លោក នីហ្សា ជាកសិករមួយរូបនៅឯខេត្តកំពង់ស្ពឺមានប្រសាសន៍ថា ដោយសារកង្វះធនធានទឹកផលស្រូវនៅទីនោះនៅមានកម្រិតទាបនៅឡើយ ។
លោក នីហ្សា បានឲ្យដឹងថា ៖ «មិនបានប៉ុន្មានទេ ១ហិកតាទាបណាស់ ព្រោះខ្ញុំធ្វើដូចថា កណ្ដាប់៤-១០ស្លឹកអី ជឿថាបានតែ៣០-៤០ថាំង វាតិចណាស់ ។ ឥឡូវលទ្ធភាពកែមានតែយើងជួលគេអីអ៊ីចឹងទៅ ដើម្បីស្ដារស្រែយើងឲ្យស្មើ ហើយធ្វើតាមអង្គការសេដាក់ដែលគេមកបង្រៀនអ៊ីចឹងណា៎ ។ តែគ្រាន់ថាដល់ពេលយើងធ្វើស្រែស្មើហើយក៏វានៅខ្វះទឹក ដូចថាយើងធ្វើប្រវាស់មេឃអ៊ីចឹងវាពិបាក» ។
លោក នីហ្សា មានប្រសាសន៍បន្ថែមថា ដីនៅតំបន់នោះអាចកែប្រែពីការដាំស្រូវទៅដាំដំណាំផ្សេងៗបាន ក៏ប៉ុន្តែបញ្ហាចំណោទជាសំខាន់ដដែលនោះគឺប្រភពទឹក ៖ «វាមិនមែនថាមិនបានទេ ដូចជាដាំត្រាវដាំអីហ្នឹង វាចេះតែបានហើយតែគ្រាន់ថា គុណភាពអ្នកដែលធ្វើត្រាវវាពិបាកដែរ ។ វាពិបាកត្រង់ថា វាទាល់តែរកមេទឹកបញ្ចូលដែរ បើអត់ទឹកក៏ពិបាក ។ ហើយបើយើងដាំអំពៅទាល់តែមានប្រភពទឹក នៅតែអត់ទឹកដដែល» ។
ស្ថាប័នរដ្ឋដែលបានរួមចំណែកក្នុងការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា រួមមានក្រសួងកសិកម្ម ក្រសួងធនធានទឹក និងក្រសួងអភិវឌ្ឍន៍ជនបទ ។ នាប៉ុន្មានឆ្នាំចុងក្រោយនេះក្រសួងធនធានទឹកបានបន្តស្តារនិងកសាងប្រព័ន្ធធារាសាស្ត្រមួយចំនួន ដើម្បីជួយដល់កសិករខ្មែរ ក៏ប៉ុន្តែនៅមានកម្រិតនៅឡើយ ។
លោក វឌ្ឍនា នៅឯខេត្តព្រៃវែងមានប្រសាសន៍អំពីផលវិបាករបស់កសិករនៅឯខេត្តព្រៃវែងនិងខេត្តស្វាយរៀងយ៉ាងដូច្នេះ ៖ «នៅខេត្តព្រៃវែងនៅកំពង់ត្របែកមានប្រឡាយរបស់សហគមន៍មកពីបារាំងមួយគេដើរ ហើយនិងនៅស្វាយរៀងមានប្រព័ន្ធធារាសាស្ត្រនៅជប់ព្រីងមួយដើរដែរ ។ តែដល់ពេលឥឡូវហ្នឹង ខេត្តស្វាយរៀងវាមានបញ្ហា... ដូចជាប្រព័ន្ធធារាសាស្ត្រវាអត់បានដំណើរការ ដូចថារដ្ឋាភិបាលជួសជុលប្រព័ន្ធធារាសាស្ត្រមួយនៅស្រុក... ក៏ប៉ុន្តែគេដាក់ម៉ាស៊ីនចោលហើយគេអត់មានដំណើរការ អាហ្នឹងទី១ ។ ហើយទី២ទៀត ទាក់ទងនឹងបញ្ហា... ដូចជាបញ្ហាដែលកើតឡើងរាល់ឆ្នាំគឺមមាចត្នោតហ្នឹងតែម្ដង ។ពេលបញ្ហាដូចថាមានជំងឺហ្នឹងផ្ទុះឡើង រដ្ឋាភិបាលអត់បានជួយអន្តរាគមន៍ទាន់ពេលវេលាទេ...» ។
