សិស្ស​ឆ្នើម​កម្ពុជា​​បាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​អាមេរិក

សិស្ស​ឆ្នើម​កម្ពុជា​មួយ​រូប​ទទួល​បាន​អាហារូបករណ៍​ទៅ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​គណិតវិទ្យា​នៅ​សហរដ្ឋ​អាមេរិក។

0:00 / 0:00

សិស្ស​ស្រី​ដែល​ទទួល​បាន​និទ្ទេស អា (A) តែ​ម្នាក់​គត់​ក្នុង​ចំណោម​​បេក្ខជន​ជាង ៨​ម៉ឺន​នាក់​នៅ​ទូទាំង​ប្រទេស​នៃ​សម័យ​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ​ឆ្នាំ​២០១០ គឺ​កញ្ញា តោ គឹមស៊ី រួម​ដំណើរ​ដោយ​ឪពុក និង​ម្ដាយ​របស់​កញ្ញា បាន​ចាកចេញ​ពី​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ​២០១១ តាម​ជើង​យន្តហោះ​មួយ​នៅ​ម៉ោង ១០​ព្រឹក ដើម្បី​ទៅ​បន្ត​ការ​សិក្សា​មហាវិទ្យាល័យ​មួយ​ឈ្មោះ មែនហ៊ែត​ថឹន (Manhattan College) នា​រដ្ឋ​ញូវយ៉ក សហរដ្ឋ​អាមេរិក។

ក្នុង​វ័យ ១៩ ​ឆ្នាំ កញ្ញា តោ គឹមស៊ី បាន​ប្ដេជ្ញា​យក​ជ័យ​ជម្នះ​ក្នុង​ការ​សិក្សា ហើយ​នឹង​នាំ​យក​នូវ​ធនធាន​ចំណេះដឹង មក​ចូលរួម​អភិវឌ្ឍន៍​មាតុប្រទេស​របស់​នាង​ឲ្យ​ខាង​តែ​បាន ៖ «សេចក្ដី​សង្ឃឹម​ទី​ ១ គឺ​ខ្ញុំ​សង្ឃឹម​ថា​នឹង​បាន​បណ្ឌិត​ផ្នែក​គណិតវិទ្យា ហើយ​យក​មក​វិញ​ដើម្បី​ជួយ​បណ្ដុះ​ធនធាន​មនុស្ស​ផ្នែក​គណិតវិទ្យា​នេះ​តទៅ​ទៀត»

កញ្ញា តោ គឹមស៊ី អះអាង​ថា លទ្ធផល​ដែល​នាង​ទទួល​បាន​រហូត​មក​ដល់​ពេល​នេះ គឺ​ដោយសារ​ការ​ព្យាយាម ហើយ​ថា ការ​លើក​ទឹកចិត្ត​និង​បរិយាកាស​គ្រួសារ​ជា​កត្តា​សំខាន់​សម្រាប់​អ្នក​សិក្សា ៖ «​ជា​រៀងរាល់​ឆ្នាំ​អ៊ីចឹង នៅ​សាលា​គេ​តែងតែ​ចែក​អំណោយ​ដល់​សិស្ស​ពូកែ​ពី​លេខ​ ១ ដល់​លេខ ​៣ ហើយ​និង​សិស្ស​ពូកែ​តាម​មុខ​វិជ្ជា ហើយ​ខ្ញុំ​គិត​ថា វា​គឺ​ជា​កត្តា​មួយ​ដែល​ជំរុញ​ឲ្យ​យើង​បាន​ជោគជ័យ ហើយ​នៅ​ពេល​ដែល​យើង​ឡើង​ទៅ​ទទួល​រង្វាន់​ហ្នឹង គឺ​ជា​មុខ​មាត់​មួយ​ដែរ ធ្វើ​ឲ្យ​គេ​សរសើរ ឲ្យ​សិស្ស​ផ្សេង​ៗ​ ទៀត​យក​គំរូ​តាម»

សកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ខេមរៈ និង​ជា​អ្នក​ជួយ​ជ្រោមជ្រែង​ស្វះស្វែង​រក​អាហារូបករណ៍​ឲ្យ​កញ្ញា តោ គឹមស៊ី លោក​បណ្ឌិត សុខ ទូច ថ្លែង​សរសើរ​កញ្ញា តោ គឹមស៊ី ទាំង​ផ្នែក​ការ​សិក្សា ទាំង​ផ្នែក​ចរិយាសម្បត្តិ ៖ «នាង​រៀន​ថ្នាក់​ទី​១២ ហើយ​ទៅ​រៀន​ម៉ាស្ទ័រ (ថ្នាក់​អនុបណ្ឌិត) ហើយ​បាន​ពិន្ទុ​ល្អ​ជាង​អ្នក​រៀន​ម៉ាស្ទ័រ ហើយ​គ្រូ​គេ​មក​ប្រាប់​ខ្ញុំ ទាំង​គ្រូ​បារាំង ទាំង​គ្រូ​អាល្លឺម៉ង់ ទាំង​គ្រូ​អាមេរិក គេ​មក​ប្រាប់​ខ្ញុំ»

