សមាគម​គ្រូ៖ អំពើ​ពុករលួយ​ក្នុង​ពេល​ប្រឡង​បាក់ឌុប​ឆ្នាំ​នេះ​កើន​លើស​ឆ្នាំ​ទៅ

សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ បាន​អះអាង​ថា សម័យ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ឬ​ប្រឡង​បាក់ឌុប ឆ្នាំ​២០១១​នេះ បាន​កើត​មាន​ភាព​អនាធិបតេយ្យ និង​អំពើ​ពុករលួយ ស្ទើរ​ទូទាំង​ប្រទេស​កម្ពុជា ជា​ពិសេស​ក្រុង​ភ្នំពេញ។

0:00 / 0:00

មន្ត្រី​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ បាន​ឲ្យ​ដឹង​ថា សម័យ​ប្រឡង​សញ្ញាបត្រ​ប្រឡង​បាក់ឌុប ដែល​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​២៥ និង​បញ្ចប់​​​​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០១១ បាន​កើត​មាន​អំពើ​ពុករលួយ​​បង្ក​ដោយ​​ថ្នាក់​ដឹកនាំ​តាម​មណ្ឌល មេប្រយោគ ឬ​អនុរក្ស​​តាម​បន្ទប់​ប្រឡង​នីមួយៗ​ស្ទើរ​ទូទាំង​ប្រទេស។

លោក ម៉ៃ ភ័ក្រ្តា សមាជិក​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ពុធ ទី​២៧ ខែ​កក្កដា ថា សម័យ​ប្រឡង​​​សញ្ញាបត្រ​បាក់ឌុប ឆ្នាំ​នេះ បាន​កើត​មាន​អំពើ​ពុករលួយ និង​ភាព​អនាធិបតេយ្យ​នៅ​ក្នុង​មណ្ឌល ឬ​បន្ទប់​ប្រឡង​ជា​បណ្ដា​ឆ្នាំ​កន្លង​ទៅ ព្រោះ​ប្រធាន​មណ្ឌល មេប្រយោគ ឬ​អនុរក្ស បាន​តម្រូវ​ឲ្យ​សិស្ស​រៃ​លុយ​បង់​ឲ្យ​គ្រូ​ក្នុង​ម្នាក់​ចាប់​ពី ១​ម៉ឺន​រៀល ទៅ ៥​ម៉ឺន​​​រៀល​ក្នុង​វិញ្ញាសា​មួយ​មុខ ជា​ថ្នូរ​ឲ្យ​សិស្ស​បើក​ចម្លង​ចម្លើយ​វិញ្ញាសា។

លោក ម៉ៃ ភ័ក្រ្តា ឲ្យ​ដឹង​ដូច្នេះ ៖ «ប្រឡង​បាក់ឌុប​ឆ្នាំ​នេះ​អនុរក្ស​ដែល​នៅ​ក្នុង​បន្ទប់​ប្រឡង​គាត់​ប្រមូល​ថវិកា​ពី​បេក្ខជន​ដែល​ទៅ​ប្រឡង​​មាន​កម្រិត​ខ្ពស់​ជាង​បណ្ដា​ឆ្នាំ​កន្លងៗ​ទៅ គឺ​ម៉ោង​គណិតវិទ្យា គីមីវិទ្យា រូបវិទ្យា ជីវវិទ្យា និង​ផែនដី​វិទ្យា​ជាដើម គឺ​មាន​ចន្លោះ​ពី ១​ម៉ឺន ទៅ ៣​ម៉ឺន​រៀល​ក្នុង​សិស្ស​ម្នាក់»

