យ៉ាងណាក៏ដោយ រដ្ឋាភិបាលយល់ថា កត្តាវាយតម្លៃថាប្រទេសមួយមានអសន្តិសុខស្បៀង គឺឈរលើមូលដ្ឋានអ្វី ព្រោះថា ប្រទេសកម្ពុជាមានស្បៀងសល់ជាច្រើនលានតោនរៀងរាល់ឆ្នាំ។ ប៉ុន្តែប្រទេសកម្ពុជាក៏ទទួលស្គាល់ថា ពេលមានគ្រោះធម្មជាតិ ឬការកើនឡើងថ្លៃម្ហូបអាហារ ប្រជាជនបានធ្លាក់ភាពក្រីក្រ។ កត្តានេះ រដ្ឋាភិបាលអះអាងថា កំពុងចាត់វិធានការមួយចំនួនដើម្បីទប់ស្កាត់អសន្តិសុខស្បៀងដែលកើតឡើងជាយថាហេតុនៅពេលខាងមុខ។
មានហេតុផលជាច្រើនបានបង្ហាញពីកត្តាសកលជាច្រើន ដែលជះឥទ្ធិពលដល់អសន្តិសុខស្បៀងនៅក្នុងប្រទេសកំពុងអភិវឌ្ឍជាច្រើននៅលើសកលលោក។
របាយការណ៍សន្តិសុខស្បៀងសកលប្រចាំឆ្នាំ២០១២ របស់ អ៊ី.អាយ.យូ បានបង្ហាញថា ចំនួនស្បៀងគ្រប់គ្រាន់ គុណភាពស្បៀង និងភាពអាចរកបានគ្រប់ពេលនៃស្បៀងអាហារ នៅក្នុងចំណោមប្រទេសចំនួន១០៥ លើពិភពលោក ថា ប្រទេសកម្ពុជាជាប្រទេសងាយរងគ្រោះជាងគេ។
នៅក្នុងរបាយការណ៍បានរកឃើញថា ការកើនឡើងនៃតម្លៃស្បៀងអាហារនៅលើពិភពលោកបានកើនឡើងប្រមាណបីដង ខ្ពស់ជាងតម្លៃអតិផរណា នៅទសវត្សរ៍ចុងក្រោយនេះ មានន័យថា តម្លៃស្បៀងអាហារបានកើនឡើង១៣៨% កំឡុងពេល១០ឆ្នាំចុងក្រោយ ប៉ុន្តែតម្លៃអតិផរណាបានឡើងតែ៤៦%ប៉ុណ្ណោះ។ កត្តានេះ បានធ្វើឲ្យប្រជាជនច្រើនលាននាក់ ធ្លាក់ក្នុងភាពក្រីក្រ ហើយប្រភេទនៃទំនិញកសិកម្មមូលដ្ឋាន ដែលជាតម្រូវការសំខាន់សម្រាប់ប្រជាជនទូទៅ មានការកើនឡើងខ្ពស់ គឺថ្លៃពោត សណ្ដែក ស្រូវសាលី និងអង្ករជាដើម។
របាយការណ៍របស់ អ៊ី.អាយ.យូ ដដែលបានបង្ហាញទៀតថា ការកើនឡើងនេះគឺដោយសារតែប្រជាជននៅលើពិភពលោកមានជីវភាពកាន់តែប្រសើរឡើងជាងរយៈពេល៥០ឆ្នាំកន្លងទៅ ហើយប្រជាជននៅប្រទេសដែលមានការអភិវឌ្ឍនានាបានចំណាយលើអាហារ និងសាច់សត្វ កាន់តែកើនឡើង រួមទាំងការចំណាយលើសម្ភារៈកសិកម្ម និងថ្លៃប្រេងសាំង បានជំរុញឲ្យថ្លៃផលិតកម្មកសិកម្មកាន់តែកើនឡើងខ្ពស់។
យ៉ាងណាក៏ដោយ អាកាសធាតុបានគំរាមកំហែងដល់ពេលប្រមូលផល និងផលិតភាពកសិកម្មផងដែរ កំពុងបង្ហាញជាសញ្ញាអាក្រក់ដល់ភាពរអាក់រអួលដល់ការវិនិយោគលើវិស័យកសិកម្ម។
ធនាគារពិភពលោកបានបង្ហាញថា ការកើនឡើងថ្លៃស្បៀងអាហារសកល បានធ្វើឲ្យប្រជាជនប្រមាណ៤៤លាននាក់ធ្លាក់ចូលនៅក្នុងភាពក្រីក្រ ជាពិសេស នៅប្រទេសកំពុងអភិវឌ្ឍ ឬប្រទេសក្រីក្រ។