អ្នកឯកទេសកសិកម្មគឺលោកបណ្ឌិត យ៉ង សាំងកុមារ និងជាប្រធានអង្គការសេដាក់ មានប្រសាសន៍ថា ជាមួយនឹងការខ្វះខាតនូវប្រព័ន្ធធារាសាស្ត្រសម្រាប់បម្រើវិស័យកសិកម្ម កម្ពុជាក៏នៅខ្វះធនធានមនុស្ស ឬអ្នកឯកទេសខាងកសិកម្ម ការផ្សព្វផ្សាយអំពីកសិកម្ម កង្វះខាតឧបករណ៍ និងការប្រើពូជជាដើម ។
ក្នុងស្ថានភាពខាងលើនេះអ្នកឯកទេសកសិកម្ម គឺលោកបណ្ឌិត យ៉ង សាំងកុមារ និងជាប្រធានអង្គការសេដាក់មានប្រសាសន៍ថា រដ្ឋាភិបាលត្រូវស្វែងរកថវិកា ឬហ៊ានខ្ចីថវិកាបរទេសបន្ថែមទៀតដើម្បីអភិវឌ្ឍកសិកម្ម ។
លោកបណ្ឌិត យ៉ង សាំងកុមារ បានមានប្រសាសន៍ថា ៖ «ការពិតយើងត្រូវខ្ចីយើងអត់ត្រូវខ្លាចទេ ព្រោះអាហ្នឹងគឺជាកត្តាមួយងាប់រស់ ទាក់ទងនឹងកសិកម្មយើង ជាពិសេសនៅពេលមាត់មនុស្សកាន់តែច្រើនហើយតម្រូវការកាន់តែខ្ពស់ ហើយនិងសក្តានុពលទីផ្សារ តម្រូវការនូវផលិតផលយើងជាស្រូវ អង្ករហ្នឹងណា៎ យើងត្រូវថាអាហ្នឹងជាឱកាសដ៏ធំហើយ ។ ដូចថាយើងរកស៊ីទៅយើងដាក់ទុនមកយើងវិនិយោគទៅ ពង្រីកប្រព័ន្ធធារាសាស្ត្រហ្នឹងទៅ ធ្វើឲ្យយើងអាចផលិតស្រូវបានច្រើន ។ ហើយបើសិនយើងធ្វើអ៊ីចឹងបាន គួបផ្សំជាមួយនឹងកត្តាធនធានមនុស្ស កត្តាបច្ចេកទេស ហើយធ្វើបាន យើងអាចកើបស្រូវបាន៧ទៅ៨លានតោនក្នុងមួយឆ្នាំ» ។
ខណៈដែលស្រូវគឺជាដំណាំឈានមុខរបស់កម្ពុជានោះ លោកបណ្ឌិត យ៉ង សាំងកុមារ បានថ្លែងថា កម្ពុជាគួរបង្កើនផ្ទៃដីដាំដុះដំណាំកសិកម្ម និងដំណាំឧស្សាហកម្មដទៃទៀតរួមមានដំណាំកៅស៊ូជាដើម ។
លោកបណ្ឌិត យ៉ង សាំងកុមារ បានឲ្យដឹងថា ៖ «បើនិយាយពីកៅស៊ូ យើងនៅមានសក្ដានុពលធំណាស់ យើងធ្វើកៅស៊ូសព្វថ្ងៃ យើងនៅអត់ទាន់បានដល់១សែនហិកតាផងហ្នឹង រហូតដល់តាមការស្រាវជ្រាវពីមុនរបស់រុស្ស៊ីគេថា មានរហូតដល់កន្លះលានហិកតាដើម្បីធ្វើកៅស៊ូ ។ ហើយកៅស៊ូឥឡូវថ្លៃទៀត តាមខ្ញុំដឹង ១តោនជាង៣ពាន់ដុល្លារហើយ ។ បើនិយាយសណ្ដែក ក៏យើងមានសក្ដានុពលធំដែរនៅច្រើន ។ អ៊ីចឹងនិយាយទៅយើងនៅដីរាប់លានហិកតាទៀតដែលយើងអត់ទាន់បានប្រើប្រាស់សម្រាប់ផលិត ដូចថានាំចេញព្រោះប្រទេសយើងអាចក្លាយទៅជាជង្រុកស្រូវ ហើយជាប្រទេសមួយដែលមានតួនាទីផ្គត់ផ្គង់នូវស្បៀងអាហារនិងវត្ថុធាតុដើមចិញ្ចឹមពិភពលោក» ។
ចំណែកឯលោក ច័ន្ទ សុផល ជាប្រធានសមាគមអ្នកសេដ្ឋកិច្ចកម្ពុជាមានប្រសាសន៍ថា កម្ពុជាគួរចាប់ផ្តើមឲ្យមានកម្ចីឥណទានកសិកម្មដែលមានអត្រាការប្រាក់ត្រឹមកម្រិត១០%ក្នុងមួយឆ្នាំ ។
