អ្នក​ជំនាញ​និយាយ​ពី​យុទ្ធសាស្ត្រ​លើក​ស្ទួយ​វិស័យ​កសិកម្ម

ប្រជាពលរដ្ឋ​និង​មន្ត្រី​ជំនាញ បាន​លើក​ឡើង​នូវ​សំណួរ​និង​ទស្សនៈ​ផ្សេង​ៗ​ជុំវិញ​ការ​រិះរក​វិធានការ​យុទ្ធសាស្ត្រ​ដើម្បី​លើកស្ទួយ​វិស័យ​កសិកម្ម​ដែល​ជា​គន្លឹះ​នៃ​សេដ្ឋកិច្ច​កម្ពុជា ជា​ពិសេស​ការ​ស្វែង​រក​ទីផ្សារ​ស្រូវ​និង​ផលិតផល​កសិកម្ម​ដទៃ​ទៀត។

0:00 / 0:00

ខណៈ​ដែល​កសិករ​កំពុង​តែ​ប្រមូល​ផល​ក្នុង​អំឡុង​រដូវ​ចម្រូត​នេះ តម្លៃ​ស្រូវ​បាន​ធ្លាក់​ចុះ​ ដែល​នាំ​មក​នូវ​ក្ដី​កង្វល់​ដល់​ប្រជា​កសិករ​ខ្មែរ។

មន្ត្រី​សម្របសម្រួល​នៃ​ក្រុម​ផលិតកម្ម​ស្រូវ​ធម្មជាតិ​របស់​អង្គការ សេដាក់ ជា​អង្គការ​ដែល​ធ្វើ​ការងារ​អប់រំ​និង​បណ្ដុះបណ្ដាល​វិស័យ​កសិកម្ម គឺ​លោក ឆុង សុផល បាន​មាន​ប្រសាសន៍​ថា ដើម្បី​ជួយ​ទប់ស្កាត់​នូវ​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ស្រូវ កសិករ​គួរ​ចងក្រង​ជា​សហគមន៍ ហើយ​នាំ​គ្នា​ធ្វើ​ការ​ស្តុក​ស្រូវ។

លោក ឆុង សុផល មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «កន្លង​មក យើង​ឃើញ​ថា នៅ​ពេល​ណា​ដែល​យើង​កសិករ​ចាប់​ផ្ដើម​ប្រមូល​ផង តម្លៃ​ស្រូវ​គឺ​អាច​ចុះ​ថោក​ដោយសារ​ជា​ទូទៅ គឺ​ប្រមូល​ផល ប្រមូល​រួម​ទាំង​អស់​គ្នា អ៊ីចឹង​នៅ​ពេល​ណា​ដែល​យើង​គិត​ទៅ​លើ​ទីផ្សារ នៅ​ពេល​ណា​ដែល​ផលិត​ផល​ច្រើន ហើយ​យើង​រុញ​បញ្ចូល​ទីផ្សារ គឺ​ផលិតផល​ហ្នឹង​ចុះ​ថោក ប៉ុន្តែ​ទន្ទឹម​នឹង​ហ្នឹង យើង​មាន​ឱកាស​មួយ​ដែល​កសិករ​អាច​បង្កើន​តម្លៃ​ផលិតផល​របស់​ខ្លួន​បាន គឺ​កសិករ​អាច​រួមគ្នា​ជា​ក្រុម បង្កើត​ជា​សហគមន៍​អ្នក​ស្តុក​ស្រូវ ដើម្បី​លក់​នៅ​ពេល​ណា​ដែល​យើង​គិត​ថា​ជា​ឱកាស​នៃ​ការ​លក់​ស្រូវ​ហ្នឹង។ ហើយ​ដល់​ពេល​ខែ​ដែល​លក់​បាន​ថ្លៃ ដូច​ជា​ឆ្នាំ​ទៅ ក្នុង​ខែ​បួន ខែ​ប្រាំ ដែល​អង្ករ​និង​ស្រូវ​ឡើង​ថ្លៃ​ហ្នឹង គឺ​គាត់​ចាប់​ផ្ដើម​លក់​ស្រូវ​ហ្នឹង»

ផ្អែក​លើ​បរិមាណ​ទិន្នផល​ស្រូវ​សរុប​ទូទាំង​ប្រទេស​សម្រាប់​ឆ្នាំ​២០០៨​-២០០៩​នេះ អនុប្រធាន​នាយកដ្ឋាន​ក្សេត្រសាស្ត្រ​និង​កែ​លម្អ​ដី​កសិកម្ម​នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់​ និង​នេសាទ លោក​បណ្ឌិត ហ៊ាន វ៉ាន់ហន បាន​មាន​ប្រសាសន៍​ថា កម្ពុជា​អាច​ធានា​បាន​នូវ​តុល្យភាព​ស្បៀង។