ដើម្បីទប់ទល់នឹងបញ្ហានេះ អង្គការស្បៀងអាហារពិភពលោក បានរាយការណ៍ថា ផលិតភាពកសិកម្ម គឺទាមទារការបង្កើនឲ្យបានប្រមាណ៥០% ទៅ ៧០%ទៀត ដើម្បីឆ្លើយតបនឹងតម្រូវការស្បៀងអាហារពិភពលោកបាននៅឆ្នាំ២០៥០ ខាងមុខ។
ប្រទេសកម្ពុជា ជាប្រទេសដែលងាយប្រឈមនឹងគ្រោះធម្មជាតិ ហើយបញ្ហានេះនឹងបង្កឲ្យចំនួនប្រជាជនជាច្រើន ធ្លាក់ក្នុងភាពក្រីក្រ ដោយសារតែប្រជាជនកម្ពុជាភាគច្រើនលើសលុប ជាអ្នកធ្វើកសិកម្ម ហើយពួកគាត់ទាំងនោះគឺជាអ្នកងាយរងគ្រោះខ្លាំងពីគ្រោះធម្មជាតិ ឬការកើនឡើងនៃតម្លៃស្បៀងអាហារជាដើម។
អ្នកស្រាវជ្រាវនៅសមាគមសេដ្ឋកិច្ចកម្ពុជា លោក ហេង ឌីណា មានប្រសាសន៍ថា ការកើនឡើងថ្លៃម្ហូបអាហារ ឬអតិផរណា មានទំនាក់ទំនងដោយផ្ទាល់ទៅលើជីវភាពរស់នៅរបស់ប្រជាជនទូទៅ ក្នុងប្រទេសនីមួយៗ ដោយលោកបញ្ជាក់ថា បើតម្លៃអតិផរណានេះកើនឡើងខ្លាំង មានន័យថា ប្រជាជននីមួយៗអាចទិញទំនិញបានតិចជាងមុន ដែលកត្តានេះអាចជះឥទ្ធិពលដល់ប្រជាជនដែលមានប្រាក់ចំណូលទាប។
លោក ហេង ឌីណា៖ «ថ្លៃទំនិញសម្រាប់ការរស់នៅឡើងភ្លាម មានន័យថា ត្រូវចំណាយលុយច្រើនជាងមុន ដើម្បីទិញម្ហូបដដែលដែលគាត់ធ្លាប់តែទិញរាល់ដង បើសិនជាគាត់អត់មានលុយបន្ថែមដើម្បីទិញទេ មានន័យថា គាត់ត្រូវបន្ថយការញាំ ឬការប្រើប្រាស់ប្រចាំថ្ងៃ។ អ៊ីចឹង វាប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់គាត់»។
តែទោះជាយ៉ាងណាក៏ដោយ លោក ហេង ឌីណា មានប្រសាសន៍ថា កត្តាដែលធ្វើឲ្យមានអត្រាអតិផរណានៅប្រទេសកម្ពុជា មានដូចជាការផ្គត់ផ្គង់ម្ហូបអាហារថយចុះ នៅពេលកើតមានគ្រោះធម្មជាតិ ដែលអាចធ្វើឲ្យតម្លៃទំនិញប្រើប្រាស់ហ្នឹងកើនឡើងបាន។ ហើយការផ្គត់ផ្គង់ទាំងនោះ ក៏ទាក់ទងនឹងប្រទេសជិតខាងដែរ ព្រោះប្រទេសកម្ពុជា នាំទំនិញច្រើនពីប្រទេសថៃ និងវៀតណាម មានន័យថា នៅពេលដែលមានការកើនឡើងថ្លៃម្ហូបអាហារនៅប្រទេសទាំងនោះអាចជះឥទ្ធិពលដល់អតិផរណានៅកម្ពុជា។
កត្តាមួយទៀត គឺដោយសារតែកំណើនសេដ្ឋកិច្ច ឬតម្រូវការក្នុងស្រុកកើនឡើង មានន័យថា ប្រជាជនបានចំណាយលុយច្រើនជាងមុន ដើម្បីចំណាយលើម្ហូបអាហារដែលធ្វើឲ្យតម្លៃទំនិញកើនឡើងដែរ និងកត្តាសំខាន់មួយទៀត គឺទាក់ទងនឹងអត្រាប្ដូរប្រាក់រៀលធៀបនឹងដុល្លារអាមេរិក មានន័យថា ប្រសិនដុល្លារអាមេរិកឡើងថ្លៃ ធ្វើឲ្យទំនិញដែលលក់ជាដុល្លារឡើងថ្លៃដែរ។
