គ្រឿងញៀនដែលប្រើច្រើនជាងគេនោះ គឺអំហ្វេតាមីន ដែលគេស្គាល់ច្បាស់ថា យ៉ាម៉ា បន្ទាប់មកគឺ កញ្ឆា ហេរ៉ូអ៊ីន កាវ អាភៀន ថ្នាំដែលធ្វើឲ្យអណ្ដែតអណ្ដូង ខេតាមីន និងថ្នាំរំងាប់ការឈឺចាប់ ។
លទ្ធផលនៃការអង្កេតចំពោះអ្នកដែលប្រើប្រាស់គ្រឿងញៀនខុសច្បាប់ បានបង្ហាញទៀតថា ក្នុងរយៈពេលមួយខែ ការប្រើប្រាស់ថ្នាំអំហ្វេតាមីន បានកើនឡើងពី ៤០% ទៅ ៦៧% កញ្ឆា បានកើនឡើងពី ១៥% ទៅ ៣៥% ហេរ៉ូអ៊ីន បានកើនឡើងពី ៦% ទៅ ១១% កាវ បានកើនឡើងពី ៣ ទៅ ៧% និងការប្រើប្រាស់ថ្នាំរំងាប់ការឈឺចាប់ គឺមានចំនួន ៥% ។ ការកើនឡើងនៃការប្រើប្រាស់គ្រឿងញៀន គឺដោយសារតែគ្រឿងញៀនគឺងាយនឹងរកបាន ។
អគ្គលេខានៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក លួ រ៉ាមីន បានមានប្រសាសន៍ថា ការអង្កេតនេះជាមូលដ្ឋានដើម្បីធ្វើការកាត់បន្ថយការប្រើប្រាស់គ្រឿងញៀន ៖ «តាមរយៈការអង្កេតនេះ យើងនឹងបង្ហាញឲ្យឃើញអំពីឥរិយាបថ អំពីសន្ទស្សន៍ អំពីគេហៅថា ការរកឃើញរបស់គម្រោងនេះ ដើម្បីយើងពង្រីកឲ្យខេត្តផ្សេងៗទៀត គាត់មានធ្វើហ្នឹង ។ ហើយវាក៏ជាមូលដ្ឋានមួយសម្រាប់យើងវាយតម្លៃ... កាត់បន្ថយបញ្ហាគ្រោះថ្នាក់ ដែលបណ្ដាលមកពីគ្រឿងញៀន គឺយើងផ្ដើមចេញពីហ្នឹងថា តើខេត្តដែលគេមានចំនួនតិច ឬក៏គេមានមុខសញ្ញា ប្រភេទយេនឌ័រហ្នឹង ស្រីប៉ុន្មាន ប្រុសប៉ុន្មានហ្នឹង តើយើងគួរដោះស្រាយយ៉ាងម៉េច ដើម្បីយើងកាត់បន្ថយការប្រើបំពានគ្រឿងញៀនហ្នឹងផង ។ ខេត្តដែលយើងបានធ្វើទាំង ១២នេះ ហើយសម្រាប់ខេត្តផ្សេងទៀត ដែលនៅសល់» ។
លោក លួ រ៉ាមីន បានមានប្រសាសន៍ផងដែរថា បើតាមអនុសាសន៍របស់ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក ស ខេង ដែលជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃផងដែរនោះ បានអះអាងថា កត្តាជោគជ័យ ឬមិនជោគជ័យក្នុងការទប់ស្កាត់ការប្រើប្រាស់និងការជួញដូរគ្រឿងញៀន គឺជាការទទួលខុសត្រូវរបស់គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត-ក្រុង ដែលមានទីតាំងនៅមូលដ្ឋាន ពីព្រោះមានតែថ្នាក់មូលដ្ឋានទេ ដែលដឹងច្បាស់ពីហេតុការណ៍ដែលកើតមានក្នុងទឹកដីក្រោមសមត្ថកិច្ចរបស់ខ្លួន ។
ការអង្កេតលើឥរិយាបថរបស់អ្នកប្រើប្រាស់គ្រឿងញៀន គឺបានធ្វើឡើងនៅឆ្នាំ២០០៨ នេះ ជាមួយនឹងអ្នកប្រើប្រាស់គ្រឿងញៀន ចំនួន ១.៣៨៥នាក់ នៅក្នុងឃុំចំនួន ៦០ នៃខេត្តចំនួន ១២ ដែលមានបញ្ហាគ្រឿងញៀនធ្ងន់ធ្ងរជាងគេ រួមមានខេត្តបាត់ដំបង ស្ទឹងត្រែង កំពង់ឆ្នាំង ស្វាយរៀង កំពង់ចាម ប៉ៃលិន កណ្ដាល ក្រុងព្រះសីហនុ ភ្នំពេញ កោះកុង សៀមរាប និងបន្ទាយមានជ័យ ។
លទ្ធផលអង្កេតបានបង្ហាញទៀតថា ៩០% នៃអ្នកប្រើប្រាស់គ្រឿងញៀនញឹកញាប់ ឬ អ្នកដែលប្រើច្រើនជាងពីរដងក្នុងមួយសប្ដាហ៍ គឺជាបុរស ។ ៥២% នៃអ្នកប្រើប្រាស់គ្រឿងញៀន គឺជាយុវជន ដែលមានអាយុក្រោម ២៥ឆ្នាំ ។ ៤៣% នៃអ្នកប្រើប្រាស់គ្រឿងញៀនញឹកញាប់ បានបញ្ចប់បឋមសិក្សា ហើយ ៣៣% បានបញ្ចប់អនុវិទ្យាល័យ ៕