លោក​បណ្ឌិត ហ៊ាន វ៉ាន់ហន មាន​ប្រសាសន៍​ថា ៖ «បើ​តាម​ដែល​កិច្ចប្រជុំ​ធ្វើការ​ប៉ាន់​ស្មាន​ពី​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា កន្លង​មក​នេះ គឺ​យើង​ឃើញ​ថា ផល​ស្រូវ​សម្រាប់​ឆ្នាំ​២០០៨​-២០០៩ យើង​នឹង​អាច​ទទួល​បាន​ជា​សរុប គឺ ៦,៧​លាន​តោន។ ហើយ​នៅ​ក្នុង​នោះ​គឺ​រហូត​ដល់​ធ្វើការ​ប៉ាន់​ស្មាន​អំពី​តុល្យភាព​ស្បៀង បាន​ន័យ​ថា ក្រោយ​ពី​ការ​កាត់​ទុក​ពូជ​ចំនួន ១៣% ហើយ​ក្នុងនោះ គឺ​យើង​ឃើញ​ថា អាច​មាន​សល់​ស្រូវ​រហូត​ដល់​ជិត ៣​លាន​តោន»

ប្រជាពលរដ្ឋ​នៅ​ខេត្ត​តាកែវ លោក ងន បាន​សំដែង​នូវ​ចម្ងល់​ថា​តើ​រដ្ឋាភិបាល​មាន​វិធានការ​យ៉ាងណា​ចំពោះ​ការ​ដែល​ជី​គីមី​មាន​តម្លៃ​ខ្ពស់​ក្នុង​គ្រា​ដែល​តម្លៃ​ស្រូវ​ចុះ​មក​នៅ​ត្រឹម ៥០០ ទៅ ៦០០​រៀល​តែ​ប៉ុណ្ណោះ​ក្នុង​មួយ​គីឡូក្រាម ហើយ​ថា​តើ​រដ្ឋាភិបាល​មាន​វិធានការ​យ៉ាងណា​ចំពោះ​កង្វះ​ប្រព័ន្ធ​ស្រោចស្រព?

លោក ងន មាន​ប្រសាសន៍​ថា ៖ «ហេតុ​អ្វី​បាន​ជា​ផលិតផល​ស្រូវ​អង្ករ​របស់​ប្រជាកសិករ​យើង​នៅ​ក្នុង​ស្រុក​ខ្មែរ​ហ្នឹង ពេល​ដែល​ធ្វើ​បាន​ហើយ លក់​ថោក អត់​បាន​តម្លៃ​ខ្ពស់​ទេ ហើយ​ចំណែក​ទំនិញ​ទីផ្សារ​ដូច​ជា​ជី​គីមី តម្លៃ​មួយ​បាវ​ដល់​ទៅ ២០​ម៉ឺន​រៀល។ តើ​ដល់​ថ្ងៃ​ណា ខែ​ណា ទើប​រដ្ឋាភិបាល​រក​ទីផ្សារ​ដើម្បី​ឲ្យ​ប្រជាកសិករ​យក​ផល​ស្រូវ​ដែល​ផលិត​បាន លក់​បាន​ក្នុង​តម្លៃ​សរុប​ទៅ ឲ្យ​វា​សមស្រប​ទៅ​នឹង​តម្លៃ​ជី​គីមី​ដែល​ប្រជាជន​ទិញ​មក​ប្រើ។ ហើយ​ទី​២ ទៀត​ខ្ញុំ​ចង់​សួរ​ថា សព្វថ្ងៃ​ប្រជាជន​គាត់​ធ្វើ​ស្រែ ពឹង​ទៅ​លើ​ទឹក​ភ្លៀង ចំណែក​ប្រព័ន្ធ​ធារាសាស្រ្ដ​ដែល​រដ្ឋាភិបាល​អភិវឌ្ឍ​ឲ្យ​នោះ គឺ​អត់​ទាន់​មាន​ទេ តាម​តំបន់​ដាច់​ស្រយាល អត់​មាន​សោះ»

ឆ្លើយ​តប​នឹង​ចម្ងល់​នេះ លោក​បណ្ឌិត ហ៊ាន វ៉ាន់ហន បាន​មាន​ប្រសាសន៍​ជំរុញ​និង​លើក​ទឹក​ចិត្ត​ឲ្យ​កសិករ​ប្រើប្រាស់​ជី​ធម្មជាតិ​ជំនួស​ឲ្យ​ការ​ប្រើប្រាស់​ជី​គីមី ហើយ​ជាមួយ​គ្នា​នេះ​ដែរ លោក​បាន​បន្ថែម​ថា រដ្ឋាភិបាល​បាន​និង​កំពុង​តែ​យក​ចិត្ត​ទុកដាក់​ក្នុង​ការ​ស្ថាបនា​ប្រព័ន្ធ​ធារាសាស្ត្រ។