លោក ហេង ឌីណា៖ «ប៉ុន្តែ បើលុយខ្មែរយើងថោក ពីមួយដុល្លារបួនពាន់ មកមួយដុល្លារបួនពាន់មួយរយ អ៊ីចឹងមានន័យថា តម្លៃទំនិញដែលគិតជាដុល្លារវាស្ថេរ តែគិតជាលុយខ្មែរវាកើនឡើង។ អ៊ីចឹង អត្រាប្ដូរប្រាក់ធនាគារជាតិ គាត់អាចលូកដៃបាននោះ ក៏អាចជះឥទ្ធិពលដល់អត្រាអតិផរណាដែរ»។
លោក ហេង ឌីណា បន្តថា អត្រាអតិផរណានៅកម្ពុជាស្ថិតនៅអត្រាមួយដែលអាចគ្រប់គ្រងបាន ប៉ុន្តែដើម្បីទប់ស្កាត់ហានិភ័យដែលកើតឡើងជាយថាហេតុម្ដងៗ គឺរដ្ឋាភិបាលអាចអន្តរាគមន៍បានតាមរយៈការលក់ទំនិញត្រង់ថ្លៃមួយក្រោមទីផ្សារ និងធ្វើឲ្យមានស្ថិរភាពអត្រាប្ដូរប្រាក់ជាដើម។
រដ្ឋាភិបាលកម្ពុជាធ្លាប់បានអះអាងថា ការកើតមាននូវគ្រោះធម្មជាតិជាបញ្ហាបង្កឲ្យមានអសន្តិសុខស្បៀង ដូចជាគ្រោះទឹកជំនន់ បានបំផ្លាញដំណាំ សត្វពាហនៈ ហេដ្ឋារចនាសម្ព័ន្ធ និងជីវិតមនុស្ស ទ្រព្យសម្បត្តិ ហើយជារៀងរាល់ឆ្នាំ កម្ពុជាត្រូវខាតបង់អស់ពី១០០លាន ទៅ១៧០លានដុល្លារ។ ម៉្យាងវិញទៀត តាមការប៉ាន់ស្មាន ការខូចខាតដោយព្យុះគេតសាណា ក្នុងឆ្នាំ២០០៩ មានតម្លៃប្រមាណជាង១៣០លានដុល្លារអាមេរិក។
អគ្គលេខាធិការរងនៃក្រុមប្រឹក្សាស្ដារ និងអភិវឌ្ឍវិស័យកសិកម្ម និងជនបទ នៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ស្រុន ដារិទ្ធិ មានប្រសាសន៍ថា នៅប្រទេសកម្ពុជាមានស្បៀងសល់គិតជាអង្ករប្រមាណ២លាន៧សែនតោន ប៉ុន្តែភាគច្រើនបានលក់ចេញទៅប្រទេសជិតខាង ដោយលោកបញ្ជាក់ថា ដើម្បីទប់ស្កាត់ហានិភ័យនានាដែលកើតឡើងជាយថាហេតុនៅពេលខាងមុខនោះ រដ្ឋាភិបាលកំពុងបង្កើតឲ្យមានប្រព័ន្ធស្បៀងបម្រុងមួយនៅប្រទេសកម្ពុជា ដែលគ្រោងនឹងអនុម័តនៅពេលខាងមុខ។
លោក ស្រុន ដារិទ្ធិ មានប្រសាសន៍បន្ថែមទៀតថា ការកើនឡើងថ្លៃស្បៀងអាហារកន្លងទៅ រដ្ឋាភិបាលបានបញ្ចេញស្បៀងលក់ត្រង់តម្លៃមួយថោកជាងទីផ្សារ និងផ្អាកនាំចេញអង្ករទៅខាងក្រៅផងដែរ។ យ៉ាងណាក៏ដោយ លោក ស្រុន ដារិទ្ធិ បន្តថា អសន្តិសុខស្បៀងនៅកម្ពុជា គឺសំដៅលើផ្នែកមួយចំនួន ដូចជាភាពមានស្បៀងគ្រប់គ្រាន់ គុណភាពស្បៀង និងភាពអាចរកបានស្បៀងជាដើម។
