មន្ត្រី​រដ្ឋាភិបាល​ធ្វើ​សន្និសីទ​ស្ដីពី​លទ្ធផល​នៃ​ការអនុវត្ត​នយោបាយ​ចតុកោណ

សមាជិក​រដ្ឋាភិបាល​និង​មន្រ្តី​ជាន់ខ្ពស់​ប្រមាណ ៨០០​នាក់ បាន​ជួបជុំគ្នា​នៅថ្ងៃ​ទី​២៩ ឧសភា នៅ​សាល​សន្និសីទ​ចតុមុខ​ក្រុង​ភ្នំពេញ​ដើម្បី​ប្រារព្ធ​សន្និសីទ​ជាតិ​ស្តីពី​ការរីកចម្រើន​របស់​ប្រជាពលរដ្ឋ​ក្នុង​ការអនុវត្ត​នយោបាយ​ចតុកោណ​របស់រ​ដ្ឋាភិបាល​ក្នុង​រយៈពេល​ចាប់ពី​ឆ្នាំ​២០០៤ ដល់ ២០០៧ កន្លងមក ។

0:00 / 0:00

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែល​បាន​អាន​សុន្ទរកថា​បើក​ជាង​មួយ​ម៉ោង រៀបរាប់​អំពី​សមិទ្ធផល​នានា ដែល​រដ្ឋាភិបាល​សម្រេច​បាន​ក្នុង​រយៈពេល ៤​ឆ្នាំ ចាប់ពី​ឆ្នាំ​២០០៤ ដល់ ២០០៧ ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ការប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ ដែល​ជា​អាទិភាព​មួយ​ដ៏​សំខាន់ នៅ​ក្នុង​កំណែ​ទម្រង់​អភិបាលកិច្ច ត្រូវ​បាន​ជំរុញ​យ៉ាង​ម៉ឺង​ម៉ាត់ និង​ជា​បន្តបន្ទាប់ តាម​វិធានការ​រដ្ឋបាល​និង​តុលាការ​លើ​មន្រ្តី​ដែល​មាន​កំហុស ។ នៅ​ក្នុង​ស្មារតី​នេះ ទោះ​បី​ជា​មិន​ទាន់​មាន​ច្បាប់​ប្រឆាំង​នឹង​អំពើ​ពុករលួយ​នៅ​ឡើយ​ក៏ដោយ ក៏​នៅ​ក្នុង​រយៈពេល​កន្លងមក រាជរដ្ឋាភិបាល​បាន​ផ្ដល់​អាទិភាព​ពិសេស​ទៅ​លើ​ការ​ប្រយុទ្ធ​ប្រឆាំង អំពើ​ពុករលួយ​នេះ»

នៅក្នុង​ចំណោម​សមិទ្ធផល​នានា ដែល​លោក​នាយករដ្ឋមន្ត្រី បាន​លើក​ឡើង​មាន​ជា​អាទិ៍ កំណើន​សេដ្ឋកិច្ច មាន​តួលេខ​ជាង ១១% ក្នុង​មួយ​ឆ្នាំ អតិផរណា​រក្សា​ត្រឹមក​ម្រឹតជ​ធាមធ្យម ៥% ចំណូល​ផ្ទាល់​របស់​ប្រជាពលរដ្ឋ​កើនពី ៣៩៤​ដុល្លារ​ក្នុងឆ្នាំ​២០០៤ ដល់ ៥៩៤​ដុល្លា​រក្នុងឆ្នាំ ២០០៧ លុយទុន​បម្រុង​របស់​រដ្ឋ​បាន​កើន​ពី ៨០៩​លាន​ដុល្លារ​មកដល់ ១.៩០០​លាន​ដុល្លារ​ក្នុងឆ្នាំ​២០០៧ ការកាត់បន្ថយ​ភាពក្រីក្រ​បាន​ចុះ​ពី ៣៥% មកនៅ​ត្រឹម ៣១% ក្នុងឆ្នាំ ២០០៧ ការនាំចេញ​របស់​រដ្ឋបាន​កើន​៦៤% បៀវត្សរ៏​មន្រ្តីរាជការ​បាន​កើន គិតជាមធ្យមបានទទួល ប្រមាណ ៥០ដុល្លារក្នុងឆ្នាំ ២០០៧ ចំណូល​ពន្ធ​បាន​កើន ២៣​%​ជា​មធ្យម​ប្រចាំឆ្នាំ សាច់​ប្រាក់​ក្នុង​រតនាគារ​បាន​កើន​ចំនួន ២៥០​ដង ។