ចំណែក​សិស្សានុសិស្ស​ជា​បេក្ខជន​ប្រឡង ក៏​បាន​ទទួល​ស្គាល់​ថា គ្រូ​ទទួល​បន្ទុក​ប្រចាំ​បន្ទប់​ប្រឡង​ពិត​ជា​បាន​តម្រូវ​ឲ្យ​ពួកគេ​បង់​លុយ​ចាប់​ពី ១​ម៉ឺន​រៀល ទៅ ៥​ម៉ឺន​រៀល​ ទៅ​តាម​វិញ្ញាសា​នីមួយៗ ប៉ុន្តែ​ក៏​មាន​ពេល​ខ្លះ​សិស្ស​បាន​ស្ម័គ្រចិត្ត​រៃ​លុយ​ឲ្យ​គ្រូ​ដោយ​ខ្លួន​ឯង​ជា​ថ្នូរ​បាន​បើក​មើល​ចម្លើយ​លើ​វិញ្ញាសា​ខ្លះ។

ស្រដៀង​គ្នា​ដែរ លោក ធូ ហៀង រស់​នៅ​ខេត្ត​កំពង់ស្ពឺ បាន​ថ្លែង​ថា ប្រឡង​បាក់​ឌុប​ឆ្នាំ​នេះ​ពិត​ជា​មាន​អំពើ​ពុករលួយ និង​ភាព​អនាធិបតេយ្យ​ចេញ​មុខ​ពេញ​ទី​តែម្ដង​នៅ​មូលដ្ឋាន​របស់​លោក។ លោក​បន្ត​ថា នៅ​វិទ្យាល័យ​ឌីប៉ុក ក្តីល្វា មាន​ទីតាំង​ក្នុង​ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ គ្រូ​បង្រៀន​មួយ​ចំនួន​បាន​តម្រូវ​ឲ្យ​សិស្ស​បង់​លុយ​ជូន​ពួកគេ​ចាប់​ពី ១​ម៉ឺន​ឡើង​ទៅ​ទើប​មាន​សិស្ស​ចូល​ប្រឡង។

ពលរដ្ឋ​រូប​នេះ​បាន​អំពាវនាវ​ទៅ​ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ ត្រូវ​តែ​ចាត់​វិធានការ​​​លុយ​​​​បំបាត់​អំពើ​ពុករលួយ​កំពុង​កើត​មាន​ក្នុង​វិស័យ​អប់រំ​ឲ្យ​បាន​ទាន់​ពេល បើ​ពុំ​ដូច្នេះ​ទេ វិស័យ​អប់រំ​នៅ​កម្ពុជា នឹង​មិន​មាន​គុណភាព​​​នោះ​ទេ។

លោក ធូ ហៀង រស់​នៅ​ខេត្ត​កំពង់ស្ពឺ បន្ថែម ៖ «គ្រូ​ខ្លះ​គាត់​គំរាម​សិស្ស​ថា បើ​សិន​ជា​គ្មាន​លុយ​ពី ១​ម៉ឺន​៥​ពាន់​រៀល ទៅ ៥​ម៉ឺន​រៀល​ទេ គេ​មិន​អនុញ្ញាត​ឲ្យ​ចូល​ប្រឡង​ទេ។ កូន​ខ្ញុំ​បាន​ឲ្យ​លុយ​គេ​អស់ ២​ម៉ឺន​ទៅ​បាន​ចូល​ប្រឡង»

ដោយ​ឡែក​មណ្ឌល​ប្រឡង​នៅ​វិទ្យាល័យ​ពងទឹក ក្នុង​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ ក៏​មាន​សេចក្ដី​រាយការណ៍​ពី​ប្រជាពលរដ្ឋ​មក​ថា អំពើ​ពុករលួយ​ផ្ដើម​ដោយ​ថ្នាក់ដឹកនាំ​មណ្ឌល​ប្រឡង​ដើរ​ប្រមូល​លុយ​ពី​សិស្ស​ក៏​បាន​កើត​មាន​យ៉ាង​អនាធិបតេយ្យ​ផង​ដែរ។

