អ្នកភូមិជាយដែនជាច្រើនគ្រួសារ បាននាំគ្នាជីកលេណដ្ឋាននៅតាមលំនៅឋានរៀងៗខ្លួន ដើម្បីការពារសុវត្ថិភាពនៅគ្រាដែលកងទ័ពប្រទេសថៃ បានប្រកាសថានឹងធ្វើការវាយប្រហារដណ្ដើមដីនៅចំណុចបង្គោលសីមាលេខ៤៦ ដែលមានទីតាំងស្ថិតនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា ទល់មុខភូមិដងច័ន្ទ ស្រុកគោកស្យួង ខេត្តស្រះកែវ ប្រទេសថៃ។
លោកស្រី សែម ថាវ អាយុ៤០ឆ្នាំ រស់នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា បន្ទាប់ពីមានការពើបប្រយុទ្ធគ្នារវាងកងទ័ពប្រទេសថៃ និងកងទ័ពរដ្ឋាភិបាលកម្ពុជា នៅតំបន់ប្រាសាទព្រះវិហារជាច្រើនលើកច្រើនសារ ក្រុមអ្នកភូមិដែលរស់នៅតំបន់ជាយដែន បាននាំគ្នាជីករណ្ដៅធ្វើទីជម្រកនៅតាមផ្ទះរៀងៗខ្លួន ៖ «ខ្លាចអ៊ីចឹងឯងខ្លួនច្រើនពេកសស្រាក់សស្រិប ជីកម្សិលមិញ ភ័យ និងឃើញនាំកូនទៅណាមិនរួច ក៏ជីកនាំកូនជ្រកសិនទៅ»។

ការព្រួយបារម្ភរបស់ប្រជាពលរដ្ឋខ្មែរ ដែលជាអ្នករស់នៅតាមតំបន់ព្រំដែនខ្មែរ ជាប់ព្រំដែនប្រទេសថៃ រហូតមកទល់ពេលនេះ នៅមិនទាន់បានស្ងប់នៅឡើយ ខណៈដែលកងទ័ពនៃប្រទេសថៃ បានធ្វើការចល័តកងទ័ព និងគ្រឿងសព្វាវុធ នៅតាមបណ្ដោយព្រំដែនជារៀងរាល់យប់។ អ្នកភូមិម្នាក់ទៀតឈ្មោះ វ៉ាន់ ណារ៉េន អាយុជាង៥០ឆ្នាំ បានថ្លែងថាការជីករណ្ដៅស្រង់សេរបស់អ្នកភូមិ បានធ្វើឡើងជាបន្តបន្ទាប់ ដើម្បីការពារទៅ និងការវាយប្រហាររបស់កងទ័ពប្រទេសថៃ ៖ «ជីកពីម្សិល បង្ហើយពីព្រឹកមិញ ដាក់បានចៅខ្ញុំ ១០នាក់ ល្មមដឹង អាតូចៗ ច្រើនទាហានគេប្រាប់ឲ្យជីក គេអ៊ំអើយជីកត្រង់សេ ទៅអ៊ំឯងកូនចៅច្រើនយ៉ាងនេះ»។
កងការពារព្រំដែនជួររបស់រដ្ឋាភិបាលខ្មែរ នៅក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានថ្លែងថា កងទ័ពប្រទេសថៃ កាលពីថ្ងៃអាទិត្យ ទី៦ ខែកុម្ភះ បានគំរាមធ្វើការបាញ់ប្រហារនៅចំណុចបង្គោលសីមាលេខ៤៦ ជាគោលដៅទី២ បន្ទាប់ពីបានធ្វើការឈ្លានពានបាញ់ប្រហារនៅតំបន់ប្រាសាទព្រះវិហាររួចមក ៖ «កាលពីម្សិលម្ងៃ វា (ថៃ) មានគោលដៅវ៉ៃយកបង្គោលឡាក់៤៦ ដែលជាគោលដៅទី២ បន្ទាប់ពីនៅព្រះវិហារ ម្សិលមិញវាថា វានឹងវ៉ៃយក៤៦ យកទាល់តែបាន អ៊ីចឹងបានកម្លាំងត្រៀមរហូតទាំងកងពល ទាំងល្បាត វាថាម៉ោង ៦ព្រឹកវានឹងចាប់ផ្ដើមវ៉ៃ កម្លាំងយើងត្រៀមតាំងពីយប់ រហូតព្រលឹមឡើងរង់ចាំអត់ឃើញ ស្ងាត់ឈឹង»។
