ដោយមើលឃើញសារៈសំខាន់នៃធនធានមច្ឆាជាតិកាន់តែខ្លាំង ហើយធនធាននេះក៏កំពុងរងការគំរាមកំហែងពីសំណាក់ជនខិលខូច និងជនប្រព្រឹត្តិបទល្មើសនេសាទនៅក្នុងដែនទឹកនោះ នៅឯខេត្តព្រះសីហនុ អាជ្ញាធរខេត្តនិងអាជ្ញាធរជំនាញជលផលពាក់ព័ន្ធ រួមទាំងអាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ប្រមាណ ៨០០ នាក់ បាននាំគ្នាប្រារព្ធទិវាមច្ឆជាតិ នៅថ្ងៃព្រហស្បតិ៍ ទី៧ កក្កដា ឆ្នាំ២០១១ នេះ។
ថ្លែងនៅក្នុងទិវាមច្ឆាជាតិ ឬពិធីកូនត្រី លើកទី៩ នៅថ្ងៃទី៧ កក្កដា នៅចំណុចបឹងត្រាវ ភូមិតាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់ លោក ណៅ ធួក ប្រធានរដ្ឋបាលជលផល មានប្រសាសន៍ថា នេះគឺជាឱកាសមួយដ៏មានប្រសិទ្ធភាព ដើម្បីប្រលែងពូជត្រីនិងកូនត្រីឡើងវិញ ទន្ទឹមនិងប្រភេទត្រីមួយចំនួននៅកម្ពុជា កំពុងតែថយចុះស្ទើរផុតពូជទៅហើយនោះ។
លោកបានអំពាវនាវ ដល់មន្ត្រីជំនាញពាក់ព័ន្ធ និងប្រជានេសាទឲ្យចូលរួមអនុវត្តច្បាប់ និងអនុក្រិត ដែលមានគោលដៅការពារធនធានមច្ឆជាតិឲ្យបានខ្ជាប់ខ្ជួន ៖ «ក្នុងពេលនេះដែរសូមជម្រាបជូន ជាពិសេសលោកនាយអធិការ នាយខណ្ឌ មេត្តាជួយ យកចិត្តទុកដាក់ ដើម្បីឲ្យត្រីសម្បូរ ដើម្បីឲ្យបង្កសម្បូរ ដើម្បីឲ្យក្ដាមសម្បូរ គឺយកចិត្តទុកដាក់ បង្ក្រាបបទល្មើសនេសាទ ជាពិសេសគឺឧបករណ៍ឆក់ ឧបករណ៍លូស្បៃមុង ដែលប្រើប្រាស់ ស្បៃក្រឡាតូចៗ ចាប់កូនត្រីអីអស់នេះ»។
នាយខណ្ឌរដ្ឋបាលជលផលកំពង់សោម លោក ឌួង សំអាត បានថ្លែងថា ការប្រារព្ធពិធីប្រលែងកូនត្រីនេះ គឺជាការរួមចំណែកធានាសន្តិសុខស្បៀងនៅក្នុងមូលដ្ឋាន និងដើម្បីថែរក្សាពូជត្រីឲ្យមាននៅក្នុងដែនទឹកធម្មជាតិ ហើយមន្ត្រីមានសមត្ថកិច្ចពាក់ព័ន្ធនឹងបន្តការយកចិត្តទុកដាក់បង្ក្រាបរាល់បទល្មើសដែលបានប្រឆាំងនិងបំផ្លាញធនធានមច្ឆជាតិនេះ។
លោក ឌួង សំអាត ៖ «បទល្មើសនេសាទនៅតំបន់ឆ្នេរ ក្នុងរយៈពេល ៦ ខែនេះ បានឃាត់ចាប់ពិន័យឧបករណ៍ អួនអូសបានចំនួន ១៥ ករណី ស្មើទឹកប្រាក់ ២៤.៤០០.០០០ រៀល បានធ្វើកិច្ចសន្យាចំនួន ១៥ ករណី និងរឹបអូសវត្ថុតាងបានចំនួន ១០ ករណី»។
នៅក្នុងទិវាមច្ឆជាតិដែលប្រារព្ធធ្វើឡើងនៅឯខេត្តព្រះសីហនុនេះ មានកូនត្រីពូជចំនួន ៣ ម៉ឺនក្បាល និងមេត្រីពូជចំនួន ១០០ គីឡូក្រាម ត្រូវបានប្រលែងក្នុងបឹងត្រាវ ហើយគេក៏បានដាំព្រៃលិចទឹកកូនរាំង ចំនួន ១០០ ដើមផងដែរ។
មន្ត្រីសម្របសម្រួលកម្មវិធីតំបន់ឆ្នេរ របស់អង្គការសម្ពន្ធភាព ដើម្បីអភិរក្សធនធានជលផល ធ្លាប់បានឲ្យដឹងថា ធនធានជលផលថយចុះ ដោយការប្រើឧបករណ៍ខុសច្បាប់ ដូចជាប្រើអាគុយឆក់ មងក្រឡាល្អិត ស្បៃមុង ការច្នៃទូកបង្ហោះ អូសត្រីក្នុងតំបន់ទឹករាក់ ការកាប់ព្រៃកោងកាងដើម្បីធ្វើស្រែបង្គា ការលុបព្រៃលិចទឹក ការលុបដៃសមុទ្ទ ធ្វើកំពង់ផែនៅបឹងទូកជាដើម។
របាយការណ៍របស់រដ្ឋបាលជលផលប្រទេសកម្ពុជា បានឲ្យដឹងថា នៅឆ្នាំ ២០១០ កន្លងទៅ ប្រទេសកម្ពុជាបានប្រមូលផលត្រីទឹកសាប ៤០៥ ពាន់តោន ផលត្រីទឹកប្រៃចំនួន ៧៥ ពាន់តោន។
រដ្ឋបាលជលផលបានបង្ក្រាបបទល្មើសនេសាទចំនួនជាង ៨.០០០ ករណី ចាប់ខ្លួនជនល្មើសចំនួន ៥៣ នាក់ និងជនសង្ស័យចំនួន ១៤៥ នាក់ ហើយកំពុងជាប់ពាក្យបណ្ដឹងនៅឯតុលាការ។
ទាក់ទងនិងបទល្មើសនេសាទនៅតំបន់ទឹកសាប លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១ កក្កដា ក្នុងទិវាមច្ឆជាតិលែងកូនត្រី នាខេត្តស្វាយរៀង ក៏បានបញ្ជាឲ្យលោក ច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឲ្យដកតួនាទីនាយខណ្ឌជលផលចំនួន ៥ រូប គឺនាយខណ្ឌជលផលខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ សៀមរាប កំពង់ធំ និងខេត្តបាត់ដំបង ដែលជាតំបន់ជុំវិញបឹងទន្លេសាប ចេញពីតួនាទី ព្រោះមន្ត្រីទាំងនោះអាចជាប់ពាក់ព័ន្ធបទល្មើសនេសាទអនាធិបតេយ្យក្នុងបឹងទន្លេសាប ដែលនាំឲ្យបាត់បង់ធនធានត្រីកន្លងមក៕