ការកាប់​ទន្ទ្រាន​ព្រៃឈើ​យក​ដី​នៅខែត្រ​រតនគិរី​នៅ​តែ​បន្ត

មន្រ្តី​ក្រុមប្រឹក្សា​ឃុំ​កិចុង ស្រុក​បរកែវ ខេត្ត​រតនគិរី រាយការណ៏​ថា សកម្មភាព​កាប់​ទន្រ្ទាន​ព្រៃឈើ​ដើម្បី​ហ៊ុមព័ទ្ធ​យកដី​នៅតែ​បន្ត​កើតមាន ហើយ​មន្រ្តី​ថ្នាក់ភូមិ​និង​ជំទប់​ទី​២ ក្រុមប្រឹក្សា​ឃុំ បាន​រង​ការគំរាម​កំហែង​ប្រើប្រាស់​អំណាច​ទឹកប្រាក់​ចាប់ចង​ដាក់​ពន្ធនាគារ​ពី​សំណាក់​ឈ្មួញ​អ្នកមាន​ប្រាក់ ដោយសារ​ពួក​គាត់​រារាំង​សកម្មភាព​ទន្រ្ទាន​យកដី​និង​ការកាប់បំផ្លាញ​ព្រៃឈើ​នោះ ។

0:00 / 0:00

ជំទប់ទី​២ ឃុំកិចុង លោក រចំ ភីន បញ្ជាក់​ថា ឈ្មួញ​ទិញដី​ឈ្មោះ សេង ពិសិដ្ធ បាន​ធ្វើការគំរាម​បែបនេះ បន្ទាប់ពី​បាន​រំលោភ​បំពាន​តំបន់​ព្រៃឈើ​ដែល​ប្រជាសហគមន៏​កំពុង​អភិរក្ស​រាប់រយ​ហិកតា ហើយ​កំពុង​បន្ត​ជួល​កម្មករ​កាប់រាន​បន្ថែមទៀត បន្ទាប់ពី​បាន​ចំណាយ​ប្រាក់​ទៅ​ឲ្យ​ប្រជាសហគមន៏​មួយចំនួន ឲ្យ​ផ្តិត​មេដៃ​ប្រគល់ដី ក៏​ប៉ុន្តែ មេភូមិ​និង​លោក​បាន​រារាំង ៖ «គាត់​រំលោភ​ដី​សហគមន៍ ហើយ​គំរាម​ដល់​ក្រុម​ប្រឹក្សា​ឃុំ មេភូមិ​ទៀត»

បើ​តាម​សេចក្តីរាយការណ៏​ពី​មន្ត្រី​ឃ្លាំមើល​ការកាប់​រាន​ព្រៃឈើ​ខុសច្បាប់​នៃ​សមាគម អាដហុក ខេត្ត​រតនគិរី ឲ្យដឹង​ថា កាលពី​ឆ្នាំ​២០០៦ ២០០៧ លោក សេង ពិសិដ្ឋ បាន​ចូលទៅ​គ្រប់គ្រង​ដី​ប្រមាណ ៣០០​ហិកតា ហើយ​នៅ​តំបន់​ភូមិផ្អរ ដែល​ដី​មួយ​ចំណែក​ជា​ដី​សមូហភាព​របស់​ជនជាតិ​ដើម​ភាគតិច​និង​មួយ​ចំណែក​ទៀត​ជា​តំបន់​ព្រៃឈើ ជាមួយនឹង​ការសុខចិត្ត​ប្រគល់​ប្រាក់ ៣៥០០​ដុល្លារ​សម្រាប់​ជា​សំណង​សម្រាប់​សែនព្រេន​បែប​ប្រពៃណី​ដោយសារ​បាន​រំលោភបំពាន​រុករាន​តំបន់​ព្រៃឈើ ហើយ​បច្ចុប្បន្ន​បាន​ទន្ទ្រាន​បន្ថែម​ប្រមាណ ១៤០​ហិកតា​នៅ​តំបន់​អូរឆ្វង ។

