ក្រសួង​សុខាភិបាល​ចាត់​វិធានការ​លើ​កន្លែង​លក់​ឱសថ​ខុស​ច្បាប់

ក្រសួង​សុខាភិបាល​កម្ពុជា កំពុង​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ទូទាំង ២៤ ខេត្ត-​ក្រុង ដើម្បី​ចាត់​វិធានការ​លើ​កន្លែង​លក់​ឱសថ និង​សេវា​សុខាភិបាល​ខុស​ច្បាប់​នៅ​កម្ពុជា ឲ្យ​បាន​ជាស្ថាពរ​​នៅ​ដំណាច់​​ឆ្នាំ​២០១១​នេះ។

0:00 / 0:00

មន្ត្រី​សុខាភិបាល​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ដាច់​ឆ្នាំ​២០១១​នេះ ក្រសួង​កំពុង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់ ដើម្បី​លុប​​​បំបាត់​កន្លែង​លក់​ឱសថ​ខុស​ច្បាប់​ចំនួន ៩៩​កន្លែង និង​សេវា​សុខាភិបាល​គ្មាន​ច្បាប់​អនុញ្ញាត​ចំនួន ៣០៥ ដែល​​កំពុង​​​​ធ្វើ​សកម្មភាព​នៅ​ទូទាំង​ប្រទេស​​កម្ពុជា។

ឱសថ​បណ្ឌិត លោក ហេង ប៊ុនគៀត ប្រធាន​នាយកដ្ឋាន​ឱសថ​ចំណី​អាហារ​បរិក្ខារ​ពេទ្យ និង​គ្រឿង​សំអាង មាន​ប្រសាសន៍​ឲ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​នៅ​ថ្ងៃ​ទី​៣០ ខែ​មករា​ថា ក្នុង​ចំណោម​ទីតាំង​សុខាភិបាល​​​​​​ល្មើស​ច្បាប់​ទាំង​អស់​ជាង ៤០០​កន្លែង ដែល​ក្រសួង​បាន​រក​ឃើញ គឺ​កំពុង​ធ្វើ​ចរាចរណ៍​លក់​ដូរ​ឱសថ​ក្លែងក្លាយ​យ៉ាង​អនាធិបតេយ្យ។

មន្ត្រី​សុខាភិបាល​បាន​សង្កត់​ធ្ងន់​ទៅ​លើ​ម្ចាស់​ឱសថ​ស្ថាន​លក់​ថ្នាំ ឬ​ទីតាំង​បើក​ទទួល​ព្យាបាល​ជំងឺ​ដែល​គ្មាន​ច្បាប់​អនុញ្ញាត ប្រសិន​បើ​សមត្ថកិច្ច​ជំនាញ​រក​ឃើញ​កំហុស​ធ្ងន់ធ្ងរ នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​តុលាការ​ផ្ដន្ទា​ទោស​តាម​ច្បាប់។

លោក​ឱសថ​បណ្ឌិត ហេង ប៊ុនគៀត បញ្ជាក់​បន្ថែម​ដូច្នេះ ៖ «លុប​បំបាត់​ឲ្យ​អស់ ព្រោះ​ថា អា​សេវា​សុខាភិបាល​អត់​ច្បាប់ ហើយ​និង​កន្លែង​លក់​ឱសថ​ខុស​ច្បាប់​ហ្នឹង ជា​កន្លែង​ចរាចរណ៍​ឱសថ​ក្លែងក្លាយ យើង​ទប់​ស្កាត់​អា​ហ្នឹង ហើយ​យើង​ទប់​ស្កាត់​ពង្រឹង​នៅ​តាម​ច្រក​ទ្វារ​ព្រំ​ប្រទល់​ទៀត ដែល​ជា​សមត្ថកិច្ច​របស់​ក្រសួង​មហាផ្ទៃ ដែល​លោក​បាន​ពង្រឹង​ការងារ​នេះ​នៅ​តាម​ព្រំ​ប្រទល់ ព្រោះ​យើង​មាន​ច្រក​ព្រំ​ប្រទល់​មាន​គេ​រត់​ពន្ធ​ថ្នាំ​ពេទ្យ​ក្លែងក្លាយ​មក​ពី​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ»

ទាក់ទង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត​ម្នាក់​មាន​ប្រសាសន៍​ឲ្យ​វិទ្យុ​អាស៊ីសេរី​ដឹង ដោយ​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ និង​ថត​សំឡេង បាន​ថ្លែង​ដោយ​​​​​​មាន​ជំនឿ​ថា សមត្ថកិច្ច​អាច​ទប់​ស្កាត់​​ទីតាំង​លក់​ឱសថ ឬ​ទីកន្លែង​បម្រើ​សេវា​ព្យាបាល​ជំងឺ​អត់​ច្បាប់​មាន​ប្រសិទ្ធភាព​ទេ ព្រោះ​ម្ចាស់​ទីតាំង​ល្មើស​ទាំង​នោះ ភាគ​ច្រើន​ជា​សាច់​ញាតិ​មន្ត្រី​ក្រសួង​សុខាភិបាល និង​មន្ត្រី​​​​ថ្នាក់​​​​​ដឹក​មន្ទីរពេទ្យ​ធំៗ ដែល​ជា​របរ​រក​ស៊ី​ក្រៅ​របស់​ពួក​គេ​នៅ​កម្ពុជា។

