ក្រុមមន្ត្រីចម្រុះ មានអាជ្ញាធរអប្សរា មន្ត្រីក្រុងសៀមរាប ព្រះរាជអាជ្ញារងអមសាលាដំបូង និងមេធាវីរាជរដ្ឋាភិបាល ព្រមទាំងកម្លាំងប៉ូលិស និងកងរាជអាវុធហត្ថផង បានចុះអនុវត្តការរុះរើផ្ទះ ខ្ទម និងដកបង្គោលរបងកំណត់ព្រំដីចំនួនជាង ៦០ប្លង់ នៅភូមិចុងកៅស៊ូ ឃុំស្លក្រាម ក្រុងសៀមរាប កាលពីព្រឹកថ្ងៃទី២៧ ខែឧសភា ដើម្បីបណ្ដេញប្រជាពលរដ្ឋដែលរស់នៅតំបន់នោះឲ្យចាកចេញ ដោយគេអះអាងថា ផ្ទះ និងដីជាច្រើនប្លង់នោះបានចូលមកសាងសង់អនាធិបតេយ្យខុសច្បាប់លើដីសាធារណៈរបស់រដ្ឋ ដែលជាតំបន់គ្រប់គ្រងដោយអាជ្ញាធរអប្សរា។
លោក ខូយ គឹមទូ អនុប្រធានគណៈកម្មការអន្តរក្រសួងទទួលបន្ទុកដោះស្រាយគោលនយោបាយដីធ្លី និងជាមន្ត្រីអាជ្ញាធរអប្សរា បានមានប្រសាសន៍ក្នុងពេលចុះអនុវត្តការរុះរើ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ថា កន្លែងដែលចុះអនុវត្តការរុះរើនោះ គឺជាតំបន់ប្រព័ន្ធការពារខ្សែក្រវាត់ក្រុង ដែលស្ថិតនៅក្នុងប្លង់បុរីសណ្ឋាគារទេសចរណ៍ និងវប្បធម៌របស់រដ្ឋ ដោយអាជ្ញាធរធ្លាប់បានហាមឃាត់ប្រជាពលរដ្ឋមិនឲ្យចូលសង់ទីលំនៅជាច្រើនលើកមកហើយ។
លោក ខូយ គឹមទូ បានបញ្ជាក់ថា ៖ «ក្នុងពេលដែលធ្វើនេះគឺមានជាង ៦០ក្បាលដីនេះ ក្នុងនោះមានដីទទេព័ទ្ធរបង។ យើងត្រូវតែអនុវត្តវិធានការ ព្រោះអត់មានម្ចាស់ការពារអីទៀតទេ! ហើយយើងក៏ដឹងដែរនៅក្នុងឯកសារយើង មានអស់ហើយថា ម្ចាស់នៅភ្នំពេញ នៅទីណាក៏យើងមាន! ដីសាធារណៈរបស់រដ្ឋ មនុស្សអត់មាននៅទេ សង់ហើយដាក់ចោល ឬជួនកាលគាត់ឲ្យគេចាំមួយថ្ងៃពីរអ៊ីចឹង ឈប់ទៅវិញទៅ! រលំចោលខ្លះពេលខ្យល់ព្យុះ។ មានមួយទៀតគឺសង់ផ្ទះ ពីមុនឃើញអង្កេតម្ចាស់ផ្សេង ដល់ក្រោយមកម្ចាស់ហ្នឹងអត់មាននៅខ្លួនឯងទេ បែរជាខណ្ឌបន្ទប់ៗជួលឲ្យគេនៅ សំណង់អនាធិបតេយ្យខុសច្បាប់!»។
