ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប លោក ង៉ូវ សេងកាក់ បានមានប្រសាសន៍កាលពីរសៀលថ្ងៃពុធ ទី២៨ ខែធ្នូ ថា មន្ត្រីរបស់លោកម្នាក់ដែលជាប្រធានការិយាល័យគ្រប់គ្រងមគ្គុទ្ទេសក៍ទេសចរណ៍ ត្រូវបានផ្ទេរចេញពីតួនាទី ដោយសារតែមានជាប់ពាក់ព័ន្ធទៅនឹងអំពើសូកប៉ាន់ខុសច្បាប់។
លោកបានមានប្រសាសន៍ទៀតថា ក្រសួងទេសចរណ៍ កាលពីពេលថ្មីៗ បានចេញប្រកាសមួយ ដោយសម្រេចផ្ទេរតួនាទីលោក ធន់ ចាន់នី ដែលជាប្រធានការិយាល័យគ្រប់គ្រងមគ្គុទ្ទេសក៍ទេសចរណ៍ឱ្យទៅកាន់តួនាទីផ្សេងវិញ៖ «និយាយឱ្យចំមានបណ្តឹងទៅក្រសួង ពាក់ព័ន្ធនឹងករណីសូកប៉ាន់អីហ្នឹង។ ឥឡូវក្រសួងសម្រេចឱ្យខ្ញុំសម្រេចធ្វើបន្ទាន់មួយ គឺរៀបចំផ្ទេរភារកិច្ចទៅកាន់ការិយាល័យផ្សេង។ សម្រាប់ខ្ញុំគ្រាន់តែធ្វើតាមនីតិវិធីទេ»។
លោក ង៉ូវ សេងកាក់ ដដែលបានមានប្រសាសន៍ថា បន្ទាប់ពីមានការផ្លាស់ប្តូរតួនាទីប្រធានការិយាល័យគ្រប់គ្រងមគ្គុទ្ទេសក៍ទេសចរណ៍នេះ លោកក៏បានរៀបចំកម្លាំងចល័ត ដើម្បីធ្វើសកម្មភាពទប់ស្កាត់កុំឱ្យមានមគ្គុទ្ទេសក៍ទេសចរណ៍ទាំងឡាយណាដែលគ្មានអាជ្ញាប័ណ្ណ អាចបន្តការជូនភ្ញៀវដើរកម្សាន្តនៅតាមរមណីដ្ឋាននានា បានតទៅទៀត។ ជាមួយគ្នានោះដែរ មន្ទីរទេសចរណ៍បានធ្វើសេចក្តីជូនដំណឹងទៅគ្រប់ទីភ្នាក់ងារទេសចរណ៍ និងភ្នាក់ងារបម្រើសេវាកម្មទាំងអស់ ឱ្យប្រើប្រាស់តែមគ្គុទ្ទេសក៍ទេសចរណ៍ណាដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ។
ទោះយ៉ាងណា លោក ធន់ ចាន់នី ដែលជាប្រធានការិយាល័យគ្រប់គ្រងមគ្គុទ្ទេសក៍ទេសចរណ៍ ដែលកំពុងទទួលរងការចោទ បានបង្ហាញប្រតិកម្មមិនទទួលស្គាល់ចំណាត់ការដកហូតតួនាទីរបស់លោកនោះទេ។
លោក ធន់ ចាន់នី បានមានប្រសាសន៍ថា លោកកំពុងរៀបចំធ្វើលិខិតតវ៉ាការដកហូតតួនាទីរបស់លោក និងរៀបចំធ្វើពាក្យបណ្តឹងមួយទៀត ប្រឆាំងទៅនឹងអ្នកដែលបានចោទប្រកាន់រូបលោកថា បានទទួលសំណូកក្នុងការបង្កើតឱ្យមានក្រុមមគ្គុទ្ទេសក៍ដែលគ្មានអាជ្ញាប័ណ្ណនោះ ដើម្បីការពារខ្លួនរបស់លោកវិញ។
លោក ធន់ ចាន់នី៖ «ខ្ញុំមានគំរោងធ្វើលិខិត២ ទៅក្រសួងហើយ។ លិខិត១ សុំរាយការណ៍អំពីសកម្មភាពដែលយើងធ្វើរាល់ថ្ងៃ លិខិតទី២ហ្នឹង យើងសុំបំភ្លឺបញ្ហាប្តូរតួនាទីភារកិច្ចរបស់ខ្ញុំ។អំពីមូលហេតុថា តើខ្ញុំមានកំហុសអី?។ គេមានពាក្យបណ្តឹងមួយមកដល់ខ្ញុំនោះណា ប្តឹទៅមន្ទីរ រហូតដល់ផ្ទេរភារកិច្ចរបស់ខ្ញុំ ហើយប្តឹងទៅមន្ទីរនោះ មន្ទីរក៏អត់ទាន់បានហៅកោះប្រជុំក្នុងនាមជាថ្នាក់ដឹកនាំ អំពីកំហុសឆ្គងអ្នកដែលធ្វើការនៅក្រោមឱវាទរបស់ខ្លួនគាត់ដែរ»។
កាលពីថ្ងៃទី២៤ ខែធ្នូ កន្លងទៅ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានព្រមានថា នឹងចាត់វិធានការផ្លូវច្បាប់តាមរកមុខមន្ត្រីណាដែលបានឃុបឃិតបង្កើតឱ្យមានក្រុមមគ្គុទ្ទេសក៏ទេសចរណ៍ដែលគ្មានអាជ្ញាប័ណ្ណមួយចំនួន ហើយដើរជូនភ្ញៀវទេសចរណ៍នៅតាមរមណីយដ្ឋាននានា ដែលធ្វើឱ្យប៉ះពាល់ដល់អាជីពរបស់មគ្គុទ្ទេសក៍ជាច្រើនដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវនោះ។
ក្រុមមគ្គុទ្ទេសក៍ទេសចរណ៍អាជីពមួយចំនួននៅក្នុងខេត្តសៀមរាប ដែលធ្លាប់មិនសប្បាយចិត្តចំពោះរឿងនោះ បានឱ្យដឹងថា ក្រសួង និងមន្ទីរទេសចរណ៍ បានចាត់វិធានការផ្លូវច្បាប់ចំលើឈ្មោះមន្ត្រីដែលធ្លាប់ពាក់ព័ន្ធនឹងអំពើសូកប៉ាន់នោះហើយ ក៏ប៉ុន្តែពួកគេនៅតែមិនទាន់ពេញចិត្តចំពោះចំណាត់ការផ្លូវច្បាប់ ដែលប្រឆាំងមន្ត្រីរូបនោះនៅឡើយទេ។ ក្រុមមគ្គុទ្ទេសក៍ទេសចរណ៍ទាំងនោះ បានរិះគន់ថា ការព្រមានទៅលើមន្ត្រីមិនត្រឹមត្រូវ ដោយគ្រាន់តែផ្ទេរតួនាទីនោះ គឺជាចំណាត់ការតូចតាចមួយដែលមិនអាចធ្វើឱ្យមន្ត្រីរាងចាលឡើយ៕