លោក នួន នៅ នាយសេនាធិការកងទ័ពយោធភូមិភាគទី៤ ប្រចាំទិសអន្លង់វែង បានមានប្រសាសន៍នៅថ្ងៃទី៧ មករា ឲ្យដឹងថា លោកបានទទួលបញ្ជាពីថ្នាក់លើឲ្យទាហានជួយទប់ស្កាត់កុំឲ្យអ្នកស្រុកឆ្លងដែន ព្រោះខ្លាចមានគ្រោះថ្នាក់ដោយទាហានថៃបាញ់ឬចាប់ខ្លួន។
លោក នួន នៅ បានបញ្ជាក់ថា ៖ «យើងបង្ក្រាបហើយ ឥឡូវចាប់ផ្ដើមបង្ក្រាបប្រជាពលរដ្ឋដែលឡើងទៅហ្នឹងណា៎! យើងយកបទបញ្ជាពីអគ្គបញ្ជាការ ហើយទប់ស្កាត់សហការជាមួយអាជ្ញាធរដែនដី យើងខំពន្យល់គាត់ អប់រំគាត់ដើម្បីឲ្យគាត់យល់។ ឆ្លងដែនទៅ អីទៅ ខុសច្បាប់ខុសអីទៅ ថៃកាត់ទោសជាប់គុកជាប់អីហ្នឹងវាយូរពេក ម្នាក់សុទ្ធតែ ៨ឆ្នាំឯណោះ ឲ្យគាត់យល់ពីការខាតមុខរបររកស៊ីរបស់គាត់ផង។ សហការគ្នាជាមួយអាជ្ញាធរ យើងបានធ្វើបណ្ដើរៗមកហើយ ហើយចុងឆ្នាំ២០០៩ ក៏យើងបានធ្វើ ចាប់ផ្ដើមឆ្នាំ២០១០នេះបន្តឹងគាត់មែនទែនហើយ!»។
លោក នួន នៅ បានមានប្រសាសន៍ឲ្យដឹងផងដែរថា ក្រៅពីមានវិធានការអប់រំអ្នកស្រុកកុំឲ្យឆ្លងកាត់ ក៏មានវិធានការតឹងរ៉ឹងចាប់ខ្លួនទុកអប់រំផងដែរចំពោះអ្នកស្រុករូបណាដែលមានការរឹងទទឹងមិនស្តាប់តាមការណែនាំផងដែរ។
លោក នួន នៅ បានអះអាងថា ៖ «កន្លងមកយើងបានបញ្ជូនទៅខាងប៉ូលិសខាងអីគេដោះស្រាយ ហើយរហូតមកដល់ថ្ងៃនេះវាធូរស្បើយហើយ មិនមានអីឡើងទេ។ បើថា ហាមហើយមិនស្ដាប់យើងឃាត់ទុក ពិន័យអីខ្លះ ឲ្យគាត់យល់ ពិន័យបន្តិចបន្តួចទេ មិនឲ្យគាត់ធ្ងន់ធ្ងរអីទេ ប៉ុន្តែឲ្យគាត់យល់ពីការលំបាក»។
លោក វណ្ណ កុសល អភិបាលស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បានមានប្រសាសន៍ឲ្យដឹងថា វិធានការថ្មីឲ្យកងទ័ពយាមល្បាតតាមបណ្តោយព្រំដែនជួយទប់ស្កាត់អប់រំអ្នកស្រុកកុំឲ្យឆ្លងដែននោះ ទើបតែបានអនុវត្តតែប៉ុណ្ណោះ។
លោកអភិបាលស្រុកត្រពាំងប្រាសាទបានឲ្យដឹងផងដែរថា ដោយសារទាហានថៃបានបាញ់និងចាប់អ្នកស្រុកខ្មែរជាញឹកញយនោះ បច្ចុប្បន្នអ្នកស្រុកនៅអន្លង់វែងផ្ទាល់មិនហ៊ានឆ្លងដែនចូលដីថៃកាប់ឈើ ឬរកអនុផលព្រៃឈើដូចមុនឡើយ មានតែអ្នកស្រុកមកពីឆ្ងាយៗតែប៉ុណ្ណោះ ដែលនៅតែលបលួចឆ្លងដែនខុសច្បាប់។
លោក វណ្ណ កុសល បានមានប្រសាសន៍ថា ៖ «វាពិបាកដែរ ជួនកាលវាមកតាមរយៈពីតំបន់ឆ្ងាយៗមក។ អ្នកមូលដ្ឋាននេះតាំងពីមានបញ្ហាគ្រោះថ្នាក់អីមកបងប្អូនអត់មានរវីរវល់អីទៅគិតគូរទេ គិតគូររឿងចម្ការ រឿងដាំល្ង ដាំសណ្ដែករបស់គេ ដែលបងប្អូនមកពីឆ្ងាយ ចំណាកស្រុកអីមក អត់ការងារ គាត់ចេះតែលួចឆ្លៀតឡើង យើងគ្រប់គ្រងមិនទាន់បាន មកមួយថ្ងៃអីអ៊ីចឹងគាត់ទៅបាត់ទៅ...»។
តាមលោកអភិបាលស្រុកបានឲ្យដឹងផងដែរថា រយៈពេលកន្លងមកនៅតំបន់របស់លោកគ្រប់គ្រងមានទាហានថៃបានបាញ់ប្រជាពលរដ្ឋខ្មែរឆ្លងដែនខុសច្បាប់ស្លាប់ចំនួន ៦នាក់ និងមានចាប់ខ្លួនឃុំនៅប្រទេសថៃចំនួន ១១នាក់៕