កុមារមិនបានចូលរៀននិងបោះបង់ការសិក្សានៅតែមានអត្រាខ្ពស់
2008.12.31

អភិបាលរងស្រុកអូរជ្រៅទទួលបន្ទុកកិច្ចការស្រ្តីនិងកុមារ អ្នកស្រី ប៊ុត ស៊ីលន បានថ្លែងប្រាប់វិទ្យុអាស៊ីសេរីតាមទូរស័ព្ទថា ក្នុងចំណោមកុមារក្នុងស្រុកអូរជ្រៅដែលបានធ្វើចំណាកស្រុកតាមឪពុកម្តាយទៅកាន់ប្រទេសថៃនៅឆ្នាំ២០០៨នេះបានធ្លាក់ចុះមកនៅត្រឹមចំនួនជាង២០០០នាក់ ពោលគឺនៅត្រឹម៣០%ពីចំនួនជាង៧០០០នាក់កាលពីឆ្នាំ២០០៦។
អ្នកស្រី ប៊ុត ស៊ីលន បានបញ្ជាក់ថា ៖ «កុមារហ្នឹងកាលយើងធ្វើផែនការវាដល់ទៅ៧ពាន់ ហើយឥឡូវយើងធ្វើទៅឃើញថាខ្សោយហើយ នៅសល់ប្រហែលជាជាង២ពាន់តែប៉ុណ្ណោះឯង។ កត្តាមួយដែលគេហៅថាភាពក្រីក្រមួយចំនួន ក៏យើងថាបាន ហើយមួយទៀតខ្វះការអប់រំពីម្ដាយឪពុក ដូចថាវាទៅរើសអេតចាយឬទៅជួយអូសរទេះ វាឃើញលុយភ្លាមៗ ៣០-៤០បាតអីអ៊ីចឹង វាអរ វាខ្ជិលរៀន»។
ប្រភពបញ្ជាក់ថា កុមារប្រហែល៧០%ទៀតបានទទួលការអប់រំពីអង្គការដៃគូនានានិងមានការជំរុញពីមាតាបិតាឲ្យបានចូលរៀននៅសាលារដ្ឋនិងសាលាអង្គការក្រៅរដ្ឋាភិបាលនៅប៉ោយប៉ែត។
យោងតាមមន្ត្រីស្រុកអូរជ្រៅដដែល កុមារដែលចាកចេញពីប្រទេសកម្ពុជាតាមច្រកប៉ោយប៉ែតភាគច្រើនពួកគេទៅស៊ីឈ្នួលអូសរទេះ ដកដំឡូង ច្រូតស្រូវ កាប់អំពៅ លីខោអាវគីប លក់ដូរឲ្យថៃនៅផ្សារឡុងកឿ ផ្សារអារញ្ញ និងតាមបណ្តាវាលស្រែនិងភូមិនានាក្នុងខេត្តស្រះកែវ។
ទោះជាយ៉ាងនេះក្តី មន្ត្រីអាជ្ញាធរខ្មែរដដែលបានបញ្ជាក់ថា អ្នកធ្វើចំណាកស្រុកដែលនាំកូនតាមជាប់ជាមួយអាចច្រើនជាងនេះ បើរាប់ទាំងអ្នកមកពីខេត្តផ្សេងៗហើយឆ្លងដែនតាមច្រករបៀងដែលអាជ្ញាធរសមត្ថកិច្ចមិនអាចក្តាប់តួលេខបាន។
កុមារា សឿន ភឿត អាយុ១១ឆ្នាំ មកពីស្រុកស្រីស្នំ ខេត្តសៀមរាប ដែលកំពុងស៊ីឈ្នួលកាត់អំពៅនៅក្បែរជើងភ្នំមួយនៃខេត្តស្រះកែវ គឺជាកុមារម្នាក់ក្នុងចំណោមកុមារជាច្រើននាក់ដែលបាត់បង់ការសិក្សាចូលមករកការងារធ្វើតាមឪពុកម្តាយនៅប្រទេសថៃ។
កុមារា សឿន ភឿត បានថ្លែងយ៉ាងនេះថា ៖ «អាយុ១១ឆ្នាំ ឈប់រៀន ទៅតាមម៉ែឪ ទៅធ្វើការ។ ចង់រៀន ចង់ចេះ»។
កុមារី ណេង មុំ អាយុ១២ឆ្នាំ មកពីស្រុកទូកមាស ខេត្តកំពត ដែលបានបញ្ចប់ការសិក្សាត្រឹមថ្នាក់ទី៣ មកតាមឪពុកម្តាយជាមួយបងនិងប្អូន៤នាក់តូចៗផ្សេងទៀតនោះ បានមកស៊ីឈ្នួលលក់សាច់ក្រកឲ្យថៃនៅផ្សារអារញ្ញ ខេត្តស្រះកែវ។
កុមារីបានសម្ដែងការតូចចិត្តយ៉ាងដូច្នេះ ៖ «បានរៀនថ្នាក់ទី៣។ ឈប់រៀនម៉ែយកមកថៃ គាត់យកមកទាំងអស់គ្នា។ កូនគេរៀនចេះ ហើយម៉ែខ្ញុំឲ្យឈប់ រៀនៗឈប់ៗ។ មកធ្វើការលក់សាច់ក្រកនៅផ្សារណាត់ មួយថ្ងៃគេឲ្យ១៣០-១៤០បាត»។
តាមរបាយការណ៍របស់ក្រសួងអប់រំកាលពីឆ្នាំ២០០៦ កុមារកម្ពុជាប្រហែល៣០%បានបោះបង់ការសិក្សានៅត្រឹមថ្នាក់ទី១ និងទី២ ៤៣% បានបញ្ចប់ការសិក្សាត្រឹមថ្នាក់ទី៦ និង១៩%បញ្ចប់ការសិក្សាត្រឹមថ្នាក់ទី៩។
យោងតាមរបាយការណ៍ប្រចាំឆ្នាំ២០០៧-២០០៨ របស់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ UNDP បានឲ្យដឹងថា ប្រទេសកម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់លេខ១៣១ ក្នុងការអភិវឌ្ឍធនធានមនុស្សក្នុងចំណោមប្រទេសចំនួន១៧៧នៅលើសកលលោក៕