គុណភាព​អប់រំ​ឆ្ពោះ​ទៅ​រក​ការ​អភិវឌ្ឍ​ប្រទេស

អ្នក​មាន​បទ​ពិសោធន៍​ផ្នែក​គរុកោសល្យ​ក្នុង​វិស័យ​អប់រំ បាន​ថ្លែង​ថា ធនធាន​មនុស្ស​ជា​កត្តា​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​មាន​ការ​អភិវឌ្ឍ។ មុន​នឹង​ឈាន​ទៅ​រក​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស ជន​ម្នាក់ៗ​ត្រូវ​ប្រឹង​កែ​លម្អ​អត្តចរិត​ដោយ​ខ្លួន​ឯង កែ​លម្អ​ការ​សិក្សា កាយ​វិការ និង​ការ​និយាយ​ស្តី។

0:00 / 0:00

ទន្ទឹម​នោះ រដ្ឋាភិបាល​ត្រូវ​រួម​ចំណែក​ជំរុញ​ឲ្យ​ក្រុម​អ្នក​វិនិយោគ ប្រើ​ធនធាន​មនុស្ស​នៅ​ក្នុង​ប្រទេស​ដែល​ខ្លួន​មក​វិនិយោគ ទី១។ ទី២ រដ្ឋាភិបាល​ត្រូវ​តែ​បន្ថយ​អំពើ​ពុក​រលួយ​ក្នុង​វិស័យ​អប់រំ ដោយ​ដំឡើង​ប្រាក់​ខែ​គ្រូ ឲ្យ​ស្រប​តាម​តម្លៃ​ទំនិញ​ទីផ្សារ​សេរី។ ទី៣ រដ្ឋាភិបាល​ត្រូវ​ទាក់​ទាញ​អ្នក​វិនិយោគ​មក​ក្នុង​ប្រទេស​ឲ្យ​បាន​ច្រើន ទើប​ប្រទេស​មាន​ការ​អភិវឌ្ឍ។

សាស្ត្រាចារ្យ​ផ្នែក​អក្សរសាស្ត្រ នៃ​សកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ លោក យូ សុភា លោក​ថ្លែង​ថា គុណភាព​អប់រំ និង​ធនធាន​មនុស្ស ជំរុញ​ឲ្យ​មាន​ការ​អភិវឌ្ឍ​ប្រទេស។ លោក​អះអាង​ថា បច្ចុប្បន្ន គុណភាព​សិក្សា​មាន​កម្រិត​ទាប​ជាង​ទសវត្ស​ឆ្នាំ​១៩៨០ ដោយ​សង្កេត​ឃើញ​ថា រាល់​ការ​ប្រឡង​ចូល​ធ្វើ​ការ​ក្តី ការ​ប្រឡង​យក​សញ្ញាបត្រ​ក្តី គេ​ឃើញ​សិស្ស និង​បេក្ខជន​មួយ​ចំនួន បាន​បើក​មើល​ឯកសារ ឬ​ចម្លង​នូវ​ឯកសារ​ក្នុង​ពេល​ប្រឡង។

