បញ្ហា​សារធាតុ​គីមី​ក្នុង​ម្ហូប​អាហារ​នៅ​កម្ពុជា

បច្ចុប្បន្ន​នៅ​ក្នុង​ប្រទេស​កម្ពុជា ពុំ​ទាន់​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ទៅ​លើ​សុវត្ថិភាព​នៃ​ការ​ប្រើប្រាស់ ​ម្ហូប​អាហារ និង​ការ​បង្កើត​សមាគម​អ្នក​ប្រើប្រាស់​អាហារ ដើម្បី​ការពារ​អ្នក​ប្រើប្រាស់​ទេ។

0:00 / 0:00

មន្ត្រី​រាជការ និស្សិត កសិករ មន្ត្រី​សង្គម​ស៊ីវិល និង​អ្នក​ទទួល​ទាន​ចំណី​អាហារ​ក្នុង​ប្រទេស​កម្ពុជា​ប្រមាណ ៨០​នាក់ ជំរុញ​ឲ្យ​រដ្ឋាភិបាល និង​ក្រសួង​ពាក់ព័ន្ធ​អនុវត្ត​ច្បាប់​គ្រប់គ្រង​ចំណី​អាហារ​ឲ្យ​បាន​តឹងរ៉ឹង ដើម្បី​ការ​ពារ​សុខភាព​អ្នក​ប្រើប្រាស់ និង​ទទួល​ទាន​ចំណី​អាហារ។

ការ​ជម្រុញ​នេះ​បាន​លើក​បង្ហាញ​ឡើង​ក្នុង​ទិវា​អ្នក​បរិភោគ​ពិភព​លោក នៅ​ថ្ងៃ​១៥ មិនា ឆ្នាំ​២០១១ បន្ទាប់​ពី​មាន​ការ​បង្ហាញ​ថា ម្ហូប​អាហារ​ភាគ​ច្រើន​សុទ្ធ​តែ​មាន​សារធាតុ​គីមី ដែល​អាច​បណ្ដាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​សុខភាព ចំពោះ​អ្នក​បរិភោគ អ្នក​ប្រើប្រាស់។

មន្ត្រី​រាជ​បណ្ឌិត​សភា​កម្ពុជា លោក​ស្រី​បណ្ឌិត ចេក សុថា ថ្លែង​ថា បាន​ធ្វើ​ការ​វិភាគ ២​ឆ្នាំ រក​ឃើញ​សារធាតុ​គីមី​ដែល​រដ្ឋ​បាន​ហាម​ប្រើ និង​ហាម​លក់​នៅ​បន្ត​មាន​ដាក់​បញ្ចូល​ក្នុង​អាហារ​ស្រស់ បន្លែ ផ្លែ​ឈើ អាហារ​សាច់​ស្រស់ និង​ផលិត​ផល​សម្រេច​ទិញ​ពី​ផ្សារ​ក្នុង​ប្រទេស​កម្ពុជា​ចំនួន ១៥​ផ្សារ។ លោក​ស្រី​បន្ថែម​ថា ៖ "ឧទាហរណ៍ ប័រ៉ាក់ ហ្វរ័ម៉ាលីន អី​នេះ គឺ​ជា​សារធាតុ​ដែល​គេ​ហាមឃាត់​អស់ ហើយ​ប័រ៉ាក់ គេ​ប្រើ​នៅ​លើ​សាច់​ប៉ាតេ ប្រហិត សាច់​គោ ត្រីងៀត បង្គា​ក្រៀម មឹក​ក្រៀម គោ​ងៀត​អី​នឹង សារធាតុ​នេះ បណ្ដាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​សុខភាព​អ្នក​បរិភោគ ដូច​ជា​ពុល​តម្រង​នោម និង​ក្រលៀន ឈឺ​ក្បាល រមាស់​ស្បែក រលាក អ៊ីចឹង។ នៅ​ក្នុង​នេះ គេ​បាន​ហាម​ទៀត បើ​សិន​សារធាតុ​នេះ​នៅ​ក្នុង​ខ្លួន​មនុស្ស​ចាស់ ១៥​ក្រាម ក្មេង​តែ ៥​ក្រាម​ទេ អាច​បណ្ដាល​ឲ្យ​ក្អួត​ឈាម និង​ស្លាប់​បាន"