លោក​បណ្ឌិត សុខ ទូច មានប្រសាសន៍​បន្ថែម​ថា ការ​ដែល​កញ្ញា តោ គឺមស៊ី ទទួល​បាន​អាហារូបករណ៍​នេះ គឺ​ដោយសារ​តែ​លទ្ធផល​លេច​ធ្លោ​របស់​នាង​ក្នុង​ការ​សិក្សា​គណិតវិទ្យា​ជាមួយ​និស្សិត​ថ្នាក់​អនុបណ្ឌិត​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ដែល​ធ្វើ​ឲ្យ​សាស្ត្រាចារ្យ​មួយ​រូប​នៃ​មហាវិទ្យាល័យ មែនហ៊ែតថឹន ចាប់​ចិត្ត។ទន្ទឹម​នឹង​នេះ​ដែរ លោក​បណ្ឌិត សុខ ទូច សម្ដែង​សេចក្ដី​សោក​ស្ដាយ ដោយ​លោក​ខកខាន​មិន​បាន​ជួយ​សិស្ស​ពូកែ​ផ្នែក​គណិតវិទ្យា ៦​ នាក់​ឲ្យ​បាន​ទៅ​ចូលរួម​ប្រឡង​សិស្ស​ពូកែ​កម្រិត​ពិភពលោក​ប្រចាំ​ឆ្នាំ​២០១១ កាល​ពី​ខែ​កក្កដា។

បង​ស្រី​របស់​កញ្ញា តោ គឹមស៊ី និង​ជា​ឱសថការី​នៃ​វិជ្ជាស្ថាន​ប៉ាស្ទ័រ​កម្ពុជា កញ្ញា តោ ពើទី បាន​ឲ្យ​ដឹង​ថា កញ្ញា តោ គឹមស៊ី មាន​ចំណេះដឹង​ផ្នែក​ភាសា​គ្រប់គ្រាន់ សម្រាប់​ការ​សិក្សា​នៅ​បរទេស ព្រោះ​នាង​បាន​បញ្ចប់​ការ​សិក្សា​ផ្នែក​ភាសា​អង់គ្លេស​នៅ​មជ្ឈមណ្ឌល​អូស្ត្រាលី​សម្រាប់​ការ​អប់រំ (ACE) ៖ «នៅ​ពេល​ដែល​វា​ជាប់​បាក់​ឌុប​ហ្នឹង វា​ចប់ Level 12 (កម្រិត​ទី​១២) ហ្នឹង ហើយ​ទៅ​ដល់​វា​ប្រឡង អាយ​អេលស៍ [IELTS] (កម្មវិធី​វាស់​ស្ទង់​ចំណេះដឹង​ភាសា​អង់គ្លេស) ប្រឡង អាយ​អេលស៍​ចំពោះ​ភាសា​អង់គ្លេស វា​បាន​ប្រឡង អាយ​អេលស៍ បាន ៦,៥»

បង​ប្រុស​របស់ កញ្ញា តោ គឹមស៊ី ដែល​ជា​អាជីវករ​ម្នាក់ លោក តោ សីហា ថ្លែង​ថា ប្អូន​ស្រី​របស់​លោក​រៀន​ពូកែ​តាំង​តែ​ពី​តូច ហើយ​លោក​ធ្លាប់​ផ្ដល់​រង្វាន់​លើក​ទឹកចិត្ត​ខ្លះ​ៗ មាន​លុយ​កាក់​និង​ដំណើរ​កម្សាន្ត​ជា​ដើម នៅ​ពេល​ដែល​នាង​ទទួល​បាន​លទ្ធផល​ល្អ ៖ «តាំង​ពី (ថ្នាក់) ទី​១ មក​ហើយ គឺ​លេខ​ ១ លេខ​ ២ លេខ​ ១ លេខ​ ២ រហូត អត់​ដែល​ក្រោម​លេខ​ហ្នឹង​ទេ!»

បេក្ខនារី​ដែល​ទទួល​បាន​និទ្ទេស​អា តែ​ម្នាក់​លើ​លទ្ធផល​រួម​ក្នុង​ការ​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ​ឆ្នាំ​២០១០ ហើយ​ដោយ​ឡែក​ទទួល​បាន​និទ្ទេស​អា លើ​មុខ​វិជ្ជា ៣ គឺ​គណិតវិទ្យា គីមី​វិទ្យា និង​ជីវវិទ្យា។ កញ្ញា តោ គឹមស៊ី បាន​ឲ្យ​ដឹង​ពី​មហិច្ឆតា​របស់​កញ្ញា​ថា កញ្ញា​ចង់​ក្លាយ​ជា​បណ្ឌិត​ផ្នែក​គណិតវិទ្យា៕