ព្រៃ​ឈើ​នៅ​ស្រុក​លំផាត់​ខេត្ត​រតនគិរី​ត្រូវ​គេ​កាប់​ទន្ទ្រាន​ដើម្បី​យក​ដី

អ្នក​ភូមិ​កាឡែង​ស្រុក​លំផាត់​ខេត្ត​រតនគិរី​ឲ្យ​ដឹង​ថា កង​រាជ​អាវុធ​ហត្ថ​មួយ​ក្រុម​ប្រដាប់​ដោយ​ម៉ាស៊ីន​អារ​ឈើ​ស្វ័យ​ប្រវត្តិ​បាន​នាំ​គ្នា​កាប់​រាន​ព្រៃ​ដើម្បី​យក​ដី។

0:00 / 0:00

ប្រភព​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​បញ្ជាក់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៧ ឧសភា ឆ្នាំ​២០០៩ ថា ព្រៃ​ឈើ​ប្រមាណ​ជាង​មួយ​ហិកតារ​ហើយ​ត្រូវ​បាន​គេ​កាប់​បំផ្លាញ​ដើម្បី​យក​ដី​កាល​ពី​ដើម​សប្តាហ៍​នេះ នៅ​ចំណុច​តំបន់​ព្រៃ​សហគមន៍​ទល់​មុខ​ចម្ការ​ឈ្មោះ ខឹម ខេងជូ ក្នុង​ភូមិ​សាយ៉ោះ ឃុំ​កាឡែង ៖ «ឃើញ​ប៉េអឹម ៥​ឡាន ជិះ​ទៅ​កាប់​ព្រៃ​ទល់​មុខ​ចម្ការ​តា​ជូ។ ឈើ​ធំៗ​តើ!។ ស្លៀក​ពាក់​ឯក​សណ្ឋាន​ប៉េអឹម ហើយ​ត្រង់ស៊ីន័រ ៧​គ្រឿង ឈរ​អារ​ពេញ​ព្រៃ​តែ​ម្ដង»

អធិការ​ប៉ូលិស​ស្រុក​លំផាត់ លោក សូយ ថាវ បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា ក្រុម​អាវុធ​ហត្ថ​ដែល​បាន​កាប់​ទន្ទ្រាន​ព្រៃ​ឈើ​គឺ​ជា​អាវុធ​ហត្ថ​ស្រុក​និង​ខេត្ត ហើយ​ការ​កាប់​រាន​នេះ​គឺ​ដើម្បី​យក​ដី​១០​ហិកតារ​សម្រាប់​ប្រើប្រាស់​ក្នុង​អង្គភាព ៖ «ខាង​អាវុធ​ហត្ថ​ស្រុក​ប្រាប់​ខ្ញុំ​ថា ដី​ហ្នឹង​គេ​សុំ​ធ្វើ​ចម្ការ​រួម​របស់​អង្គភាព គេ​ថា ១០​ហិកតារ អ៊ីចឹង​គេ​មក​ហ្នឹង​មក​មែន មក​កាប់​ចម្ការ​ហ្នឹង​មែន»

មេ​បញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​រតនគិរី លោក ទុយ ស៊ីម ទទួល​ស្គាល់​ថា លោក​គឺ​ជា​អ្នក​ដឹកនាំ​ការ​កាប់​រាន​យក​ដី​នោះ ពីព្រោះ​អាជ្ញាធរ​ស្រុក​បាន​ប្រគល់​ដី​នៅ​តំបន់​នោះ​មក​អង្គភាព​កង​រាជ​អាវុធ​ហត្ថ​តាំង​ពី​ឆ្នាំ​២០០៥​មក ក៏​ប៉ុន្តែ​មិន​ទាន់​បាន​កាប់​រាន ៖ «ដី​ខ្ញុំ​សុំ​ស្រុក ១០​ហិកតារ ដាំ​បង្ក​បង្កើន​ផល​តាំង​ពី​២០០៥ ទើប​យក​កម្លាំង​ទៅ​ធ្វើ​បី​ថ្ងៃ​ហ្នឹង ទៅ​គ្រាន់​តែ​កាប់​ឆ្ការ​បាន​បន្តិច​បន្តួច។ ខ្ញុំ​រាយការណ៍​ទៅ​ដល់​ថ្នាក់​លើ​អស់​ហើយ»