មន្ត្រី​របស់​អង្គការ​សេដាក (CEDAC) លោក ឃន់ ស្តុក ពន្យល់​អំពី​គ្រោះ​ថ្នាក់​នៃ​ការ​ទទួល​ទាន​អាហារ ដែល​មាន​សារធាតុ​គីមី​ក្នុង​ចំណី​អាហារ​ថា សារធាតុ​ហ្វរ៍ម៉ុល គេ​សម្រាប់​ដាក់​ក្នុង​សាក​សព ការពារ​ស្អុយ ប៉ុន្តែ​អ្នក​លក់​ដូរ​ក្នុង​ប្រទេស​កម្ពុជា​បាន​យក​សារធាតុ​នោះ​មក​ដាក់​ក្នុង​អាហារ ដើម្បី​រក្សា​គុណភាព ទុក​បាន​យូរ ៖ "អ៊ីចឹង​ការ​បង្កើត​ច្បាប់ ត្រូវ​រាជ​រដ្ឋាភិបាល​មាន​តួនាទី​សំខាន់ នៅ​ក្នុង​ការ​ជួយ​គិត​គូរ​សុវត្ថិភាព​ចំណី​អាហារ​អ្នក​ប្រើប្រាស់ ព្រោះ​រាជ​រដ្ឋាភិបាល​គាត់​មាន​សមត្ថកិច្ច​ក្នុង​ការ​ឆែក ក្នុង​ការ​មិន​អនុញ្ញាត​ឲ្យ​លក់​ផ្សេងៗ"

តំណាង​ក្រសួង​ពាណិជ្ជកម្ម​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ថ្លែង​ថា សារធាតុ​គីមី​មួយ​ចំនួន ត្រូវ​រដ្ឋ​ហាម​លក់​ដូរ និង​ហាម​ប្រើប្រាស់ ប៉ុន្តែ​ដោយ​សារ​តែ​ប្រទេស​កម្ពុជា​នៅ​តែ​មិន​ទាន់​អាច​គ្រប់គ្រង​ឈ្មួញ​នាំ​ចូល​សារធាតុ​ទាំង​នោះ​បាន ទើប​ម្ហូប​អាហារ បន្លែ ត្រី​សាច់ និង​ផលិតផល​សម្រេច​នៅ​តែ​មាន​សារធាតុ​ហាម​ឃាត់ ដែល​គួរ​តែ​កសិករ និង​អ្នក​ទទួល​ទាន ឬ​ទិញ​ប្រើប្រាស់​ប្រុង​ប្រយ័ត្ន​ដោយ​ខ្លួន​ឯង ៖ "កិច្ច​ការ​ពារ​អ្នក​ប្រើប្រាស់ ច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​មិន​ទាន់​មាន​ទេ ប៉ុន្តែ​យើង​បាន​រៀបចំ​រួច​ហើយ។ យើង​បាន​ដាក់​ជូន​ទៅ​សភា​របស់​យើង​ហើយ គាត់​នឹង​រៀបចំ​អនុម័ត អ៊ីចឹង​នៅ​ពេល​ដែល​មាន​ច្បាប់​ហ្នឹង​គ្រប់​គ្រាន់ បាន​វា​អាច​អនុវត្ត​ច្បាប់​បាន"

