លោក កុល ផេង ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ ដែលដឹកនាំពិធីបុណ្យនេះបានមានប្រសាសន៍នៅថ្ងៃសៅរ៍ថា បច្ច័យដែលទទួលបានពីសប្បុរសជនបរិច្ចាគដល់ប្រទេសភូមានិងចិន មានចំនួនជាង១ម៉ឺន២ពាន់ដុល្លារសហរដ្ឋអាមេរិក ៖ «គិតជាប្រាក់អាមេរិក ១ម៉ឺន២ពាន់ដុល្លារ» ។
ប្រទេសភូមាកាលពីថ្ងៃទី២ ឧសភា បានទទួលរងគ្រោះខ្យល់ព្យុះស៊ីក្លូន និងប្រទេសចិន កាលពីថ្ងៃទី១២ ឧសភា ឆ្នាំ២០០៨នេះ ទទួលរងគ្រោះរញ្ជួយផែនដីបណ្តាលឲ្យប្រជាជននៃប្រជាជាតិទាំងពីរបានស្លាប់បាត់បង់ជីវិត និងបាត់ខ្លួនជាច្រើនម៉ឺននាក់ ។
រដ្ឋាភិបាលកម្ពុជាកាលពីកន្លងទៅថ្មីៗនេះបានបរិច្ចាគថវិកា៥ម៉ឺនដុល្លារជួយប្រទេសភូមា និង១សែនដុល្លារជួយប្រទេសចិន ចំណែកឯអតីតព្រះមហាក្សត្រ នរោត្តម សីហនុ ក៏បានព្រះប្រទានថវិកាផ្ទាល់ព្រះអង្គចំនួន៥ម៉ឺនដុល្លារ និងកាកបាទក្រហមកម្ពុជាវិញក៏បានឧបត្ថម្ភ១ម៉ឺនដុល្លារឲ្យប្រជាជនចិនដែលទទួលរងគ្រោះដោយសារការរញ្ជួយផែនដីនោះដែរ ។
និស្សិតឆ្នាំទី១ ង៉ាក់ ស៊ីវហ៊ង ដែលបានចូលរួមក្នុងពិធីបុណ្យនេះបានឲ្យដឹងថា តំណាងឲ្យនិស្សិតនិងប្រជាពលរដ្ឋខ្មែរទាំងអស់ គឺគ្មានអ្វីជួយរំលែកទុក្ខបានទេ ដូច្នេះហើយមានតែបង្កើតកម្មវិធីបុណ្យដើម្បីជួយឧទ្ទិសកុសលដល់អ្នកដែលបានស្លាប់ក្នុងប្រទេសចិន និងប្រទេសភូមា ៖ «នាងខ្ញុំសម្ដែងការសោកស្តាយចំពោះប្រទេសភូមា និងចិន ដែលបានជួបគ្រោះមហន្តរាយគួរឲ្យរន្ធត់» ។
សម្តេចព្រះសង្ឃរាជ ប៊ូគ្រី ប្រធានគណៈធម្មយុទ្ធនិកាយបានមានព្រះថេរដីកាថា ថ្ងៃនេះយើងធ្វើបុណ្យឆ្លងដែនជូនបងប្អូននៅប្រទេសចិន និងប្រទេសភូមា ៖ «យើងធ្វើបុណ្យជូនបងប្អូនយើង នៅប្រទេសចិន និងប្រទេសភូមា» ។
លោក អ៊ុង ណាំង ឯកអគ្គរដ្ឋទូតភូមាប្រចាំព្រះរាជាណាចក្រកម្ពុជា ក្រៅពីថ្លែងអំណរគុណដល់សប្បុរសជនខ្មែរ និងរដ្ឋាភិបាលខ្មែរ បានមានប្រសាសន៍ថា ចំនួនប្រជាជនភូមាស្លាប់បានកើនឡើងដល់ ៧ម៉ឺន៨ពាន់នាក់ និង ៥ម៉ឺន៨ពាន់នាក់ផ្សេងទៀតកំពុងបាត់ខ្លួន ។ រដ្ឋាភិបាលភូមាកំពុងកសាងហេដ្ឋារចនាសម្ព័ន្ឋឡើងវិញ ជាមួយគ្នានេះក៏បានបើកការទទួលយករាល់ជំនួយទាំងអស់ទំាងផ្នែកថវិកា អាហារ ទីជម្រក និងថ្នាំពេទ្យ ។
ចំណែកលោក ទណ្ឌ ឈីង យូ (Toan Ching You) ទីប្រឹក្សានយោបាយនៃស្ថានទូតចិន ប្រចាំកម្ពុជា បានឲ្យដឹងថា ចាប់ពីថ្ងៃទី១២ ខែឧសភា រហូតមកដល់ថ្ងៃនេះ គ្រោះរញ្ជួយដី បានសម្លាប់ប្រជាជនចិនអស់ជាង៥ម៉ឺន៥ពាន់នាក់ បាត់ខ្លួនជាង២ម៉ឺន៤ពាន់នាក់ និងរងរបួសជាង២៩ម៉ឺននាក់ ៕