លោក​បន្ថែម​ថា ដើម្បី​ឈាន​ទៅ​រក​ភាព​ជោគជ័យ​ក្នុង​ការ​សិក្សា និង​មាន​ភាព​ទទួល​ខុស​ត្រូវ​ក្រោយ​បញ្ចប់​ការ​សិក្សា​អាច​មាន​ការងារ​ធ្វើ ត្រូវ​រួម​គ្នា​កែ​ទម្រង់​ការ​អប់រំ ចាប់​ពី​ខ្លួន​ឯង​ទៅ​មុន៖ «ពីព្រោះ​មាន​គេ​ចូល​មក​វិនិយោគ​នៅ​ក្នុង​ប្រទេស​របស់​យើង ពេល​នោះ​តម្រូវ​ការ​ធនធាន​មនុស្ស​កាន់​តែ​ច្រើន នៅ​ពេល​នោះ​អ្នក​ដែល​មាន​ចំណេះ​វិជ្ជា​ពិត​ប្រាកដ គេ​នឹង​ត្រូវ​ទទួល​បាន​ការងារ​ធ្វើ​គ្រប់ៗ​គ្នា។ ប្រសិន​បើ​ប្រទេស​របស់​យើង​មាន​លក្ខណៈ​អំណោយ​ផល​ផ្នែក​ធម្មជាតិ​ហើយ​ក៏ដោយ ក៏ប៉ុន្តែ នៅ​ពេល​ដែល​យើង​ខ្វះ​នូវ​ស្ថិរភាព​នយោបាយ ដែល​មិន​ទាន់​ពេញ​លេញ អំពើ​ពុក​រលួយ​នៅ​ក្នុង​សង្គម ហើយ​ការ​បង្ក​នូវ​ផល​វិបាក​ដល់​ភ្ញៀវ​ដែល​ចូល​មក​ធ្វើ​វិនិយោគ ក៏​ជា​ទិដ្ឋភាព​ដែល​ធ្វើ​ឲ្យ​គេ​ខ្លាច​រអា​ដែរ។ អីចឹង គេ​អត់​ហ៊ាន​ចូល​មក​វិនិយោគ​នៅ​ក្នុង​ស្រុក​យើង។ អីចឹង​ធ្វើ​ឲ្យ​ការ​ស្វែង​រក​របស់​និស្សិត​ដែល​បញ្ចប់​ការ​សិក្សា​វា​អត់​តម្លៃ»

និស្សិត​ឆ្នាំ​ទី៧ សកលវិទ្យាល័យ​វេជ្ជសាស្ត្រ​សុខាភិបាល ឈ្មោះ ហាន់ វេង ថ្លែង​ថា សាលា​ឯកជន​ក្តី សាលា​រដ្ឋ​ក្តី សាស្ត្រាចារ្យ​គ្រប់​រូប សុទ្ធ​តែ​មាន​ទេពកោសល្យ​នៃ​ការ​បង្រៀន។ រីឯ​គុណភាព​បាន​មក​ពី​ការ​សិក្សា អាស្រ័យ​ទៅ​លើ​សិស្ស​ដែល​ជា​អ្នក​ត្រងត្រាប់​ចាប់​យក​ការ​ពន្យល់​របស់​គ្រូ​ទៅ​អនុវត្ត។ លទ្ធផល​ទទួល​បាន​ជោគជ័យ ឬ​អត់​នោះ គឺ​អាស្រ័យ​លើ​បុគ្គល​ខ្លួន​ឯង។ ការ​បន្ទោស​ទៅ​លើ​ការ​អប់រំ មិន​ត្រឹម​ត្រូវ​ឡើយ ប៉ុន្តែ​អ្វី​ដែល​សំខាន់ គឺ​សិស្ស​ខ្លួន​ឯង​ជា​អ្នក​ធ្វើ​ឲ្យ​សង្គម​មាន​ការ​អភិវឌ្ឍ។

លោក​ថា ប្រទេស​នឹង​មាន​ការ​អភិវឌ្ឍ​ដោយ​សារ​ធនធាន​មនុស្ស ត្រូវ​បាន​គេ​យក​ទៅ​ប្រើ​ច្រើន៖ «គ្រប់​សាលា​ឯកជន គ្រប់​សាលា​រដ្ឋ​ទាំង​អស់ គ្មាន​អ្នក​ណា​ដែល​រៀន​ចប់​ទៅ គេ​រក​ការងារ​ឲ្យ​សិស្ស​ធ្វើ​ទេ គឺ​សិស្ស​ទេ ដែល​រក​ធ្វើ​ខ្លួន​ឯង។ សំខាន់ គឺ​ខ្លួន​យើង តើ​មាន​សមត្ថភាព​ឬ​អត់។ កន្លែង​ណា​ក៏ដោយ បើ​សិន​ជា​យើង​មិន​ព្យាយាម វា​មិន​បាន​ជោគជ័យ​ទេ។ ដូច​ខ្ញុំ​រៀន​អីចឹង ខ្ញុំ​សង្ឃឹម​ថា​ខ្ញុំ​អាច​បាន​ឆ្លង​ទៅ​ក្រៅ​ប្រទេស បើ​សិន​ខ្ញុំ​យក​រៀន​ជំនាញ​មួយ​ទៀត អាហ្នឹង​ជា​ឯកទេស​ទី១»