ប្រធាន​អង្គការ​សេដាក លោក​បណ្ឌិត យ៉ង សាំង​កុមារ ថ្លែង​ថា មាន​ការ​លំបាក​ក្នុង​ការ​ជ្រើស​រើស​ទំនិញ​ឲ្យ​បាន​ត្រឹម​ត្រូវ ទៅ​តាម​ប្រភេទ និង​កម្រិត​គុណភាព​ទំនិញ។ អ្នក​ប្រើប្រាស់ អ្នក​បរិភោគ ត្រូវ​ការ​ដឹង​ព័ត៌មាន​មូលដ្ឋាន​មួយ​ចំនួន ដូច​ជា​តម្លៃ ប្រភព សុវត្ថិភាព និង​គុណភាព​នៃ​ទំនិញ ដើម្បី​ធ្វើ​ការ​ជ្រើស​រើស​ទំនិញ ឲ្យ​បាន​ត្រឹម​ត្រូវ។ នៅ​ឆ្នាំ​១៩៥០ មាន​ការ​ងើប​ឡើង​នៃ​សហ​ជីព​អ្នក​ប្រើ​ប្រាស នៅ​សហ​រដ្ឋ​អាមេរិក។ សហ​ជីព​នេះ បង្កើត​ឡើង​ដើម្បី​ធ្វើ​ការ​ប្រៀបធៀប​នូវ​ទំនិញ​ទីផ្សារ និង​ស៊ើប​អង្កេត​រួម​ទាំង​តម្លៃ គុណភាព ការ​គ្មាន​រាក់​ទាក់​ពី​អ្នក​លក់ និង​ផល​ប្រយោជន៍ នៃ​របាយ​ការណ៍ ដែល​ចេញ​ផ្សាយ​ដោយ​សហជីព ៖ "ឧទាហរណ៍​ថ្នាំ​ពុល ម៉េ​វ៉ាំង​ប៉ុស្ត ប៉ូលី​ដុល​នឹង​វា​ពុល អត់​ឲ្យ​ប្រើ​ទេ ឲ្យ​ប្រើ​ទៅ​ក្នុង​រយៈ​ពេល​ប៉ុណ្ណេះ​ថ្ងៃ ឈប់​ប្រើ​ហើយ​ចាំ​ប្រមូល​ផល ដូច​ថា ២​អាទិត្យ​ក្រោយ មក​មុន​ប្រមូល​ផល​ឈប់​ប្រើ ដើម្បី​កុំ​ឲ្យ​មាន​ជាតិ​ពុល​សល់​ក្នុង​ដំណាំ ប៉ុន្តែ​បើ​គាត់​ដឹង​ហើយ​គាត់​នៅ​តែ​ប្រើ ពេល​នេះ​យើង​ប្ដឹង​ពីណា? កសិករ​ថា​ទេ ឃើញ​គេ​ដាក់​លក់ ហើយ​ថ្នាំ​នឹង​ឃើញ​គេ​ដាក់​លក់​នៅ​ក្នុង​ទីផ្សារ និង​នាំ​ចូល​មក ប៉ិន​ថ្នាំ​នឹង តាម​ច្បាប់​ថា​មិន​ឲ្យ​លក់​ទេ ហើយ​អត់​ឲ្យ​នាំ​ចូល​ទៀត ប៉ុន្តែ​ហេតុ​អី​បាន​ជា​ថ្នាំ​ហ្នឹង​មាន​នាំ​ចូល ហើយ​មាន​លក់​នៅ​ទីផ្សារ​យើង? តើ​យើង​ប្ដឹង​ពី​ណា? វា​ជា​រឿង​មួយ ដែល​យើង​ត្រូវ​ចាប់​ផ្ដើម​ជជែក​គ្នា ហើយ​វា​ជា​រឿង​សំខាន់"

លោក​បណ្ឌិត យ៉ង សាំង​កុមារ បន្ត​ថា ឆ្នាំ​១៩៨៣ មាន​ការ​រីក​ដុះ​ដាល​ពេញ​ពិភព​លោក ប្រារព្ធ​ទិវា​អ្នក​បរិភោគ​ពី​ភព​លោក នៅ​ថ្ងៃ​១៥ មិនា ជា​រៀង​រាល់​ឆ្នាំ។ ដោយ​ឡែក​នៅ​ប្រទេស​កម្ពុជា​វិញ ពុំ​ទាន់​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ទៅ​លើ​សុវត្ថិភាព​អាហារ និង​វត្ថុ​ប្រើប្រាស់ និង​ការ​បង្កើត​សមាគម​អ្នក​ប្រើប្រាស់ អ្នក​បរិភោគ ដើម្បី​ការ​ពារ​ផល​ប្រយោជន៍​ខ្លួន​ឯង​នៅ​ឡើយ​ទេ ទោះបី​ទីផ្សារ​សេរី​កាន់​តែ​ទំនើប និង​ស្មុគស្មាញ ដូច​ជា​ទំនិញ​មួយ​ចំនួន​ធំ​បាន​និង​កំពុង​នាំ​ចូល​ដោយ​ពុំ​មាន​ប្រភព​ច្បាស់​លាស់៕