ជនជាតិ​ភាគ​តិច​នៅ​ស្រុក​ក្រចេះ​សិក្សា​ពី​បច្ចេកទេស​ដាំ​បន្លែ​ដោយ​មិន​ប្រើ​ជី​គីមី

អ្នក​ភូមិ​ជនជាតិ​ភាគ​តិច​នៅ​តាម​ឃុំ​មួយចំនួន​ក្នុង​ស្រុក​ក្រចេះ​បាន​ចូលរួម​សិក្សា​ស្វែងយល់​បន្ថែម​អំពី​បច្ចេកទេស​ដាំ​បន្លែ​ដោយ​មិន​ប្រើ​ជី​គីមី​ឬ​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​និង​រក្សា​សុខភាព​គ្រួសារ។

មន្ត្រី​អង្គការ​សមាគម​ខ្មែរ​ដើម្បី​អភិវឌ្ឍន៍​ជនបទ​កម្ពុជា ហៅ​កាត់​ថា KAFDOC ដែល​បាន​បើក​វគ្គ​បណ្តុះ​បណ្តាល​ដល់​កសិករ​នៅ​ឃុំ​កន្ទួត ស្រុក​ក្រចេះ កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​នេះ បាន​ឲ្យ​ដឹង​អំពី​គោលដៅ​សំខាន់​របស់​អង្គការ KAFDOC គឺ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការយល់ដឹង​អំពី​គ្រោះថ្នាក់​នៃ​ការបរិភោគ​បន្លែ​ដែល​ប្រើ​ជី​គីមី ហើយ​ងាក​មក​ដាំ​បន្លែ​តាម​បែប​ធម្មជាតិ​ជា​លក្ខណៈ​គ្រួសារ​វិញ។

មន្ត្រី​អង្គការ​សមាគម​ខ្មែរ​ដើម្បី​អភិវឌ្ឍន៍​ជនបទ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ៖ «គោលដៅ​របស់ KAFDOC គឺ​យើង​អត់​ឲ្យ​មាន​គ្រួសារ​ណា​មួយ​ដែល​ប្រើប្រាស់​ជី​គីមី ថ្នាំ​គីមី​ទេ ហើយ​បង្វែរ​ទិសដៅ​ហ្នឹង​មក​ប្រើ​ថ្នាំ​ធម្មជាតិ​សម្លាប់​សត្វ​ល្អិត ទំនោរ​ទៅ​ជី​កំប៉ុស​វិញ។ ១១​ឃុំ គោលដៅ​របស់ KAFDOC​ហ្នឹង គឺ​យើង​ផ្ដោត​សំខាន់​ទៅ​លើ​ការលុប​បំបាត់​ថ្នាំ​និង​ជី​គីមី»

បុរស​កសិករ​ម្នាក់​ដែល​ចូលរួម​ក្នុង​វគ្គ​សិក្សា​នោះ​បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​អំពី​ផល​ប្រយោជន៍​នៃ​ការទទួល​ទាន​បន្លែ​ដាំ​ដោយ​គ្មាន​ប្រើ​ជី​គីមី​យ៉ាង​ដូច្នេះ ៖ «យល់​ថា ទៅ​វិញ​អាច​រៀបចំ​តាម​ការសិក្សា​ថ្ងៃ​ហ្នឹង​ដែរ។ យើង​ស៊ី​បន្លែ​ដាក់​ជី​ធម្មជាតិ​យើង​ឥឡូវ​នេះ​ក៏​វា​បាន​ធូរ វា​មិន​សូវ​មាន​ឈឺ​គ្រុន​អី​នៅ​ក្នុង​ពោះវៀន​អី​អ៊ីចឹង​ដែរ។ អ៊ីចឹង​ហើយ​បាន​ខំ​មក​រៀន​នេះ ឲ្យ​បាន​ចេះ​បាន​ដឹង ហើយ​ឲ្យ​យល់​អំពី​ការដាំ​បន្លែ​ហ្នឹង កុំ​ឲ្យ​សូវ​បាញ់​ជាតិ​ថ្នាំ​ពុល​ហ្នឹង​ច្រើន​ពេក»

រីឯ​ស្រ្តី​អ្នក​ភូមិ​មួយ​រូប​ដែល​បាន​ទៅ​ចូលរួម​រៀន​យក​បច្ចេកទេស​ដាំ​ដំណាំ​ពី​អង្គការ KAFDOC នោះ​ដែរ បាន​ឲ្យ​ដឹង​អំពី​ថា អ្នកស្រី​បាន​ព្យាយាម​ដាំ​បន្លែ​តាម​បែប​ធម្មជាតិ​នៅ​ក្នុង​សួន​បន្លែ​ជុំវិញ​ផ្ទះ​អស់​រយៈពេល​ជាង​២​ឆ្នាំ​មក​ហើយ​នេះ ដោយ​បញ្ជាក់​ថា អ្នក​ភូមិ​ចូលចិត្ត​មក​ទិញ​បន្លែ​របស់​គាត់​ព្រោះ​ដឹង​ថា​គ្មាន​ប្រើ​ជាតិ​គីមី។

ស្ត្រី​ដដែល​បាន​បញ្ជាក់​ថា ៖ «ខ្ញុំ​ដាំ​ដោយ​នឹក​ឃើញ​ខ្លួនឯង។ ខ្ញុំ​នៅ​លក់​តែ​នឹង​ផ្ទះ ខ្ញុំ​នៅ​កៀនកោះ​ទេ តែ​គេ​ដឹង​ថា​ខ្ញុំ​ដាំ​បន្លែ គេ​ចូលចិត្ត​ហូប គេ​ថា​អា​ហ្នឹង​អត់​មាន​ជាតិ​គីមី ព្រោះ​គេ​ឃើញ​ខ្ញុំ​ពិតៗពេល​ដែល​ខ្ញុំ​ដាក់​ជី​ហ្នឹង គេ​បាន​ឃើញ​ប្លែក ខ្ញុំ​មិន​បាន​ប្រើ​ជី​ផ្សារ​ឬ​ក៏​ជាតិ​ពុល​អី​ផង។ ដោះស្រាយ​ក្នុង​គ្រួសារ​បាន​ត្រឹម​តែ​កូន​រៀន​អី​បាន ដោះស្រាយ​ធូរធារ​បន្តិច​បន្តួច ក្នុង​គ្រួសារ​ខ្ញុំ​មាន​គ្នា​៦​នាក់»