លោក ស្រុន ដារិទ្ធិ៖ «ទីមួយ គឺភាពមានស្បៀងតាមរយៈការផលិត ហើយសម្រាប់ប្រទេសយើង គឺផលិតលើសពីតម្រូវការ។ គេមើលមួយទៀត គឺមើលលើភាពអាចទទួលបានស្បៀង គឺសំដៅលើកម្លាំងសេដ្ឋកិច្ច កម្លាំងទិញ បានន័យថា យើងមិនផលិតទេ យើងផលិតមិនគ្រប់គ្រាន់ យើងមានថវិកាទិញស្បៀងយកមកប្រើ។ ដល់ចំណុចទីបី យើងផលិតមើលការប្រើប្រាស់ និងការបឺតស្រូបស្បៀង វាពាក់ព័ន្ធនឹងសុខភាព និងអនាម័យ និងសុវត្ថិភាពស្បៀងនោះឯង»។
យ៉ាងណាក៏ដោយ អ្នកវិភាគកសិកម្ម លោក ស្រី ចន្ធី មានប្រសាសន៍ថា នៅប្រទេសកម្ពុជា បានរងឥទ្ធិពលពីវិបត្តិសេដ្ឋកិច្ចសកល កាលពីឆ្នាំ២០០៨ បានជំរុញឲ្យប្រជាជនធ្លាក់ក្នុងភាពក្រីក្រប្រមាណជាង២លាននាក់ ដែលភាគច្រើននៃអ្នករងគ្រោះ គឺភាគច្រើនដោយសារតែពួកគាត់ធ្វើកសិកម្មបានតែម្ដងក្នុងមួយឆ្នាំ ហើយសម្រាប់ផ្ទៃដីដែលអាចបង្កបង្កើនផលបានក្នុងរយៈពេលពីរដងក្នុងមួយឆ្នាំមានប្រមាណតែ២៧%ប៉ុណ្ណោះ។
លោក ស្រី ចន្ធី៖ «ប្រជាជនយើងភាគច្រើនមានដីតូច ហើយគាត់ធ្វើបានភាគច្រើនតែម្ដងទេ មានតែ២៧% នៃផ្ទៃដីដែលធ្វើបានពីរដង។ អ៊ីចឹង អ្នកដែលគ្រប់គ្រាន់ មានចំនួនតិចណាស់»។
លោកមានប្រសាសន៍បន្ថែមថា នៅប្រទេសកម្ពុជាមានកង្វះខាតផ្នែកសង្គ្រោះបន្ទាន់ ឬប្រជាជនកម្ពុជាដែលធ្វើកសិកម្ម ខ្វះស្តុកស្រូវសម្រាប់ប្រើប្រាស់ ដោយសារតែប្រជាជនផលិតដើម្បីបង្គ្រប់ការប្រើប្រាស់តែប៉ុណ្ណោះ។
របាយការណ៍របស់ អ៊ី.អាយ.យូ បានបង្ហាញទៀតថា ក្នុងចំណោមទាំងប្រទេស១០៥ ប្រទេសកម្ពុជាមានភាពងាយរងគ្រោះ ឬភាពអសន្តិសុខស្បៀង ស្ថិតនៅលំដាប់លេខ៨៩ នៅក្នុងចំណោមប្រទេស១០៥ មានន័យថា ប្រទេសកម្ពុជា កង្វះខាតស្បៀងគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ ហើយប្រទេសកម្ពុជាជាប្រទេសងាយរងគ្រោះជាងគេ បើធៀបនឹងប្រទេសវៀតណាម ថៃ និងភូមា (មីយ៉ាន់ម៉ា)។
ហើយបើទោះប្រទេសកម្ពុជា ជាប្រទេសនាំចេញអង្ករ និងជាអ្នកផលិតកសិកម្ម ប៉ុន្តែមានប្រជាជនជាច្រើនដែលស្ថិតនៅក្បែរបន្ទាប់ភាពក្រីក្រ ដែលពួកគាត់ទាំងនោះជាក្រុមដែលងាយរងគ្រោះនៅពេលដែលមានវិបត្តិចំណីអាហារបានកើតឡើង ឬគ្រោះធម្មជាតិ ព្រោះក្រុមទាំងនោះជាអ្នកដែលមានតម្រូវការខ្ពស់ផ្នែកកសិកម្ម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។