ឈ្មួញ​អ្នកទិញដី លោក សេង ពិសិដ្ឋ បាន​ធ្វើការបដិសេធ​សេចក្តី​ចោទប្រកាន់​ខាងលើ​ដោយ​លោក​អះអាង​ថា មិន​បាន​ដឹង​រឿង​នោះទេ ៖ «ខ្ញុំ​លែង​រវីរវល់​យូរ​ហើយ​ខាង​ហ្នឹង​ខ្ញុំ​អត់​ដែល​រវីរវល់​ជាមួយ​ទេ ការ​ពិត​ខ្ញុំ​អត់​មាន​ដឹង​សាច់​រឿង​ហ្នឹង​ទាល់​តែ​សោះ​តែម្ដង»

មេឃុំកិចុង លោក រចំ ឡៃ ធ្លាប់​បាន​ទទួលស្គាល់​ថា ពិត​ជា​មាន​ការកាប់​ទន្ទ្រាន​ដី​តំបន់​ព្រៃឈើ​នៅទីនោះ ហើយ​លោក​ថា មិន​អាច​ទប់ស្កាត់​បានទេ​ដោយសារ​ប្រជាសហគមន៏​គឺ​ជា​អ្នក​លក់ដី​ទាំងនោះ ។

ទោះ​ជាយ៉ាង​នេះ​ក្តី ព្រះរាជអាជ្ញា​អម​តុលាការ​ខេត្ត​រតនគិរី លោក ម៉ី សាខន មាន​ប្រសាសន៏​បញ្ជាក់ថា លោក​បាន​ធ្វើការ​កោះហៅ​លោក សេង ពិសិដ្ឋ មក​បំភ្លឺ​ករណី​នេះ​ហើយ និង​កំពុង​រង់ចាំ​ស្ថាប័ន​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ផ្តល់​របាយការណ៏​បន្ថែម​អំពី​ករណីនេះ ។

លោកថា ប្រសិន​មាន​ការគំរាមកំហែង​ពី​សំណាក់​ឈ្មួញ​ទៀត​នោះ សុំ​ឲ្យ​ដាក់​ពាក្យ​បណ្តឹង​មក​ស្ថាប័ន​លោក​ដើម្បី​ជា​មូលដ្ឋាន​ក្នុងការ​ស៊ើបអង្កេត ៖ «ឥឡូវ​ហៅ​គេ​សួរ​ហើយ..... ហៅ​សួរ​ហើយ​ពាក់ព័ន្ធ​លើ​អ្នក​ឈូសឆាយ ហើយ​ខ្ញុំ​ចង់​ឲ្យ​មន្រ្តី​រដ្ឋបាល​ព្រៃឈើ​រាយការណ៍​ឲ្យ​ខ្ញុំ​ជុំវិញ​ករណី​ដែល​គេ​ចោទ​ប៉ះពាល់​លើ​ព្រៃឈើ​ហ្នឹង»

មន្រ្តី​ឃ្លាំមើល​ការកាប់​បំផ្លាញ​ព្រៃឈើ​សមាគម អាដហុក ខេត្ត​រតនគិរី លោក ប៉ែនប៊ុណ្ណារ៏ បញ្ជាក់ថា លោក​មិន​មាន​ជំនឿ​លើ​របាយការណ៏​របស់​មន្រ្តី​ព្រៃឈើ​មូលដ្ឋាន​ទេ ហើយ​អំពាវនាវ​ឲ្យ​មាន​ការស៊ើបអង្កេត​ពី​ថ្នាក់ជាតិ ៖ «ឥឡូវ​គាត់​ធ្វើការ​គំរាម​ទៅ​លើ​ជំទប់​ទី​ពីរ​ឃុំ​កិចុង​ហ្នឹង​ឲ្យ​ដក​ពាក្យ​បណ្ដឹង ហើយ​បើ​មិន​ដក​ពាក្យ​បណ្ដឹង​ទេ គាត់​នឹង​ប្ដឹង​ដាក់​គុក ។ នេះ​ជា​ការ​គំរាម​កំហែង​មួយ​បង្ក​ឲ្យ​មាន​ភាព​អនាធិបតេយ្យ»

នៅឯខេត្ត​រតនគិរី​ដោយសារ​បញ្ហា​បាត់បង់​ដីធ្លី​និង​តំបន់​ព្រៃឈើ​ជនជាតិដើម​ភាគតិច​ប្រមាណ ១៥​ក្រុម​កំពុងត្រៀម​ស្នើសុំ​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​អាជ្ញាធរ​ខេត្ត​ដោះស្រាយ​បញ្ហា​នាចុង​ខែ​ឧសភា​ខាងមុខនេះ ៕