រដ្ឋាភិបាល​គ្រោង​ធ្វើ​ជំរឿន​មន្ត្រី​រាជការ​លើក​ទី​៣​នៅ​ថ្ងៃ ៦ មេសា

មន្ត្រី​រដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា​គ្រោង​លើក​យក​ថ្ងៃ​ទី​៦ ខែ​មេសា ជា​ថ្ងៃ​ធ្វើ​ជំរឿន​មន្ត្រី​រាជការ​​​​​ស៊ីវិល​ទូទាំង​ប្រទេស​លើក​ទី​៣ ដើម្បី​លុប​ឈ្មោះ​មន្ត្រី​រាជការ មន្ត្រី​រាជការ​ខ្មោច ចេញ​ពី​ក្របខ័ណ្ឌ និង​ពី​តារាង​បើក​ប្រាក់​បៀវត្សរ៍។

0:00 / 0:00

មន្ត្រី​នាំ​ពាក្យ​អង្គភាព​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ទិត សុធា មាន​ប្រសាសន៍​ឲ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​នៅ​ថ្ងៃ​ទី​៣ ខែ​មេសា ថា រដ្ឋាភិបាល​កម្ពុជា​គ្រោង​នឹង​លើក​យក​ថ្ងៃ​ទី​៦ ខែ​មេសា ដើម្បី​ធ្វើ​ជំរឿន​មន្ត្រី​រាជការ​​ស៊ីវិល​នៅ​ទូទាំង​ប្រទេស។

ការ​ធ្វើ​ជំរឿន​មន្ត្រី​រាជការ​ជា​លើក​ទី​៣ គឺ​ធ្វើ​ទៅ​តាម​សារាចរ​របស់​លោក​នាយក​​រដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០១០។

លោក ទិត សុធា បាន​អះអាង​ថា ការ​ធ្វើ​ជំរឿន​មន្ត្រី​រាជការ​ទូទាំង​ប្រទេស​ពីរ​លើក​កន្លង​មក​នេះ រដ្ឋាភិបាល​បាន​លុប​ឈ្មោះ​មន្ត្រី​រាជការ​ខ្មោច​បាន​ចំនួន​ជិត​បី​ម៉ឺន​នាក់​ចេញ​ពី​បញ្ជី​មន្ត្រីរាជការ។ លោក​បញ្ជាក់​ថា ការ​ធ្វើ​ជំរឿន​គឺ​បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ចំណេញ​ថវិកា​ជាតិ។

លោក ទិត សុធា មាន​ប្រសាសន៍​ដូច្នេះ ៖ «ការ​ធ្វើ​ជំរឿន​ហ្នឹង​វា​បាន​ផល​ប្រយោជន៍​ច្រើន​ណាស់។ ពេល​ណា​ដែល​យើង​ឃើញ​មន្ត្រី​ខ្មោច មន្ត្រី​ដែល​មិន​ធ្វើការ វា​កាត់​បន្ថយ​នូវ​ខ្ទង់​ចំណាយ​ដែល​មិន​មាន​ប្រយោជន៍។ ជា​ការ​រៀបចំ​ឲ្យ​មាន​របៀប​រៀបរយ​មួយ​នៅ​ក្នុង​ជួរ​មន្ត្រី​រាជការ​ស៊ីវិល​នៅ​ទូទាំង​ប្រទេស។ បំបាត់​ចោល​នូវ​មន្ត្រី​រាជការ​ខ្មោច មន្ត្រី​ដែល​មិន​ធ្វើ​ការ ដូច្នេះ​យើង​នឹង​មាន​តួលេខ​មួយ ហើយ​​ជំរុញ​លើក​ទឹក​ចិត្ត​ដល់​មន្ត្រី​រាជការ​ដែល​ធ្វើការ ជា​ការ​កាត់​បន្ថយ​នូវ​ចំណាយ​ឥត​ប្រយោជន៍​ផង​ដែរ»

នៅ​ក្នុង​​​សិក្ខាសាលា​ស្ដីពី​ការ​ធ្វើ​ជំរឿន​មន្ត្រី​រាជការ​កាល​ពី​ថ្ងៃ​ទី​២ ខែ​មេសា នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក​​ឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី បាន​ឲ្យ​ដឹង​​ថា ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣ មក កម្ពុជា​បាន​ធ្វើ​ជំរឿន​មន្ត្រី​រាជការ​ស៊ីវិល​បាន​​​​ចំនួន​ពីរ​លើក។ លើក​ទី​១ នៅ​ឆ្នាំ​១៩៩៥ និង​​លើក​ទី​២ នៅ​ចន្លោះ​​​​ឆ្នាំ​១៩៩៩-​២០០១។ លទ្ធផល​ជំរឿន​​លើក​ទី​១ រដ្ឋាភិបាល​បាន​សម្រេច​លុប​ឈ្មោះ​មន្ត្រី​រាជការ​ខ្មោច​ចេញ​ពី​ក្របខ័ណ្ឌ និង​ពី​តារាង​​បើក​​​បៀវត្សរ៍​បាន​ចំនួន ១៧.៦៨៥​នាក់ និង​លើក​ទី​២ លុប​ឈ្មោះ​បាន​ចំនួន ៩.៨១៤​នាក់។