ទោះយ៉ាងណា ការប្រកាសធ្វើការវាយប្រហាររបស់កងទ័ពប្រទេសថៃ នៅត្រង់បង្គោលសីមាព្រំដែនលេខ៤៦ ស្ថិតនៅចំណុចភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា ទល់មុខភូមិណងច័ន្ទ ស្រុកគោកស្យួង ខេត្តស្រះកែវ ថៃ មិនបានកើតមានឡើងឡើយ។ ប៉ុន្តែកងការពារព្រំដែនជួរមុខរបស់រដ្ឋាភិបាលខ្មែរ ប្រចាំការនៅទីនោះ បានឲ្យដឹងថា ភាគីថៃបានធ្វើការចល័តកងទ័ព និងគ្រឿងសព្វាវុធជាបន្តបន្ទាប់នៅពេលយប់ ៖ «កងទ័ពថៃបានធ្វើការល្បាតកងកម្លាំងនៅពេលយប់ វាដឹកកម្លាំងមកចល័ត វាតាំងពីស្កត់ វាតាំងពីរថក្រោះនៅពេលថ្ងៃស្ងាត់ ពួកខ្ញុំនេះប្រុងប្រយ័ត្នសហការគ្នាទាំងយប់ទាំងថ្ងៃ»។
ការចល័តកងកម្លាំង និងរថពាសដែករបស់ភាគីថៃ នៅពេលយប់ នៅតាមតំបន់ព្រំដែននាពេលយប់របស់ភាគីថៃ បូករួមនិងការផ្ទុះអាវុធ រវាងកងទ័ពប្រទេសទាំងពីរ ក្នុងទ្រង់ទ្រាយធំនៅតំបន់ប្រាសាទព្រះវិហារ បានឲ្យមានការភ័យខ្លាចដល់អ្នកភូមិ ដែលមានលំនៅឋានតាមតំបន់ជាយដែន។
លោកយាយ សាត សុខ អាយុ៦០ឆ្នាំ បានថ្លែងបញ្ជាក់ថា ៖ «ត្រៀមអស់ហើយ ត្រៀមថាគេរត់គេពួនគេបាញ់គ្នាក៏ទទួលយកទៅ ទូលរែកមិនរួចក៏ចោលទៅបើគ្មានរទេះ គ្មានគោគ្មានឡាននិងគេ ត្រៀមអង្ករហើយនិងចានឆ្នាំង»។
ប្រភពពីកងទាហានជួរមុខរបស់រដ្ឋាភិបាលខ្មែរ បានឲ្យដឹងថា ភាគីថៃក្រោយពីមានការគំរាមធ្វើការវាយប្រហារមកលើទីតាំងដីនៃចំណុចបង្គោលឡាក់លេខ៤៦ ក៏បានធ្វើការចល័តកងទ័ពជាច្រើននាក់ និងរថពាសដែកចំនួនជិត ១០គ្រឿងថែមទៀត នៅភូមិសាស្ត្រប្រឈមនិងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
កងទាហានរដ្ឋាភិបាលខ្មែរបានបន្តថា នៅតាមតំបន់ព្រំដែនក្នុងទឹកដីថៃ ភាគីថៃបានធ្វើការជម្លៀសប្រជាពលរដ្ឋរបស់ខ្លួនចេញពីភូមិនៅជាប់ព្រំដែនជាមួយប្រទេសកម្ពុជា ប៉ុន្តែភាគីបានធ្វើការរក្សាទុកក្រុមបុរសៗ ថៃ នៅតាមភូមិទាំងនោះ ដើម្បីកាន់អាវុធធ្វើសង្គ្រាមជាមួយប្រទេសកម្ពុជា។