ជាមួយ​គ្នា​នេះ នាយ​ផ្នែក​នៃ​ខណ្ឌ​ព្រៃ​ឈើ​ទទួល​បន្ទុក​ស្រុក​លំផាត់ លោក ឡេង យុត មាន​ប្រសាសន៍​ថា លោក​មិន​បាន​ដឹង​ពី​ការ​រាន​ព្រៃ​ឈើ​ដើម្បី​យក​ដី​របស់​កង​រាជ​អាវុធ​ហត្ថ​នោះ​ទេ។

លោក​ហៅ​ការ​កាប់​ទន្ទ្រាន​នេះ​ជា​អំពើ​ខុស​ច្បាប់​ពីព្រោះ​មិន​មាន​ការ​អនុញ្ញាត​ណា​មួយ​ឲ្យ​កាប់​រាន​យក​ដី​ព្រៃ ដែល​ជា​ព្រៃ​ការពារ​នោះ​ឡើយ ៖ «ចាំ​មើល​ខ្ញុំ​ឲ្យ​ខាង​សង្កាត់​ចុះ​ទៅ​មើល។ មិន​មាន​គោលការណ៍​ឯណា​ទៅ​សុំ​ដី​ផ្ដេសផ្ដាស​បាន​ទេ អ៊ីចឹង​បាន​ស្រេច​តែ​ចិត្ត​ហើយ»

ប្រធាន​កម្មវិធី​នៃ​អង្គការ​គាំទ្រ​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​មាន​មូលដ្ឋាន​នៅ​ខេត្ត​រតនគិរី លោក ទេព បូរិន មាន​ប្រសាសន៍​ថា ការ​ទន្ទ្រាន​ព្រៃ​ឈើ​យក​ដី​នៅ​ខេត្ត​រតនគិរី​ដោយ​ក្រុម​អ្នក​ទិញ​ដី​មាន​សញ្ញាណ​កើន​ឡើង​ផ្ទុយ​ពី​ការ​ទន្រ្ទាន​ព្រៃ​ឈើ​ដោយ​ក្រុមហ៊ុន​សម្បទាន​ដែល​មាន​សញ្ញាណ​ថយ​ចុះ។

លោក​សម្ដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ផល​ប៉ះពាល់​ផ្នែក​បរិស្ថាន​និង​ជីវភាព​រស់​នៅ​សម្រាប់​ជន​ជាតិ​ដើម​នៅ​តំបន់​នោះ ៖ «វា​អាច​ប៉ះពាល់​ទៅ​ដល់​សង្គម​និង​បរិស្ថាន ទាក់ទង​នឹង​ជន​ជាតិ​ដើម​ភាគ​តិច ទៅ​លើ​ធនធាន​ធម្មជាតិ ព្រោះ​គាត់​ពឹង​ពាក់​ទៅ​លើ​ព្រៃ​ឈើ គាត់​ពឹង​ពាក់​ទៅ​លើ​ផល​អនុផល»

កាល​ពី​ឆ្នាំ​២០០៨ អាជ្ញាធរ​ខេត្ត​រតនគិរី​ឲ្យ​ដឹង​ថា មាន​ដី​ដែល​បាន​ពី​ការ​កាប់​រាន​ព្រៃ​ឈើ​រាប់​ពាន់​ហិកតារ​ត្រូវ​បាន​ដក​ហូត ក៏​ប៉ុន្តែ​សមាគម​អាដហុក​រាយការណ៍​ថា មាន​ដី​ព្រៃ​រាប់​ម៉ឺន​ហិកតារ​ត្រូវ​បាន​គេ​កាប់​រាន​ដើម្បី​យក​ដី ហើយ​ករណី​នេះ គេ​មិន​ទាន់​ឃើញ​ជន​ជាប់​ទាក់​ទិន​ណា​ម្នាក់​ត្រូវ​បាន​គេ​ផ្តន្ទាទោស​ឡើយ៕