ចំពោះ​ផ្លូវថ្នល់​វិញ ក្នុង​រយៈពេល​៤​ឆ្នាំ​នេះ កសាង​បាន​ផ្លូវថ្នល់​ថ្មី​ចំនួន ៩២​ខ្សែ គិត​ជា​ចម្ងាយ​ប្រមាណ ២៦៤ គីឡូមែ់ត្រ ជួសជុល​ថ្នល់​ចាស់​ចំនួន ៤៤​ខ្សែ និង​កសាង​ស្ពានលូ​របស់​ផ្លូវ​បាន​ចំនួន១ ៦០​កន្លែង ។

ចំពោះ​សហគ្រាស​វិញ បច្ចុប្បន្ន​ប្រទេស​កម្ពុជា មាន​សហគ្រាស​ចំនួន ២.៤០០ ដែល​ផ្តល់​ការងារ​ឲ្យ​កម្មករ​ចំនួន ៤៤៥.០០០​នាក់ ។

នៅប្រទេស​កម្ពុជា មាន​អ្នកប្រើ​ទូរស័ព្ទ​ចំនួន ១​លាន​៥​សែន​នាក់ ក្នុងនោះ​មាន​អ្នកប្រើ​ទូរស័ព្ទ​អចល័ត ចំនួន ៣​ម៉ឺន​៥​ពាន់​នាក់ ។

លោក សុខ អាន ឧបនាយករដ្ឋមន្រ្តី​និង​ជា​រដ្ឋមន្រ្តី​ខុទ្ទកាល័យ​ក្រុម​ប្រឹក្សា​រដ្ឋមន្រ្តី​បាន​មាន​ប្រសាសន៍​ថា សន្និសីទ​ជាតិ​នេះ​មាន​គោលដៅ​សំខាន់​ពិភាក្សា​រាល់​វឌ្ឍនភាព​ដែល​ទទួល​បាន បញ្ហា​ប្រឈម ចំណុច​ខ្លាំង​និង​ចំណុច​ខ្សោយ​ក្នុង​ការអនុវត្ត​កន្លងមក ។

នៅក្នុង​ការស្ទង់មតិ​មួយ​របស់​វិទ្យាស្ថាន​សាធារណរដ្ឋ​អន្តរជាតិ​កាល​ពី​ខែ​កុម្ភៈ កន្លង​ទៅ​ជាមួយ ប្រជាពល​រដ្ឋ​ចំនួន ២០០០​នាក់​នៅ​២២​ខែត្រ​ក្រុង​ទូទាំង​ប្រទេស បាន​រកឃើញ​ថា មាន​ប្រជាពលរដ្ឋ​ចំនួន ៧០% បាម​វាយតម្លែ​ថា រដ្ឋាភិបាល​កំពុង​ដើរ​លើ​ទិសដៅ​ត្រូវ ហើយ​មាន​ប្រជាពលរដ្ឋ​ចំនួន​២០% បាន​ឆ្លើយ​ថា រដ្ឋាភិបាល​ដើរ​លើ​ផ្លូវខុស ក្នុងនោះ​មូលហេតុន​នៃ​ការ​ដើរផ្លូវ​ខុស គឺ​បញ្ហា​តម្លែ​ទំនិញ អំពើ​ពុករលួយ ភាពក្រីក្រ តំលៃថាមពល ការលំបាករកស៊ី បក្ស​ពួកនិយម ការគំរាម​រឹប​យក​ដី​ជាដើម ។

សូមជម្រាប​ថា សន្និសីទ​ជាតិ​ស្តីពី​ការរីកចម្រើន​របស់​ប្រជាពលរដ្ឋ​ក្នុង​ការអនុវត្ត​នយោបាយ​ចតុកោណ​របស់​រដ្ឋាភិបាល​ក្នុង​រយៈពេល​ចាប់ពី​ឆ្នាំ​២០០៤ ដល់ ២០០៧ នេះ ប្រព្រឹត្តទៅ​រយៈពេល​៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៩ ឧសភា ដល់ថ្ងៃ​ទី១ មិថុនា ៕