ពលរដ្ឋ​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់​បាន​អះអាង​ដូច្នេះ ៖ «វិទ្យាល័យ​ពងទឹក​ហ្នឹង គឺ​អនុ​ប្រធាន​មណ្ឌល បាន​ដើរ​យក​លុយ​បេក្ខជន​ប្រឡង​ក្នុង ១​បន្ទប់ ធ្វើ​ម៉េច​ឲ្យ​បាន​ពី ១​ពាន់​ដុល្លារ ទៅ ១.៥០០​ដុល្លារ​អាមេរិក»

ទោះ​យ៉ាង​ណា វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ និង​ប្រធាន​មន្ទីរ​អប់រំ​រាជធានី​ភ្នំពេញ ដើម្បី​បំភ្លឺ​ជុំវិញ​ការ​ចោទ​ប្រកាន់​លើ​អំពើ​ពុករលួយ​ក្នុង​សម័យ​ប្រឡង​បាក់ឌុប​ឆ្នាំ​នេះ​បាន​ទេ​តាម​ទូរស័ព្ទ ព្រោះ​មន្ត្រី​ទាំង​នោះ​ខ្លះ​មិន​លើក​ទូរស័ព្ទ និង​​មាន​មន្ត្រី​ខ្លះ​ទៀត​​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ។

​កន្លង​មក​មន្ត្រី​ក្រសួង​អប់រំ បាន​ឲ្យ​ដឹង​ថា សម័យ​​​​ប្រឡង​បាក់​ឌុប ឆ្នាំ​២០១១​នេះ​ ​ក្រសួង​​​បាន​បែងចែក​​ជា​ពីរ គឺ​ថ្នាក់​វិទ្យាសាស្ត្រ​ពិត និង​ថ្នាក់​​វិទ្យាសាស្ត្រ​សង្គម​ពិត។ ការ​បែងចែក​ជា​ពីរ​ផ្នែក​នេះ បាន​ធ្វើ​ឡើង​សម្រាប់​សិស្ស​ថ្នាក់​ទី​១២ ចាប់​តាំង​ពី​ផ្ដើម​ការ​សិក្សា តាំង​​ពី​ដើម​ឆ្នាំ​មក​ម្ល៉េះ។

​​យ៉ាងណា​ក៏ដោយ សម័យ​ប្រឡង​បាក់​ឌុប ឆ្នាំ​២០១១ ដែល​បាន​ចាប់​ពី​ថ្ងៃ​ទី​២៥ បញ្ចប់​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២៧ ខែ​កក្កដា ត្រូវ​បាន​សមាគម​គ្រូ​បង្រៀន និង​អាណាព្យាបាល​សិស្ស បាន​ចោទ​ប្រកាន់​ថា កើត​មាន​អំពើ​ពុករលួយ និង​ភាព​មិនប្រក្រតី​ជា​ច្រើន ពិសេស​នៅ​តាម​មណ្ឌល​ប្រឡង​ក្នុង​រាជធានី​​ភ្នំពេញ។

ភាព​មិន​ប្រក្រតី​ទាំង​នោះ​រួម​មាន ការ​លក់​វិញ្ញាសា សកម្មភាព​សិស្ស​ប្រមូល​លុយ​ឲ្យ​គ្រូ មេប្រយោគ អនុរក្ស ឬ​ប្រធាន​មណ្ឌល​តម្រូវ​ឲ្យ​គ្រូ​តាម​បន្ទប់​ប្រមូល​លុយ​ពី​សិស្ស​ ជា​ថ្នូរ​ឲ្យ​សិស្ស​ជា​បេក្ខជន​ប្រឡង ការ​បើក​ចម្លង​ប្រ៊ឺយ៉ុង​​ដោយ​សេរី និង​មាន​បេក្ខជន​ប្រឡង​ខ្លះ​អាច​​​​ប្រើ​ទូរស័ព្ទ​ដើម្បី​​ចម្លង​ចម្លើយ​ពី​ក្រៅ​មណ្ឌល​ប្រឡង​ជាដើម៕