លោក ច័ន្ទ សុផល បានមានប្រសាសន៍ថា ៖ «ឥណទានយើងមានមែន ប៉ុន្តែអត្រាការប្រាក់ខ្ពស់ គឺតាមតម្លៃពាណិជ្ជកម្មសេរីទៅខ្ជី ANZ ទៅខ្ចី អេស៊ីលីដា ខ្ចីទំហំច្រើនគឺអាចបានទាបបំផុតក៏១៨%ដែរក្នុងមួយឆ្នាំ ។ ហើយការប្រកបផលរបរកសិកម្មហ្នឹង វាអាចចំណេញមកវិញត្រឹម២៥%អីប៉ុណ្ណឹង ហើយលោតែប៉ះគ្រោះរាំងស្ងួតអី គេហៅថា វាមានហានិភ័យខ្ពស់ ។ អ៊ីចឹងយើងថាឥណទានទាល់តែគេហៅថា... ឥណទានដែលមានការប្រាក់ទាប ឥណទានកសិកម្មការប្រាក់ត្រឹម១០%អីចុះបានទៅរួចក្នុងមួយឆ្នាំ ។ ក្នុងនេះបើសិនជារដ្ឋមានបំណងធ្វើគឺធ្វើបានហើយ» ។
រីឯលោកស្រី ឃុន ច័ន្ទណារី សាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ចនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រ មានប្រសាសន៍ថារដ្ឋាភិបាលត្រូវអន្តរាគមន៍បន្ថែមទៀតលើបញ្ហាដីធ្លីនៅកម្ពុជា ។
លោកស្រី ឃុន ច័ន្ទណារី បានបញ្ជាក់ថា ៖ «ព្រោះយើងដឹងហើយប្រជាជនយើងក្រីក្រណាស់ ។ រដ្ឋាភិបាលគួរតែមានគោលនយោបាយណាមួយដើម្បីជួយទៅលើប្រជាកសិករក្នុងការធ្វើស្រែ ព្រោះអីយើងឃើញថាដីយើងក៏មានអីក៏មាន ប៉ុន្តែគោលនយោបាយមួយចំនួនទាក់ទងនឹងដីធ្លីហើយមានបញ្ហា យើងឃើញថាប្រជាជនមួយចំនួនខ្វះដីដើម្បីធ្វើស្រែ ដោយសារការលក់ដូរ ឬក៏ដោយសារដូចជាសម្បទានរបស់រដ្ឋាភិបាលមួយចំនួន ។ គោលនយោបាយខ្លះអាចប៉ះពាល់ដល់ប្រជាជន អ៊ីចឹងខ្ញុំគិតថា រដ្ឋាភិបាលគួរតែមានគោលនយោបាយមួយដើម្បីជំរុញឲ្យប្រជាជនធ្វើស្រែ ឬក៏ដូចថាយើងមាន Facility ឲ្យគ្រប់គ្រាន់ ព្រោះយើង... អត់មានដីស្រែ ប្រជាជនលក់ស្រែអស់បញ្ហាអស់ហ្នឹងវាអាចធ្វើឲ្យកសិកម្មរបស់យើងថយចុះ» ។
សូមជម្រាបថារដ្ឋាភិបាលខ្មែរបានថ្លែងជាបន្តបន្ទាប់ថា វិស័យកសិកម្មគឺជាគន្លឹះក្នុងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ។ ក៏ប៉ុន្តែក្រុមអ្នកឯកទេសសេដ្ឋកិច្ចបានថ្លែងថា ខណៈដែលផលិតភាពកសិកម្មនៅមានកម្រិតទាបនោះ គឺនឹងនាំឲ្យយុទ្ធសាស្រ្តកាត់បន្ថយភាពក្រីក្រនៅកម្ពុជាមានភាពយឺតយ៉ាវ ហើយឧបសគ្គទាំងនោះនឹងបន្តបណ្តាលឲ្យមានបញ្ហាសង្គម ដូចជាការបាត់បង់ដីធ្លី ភាពអត់ការងារធ្វើ និងការធ្វើចំណាកស្រុករបស់ពលរដ្ឋបន្តទៀត ៕