អតីត​មន្ត្រី​ក្រសួង​អប់រំ អ្នកស្រី​បណ្ឌិត កុយ វេត ថ្លែង​ថា ការ​អប់រំ​មនុស្ស​មាន​នៅ​គ្រប់​ទី​កន្លែង មិន​មែន​មាន​តែ​នៅ​ក្នុង​សាលា​រៀន​ទេ។ គ្រួសារ និង​សង្គម ក៏​ជា​ចំណែក​សំខាន់​ក្នុង​ការ​សម្រួច​មនុស្ស​ឲ្យ​ក្លាយ​ជា​ជន​មាន​តម្លៃ​សម្រាប់​សង្គម​ដែរ។ ការ​សេពគប់​នៅ​ក្នុង​សង្គម និង​មិត្តភក្ដិ ក៏​ជា​ចំណែក​មួយ​ក្នុង​ការ​កែ​លម្អ​សង្គម​អប់រំ​នោះ​ដែរ។ អ្នកស្រី​បន្ត​ថា អត្តចរិត កាយ​វិការ ការ​និយាយ​ស្តី​របស់​មាតា​បិតា ធ្វើ​ឲ្យ​កូន​ទទួល​យក​ការ​អប់រំ​នោះ ដោយ​មិន​ដឹង​ខ្លួន។ ឪពុក​ម្តាយ​ខ្លះ តែង​តែ​ប្រើ​អំណាច និង​សិទ្ធិ​ជា​មនុស្ស​ចាស់ បាន​ប្រើ​ពាក្យ​សម្ដី​គំរាម​កូន​ចៅ ដោយ​មិន​ស្តាប់ ឬ​មិន​ចង់​ដឹង​ពី​ចំណង់​ចំណូល​ចិត្ត​កូន ធ្វើ​ឲ្យ​ការ​អប់រំ​បែប​នេះ​ទទួល​បរាជ័យ។ ប៉ុន្តែ ការ​ប្រៀន​ប្រដៅ ហើយ​ឃ្លាំ​មើល​ការ​អនុវត្ត​របស់​កូន​ប្រុស​ស្រី លើ​សម្ដី​ដែល​បាន​ប្រៀន​ប្រដៅ តើ​កូន​ប្រុស​ស្រី បាន​អនុវត្ត​តាម​ឬ​អត់​នោះ គឺ​ជា​កត្តា​ជំរុញ​ឲ្យ​មាន​ការ​កែប្រែ​អត្តចរិត​ក្មេង។

ឪពុក​ម្តាយ ឬ​គ្រូ​បង្រៀន ឬ​មនុស្ស​ចាស់ គួរ​ស្តាប់​ការ​បកស្រាយ​របស់​កូន ឬ​សិស្ស ឬ​អ្នក​ជំនាន់​ក្រោយ ហើយ​ព្រម​ទទួល​យក​យោបល់​របស់​គេ​មក​កែប្រែ​នូវ​អ្វី​ដែល​យើង​ខ្វះ ឬ​មិន​មាន ឬ​នឹក​គិត​មិន​ដល់ នោះ​ជា​កត្តា​ជំរុញ​ឲ្យ​មាន​ការ​អភិវឌ្ឍ​ដល់​ការ​អប់រំ​ក្នុង​សង្គម​ដែរ៖ «កូនៗ​យើង ដែល​យើង​អប់រំ​បាន​ល្អ ដែល​យើង​ហៅ​ថា ជា​ទំពាំង​ស្នង​ឫស្សី គឺ​យើង​ចង់​បាន​មនុស្ស​ដែល​មាន​គុណធម៌ សុចរិត យុត្តិធម៌ ដឹង​ថា​អ្វី​ដែល​គួរ​ធ្វើ អ្វី​ដែល​មិន​គួរ​ធ្វើ។ ដល់​តែ​គិត​អំពី​រៀន​សូត្រ សំដៅ​រក​តែ​ទីផ្សារ​ការងារ ដល់​មាន​ព្យុះ​ភ្លៀង​មក អត់​ចេះ​ទប់ស្កាត់ អត់​ចេះ​ពង្រឹង​ខ្លួន​នោះ​ទេ ហ្នឹង​ហើយ​ការ​អប់រំ​ដែល​យើង​ចាស់ៗ​ហ្នឹង​ចង់​បាន គឺ​ថា​គុណធម៌​គួប​ផ្សំ​នឹង​សមត្ថភាព​ចំណេះ​ដឹង»

