អតីត​អ្នក​ទោស​គុក​ទួលស្លែង​៣​រូប​ទទួល​បាន​សៀវភៅ​សាលក្រម​ឌុច

អតីត​អ្នក​ទោស​ខ្មែរ​ក្រហម​ដែល​រួច​ជីវិត​ពី​ការ​សម្លាប់​ដោយ​ប្រព័ន្ធ​គុក​ទួលស្លែង ៣​រូប និយាយ​ស្រដៀង​គ្នា​ថា ការ​ទទួល​បាន​សៀវភៅ​សាលក្រម​កាត់​ទោស ឌុច ពី​សាលាក្ដី​ខ្មែរ​ក្រហម គឺ​ជា​យុត្តិធម៌​ទទួល​យក​បាន​មួយ បើ​ទោះ​ជា​គាត់​យល់​ថា ការ​កាត់​ក្ដី ឌុច ពួក​គាត់​មិន​ទាន់​ទទួល​បាន​យុត្តិធម៌ ១០០%។

0:00 / 0:00

កន្លង​មក​អតីត​អ្នក​ទោស​ទួលស្លែង​បាន​រិះគន់​ការ​កាត់​ក្ដី​របស់​សាលាក្ដី​ខ្មែរ​ក្រហម​ចំពោះ ឌុច ថា​មិន​យុត្តិធម៌។

អតីត​អ្នក​ទោស​នៅ​គុក​ទួលស្លែង ៣​រូប គឺ​លោក ជុំ ម៉ី, លោក វ៉ាន់ ណាត និង​លោក ប៊ូ ម៉េង បាន​ថ្លែង​ដូច្នេះ​ក្នុង​អំឡុង​ពេល​ទទួល​យក​សៀវភៅ​សាលក្រម​កាត់​ទោស ឌុច ពី​មន្ត្រី​សាលាក្ដី​ខ្មែរ​ក្រហម​នៅ​ឯ​គុក​ទួលស្លែង កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១២ សីហា ឆ្នាំ​២០១០ ៖ «នេះ​ហើយ​ជា​យុត្តិធម៌​ដែល​យើង​រង់ចាំ! ជា​យុត្តិធម៌​ចំពោះ​យើង​ទាំង​អស់​គ្នា»

អតីត​អ្នក​ទោស​នៅ​គុក​ទួលស្លែង​មួយ​រូប គឺ​វិចិត្រករ វ៉ាន់ ណាត ថ្លែង​ថា ការ​ទន្ទឹង​រង់ចាំ​របស់​លោក​ជា​យូរ​មក​ហើយ​ពិត​ជា​មិន​អត់​ប្រយោជន៍ ពីព្រោះ​ទី​បំផុត​លោក​ទទួល​បាន​សាលក្រម​កាត់​ទោស ឌុច ៖ «ខ្ញុំ​សប្បាយ​ចិត្ត​បំផុត​ដែល ឌុច ជាប់​គុក ៣៥​ឆ្នាំ។ នេះ​ជា​ប្រវត្តិសាស្ត្រ​ដែល​មិន​អាច​កែប្រែ​បាន»

អតីត​អ្នក​ទោស​ទួលស្លែង​មួយ​រូប​ទៀត ដែល​បាត់​បង់​ភរិយា​នៅ​គុក​ទួលស្លែង​ដែរ គឺ​លោក ប៊ូ ម៉េង ដែល​បាន​រួច​ជីវិត​ដោយសារ​តែ​លោក​គូរ​រូប​មេ​ខ្មែរ​ក្រហម ប៉ុល ពត ដូច បាន​ចាត់​ទុក​ថា សៀវភៅ​សាលក្រម ឌុច គឺ​ជា​សៀវភៅ​ប្រវត្តិសាស្ត្រ​ដែល​លោក​រង់ចាំ​ជាង ៣០​ឆ្នាំ​មក​ហើយ។

លោក ប៊ូ ម៉េង បញ្ជាក់​បន្ថែម​ថា សាលក្រម​កាត់​ទោស​អតីត​ប្រធាន​មន្ទីរ ស-២១ ឬ​គុក​ទួលស្លែង ឈ្មោះ កាំង ហ្កេកអ៊ាវ ហៅ ឌុច មិន​បាន​ផ្ដល់​ឲ្យ​លោក​ទទួល​បាន​យុត្តិធម៌ ១០០%​ទេ ក៏​ប៉ុន្តែ​លោក​អាច​ទទួល​យក​បាន។

អតីត​អ្នក​ទោស​ម្នាក់​ទៀត​គឺ​លោក ជុំ ម៉ី ក៏​ដូច​លោក ប៊ូ ម៉េង និង​លោក វ៉ាន់ ណាត ដែរ ដែល​ធ្លាប់​មិន​សប្បាយ​ចិត្ត​នឹង​ការ​កាត់​ទោស ឌុច កន្លង​មក បើ​ទោះ​ជា​គាត់​យល់​ថា មិន​បាន​ទទួល​យុត្តិធម៌ ១០០%ក៏ដោយ ៖ «ថ្ងៃ​នេះ​ខ្ញុំ​សប្បាយ​ចិត្ត​ណាស់ ដែល​សាលក្រម​បោះ​ចេញ​ជា​សៀវភៅ​មក»

ក្រោយ​ពី​ការ​បញ្ចេញ​ទស្សនៈ​របស់​ខ្លួន អតីត​អ្នក​ទោស​ខ្មែរ​ក្រហម​ទាំង ៣​រូប​ បាន​លើក​សៀវភៅ​សាលក្រម​កាត់​ទោស ឌុច ឡើង​លើ និង​ឧទ្ទិស​ដល់​ព្រលឹង​ជន​រងគ្រោះ​ជាង ១​ម៉ឺន​នាក់ ដែល​បាន​ស្លាប់​នៅ​គុក​ទួលស្លែង។

ប្រកាស​សាលក្រម​ដែល​សាលាក្ដី​ខ្មែរ​ក្រហម ប្រកាស​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កក្កដា​កន្លង​ទៅ ហើយ​សាលាក្ដី​ខ្មែរ​ក្រហម​បាន​ចាប់ផ្ដើម​បោះ​ពុម្ព​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​៥ សីហា ឆ្នាំ​២០១០​នេះ។

ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​នៃ​សាលាក្ដី​ខ្មែរ​ក្រហម លោក រាជ សម្បត្តិ មាន​ប្រសាសន៍​ថា សៀវភៅ​សាលក្រម​ដែល​ចែក​ផ្សាយ​ជា​លើក​ដំបូង​នេះ​មាន​ចំនួន​ជាង ៥០០​ច្បាប់ ដែល​បាន​ចែក​ជូន​ជន​រងគ្រោះ​នៅ​គុក​ទួលស្លែង និង​អ្នក​ភូមិ​នៅ​សង្កាត់​ព្រៃស ដែល​ជា​អតីត​មន្ទីរ ស-២៤ និង​វាល​ពិឃាត​ជើងឯក​សាខា​របស់​គុក​ទួលស្លែង។

លោក​បន្ត​ថា សៀវភៅ​នេះ​មាន​ព័ត៌មាន​គ្រប់គ្រាន់​ក្នុង​ការ​ពន្យល់​ដល់​ពលរដ្ឋ​កម្ពុជា​អំពី​ចម្ងល់ ទាក់ទង​នឹង​ការ​កាត់​ទោស ឌុច។ សៀវភៅ​នេះ​នឹង​ត្រូវ​ចែក​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​កម្ពុជា​នៅ​ទូទាំង​ប្រទេស​ជា​បន្ត​បន្ទាប់៕