អ្នក​នេសាទ​ជុំវិញ​បឹង​ទន្លេ​សាប​តវ៉ា​ពី​ការ​កំណត់​ឧបករណ៍​នេសាទ

អាជ្ញាធរ​ឃុំ និង​ប្រជា​ពលរដ្ឋ​រស់​នៅ​ជុំវិញ​បឹង​ទន្លេ​សាប បាន​ប្រតិកម្ម​តវ៉ា​ចំពោះ​ការ​កំណត់​ឧបករណ៍​នេសាទ​ជា​លក្ខណៈ​គ្រួសារ​របស់​រដ្ឋបាល​ជលផល​នៃ​ក្រសួង​កសិកម្ម ថា​បាន​ធ្វើ​ឲ្យ​ពួក​គាត់​ជួប​ការ​លំបាក​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ។
ដោយ មណ្ឌលកែវ
2010.08.12
អ្នក​នេសាទ មេគង្គ ៣០៥ ២៥-មីនា-២០១០: អ្នក​នេសាទ​នៅ​តាម​ដង​ទន្លេ​មេគង្គ ក្នុង​ខែត្រ​កណ្ដាល
AFP Photo

ប្រជា​នេសាទ​នៅ​ឃុំ​ផាត់​សណ្ដាយ ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ លោក សូ ពែក ថ្លែង​ថា ការ​កំណត់​ឲ្យ​ប្រើប្រាស់​ឧបករណ៍​នេសាទ​លក្ខណៈ​គ្រួសារ​ដែល​បាន​ចែង​ក្នុង​សេចក្ដី​ព្រាង​របស់​រដ្ឋបាល​ជលផល បាន​ធ្វើ​ឲ្យ​អ្នក​ភូមិ​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង ព្រោះ​ពួក​គាត់​មិន​អាច​រក​ត្រី​បាន​គ្រប់គ្រាន់​សម្រាប់​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ​នោះ​ឡើយ។

លោក សូ ពែក បាន​បញ្ជាក់​ថា ៖ «...តាំង​ពី​ដូន​តា​ខ្ញុំ​មក ទោះ​បី​ជា​រដូវ​បិទ​នេសាទ ក៏​គេ​នៅតែ​ឲ្យ​រក​ដើម្បី​ចិញ្ចឹម​គ្រួសារ​ដែរ។ ដល់​មក​ឥឡូវ ច្បាប់​គេ​តឹងតែង​ពេក ធ្វើ​ឲ្យ​ជីវភាព​ប្រជា​ពលរដ្ឋ​ជួប​ការ​លំបាក​ខ្លាំង...»

ប្រធាន​សហគមន៍​នេសាទ​ភូមិ​ក្បាលតោល ឃុំ​កោះជីវាំង ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង លោក ខ្វាន់ ធីយ៉ា មាន​ប្រសាសន៍​ថា ការ​ប្រែប្រួល​អាកាសធាតុ​បណ្ដាល​ឲ្យ​ទឹក​ឡើង និង​ស្រក​ខុស​ប្រក្រតី ការ​កំណត់​ឲ្យ​ប្រើ​ឧបករណ៍​នេសាទ​លក្ខណៈ​គ្រួសារ​រឹតត្បិត គួប​ផ្សំ​នឹង​ការ​គាប​សង្កត់​ពី​ថៅកែ​ឡូត៍​នេសាទ បណ្ដាល​ឲ្យ​ប្រជា​ពលរដ្ឋ​ក្នុង​ភូមិ​ជួប​ការ​ខ្វះខាត​ធ្ងន់ធ្ងរ​ក្នុង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ។

លោក ខ្វាន់ ធីយ៉ា បាន​ឲ្យ​ដឹង​ថា ៖ «...បើ​សិន​ជា​ប្រិតប្រៀង​ពេក​នោះ ប្រជា​នេសាទ​មុខ​ជា​ងាប់​អស់​ហើយ អ្នក​ដែល​ដុនដាប​នោះ គ្នា​គ្មាន​ស្រូវ​ជង្រុក​ទេ... ហើយ​បើ​សិន​ជា​យក​ច្បាប់​តាំង​ពី​ឆ្នាំ​១៩៩៧ មក​អនុវត្ត​នោះ ទៅ​មិន​រួច​ទេ...»