លោក ហ៊ាន វ៉ាន់ហន មាន​ប្រសាសន៍​ថា ៖ «គឺ​គោលការណ៍​កាត់​បន្ថយ​ការ​ប្រើប្រាស់​ជី​គីមី ជំនួស​វិញ​ដោយ​ជី​ធម្មជាតិ ដែល​មាន​ក្នុង​មូលដ្ឋាន​គាត់ គឺ​មាន​ប្រសិទ្ធភាព​ដូច​គ្នា ហើយ​ល្អ​ជាង រួមទាំង​លើក​កម្ពស់​ធ្វើ​ឲ្យ​តម្លៃ​ស្រូវ​គាត់​មាន​តម្លៃ​ខុស​ពី​ស្រូវ​ដែល​ប្រើប្រាស់​ជី​គីមី ហើយ​ពាក់ព័ន្ធ​នឹង​សុខភាព​និង​បរិស្ថាន​គាត់​រស់​នៅ​ផង។ នេះ​ជា​ការ​ចូលរួម​របស់​ក្រសួង​កសិកម្ម»

ទាក់ទិន​នឹង​កង្វះ​ប្រព័ន្ធ​ធារាសាស្ត្រ លោក ឆុង សុផល បាន​មាន​ប្រសាសន៍​ថា លោក​រំពឹង​លើ​ការ​ចូលរួម​ដោះស្រាយ​ពី​សំណាក់​ប្រជាពលរដ្ឋ​និង​រដ្ឋាភិបាល ៖ «តាម​ការសិក្សា​របស់​លោក​ប្រធាន​អង្គការ​សេដាក់ ដែល​លោក​ធ្វើ​ទៅ​លើ​ខេត្ត​ដែល​មាន​សក្ដានុពល​ខ្លាំង នៅ​ក្នុង​វិស័យ​កសិកម្ម យើង​ឃើញ​ថា​ប្រព័ន្ធ​ធារាសាស្រ្ដ​មាន​តែ ៣០% ប៉ុណ្ណោះ ដែល​យើង​អាច​ធ្វើការ​ផ្គត់ផ្គង់​ទៅ​លើ​ការ​ស្រោចស្រព​លើ​ដំណាំ​ស្រូវ​ហ្នឹង»

ប្រជាពលរដ្ឋ​នៅ​ខេត្ត​ព្រៃវែង លោក ស៊ូ ខៃស៊ី បាន​លើក​ឡើង​អំពី​ចម្ងល់​របស់​លោក​ជុំវិញ​បញ្ហា​តម្លៃ​ស្រូវ​នៅ​កម្ពុជា​និង​គុណភាព​ជី​គីមី​ដែល​គេ​នាំ​ចូល​ពី​បរទេស​ថា​តើ​គួរ​មាន​វិធានការ​បែប​ណា​ចំពោះ​បញ្ហា​នេះ ៖ «តើ​យើង​ធ្វើ​យ៉ាងណា​ដើម្បី​កុំ​ឲ្យ​ប្រជាជន​លក់​ស្រូវ​ក្នុង​ពេល​ប្រមូល​ផល?»

លោក​បណ្ឌិត ហ៊ាន វ៉ាន់ហន បាន​ថ្លែង​ជាមួយ​នឹង​ការ​ផ្ដល់​ជា​អនុសាសន៍​ថា ចំពោះ​តម្លៃ​ស្រូវ​និង​ការ​លក់​ស្រូវ ប្រជា​កសិករ​គួរ​តែ​ពិចារណា​ទៅ​លើ​ការ​ខ្ចី​បុល ឬ​បំណុល​ដែល​មាន​លក្ខខណ្ឌ​ជាមួយ​ក្រុម​ឈ្មួញ​មួយ​ចំនួន។

