្រតិភូអមលោកនាយរដ្ឋមន្ត្រី បានថ្លែងប្រាប់អ្នកកាសែតថា កម្ពុជានឹងបន្តចរចាជាមួយថៃតទៅទៀត ដើម្បីជៀសវាងការប៉ះទង្គិចគ្នា។
លោក ប្រាក់ សុខុន មានប្រសាសន៍ដូច្នេះ ៖ «ការងារដែលយើងបានធ្វើជាមួយនឹងក្របខ័ណ្ឌនៃច្បាប់អន្តរជាតិក៏ជារឿងមួយផ្សេងទៀត ប៉ុន្តែបើប្រសិនណាយើងអាចរកដំណោះស្រាយតាមយន្តការដែលមានស្រាប់ គឺយន្តការទ្វេភាគីនេះកើត គឺយើងនឹងព្យាយាមធ្វើម៉េចដោះស្រាយទំនាស់នៃប្រទេសទាំងពីរតាមយន្តការដែលមានស្រាប់ គឺយន្តការទ្វេភាគី»។
លោកបណ្ឌិត ឈឹម ផលវរុណ អ្នកវិភាគមួយរូប ក៏មិនរំពឹងដែរថា ការដោះស្រាយទ្វេភាគីនោះនឹងបានលទ្ធផលផ្លែផ្កាទេ ប៉ុន្តែលោកថា កម្ពុជាកំពុងធ្វើដំណើរលើផ្លូវត្រឹមត្រូវមួយហើយ ដើម្បីរក្សាចំណងការទូត និងមុខមាត់របស់កម្ពុជា លើឆាកអន្តរជាតិ។
លោកបណ្ឌិត សុខ ទូច សកលវិទ្យាធិការនៃសកលវិទ្យាល័យ ខេមរៈ វិញបន្ថែមថា ៖ «បើរឿងដោះស្រាយទ្វេភាគីហ្នឹង គឺពួកវាឡប់ឡែ ពួកគេយកនយោបាយផ្ទៃក្នុងរបស់ពួកគេ យកលេសជាតិនិយមខាងព្រំដែនហ្នឹង តើមានប្រជាជនថៃប៉ុន្មានដែលកំពុងតែគិតថា ព្រះវិហារជារបស់គេ? ហើយព្រំដែនរបស់ខ្មែរសព្វថ្ងៃ ដែលថៃកំពុងតែបំពុលបរិយាកាសថា អាហ្នឹងជារបស់គេ ដូច្នេះថៃនៅតែចិញ្ចឹមបញ្ហាព្រំដែននៅក្នុងនយោបាយផ្ទៃក្នុងរបស់ខ្លួន»។
អ្នកនាំពាក្យគណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ មានប្រសាសន៍ថា កម្ពុជាមានប្រៀបរួចជាស្រេចលើភាគីថៃ ដោយសារតែកម្ពុជា មានការទទួលស្គាល់ពីតុលាការក្រុងឡាអេ រួចទៅហើយ ដូច្នេះការដោះស្រាយដោយអន្តរជាតិ នឹងផ្ដល់ផលប្រយោជន៍ច្រើនណាស់សម្រាប់កម្ពុជា។
លោក យឹម សុវណ្ណ បន្តថា ៖ «ប៉ុន្តែរដ្ឋាភិបាលមិនព្រមទាល់តែសោះ ពីព្រោះថា បើសិនជាអន្តរជាតិចូលមកវានឹងមានបញ្ហានៅព្រំដែនខាងកើត អន្តរជាតិគេនឹងចូលទៅពិនិត្យមើលព្រំដែនខាងកើតតទៅទៀត ដូច្នេះហើយបានជារដ្ឋាភិបាលមិនហ៊ានជំរុញការដោះស្រាយតាមរយៈអន្តរជាតិនោះទេ ហើយចេះតែដោះស្រាយតាមទ្វេភាគី ដែលខ្ញុំយល់ថា វាមិនងាយនឹងដោះស្រាយ»។
ប្រធានគណៈកម្មការព្រំដែនខ្មែរប្រចាំប្រទេសបារាំង លោក ស៊ាន ប៉េងសែ ក៏គ្មានជំនឿអំពីការចរចាទ្វេភាគីខ្មែរ-ថៃ ថានឹងអាចដោះស្រាយបញ្ហាបានដែរ។
លោកពន្យល់អំពីហេតុផលដែលកម្ពុជា ចេះតែបន្តការដោះស្រាយទ្វេភាគីថា ៖ «យើងហ្នឹងវាមានផលប្រយោជន៍ផ្ទាល់ខ្លួនហ្នឹងរៀងៗខ្លួន តាំងពីរដ្ឋមន្ត្រីទី១ ថាក់ស៊ីន មក ហើយវាមានការមិនត្រឹមត្រូវក្នុងការរកស៊ីប្រេងកាតនៅកន្លែងត្រួតគ្នា ហើយ ថាក់ស៊ីន វាមានការមិនត្រឹមត្រូវច្រើនក្នុងការរកស៊ីនៅកោះកុង ដូច្នេះអាប្រយោជន៍ហ្នឹងផ្ទាល់ខ្លួន បើសិនណាប្រយោជន៍ជាតិ អាហ្នឹងការដោះស្រាយស្រួលទេខ្មែរយើង។ អ៊ីចឹងបានថា ខ្ញុំអត់សង្ឃឹម អត់សង្ឃឹមថា ការដោះស្រាយជាមួយគ្នាបានជោគជ័យទេ ពីព្រោះវាមានលាយឡំនឹងនយោបាយផង ដូចជាខាងពួកសៀមហ្នឹង ពួកអាវលឿង អាវក្រហម បញ្ចូលមកទៀត ហើយខ្លះហ្នឹងវាចង់តែបានដីខ្មែរ»។
ជម្លោះព្រំដែនខ្មែរ-ថៃ បានកើតមានឡើងតាំងពីឆ្នាំ១៩៥៣ រហូតមកដល់ឆ្នាំ១៩៥៨ ហើយនៅឆ្នាំ១៩៥៩ ខ្មែរក៏បានដាក់ពាក្យបណ្ដឹងស្ងាត់ៗទៅតុលាការអន្តរជាតិក្រុងឡាអេ ដែលនាំឲ្យមានការភ្ញាក់ផ្អើលទៅដល់មន្ត្រីសៀម ដែលជាសមាជិកនៅក្នុងតុលាការនោះផងដែរ។
លុះដល់ឆ្នាំ១៩៦២ តុលាការក្រុងឡាអេ ក៏បានសម្រេចទទួលស្គាល់ព្រំដែនខ្មែរ-ថៃ ដែលមានប្រាសាទព្រះវិហារនៅក្នុងនោះ ដោយផ្អែកទៅតាមផែនទីរបស់បារាំង៕