ពលរដ្ឋ​មួយ​ចំនួន​បាន​លើក​ឡើង​ថា ក្នុង​ការ​តម្រង់​កូន​ចៅ រើស​មុខ​វិជ្ជា និង​សាលា​រៀន ជា​ហេតុផល​នាំ​ឲ្យ​គាត់​សម្លឹង​មើល​អនាគត​នៃ​ការ​ស្វែង​រក​ការងារ​ធ្វើ​សម្រាប់​កូន​ចៅ។

ម្តាយ​មួយ​រូប រស់នៅ​ភូមិ​គោកស្វាយ ឃុំ​ភូមិថ្មី ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ ឈ្មោះ ផុន សុភាព លោកស្រី​ថ្លែង​ថា កូន​គាត់ ៣នាក់ គាត់​បញ្ជូន​ឲ្យ​ទៅ​រៀន​នៅ​ភ្នំពេញ ក្រោយ​ពី​ប្រឡង​ជាប់​បាក់​ឌុប។ នៅ​ក្រុង​ភ្នំពេញ លោកស្រី​ជឿ​ថា ទីផ្សារ​ការងារ​ទូលាយ កូន​គាត់​រៀន​ចប់ ងាយ​រក​ការងារ​ធ្វើ។ អ្វី​ដែល​គាត់​ជឿជាក់​ថា​កូន​នឹង​ទទួល​បាន​ការ​ធ្វើ​នោះ កូន​គាត់​កំពុង​រៀន​សាលា​ដែល​បើក​បង្រៀន​ដោយ​រដ្ឋាភិបាល មិន​មែន​សាលា​ឯកជន​ដែល​គ្រប់គ្រង​ដោយ​បរទេស ឬ​ឧកញ៉ា​ណា​មួយ​ទេ។

លោកស្រី​អះអាង​ថា គាត់​មិន​ចូល​ចិត្ត​សាលា​ឯកជន ព្រោះ​សញ្ញាបត្រ​សាលា​ឯកជន​ខ្លះ​គ្មាន​ការ​ទទួល​ស្គាល់​ពី​ក្រសួង​អប់រំ នាំ​ឲ្យ​កូន​គាត់​ប្រឈម​នឹង​បញ្ហា​ច្រើន ក្រៅ​ពី​មិន​អាច​យក​សញ្ញាបត្រ​ចេញ​ដោយ​សាលា​ឯកជន​នោះ​ទៅ​សុំ​ការងារ​ធ្វើ​បាន កូន​គាត់​ប្រឈម​នឹង​ការ​ខក​ចិត្ត​ថែម​ទៀត៖ «រៀន​តាម​ខេត្ត នោះ​រដ្ឋ​មិន​សូវ​ទទួល​ស្គាល់​ទេ។ បើ​រៀន​នៅ​ទីក្រុង​ភ្នំពេញ គេ​ទទួល​ស្គាល់​ច្រើន ទៅ​ធ្វើ​ការ​កន្លែង​ណា ក៏​គេ​ទទួល​ដែរ។ កាល​ណា​យើង​រៀន​តាម​ខេត្ត យើង​បាន​ធ្វើ​ការ​តែ​ស្រុក​យើង ភូមិ​យើង​បន្តិច​បន្តួច មិន​បាន​ដូច​ទៅ​នៅ​ទីក្រុង​ភ្នំពេញ​នោះ​ទេ។ បើ​យើង​រៀន​នៅ​ឯណោះ រៀន​ចប់​ឯណា​នៅ​ធ្វើ​ការ​ឯណោះ ក៏​បាន​ដែរ»

លោក ហាន វួន អះអាង​ស្រដៀង​គ្នា​ដែរ​ថា កូន​គាត់​រៀន​នៅ​សាលា​របស់​រដ្ឋ នឹង​ទទួល​បាន​អាហារូបករណ៍​ចេញ​ទៅ​រៀន​នៅ​បរទេស និង​ងាយ​ទទួល​បាន​ការ​ផ្តល់​ការងារ​ក្នុង​ក្របខណ្ឌ​រដ្ឋ៖ «យើង​រៀន​ឯកជន​ហើយ កាល​ណា​តែ​យើង​រៀន​ឯកជន យើង​ចូល​រដ្ឋ គឺ​វា​យ៉ាប់​ដដែល ព្រោះ​យើង​ដាក់​ឌឺម៉ង់​ក៏​អស់​លុយ​អីចេះ​អីចុះ​ទៀត។ ម៉្លោះ​ហើយ ខ្ញុំ​ឲ្យ​ចូល​រដ្ឋ​តែ​ម្តង ប្រឡង​ចូល​រដ្ឋ​តែ​ម្តង វា​ធូរ»

