ក្រុមហ៊ុនទេសចរណ៍និងសណ្ឋាគារជាច្រើននៅខេត្តសៀមរាប កំពុងប្រឈមមុខនឹងឧបសគ្គខាតបង់ចំណូលមុខរបរប្រចាំថ្ងៃរបស់ពួកគេ ខណៈដែលរដូវនេះធ្លាប់តែជាខែមានភ្ញៀវទេសចរបរទេសបានមកកម្ពុជាកើនឡើងច្រើន ក៏ប៉ុន្តែបែរជាធ្លាក់ចុះចំនួនទៅវិញ ដែលគេយល់ថា ដោយសាររងឥទ្ធិពលមិនល្អពីវិបត្តិហិរញ្ញវត្ថុពិភពលោកនិងភាពចម្រូងចម្រាសផ្នែកនយោបាយឯប្រទេសថៃ។
ប្រធានសមាគមសណ្ឋាគារកម្ពុជានិងជាអ្នកគ្រប់គ្រងទូទៅរបស់សណ្ឋាគារបុរីអង្គរនៅខេត្តសៀមរាប លោក ហ្វីលីព ហ្សេតកៅ បានមានប្រសាសន៍កាលពីព្រឹកថ្ងៃអាទិត្យ ទី២១ ខែធ្នូ ថា ពេលបច្ចុប្បន្ននេះ ចំនួនភ្ញៀវទេសចរបរទេសចូលមកកាន់កម្ពុជាបានធ្លាក់ចុះ ហើយសណ្ឋាគារកំពុងតែរកចំណូលមិនបានដោយធ្វើឲ្យកើតបញ្ហាគួរឲ្យព្រួយបារម្ភជាខ្លាំង។
លោក ហ្វ៊ីលីព ហ្សេត កៅ មានប្រសាសន៍ដូច្នេះថា ៖ «ឥឡូវដោយសារភ្ញៀវអត់មក ចំណូលរកមិនបាន។ បញ្ហាឥឡូវហ្នឹងមានតែរិះរកធ្វើយ៉ាងម៉េចការចំណាយឲ្យកាន់តែតិចទៅ ដើម្បីកុំឲ្យវាមានបញ្ហានៅក្នុងការរកស៊ី»។
ចំណែកមគ្គុទ្ទេសក៍ទេសចរភាសាអាល្លឺម៉ង់មួយរូបរបស់ក្រុមហ៊ុនអាស៊ានត្រាល បានមានប្រសាសន៍ថា ចំនួនភ្ញៀវទេសចរបរទេសឆ្លងកាត់ពីប្រទេសថៃចូលមកកម្ពុជាកំពុងមានការធ្លាក់ចុះយ៉ាងខ្លាំងប្រមាណ ៣០% ដោយសារវិបត្តិនយោបាយនៅឯប្រទេសថៃមិនល្អ ធ្វើឲ្យភ្ញៀវភ័យខ្លាចនិងលុបចោលគម្រោងបន្តដំណើរមកកាន់ប្រទេសកម្ពុជា ៖ «ចុះមែនទែន អ្នកនាំភ្ញៀវប្រចាំក្រុមហ៊ុននេះ សម្រាក ១០ថ្ងៃជាងហើយ។ បញ្ហា Bangkok Airways ហ្នឹងធ្វើឲ្យវានៅតែភ័យខ្លាច ហើយវាមើលឃើញការប្រទូសរ៉ាយគ្នារវាងអាវក្រហម អាវលឿងអីហ្នឹង។ ភ្ញៀវកក់មុនហើយ លុបចោលវិញ»។
តាមសណ្ឋាគារនិងភោជនីយដ្ឋានធំៗខ្លះ បានបង្ហើបថា បើសិនវិបត្តិភ្ញៀវទេសចរធ្លាក់ចុះអូសបន្លាយយូរនៅខេត្តសៀមរាប ការបាត់បង់ចំណូលជាប្រចាំថ្ងៃ នឹងបង្ខំឲ្យគេកាត់បន្ថយចំនួនបុគ្គលិកធ្វើការនៅតាមកន្លែងខ្លះៗនាពេលខាងមុខ។
រដ្ឋមន្រ្តីក្រសួងទេសចរណ៍នៃប្រទេសកម្ពុជា លោក ថោង ខុន បានមានប្រសាសន៍ទទួលស្គាល់ថា ដោយសាររងឥទ្ធិពលមិនល្អពីវិបត្តិហិរញ្ញវត្ថុពិភពលោកប្រទេសជាច្រើនបានរងផលប៉ះពាល់ផ្នែកទេសចរណ៍ រួមទាំងប្រទេសកម្ពុជាផងដែរ ក៏ប៉ុន្តែវិបត្តិនយោបាយនៅប្រទេសថៃ វាបានបន្ថែមទៀត ធ្វើឲ្យបាត់បង់ភ្ញៀវទេសចរមកកាន់ប្រទេសកម្ពុជា ប្រមាណ ៣០% តាមផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស។
លោក ថោង ខុន មានប្រសាសន៍ដូច្នេះថា ៖ «ដោយសារវិបត្តិនយោបាយនៅថៃហ្នឹង ភ្ញៀវទេសចរគេមិនសូវមកលេងនៅថៃ វាប៉ះពាល់មកយើងហើយ ដោយសារតែមកពីថៃវាជាង ៦០ម៉ឺនឯណោះ វា ៣០%ជាង ហើយមកតាមផ្លូវគោក ៨១ ហ្នឹង វា ១០ម៉ឺនជាងហើយ»។
បើទោះបីជាមានការធ្លាក់ចុះចំនួនភ្ញៀវទេសចរមកកម្ពុជាពេលនេះក៏ដោយ លោក ថោង ខុន បានមានប្រសាសន៍ថា បើប្រៀបធៀបតួលេខអ្នកទេសចរឆ្នាំនេះ នៅតែកើនឡើងប្រមាណពី ១៨ ទៅ ១៩% លើសឆ្នាំ២០០៧។
ហើយលោករំពឹងថា កំណើនភ្ញៀវទេសចរចូលមកកម្ពុជា នឹងល្អឡើងវិញ ឆ្នាំ២០១០ ដោយរដ្ឋាភិបាលកំពុងខិតខំទាក់ទាញទេសចរបរទេស ឲ្យចូលមកលេងកម្ពុជាតាមមធ្យោបាយកាត់បន្ថយតម្លៃទេសចរណ៍ ជំរុញឲ្យមាននយោបាយលើកលែងទិដ្ឋាការជាមួយប្រទេសខ្លះ ការបើកប្រកួតកីឡាដោយឲ្យអ្នកចូលរួមមិនចាំបាច់មានទិដ្ឋាការនិងជំរុញឲ្យមានការហោះហើរខ្លីៗ ពីតំបន់មួយទៅតំបន់មួយក្នុងតម្លៃថោកជាដើម៕