គម្រោងជួបជុំរបស់តំណាងអ្នកដាក់ពាក្យជាដើមបណ្ដឹងរដ្ឋប្បវេណីទាំងជាង ១០០នាក់នេះ ត្រូវបានប្រកាសឲ្យដឹងដោយសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (អាដហុក) តាមរយៈសេចក្ដីប្រកាសមួយ ដែលចេញផ្សាយកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមីនា ឆ្នាំ២០១០។
មន្ត្រីសម្របសម្រួលកម្មវិធីតុលាការខ្មែរក្រហម និងតុលាការយុត្តិធម៌អន្តរជាតិ របស់សមាគម អាដហុក លោក ឡាត់ គី ថ្លែងឲ្យដឹងអំពីគោលបំណងនៃជំនួបរវាងតំណាងអ្នកដាក់ពាក្យជាដើមបណ្ដឹងរដ្ឋប្បវេណី ក្នុងសំណុំរឿងក្តីខ្មែរក្រហមលេខ០០២ និងមន្ត្រីសាលាក្ដីខ្មែរក្រហម នៅថ្ងៃទី២៦ ខែមីនា ថាជាការនាំឲ្យមានជួបជុំគ្នាជាលើកដំបូងនៃអ្នកតំណាងដែលត្រូវសមាគម អាហុក ជ្រើសរើសមកពីគ្រប់តំបន់ទូទាំងប្រទេសកម្ពុជា។
លោក ឡាត់ គី បានបញ្ជាក់បន្ថែមទៀតថា ៖ «ក្នុងឱកាសស្អែកនេះជាឱកាសមួយ ដែលពួកគាត់ជួបជុំគ្នាទាំងអស់គ្នា គ្រប់ទាំងបួនតំបន់ គ្រប់ខេត្តក្រុងទាំងអស់។ ទីពីរទៀត ពួកគាត់នឹងមានឱកាសមួយទៀត នៅក្នុងការលើកសំណួរចោទសួរដោយផ្ទាល់ទៅស្ថាប័នសាលាក្ដីខ្មែរក្រហម ដែលមានការចូលរួមពីចៅក្រមស៊ើបអង្កេត, អង្គភាពគាំទ្រជនរងគ្រោះ ហើយក៏ដូចជាសហមេធាវីជាតិ និងអន្តរជាតិ មានការចូលរួមផងដែរ»។
តំណាងដើមបណ្ដឹងរដ្ឋប្បវេណីនៅខេត្តតាកែវមួយរូប ឈ្មោះ យស ផល ថ្លែងឲ្យដឹងពីការរំពឹងទុករបស់លោក ក្នុងជំនួបនៅថ្ងៃទី២៦ មីនា ថាជាឱកាសល្អសម្រាប់រូបលោក ដើម្បីសួរសំណួរផ្សេងៗទៅមន្ត្រីសាលាក្ដីខ្មែរក្រហម ហើយលោកមានប្រសាសន៍បន្តដូច្នេះ ៖ «បងប្អូនជនរងគ្រោះមកជួបជុំគ្នា ខ្ញុំសប្បាយចិត្តដែរ ព្រោះថា គាត់បានអញ្ជើញមកជួយពិភាក្សាគ្នាដើម្បីរកដំណោះស្រាយ ឲ្យចៅក្រម និងមេធាវីគាត់ដោះស្រាយឲ្យយើង ដូចជាឲ្យបងប្អូនទូទាំងប្រទេសបានធូរស្បើយពីអារម្មណ៍ ហើយនិងបានយុត្តិធម៌ ហើយទុកជាឯកសារ កុំឲ្យមេដឹកនាំក្រោយៗទៀតយកតម្រាប់តាមខ្មែរក្រហម ព្រោះថា ខ្មែរក្រហមបានប្រព្រឹត្តអាក្រក់»។
ក្នុងសំណុំរឿងក្ដីខ្មែរក្រហមលេខ០០២ ដែលសាលាក្ដីខ្មែរក្រហមទើបបានបញ្ចប់ការស៊ើបអង្កេតរបស់ខ្លួនពេលថ្មីៗនេះ មានជនត្រូវចោទជាអតីតមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់ចំនួន ៥រូប មានជាអាទិ លោក នួន ជា, អៀង សារី, អៀង ធីរិទ្ធ, ខៀវ សំផន និងប្រធានគុកទួលស្លែង កាំង ហ្កេកអ៊ាវ ហៅ ឌុច។
ជនត្រូវចោទ ខៀវ សំផន អតីតប្រធានគណៈប្រធានរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ មានវ័យ ៧៩ឆ្នាំហើយ ហើយដែលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាលពីប៉ុន្មានថ្ងៃមុន ព្រោះជំងឺផ្ដាសាយនោះ ត្រូវមន្ត្រីទំនាក់ទំនងច្បាប់សាលាក្ដីខ្មែរក្រហម លោក ឡស អលសុន (Lars Olsen) ឲ្យដឹងថា បានត្រឡប់មន្ទីរឃុំឃាំងវិញហើយ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៥ មីនានេះ៕