មេបញ្ជាការកងវរសេនាតូចការពារព្រំដែន៩១១ លោក ឈូក អាង បានមានប្រសាសន៍ថា ថ្វីត្បិតមានការគំរាមកំហែងជាបន្តបន្ទាប់របស់ភាគីថៃ ក្នុងការធ្វើការវាយប្រហារនៅតាមតំបន់ព្រំដែន ប៉ុន្តែកងទ័ពកម្ពុជាបានត្រៀមខ្លួនជាស្រេចក្នុងការទប់ទល់ ដើម្បីការពារទឹកដីរបស់ខ្លួន ៖ «រឿងវាចល័តកម្លាំងចេះតែមានខាងថៃ ប៉ុន្តែយើងត្រៀមសភាពការណ៍ដែរ ភាគីថៃមានការជម្លៀសទ័ពចេញពីណាយើងត្រូវប្រយ័ត្នត្រង់ហ្នឹងដែរ យើងចេះនែនាំអប់រំប្រជាជនយើងកុំឲ្យមានការភ្ញាក់ផ្អើលអ៊ីចឹង ប៉ុន្តែប្រជាជនខ្លះគាត់ភ័យខ្លាចខ្លួនគាត់»។
លោក អ៊ុង អឿន អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា ភាគីថៃបានបន្ថែមកងកម្លាំងជាបន្តបន្ទាប់ នៅតាមតំបន់ព្រំដែន ក្នុងខេត្តស្រះកែវ ប៉ុន្តែរហូតមកទល់ពេលនេះ នៅមិនមានការផ្ទុះអាវុធអ្វីនោះឡើង ហើយភាគីកម្ពុជានៅតែមានការប្រុងប្រយ័ត្នខ្ពស់ ៖ «តាមបណ្ដោយព្រំដែនខាងខ្ញុំនេះ មានគេបន្ថែមកម្លាំងដែរ ប៉ុន្តែមិនមានសកម្មភាពអី អត់អីទេ ថ្ងៃនេះធម្មតា គាត់សម្ងំហើយ មួយថ្ងៃពីរថ្ងៃដំបូងគាត់ខ្លាច ប៉ុន្តែឥឡូវអត់អីទេ ឃើញគេបញ្ជូនកម្លាំងថ្មីៗ យើងក៏ប្រុងប្រៀបទៅអាហ្នឹងជាការប្រុងប្រយ័ត្នរបស់យើង»។
ការគំរាមបើកការវាយហារលើគោលដៅលើកទី២ នៅត្រង់បង្គោលសីមាព្រំដែនលេខ៤៦ របស់កងទាហានថៃ គឺជាទីកន្លែងដែលកងទ័ពរដ្ឋាភិបាលខ្មែរ ធ្លាប់បានចាប់ជនជាតិថៃចំនួន ៧នាក់ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១០ នៅគ្រាដែលជនជាតិថៃទាំងនោះបានឆ្លងរំលោភចូលមកក្នុងទឹកដីខ្មែរ ហើយអះអាងថា ជាទឹកដីរបស់ខ្លួន។
នាយការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ លោក ឧត្ដមសេនីយ៍ ឌី ភេន បានមានប្រសាសន៍ថា ក្រោយពីមានការផ្ទុះអាវុធជាទ្រង់ទ្រាយធំជាច្រើនលើកច្រើនសារនៅតំបន់ប្រាសាទព្រះវិហារ រវាងកងទ័ពថៃ និងកងទ័ពកម្ពុជា នៅតាមតំបន់ព្រំដែន ចាប់ពីខេត្តបន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន ពោធិ៍សាត់ រហូតដល់ខេត្តកោះកុង ថ្វីត្បិតតែមានសភាពស្ងប់ស្ងាត់ ក៏ប៉ុន្តែស្ថានភាពប្រឈមមុខដាក់គ្នារវាងកងទ័ពប្រទេសទាំងពីរ នៅតែមានការតឹងតែងនៅឡើយ ចំណែកឯការភ័យខ្លាចរបស់ប្រជាពលរដ្ឋខ្មែរ នៅតាមតំបន់ព្រំដែន ក៏មិនទាន់បានស្ងប់ដូចគ្នា៕