តំណាងសមាគមអ្នកសារព័ត៌មានចំនួនប្រមាណ ២០អង្គភាព និងអ្នកសារព័ត៌មានចំនួនជាង ១០០នាក់ បានជួបប្រជុំគ្នានៅថ្ងៃទី១២ ខែវិច្ឆិកា ដើម្បីបង្កើតក្រុមប្រឹក្សាក្រមសីលធម៌អ្នកសារព័ត៌មាន និងតាក់តែងក្រមសីលធម៌រួមមួយ សម្រាប់ឲ្យអ្នកសារព័ត៌មាននានា នៅក្នុងប្រទេសកម្ពុជា យកទៅអនុវត្តនៅក្នុងការប្រមូលព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងដោយសុចរិត សម្រាប់ការផ្សាយព័ត៌មានដល់មហាជន។
ការបង្កើតក្រុមប្រឹក្សានេះ គឺដើម្បីត្រួតពិនិត្យកំហុសឆ្គងនានារបស់អ្នកសារព័ត៌មាន ហើយក្រមសីលធម៌សារព័ត៌មាន ដែលគេបានចងក្រង និងក្លាយជាឧបករណ៍ចង្អុលផ្លូវក្នុងការពង្រឹងវិជ្ជាជីវៈនៅគ្រាដែលមានការរិះគន់ថា អ្នកកាសែតមួយចំនួន បានប្រើតួនាទីរបស់ខ្លួនទៅជំរិតទារប្រាក់ពីឈ្មួញដឹកឈើខុសច្បាប់។ ជំរិតទារប្រាក់ជាថ្នូរនិងការព្យួរព័ត៌មាន។ និងទទួលសំណូកដើម្បីជាថ្នូរនឹងការផ្សាយព័ត៌មានបំពេញចិត្តរបស់មន្ត្រីជាន់ខ្ពស់ ឬឈ្មួញណាម្នាក់។
ប្រធានផ្នែកកម្មវិធីផ្សព្វផ្សាយរបស់អង្គការមិនមែនរដ្ឋាភិបាល ផែក (Pact) លោក សេក បរិសុទ្ធ និងជាតំណាងក្រុមបច្ចេកទេសនៃក្រុមប្រឹក្សានេះ បានមានប្រសាសន៍ថា លោកសុំឲ្យមន្ត្រីរដ្ឋាភិបាលនានា ផ្ដល់ឱកាសក្នុងការជួបសម្ភាស និងផ្ដល់ឯកសារនៅពេលណាអ្នកកាសែតស្នើសុំ ដើម្បីឲ្យព័ត៌មានរបស់គាត់មានភាពច្បាស់លាស់ និងត្រឹមត្រូវ ៖ «គឺសេរីភាពក្នុងការបញ្ចេញមតិ និងសេរីភាពនៃសារព័ត៌មាន គឺជាឧកស៊ីសែននៃលទ្ធិប្រជាធិបតេយ្យ»។
ក្រមសីលធម៌សំខាន់ៗ ដែលបានចងក្រងនោះ គឺបានចែងថា អ្នកកាសែតស្វែងរកការពិត និងរាយការណ៍ព័ត៌មានពិត។ ទទួលខុសត្រូវចំពោះមុខច្បាប់ ស្ដីពីសារព័ត៌មាន។ ការពារប្រភពព័ត៌មាន។ កុំឲ្យមានការរើសអើង។ និងរក្សាភាពស្អាតស្អំ មិនទទួលសំណូកអ្វីមួយ។
ប្រភពពីមន្ត្រីរដ្ឋាភិបាលកម្ពុជា និងឯកសារបានឲ្យដឹងថា នៅក្នុងប្រទេសកម្ពុជាមានកាសែតជាភាសាខ្មែរចំនួនជាង ៤០០អង្គភាព, ស្ថានីយវិទ្យុចំនួន៨៧, ទស្សនាវដ្ដី ចំនួន១១៦, ព្រឹត្តិបត្រ ចំនួន៣៥ និងកាសែតជាភាសាបរទេសចំនួនជាង៣០។ មានសមាគមអ្នកកាសែតចំនួនប្រមាណ២០ នៅក្នុងប្រទេសកម្ពុជា។
រដ្ឋលេខាធិការក្រសួងព័ត៌មានលោក ហោ សុភាព បានមានប្រសាសន៍ថា មានអ្នកកាសែតមួយចំនួនមិនបានបំពេញតួនាទីតាមក្រមសីលធម៌ និងវិជ្ជាជីវៈឡើយ ៖ «រថយន្តខ្លះ ហើយធ្វើផ្ដេសផ្ដាសនៅតាមមូលដ្ឋាន នៅតាមជនបទហ្នឹង។ ហើយផ្លាកសារព័ត៌មានហ្នឹង យកធ្វើមិនត្រឹមត្រូវ។ ទាក់ទងកិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់អ្នកសារព័ត៌មានទាំងអស់។ ហើយក្រសួងអត់ដែលគាំទ្រចំពោះបញ្ហាទាំងអស់នេះទេ»។
អ្នកយកព័ត៌មានម្នាក់របស់កាសែតភ្នំពេញប៉ុស្តិ៍ (Phnom Penh Post) លោកស្រី ឆាយ ច័ន្ទនីដា បានថ្លែងថា ក្រមសីលធម៌ គឺជាការលើកតម្លៃអ្នកសារព័ត៌មាននៅក្នុងសង្គម ៖ «ខ្លះគោរពតាមវិជ្ជាជីវៈ តាមច្បាប់របបសារព័ត៌មាន តែអ្នកខ្លះ បើទោះជាគាត់ដឹងក៏ដោយ តែគាត់មិនបានគោរពទៅតាមវិជ្ជាជីវៈទេ។ គាត់ដើរយកលុយគេ ធ្វើឲ្យខូចតម្លៃអ្នកសារព័ត៌មានដទៃទៀត»។
ចាប់តាំងពីឆ្នាំ២០០៨ មក អ្នកកាសែតចំនួនជាង ១០នាក់ហើយ បានរងការប្ដឹង និងចាប់ដាក់គុកក្រោមបទផ្សាយព័ត៌មានមិនពិត និងបរិហារកេរ្តិ៍ នៅក្នុងនោះ មានលោក ហង្ស ចក្រា ចាងហ្វាងកាសែតខ្មែរម្ចាស់ស្រុក។ លោក ដាំ សិទ្ធិ ចាងហ្វាងកាសែតមនសិការខ្មែរ។ លោក រស់ សុឃិត និងអ្នកកាសែតមួយចំនួនទៀតប្រចាំការនៅតាមខេត្ត។ មានអ្នកកាសែតមួយចំនួនទៀតដែរ បានរងការចាប់ខ្លួនដោយសារតែរងការចោទថា បានជំរិតទារប្រាក់ពីឈ្មួញដឹកឈើ ឬទំនិញខុសច្បាប់៕