អតីតព្រះមហាក្សត្រខ្មែរទ្រង់បានចារថា ព្រះអង្គតែងតែបន់ស្រន់ចំពោះចេតិយនិងរូបចម្លាក់ព្រះអយ្យកោ ព្រះបាទ នរោត្តម សុំឲ្យជាតិក្រោយ ទ្រង់កើតជាប្រេតអសុរកាយប្រចាំប្រទេសខ្មែរដើម្បីចៀសវាងកុំឲ្យបានជួបនឹងភាពអយុត្តិធម៌និងការប្រមាថមាក់ងាយ ធ្វើឲ្យព្រះអង្គអាម៉ាស់ ចាប់ពីទសវត្សរ៍ឆ្នាំ១៩៧០ រហូតមកដល់ឆ្នាំ២០០៨ និងឆ្នាំទៅមុខទៀត ។
ព្រះអង្គមានបន្ទូលថា ក្លាយជាអសុរកាយហើយ ព្រះអង្គនឹងអាចមានលទ្ធភាពបានទទួលនូវភាពស្ងប់ក្នុងព្រះហឫទ័យបានខ្លះ ។
ក្នុងចំណារថ្មីៗនេះដែរ អតីតព្រះមហាក្សត្របានត្អូញត្អែរថា ការប្រមាថមាក់ងាយមួយ ដែលព្រះអង្គពិបាកនឹងទទួលយកបាន រហូតដល់សព្វថ្ងៃនេះ គឺការដែលពួកយុវជន កូនសិស្ស និងនិស្សិតទាំង២ភេទ ដែលសម័យសង្គមរាស្ត្រនិយមធ្លាប់តែស្រឡាញ់និងគោរពព្រះអង្គដូចអាទិទេព បាននាំគ្នានិយាយថា ហេតុដូចម្តេចបានជាគេមិនអាចបំបាត់ចោលនូវអំពើពុករលួយ ក្រោយដែលគេអាចបំបាត់ចោលបាននូវសីហនុដ៏មហាពុករលួយនោះ?
គេថា សព្វថ្ងៃនេះ អំពើពុករលួយវាអាក្រក់ជាងសម័យសីហនុទៅទៀត ។
សម្តេច នរោត្តម សីហនុ ទ្រង់លើកជាសំណួរក្នុងកំណត់ហេតុរបស់ព្រះអង្គថា តើយុវសិស្សនិងនិស្សិតសម័យសាធារណរដ្ឋបានត្រូវជ័យជំនះនៃរដ្ឋប្រហាររបស់ពួកនិយមលន់នល់ដ៏សែនពុករលួយនោះធ្វើឲ្យខ្វាក់មើលលែងឃើញការពិតហើយទេដឹង បានជាគិតថា សីហនុ គឺជាអំពើពុករលួយ ខណៈដែលព្រះអង្គបានតស៊ូបំបាត់អំពើពុករលួយជានិច្ចកាល ៕