ការ​ធ្វើ​ជំរឿន​មន្ត្រី​រាជការ​លើក​ទី​៣ លោក សុខ អាន បាន​រំពឹង​ទុក​ថា រដ្ឋាភិបាល​នឹង​អាច​រក​ឃើញ​ពី​ភាព​មិន​ប្រក្រតី​នៃ​ឈ្មោះ​មន្ត្រី​រាជការ​ខ្មោច​ច្រើន​ទៀត​ពី​លទ្ធផល​នៃ​ការ​ធ្វើ​ជំរឿន​នេះ។

ការ​ប្រកាស​ធ្វើ​ជំរឿន​លើក​ទី​៣​របស់​រដ្ឋាភិបាល ទទួល​បាន​ការ​សាទរ​ពី​មន្ត្រី​សង្គម​ស៊ីវិល​នៅ​កម្ពុជា ដោយ​​​ចាត់​​ទុក​ថា លទ្ធផល​នៃ​ការ​ធ្វើ​ជំរឿន​គឺ​មាន​សារសំខាន់​បំផុត​សម្រាប់​រដ្ឋាភិបាល​កម្ពុជា។

លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ មាន​ប្រសាសន៍​ឲ្យ​វិទ្យុ​អាស៊ី​សេរី ដឹង​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ដដែល​នេះ ដោយ​ស្វាគមន៍​ចំពោះ​ការ​ប្រកាស​ធ្វើ​ជំរឿន​របស់​រដ្ឋាភិបាល​ទៅ​​លើ​មន្ត្រី​ខ្មោច​ដែល​មាន​​តែ​បញ្ជី​ឈ្មោះ​ ដែល​បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ខាត​បង់​ប្រាក់​បៀវត្សរ៍​អស់​ជា​ច្រើន ដោយសារ​មន្ត្រី​រាជការ​ខ្មោច​ទាំង​នេះ។

លោក រ៉ុង ឈុន បញ្ជាក់​ឲ្យ​ដឹង​ដូច្នេះ ៖ «កន្លង​មក​យើង​ឃើញ​ថា មន្ត្រី​ដែល​មាន​ឋានៈ តួនាទី​ហ្នឹង​ឃើញ​ថា កាន់​មន្ត្រី​ខ្មោច​ហ្នឹង​ច្រើន​ណាស់ ដែល​ធ្វើ​ឲ្យ​ការ​ចំណាយ​ថវិកា​ជាតិ​ទៅ​លើ​មន្ត្រី​ខ្មោច​ហ្នឹង​ច្រើន។ បើ​ជំរឿន​ជម្រុះ​ចោល​មន្ត្រី​ខ្មោច​ហ្នឹង​ឲ្យ​អស់ យើង​គិត​ថា វា​នឹង​សល់​នូវ​ការ​ចំណាយ​ថវិកា​ជាតិ​យក​មក​ដំឡើង​ឲ្យ​មន្ត្រី​រាជការ គ្រូ​បង្រៀន​យើង​ឲ្យ​បាន​ពេញ​លេញ»

របាយការណ៍​បស់​ក្រុមប្រឹក្សា​កំណែ​ទម្រង់​រដ្ឋបាល​បាន​ឲ្យ​ដឹង​ថា មក​ដល់​ត្រឹម​ខែ​កុម្ភៈ ឆ្នាំ​២០១០ ចំនួន​មន្ត្រី​រាជការ​ស៊ីវិល​មាន​ចំនួន ១៧៦.៨២៩​នាក់ ក្នុង​នោះ​មាន​មន្ត្រី​ជា​ស្ត្រី​ចំនួន ៦០.១៨២​នាក់។

ប្រាក់​បៀវត្សរ៍​មន្ត្រី​រាជការ​ខ្មែរ​ជា​ទូទៅ​មាន​ចំនួន​ចន្លោះ​ពី ២៥​ដុល្លារ​អាមេរិក ទៅ​ដល់ ៨០​ដុល្លារ​អាមេរិក៕