មាន​ឧបករណ៍​ចំនួន ៥៧​ប្រភេទ ត្រូវ​បាន​ចែង​ក្នុង​សេចក្ដី​ព្រាង ស្ដីពី​ការ​កំណត់​ឲ្យ​ប្រើ​ឧបករណ៍​នេសាទ​ក្នុង​ដែន​នេសាទ​ទឹក​សាប​ជា​លក្ខណៈ​គ្រួសារ។ ប្រជា​នេសាទ​បាន​ប្រតិកម្ម​ចំពោះ​ខ្នាត និង​ចំនួន​ឧបករណ៍​ដែល​រដ្ឋបាល​ជលផល​បាន​កំណត់​ឲ្យ​ប្រើ។ ឧទាហរណ៍ មង ឲ្យ​ប្រើ​បណ្ដោយ​តិច​ជាង ១០​ម៉ែត្រ, លប សៃយ៉ឺន ឬ​ទ្រូ ឲ្យ​ប្រើ​កម្ពស់​តិច​ជាង ៨​តឹក និង​បន្ទាត់​ផ្ចិត​តិច​ជាង ៣​តឹក ថា​មិន​អាច​រក​ត្រី​បាន​គ្រប់គ្រាន់​ដើម្បី​ចិញ្ចឹម​គ្រួសារ​បាន​នោះ​ឡើយ។

ជំទប់​ទី​១ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ខេត្ត​កំពង់ឆ្នាំង លោក សុខ សៀម មាន​ប្រសាសន៍​ថា ការ​កំណត់​ឧបករណ៍​នេសាទ​លក្ខណៈ​គ្រួសារ ដែល​បាន​ចែង​ក្នុង​សេចក្ដី​ព្រាង​របស់​រដ្ឋបាល​ជលផល ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ក្នុង​ភូមិ​មួយ​ចំនួន​ក្នុង​ឃុំ ជួប​ការ​លំបាក​ក្នុង​ជីវភាព ព្រោះ​ប្រជា​ពលរដ្ឋ​ទាំង​នោះ​រស់​រំពឹង​តែ​លើ​ផល​នេសាទ។

លោក សុខ សៀម បាន​អះអាង​ថា ៖ «...ខ្ញុំ​ចង់​និយាយ​ផង​ដែរ​ចំពោះ​ច្បាប់​ជលផល ដែល​បាន​ចែង​ឲ្យ​មង​មាន​ប្រវែង​តែ ១០​ម៉ែត្រ​នេះ ខ្ញុំ​និយាយ​តែ​មង​ទេ​ណា៎! គាត់​មិន​អាច​រក​ទទួល​ទាន​បាន​ទេ។អ៊ីចឹង​តាម​ខ្ញុំ ដើម្បី​ទប់ស្កាត់​បទល្មើស​នេសាទ គេ​គួរតែ​បង្កើត​នូវ​ឧបករណ៍​ទំហំ​ប៉ុណ្ណា ដែល​គាត់​អាច​រស់​ទៅ​បាន ឲ្យ​មាន​នៅ​ក្នុង​ច្បាប់»

ប្រធាន​រដ្ឋបាល​ជលផល លោក ណៅ ធួក ពន្យល់​ចំពោះ​បញ្ហា​ខាង​លើ​នេះ​ថា ការ​កំណត់​នេះ​គឺ​ក្នុង​គោលដៅ​អភិរក្ស​ធនធាន​មច្ឆា​ជាតិ​ឲ្យ​មាន​និរន្តរភាព ៖ «...បើ​មាន​មេ​ត្រី ទើប​វា​មាន​កូន​ត្រី! បើ​យើង​ចាប់​មេ​អស់​នោះ បាន​អី? មាន​ត្រី​សំបូរ​ទៀត! អស់​ត្រី​ទៅ គេ​គ្មាន​បន្ទោស NGO បន្ទោស​អ្នក​ណា​ទេ គេ​បន្ទោស​តែ​ជលផល​ហ្នឹង!»

លោក ណៅ ធួក មាន​ប្រសាសន៍​បន្ត​ថា អាជ្ញាធរ​ដែន​ដី​គឺ​ជា​អ្នក​ទទួល​បន្ទុក​ដោះស្រាយ​បញ្ហា​នេះ ចៀសវាង​ការ​ដាក់​បន្ទុក​បន្ថែម ដែល​ធ្វើ​ឲ្យ​វិនាស​ពូជ​ត្រី​ក្នុង​បឹង​ទន្លេ​សាប។

យ៉ាង​ណា​ក៏​ដោយ មេ​ឃុំ​ផាត់​សណ្ដាយ លោក ហេង មនោ មាន​ប្រសាសន៍​ថា អាជ្ញាធរ​ជំនាញ​មាន​បំណង​ចង់​រក្សា​និរន្តរភាព​មច្ឆា​ជាតិ តែ​ក៏​គួរ​គិត​ដល់​ជីវភាព​ប្រជា​ពលរដ្ឋ​ផង​ដែរ ទើប​ប្រសើរ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។