អាជ្ញាធរហាមមិនឲ្យបញ្ចាំងខ្សែភាពយន្តនិយាយអំពីការស្លាប់របស់ ជា វិជ្ជា
2010.04.29

ការមិនអនុញ្ញាតរបស់សាលារាជធានីភ្នំពេញ មិនឱ្យដាក់បញ្ចាំងខ្សែវីដេអូ រឿង "តើនរណាជាអ្នកសម្លាប់ ជា វិជ្ជា" ត្រូវបានធ្វើឡើងក្រោយការបញ្ចប់កិច្ចប្រជុំមួយ រវាងមន្ត្រីអាជ្ញាធររាជធានីភ្នំពេញ និងមន្ត្រីសហភាពសហជីពកម្ពុជា កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែមេសា ឆ្នាំ២០១០។
វិទ្យុអាស៊ីសេរីបានទាក់ទងតាមទូរស័ព្ទទៅនាយរងខុទ្ទកាល័យសាលារាជធានីភ្នំពេញ គឺលោក កើត ឆែ ដែលជាប្រធានកិច្ចប្រជុំ នៅព្រឹកថ្ងៃ ទី២៩ ខែមេសា ដើម្បីសុំសេចក្ដីអត្ថាធិប្បាយជុំវិញការមិនអនុញ្ញាតឱ្យបញ្ចាំងខ្សែវីដេអូ រឿង "តើនរណាជាអ្នកសម្លាប់ ជា វិជ្ជា" នេះ ក៏ប៉ុន្តែ ដោយសារលោករវល់ប្រជុំ និងមិនមានកំណត់ហេតុក្នុងដៃ លោកថ្លែងថា ៖ «បងមើលកំណត់ហេតុហ្នឹងទៅ ព្រោះប្រជុំយើងចែកកំណត់ហេតុផ្លូវការ។ កំណត់ហេតុហ្នឹងលោក រ៉ុង ឈុន ប្រជុំក្នុងហ្នឹង គាត់មានសិទ្ធិនិយាយគ្រប់គ្រាន់ទាំងអស់»។
ដូចគ្នានឹងកំណត់ហេតុនៃកិច្ចប្រជុំដែរ នៅក្នុងលិខិតឆ្លើយតបមួយ ទៅសហភាពសហជីពកម្ពុជា ដែលចុះហត្ថលេខាដោយអភិបាលរាជធានីភ្នំពេញ លោក កែប ជុតិមា បានសរសេរបញ្ចប់សេចក្ដីថា ចំពោះការបញ្ចាំងខ្សែវីដេអូ តើនរណាសម្លាប់ ជា វិជ្ជា សាលារាជធានីមិនអនុញ្ញាតជូនឡើយ ដោយលោកលើកហេតុផលថា ពីព្រោះខ្សែវីដេអូនេះ ពុំទាន់ទទួលបានទិដ្ឋាការអនុញ្ញាតពីក្រសួងជំនាញពាក់ព័ន្ធ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងសុំសេចក្ដីអត្ថាធិប្បាយ ពីមន្ត្រីក្រសួងមហាផ្ទៃបានទេ នៅល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១០។
ក្រោយការហាមឃាត់គម្រោងខ្សែវីដេអូនេះ ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន បានឱ្យដឹងថា លោកនឹងរក្សាគម្រោងនេះ ដោយលោកមានប្រសាសន៍បន្ថែមដូច្នេះ ៖ «ក្នុងនាមសហភាពសហជីពកម្ពុជា យើងធ្វើការតស៊ូមតិធ្វើយ៉ាងណា ដើម្បីឱ្យបានបញ្ចាំងវីដេអូ ឱ្យប្រជាពលរដ្ឋ គ្រូបង្រៀន កម្មករ បានទស្សនា ហើយវាជាការជំរុញឱ្យអាជ្ញាធរ ត្រូវតែបើកការស៊ើបអង្កេតជាបន្ទាន់ ទាក់ទងទៅនឹងឃាតកម្មលើមេដឹកនាំសហជីព លោក ជា វិជ្ជា»។
លោក រ៉ុង ឈុន បានឱ្យដឹងថា ខ្សែវីដេអូ រឿង "តើនរណាជាអ្នកសម្លាប់ ជា វិជ្ជា?” មានរយៈពេលមួយម៉ោង ដែលរំឭកពីព្រឹត្តិការណ៍ បាញ់សម្លាប់អតីតប្រធានសហជីពកម្មករ នៃព្រះរាជាណាចក្រកម្ពុជា លោក ជា វិជ្ជា កាលពីខែមករា ឆ្នាំ២០០៤៕