ទោះជាយ៉ាងណា ប្រជាពលរដ្ឋដែលរស់នៅទីនោះខ្លះបានទទួលស្គាល់ថា ពួកគេពិតជាបានចូលមកជួលដីគេសង់ផ្ទះនៅខ្លួនឯងនៅក្នុងតំបន់នោះ ហើយនៅពេលដែលអាជ្ញាធរបណ្តេញឲ្យចេញនោះ ពួកគេកំពុងជួបផលលំបាកគ្មានកន្លែងថ្មីរស់នៅទេ ដោយសារតម្លៃជួលកន្លែងរស់នៅផ្សេងគឺថ្លៃមិនអាចរកប្រាក់ជួលបាន។
ស្ត្រីឈ្មោះ សុខ មៀន បានមានប្រសាសន៍ថា គាត់បានមកជួលដីគេរស់នៅទីនោះតាំងពីឆ្នាំ២០០៣ ដោយប្រកបរបរលក់ដូរបន្តិចបន្តួច ប៉ុន្តែពេលអាជ្ញាធរបណ្ដេញឲ្យចាកចេញ គាត់កំពុងវិលវល់ មិនដឹងទៅរស់នៅតំបន់ណាទៀត។
អ្នកស្រី សុខ មៀន ចង់ស្នើសុំឲ្យអាជ្ញាធរយោគយល់អនុញ្ញាតឲ្យអ្នកក្រីក្រដូចគាត់បានរស់នៅទីនោះបន្ត ៖ «ខ្ញុំអត់មានកន្លែងនៅផង! កំពុងស្មុគស្មាញថា ទៅជួលផ្ទះគេវាអត់លុយ! មុខរបរខ្ញុំសព្វថ្ងៃលក់បបរ លក់នំ ថ្ងៃណាទៅក៏ស៊ីគ្រប់ ថ្ងៃណាទៅក៏ស៊ីមិនគ្រប់! ថ្ងៃណាទៅក៏សល់ បួនប្រាំពាន់ ប្រាំមួយពាន់ប៉ុណ្ណឹងឯង វាពិបាកថ្លៃផ្ទះ! ខ្ញុំចង់ឲ្យអាជ្ញាធរដោះស្រាយត្រឹមថា មានភាពអនុគ្រោះដល់ជនក្រីក្រប៉ុណ្ណឹងទៅ!»។
លោក អឿន ពៅ អភិបាលរងក្រុងសៀមរាប បានមានប្រសាសន៍ថា អាជ្ញាធរមានគម្រោងរុះរើផ្ទះ ខ្ទម និងប្លង់ដីសរុបទាំងអស់ចំនួន ៩៧ក្បាលដី ដោយជំហានទី១ គឺបានបណ្ដេញចំនួន ៦១ក្បាលដីសិន។
លោក អឿន ពៅ បានមានប្រសាសន៍ថា ជាគោលការណ៍អាជ្ញាធរត្រូវបណ្ដេញប្រជាពលរដ្ឋទាំងអស់មិនឲ្យរស់នៅលើដីនោះទៀតទេ ដើម្បីប្រគល់ដីទាំងនោះទៅឲ្យអាជ្ញាធរអប្សរាមានសិទ្ធិគ្រប់គ្រងពេញលេញ។ ក្នុងការដេញប្រជាពលរដ្ឋឲ្យចាកចេញនោះ អាជ្ញាធរមិនបានផ្ដល់គោលនយោបាយដោះដូរដីធ្លីទេ ដោយសារអាជ្ញាធរអះអាងថា កន្លងមកគេតែងទប់ស្កាត់សកម្មភាពប្រជាពលរដ្ឋមិនឲ្យចូលធ្វើទីលំនៅ ប៉ុន្តែប្រជាពលរដ្ឋចេះតែលបលួចចូលធ្វើទីលំនៅខុសច្បាប់។
មន្ត្រីអាជ្ញាធរអប្សរាបានឲ្យដឹងថា គេបានប្រកាសឲ្យប្រជាពលរដ្ឋដឹងថា ទីនោះជាដីសាធារណៈរបស់រដ្ឋតាំងពីឆ្នាំ២០០៧មកម្ល៉េះ៕