ផ្ទុយ​ពី​ការ​យល់​ឃើញ​នេះ និស្សិត​ឆ្នាំ​ទី៧ សកលវិទ្យាល័យ​វេជ្ជសាស្ត្រ​សុខាភិបាល ឈ្មោះ ហាន់ វេង បដិសេធ​ថា គាត់​មិន​ប្រាកដ​ថា​សិស្ស​និស្សិត​ដែល​បាន​រៀន​សាលា​បើក​ដោយ​រដ្ឋ ហើយ​នឹង​ទទួល​បាន​ការងារ​រដ្ឋ​ធ្វើ​ទេ។ ការ​និយាយ​បែប​នេះ ហាក់​រើស​អើង​ដល់​សាលា​ឯកជន។ លោក​ថា សិស្ស​និស្សិត​សាលា​រដ្ឋ និង​សាលា​ឯកជន ក្រោយ​ពី​ប្រឡង​ជាប់​មុខ​ជំនាញ​ក្នុង​សាលា​រួច ត្រូវ​រង់ចាំ​ក្រសួង មន្ទីរ​របស់​រដ្ឋ ប្រកាស​ត្រូវ​ការ​មន្ត្រី​តាម​ចំនួន​ត្រូវ​ការ​រើស​ឲ្យ​ចូល​ធ្វើ​ការ។ សិស្ស​និស្សិត​គ្រប់​សាលា ទាំង​ឯកជន និង​រដ្ឋ ដែល​មាន​ជំនាញ​តាម​រដ្ឋ​តម្រូវ​ការ​នោះ ចូល​រួម​ប្រឡង​ប្រកួត​ប្រជែង ដើម្បី​បាន​ចូល​ធ្វើ​ជា​មន្ត្រី​រាជការ មិន​អាច​រៀន​ចប់​ភ្លាម សិស្ស​សាលា​រដ្ឋ ត្រូវ​តែ​រដ្ឋាភិបាល​ប្រគល់​ការងារ​ឲ្យ​ធ្វើ​ការ​បាន​ទេ។ ការ​រើសអើង​សាលា​រៀន​រដ្ឋ និង​សាលា​រៀន​ឯកជន​បែប​នោះ ជា​ការ​យល់​ខុស។

សាស្ត្រាចារ្យ​ផ្នែក​អក្សរសាស្ត្រ នៃ​សកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ លោក យូ សុភា ថ្លែង​ថា គ្រួសារ​នីមួយៗ​ត្រូវ​បញ្ជូន​កូន​ប្រុស និង​កូន​ស្រី បាន​ទៅ​រៀន​ដូច​គ្នា​ពី​ថ្នាក់​ទាប​រហូត​សកលវិទ្យាល័យ និង​មហាវិទ្យាល័យ ទាំង​សាលា​ឯកជន និង​សាលា​រដ្ឋ។ ក្រៅ​ពី​ធនធាន​មនុស្ស​ក្នុង​ស្រុក​សម្បូរ​បែប​គ្រប់​ជំនាញ​ហើយ រដ្ឋាភិបាល​ត្រូវ​រួម​ចំណែក​ជំរុញ​ឲ្យ​ក្រុម​អ្នក​វិនិយោគ ប្រើ​ធនធាន​មនុស្ស​នៅ​ក្នុង​ប្រទេស ដែល​ខ្លួន​គេ​បាន​មក​វិនិយោគ ទើប​យុវជន​មាន​ការងារ​ធ្វើ​បាន​ច្រើន​គ្នា។ នៅ​ពេល​យុវជន​មាន​ការងារ​ធ្វើ​បាន​ច្រើន​គ្នា នោះ​ប្រទេស​នឹង​មាន​ការ​អភិវឌ្ឍ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។