ប្រជាពលរដ្ឋ​នៅ​ខេត្ត​កំពង់ធំ លោក ស៊ុន ធន់ បាន​លើក​ឡើង​នូវ​ចម្ងល់​របស់​លោក​អំពី​បរិមាណ​ផ្ទៃ​ដី​សម្រាប់​កសិករ​និង​លទ្ធភាព​ក្នុង​ការ​បង្ក​បង្កើន​ផល ៖ «ជា​ពិសេស ក្រសួង​កសិកម្ម តើ​លោក​ដឹង​ថា កសិករ​ខ្មែរ​យើង ៨៥% តើ​ប៉ុន្មាន​ភាគ​រយ​មាន​ដី​ស្រែ​កន្លះ​ហិកតារ មួយ​ហិកតារ ឬ​ប្រភេទ​ណា​ដែល​មាន​ដី? ព្រោះ​កសិករ​ខ្លះ គាត់​កសិករ​ដែរ ប៉ុន្តែ​អត់​មាន​អី​មួយ​ចម្អាម​អី​នឹង​គេ​ទេ ហ្នឹង​ទី​១។ ទី​២ ប្រទេស​ជិត​ខាង ឮ​តែ​គេ​ធ្វើ​ឆ្នាំ​ហ្នឹង​បាន ២​រដូវ ឬ​ក៏ ៣​រដូវ តើ​ស្រុក​ខ្មែរ​យើង អាច​ធ្វើ​បាន​ដូច​ស្រុក​គេ​ឬ​អត់?»

ឆ្លើយ​តប​ទៅ​នឹង​សំណួរ​នេះ លោក​បណ្ឌិត ហ៊ាន វ៉ាន់ហន បាន​ថ្លែង​ថា កសិករ​កម្ពុជា​ពុំ​មាន​ផ្ទៃ​ដី​កសិកម្ម​ស្មើ​ៗ​គ្នា​ទេ ដែល​នេះ​អាស្រ័យ​ដោយ​របាយ​ប្រជាជន​និង​កត្តា​ផ្សេងៗ​ទៀត ៖ «ចំពោះ​បរិមាណ​ខុសៗ​គ្នា​នៃ​ផ្ទៃ​ដី​ដែល​កសិករ​កម្ពុជា​មាន យើង​ទទួល​ស្គាល់​ថា មាន​កម្រិត​ខុសៗ​គ្នា នៅ​ក្នុង​នោះ បើ​តាម​ខ្ញុំ​យល់​គឺ​អាច​បង្ក​ឡើង​ដោយ​មូលហេតុ​ជា​ច្រើន។ យើង​ឃើញ​ថា ប្រជា​កសិករ​កម្ពុជា ដែល​យើង​បែក​ចេញ​ពី​សម័យ​ប៉ុល​ពត​មក គឺ​ត្រូវ​បាន​ទទួល​របប​ដី ដែល​បែងចែក​ពី​រដ្ឋាភិបាល វា​គ្រាន់​តែ​ថា ការ​បែងចែក​នៃ​ចំណុច​ចាប់​ផ្ដើម​ហ្នឹង ក៏​មាន​ភាព​មិន​ស្មើ​គ្នា​ដែរ​នៅ​ក្នុង​ទូទាំង​ប្រទេស​កម្ពុជា ដោយ​មូលហេតុ​ថា តំបន់​ខ្លះ​ដែល​ប្រជាជន​នៅ​កុះករ​ច្រើន ដែល​មាន​ដង់ស៊ីតេ​ខ្ពស់ ការ​បែងចែក​នោះ​គឺ​បាន​តិច។ ដោយ​ឡែក​នៅ​តំបន់​ដែល​មាន​ប្រជាជន​រស់​នៅ​ទាប កន្លែង​ហ្នឹង​គឺ​អាច​បាន​ច្រើន ដោយ​ឡែក​គឺ​ទម្លាប់​របស់​ប្រជាជន​ខ្មែរ​យើង មិន​ចូល​ចិត្ត​ទៅ​នៅ​តំបន់​ដាច់​ស្រយាល​ឆ្ងាយ​ច្រើន​ទេ រស់​នៅ​កុំ​ៗ ពិសេស​មិន​ចង់​ចេញ​ពី​ស្រុក​កំណើត​ទេ នេះ​ជា​មូលហេតុ​នៃ​ការ​ចាប់​ផ្ដើម​ខុស​គ្នា​១។ បន្ទាប់​មក​ទៀត គឺ​កំណើន​របស់​កូន​ចៅ​គាត់ ប៉ុន្តែ​ផ្ទៃ​ដី​វា​នៅ​ដដែល»

តាម​ការ​អះអាង​របស់​មន្ត្រី​ជំនាញ​ក៏​ដូច​ជា​ការ​លើក​ឡើង​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា កង្វះ​ទីផ្សារ ប្រព័ន្ធ​ធារាសាស្ត្រ និង​ផ្លូវ​គមនាគមន៍​នៅ​តែ​ជា​បញ្ហា​​ចំពោះ​វិស័យ​កសិកម្ម​នៅ​កម្ពុជា៕