បុរស​ឈ្មោះ ទូច ឡុង រស់​នៅ​ខណ្ឌ​ឫស្សីកែវ ក្រុង​ភ្នំពេញ បាន​ថ្លែង​ថា គ្រួសារ​គាត់​នៅ​ពេល​មាន​សមាជិក​​ណា​ម្នាក់​កើត​មាន​ជំងឺ​អ្វី​មួយ គឺ​តែង​ទៅ​រក​ទិញ​ថ្នាំ ឬ​ទៅ​សម្រាក​ព្យាបាល​នៅ​តាម​​ឱសថ​​ស្ថាន​មួយ​ចំនួន​នា​ទីក្រុង​ភ្នំពេញ ប៉ុន្តែ​លោក​មិន​បាន​ដឹង​ថា ទីតាំង​ទទួល​សេវា​ព្យាបាល​ទាំង​នោះ​មាន​ច្បាប់ ឬ​ខុស​ច្បាប់ ហើយ​ក៏​មិន​បាន​ដឹង​ថា ថ្នាំ​ដែល​ម្ចាស់​ឱសថ​ស្ថាន​លក់​ឲ្យ​នោះ​ជា​ថ្នាំ​​ក្លែងក្លាយ ឬ​យ៉ាង​ណា​នោះ​ទេ។

ពលរដ្ឋ​រូប​នេះ​ចង់​ឲ្យ​រដ្ឋាភិបាល​លុប​បំបាត់​នូវ​រាល់​គ្រប់​ទីតាំង​ឱសថ​ស្ថាន និង​សេវា​សុខាភិបាល​ខុស​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ជា​ជាង​មាន​តែ​វិធានការ ប៉ុន្តែ​ការ​អនុវត្ត​មិន​មាន​សកម្មភាព។

ពលរដ្ឋ​ឈ្មោះ ទូច ឡុង បាន​សំណូមពរ​ដូច្នេះ ៖ «មើល​ឃើញ​អ៊ីចឹង​ដូច​ថា ព្រួយ​បារម្ភ​ដែរ ប៉ុន្តែ​មិន​ចេះ​​ជំនាញ​ខាង​ថ្នាំ​ពេទ្យ។ យើង​គ្រាន់​តែ​ដឹង​ថា ពេល​យើង​មាន​ជំងឺ​យើង​ត្រូវ​ទៅ​កន្លែង​លក់​ឱសថ។ អា​ហ្នឹង​បញ្ហា​លើ​រដ្ឋាភិបាល​ទេ បើ​រដ្ឋ​គ្រប់គ្រង​បាន ប្រជាជន​ក៏​មាន​សុខភាព​ល្អ​ដែរ»

ទោះ​យ៉ាង​នេះ​ក្ដី លោក​ឱសថ​បណ្ឌិត ហេង ប៊ុនគៀត បាន​សង្កត់ធ្ងន់​ថា វិធានការ​ទប់​ស្កាត់​បទ​ល្មើស​ឱសថ​ស្ថាន និង​ទីតាំង​ពិនិត្យ​ព្យាបាល​ជំងឺ​មិន​មាន​ច្បាប់​នេះ សមត្ថកិច្ច​ជំនាញ​បាន​ចាប់​បញ្ជូន​សំណុំ​រឿង​បទល្មើស​ចំនួន ៦​ករណី​ទៅ​កាន់​តុលាការ ដើម្បី​ផ្ដន្ទា​ទោស និង​កំពុង​បន្ត​សកម្មភាព​រាល់​ថ្ងៃ។

លោក​ឱសថ​បណ្ឌិត ហេង ប៊ុនគៀត មាន​ប្រសាសន៍​បន្ថែម ៖ «ប៉ះ​ពាល់​ទាំង​សេដ្ឋកិច្ច ប៉ះ​ពាល់​ទាំង​ការ​ចំណាយ​ថវិកា​របស់​ពលរដ្ឋ។ ចំណាយ​ហើយ​អត់​ជា​ជំងឺ​ទេ ជំងឺ​កាន់​តែ​ធ្ងន់ធ្ងរ។ គ្រឿង​ក្នុង​យើង​កាលណា​ឱសថ​ក្លែងក្លាយ​វា​បង្ក​ទៅ​ជា​សារធាតុ​មួយ​ផ្សេង ដែល​បង្ក​គ្រោះថ្នាក់​ដល់​ថ្លើម និង​ក្រពះ​យើង។ ព្រោះ​មិន​ដឹង​ថា ឱសថ​ក្លែងក្លាយ​ហ្នឹង​គេ​ដាក់​អី​ខ្លះ ព្រោះ​អត់​កំណត់​ច្បាប់​ពី​រូបមន្ត​របស់​វា ដូច្នេះ​​យើង​មិន​អាច​កំណត់​បាន​ទេ»

មន្ត្រី​ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹង​ថា សព្វថ្ងៃ​នេះ​ក្រសួង​បាន​ដាក់​ឧបករណ៍​សម្រាប់​ត្រួត​ពិនិត្យ​ឱសថ​​ក្លែងក្លាយ​​​ចំនួន ១២​គ្រឿង នៅ​តាម​បណ្ដា​ខេត្ត​ចំនួន ១២ មាន​ទីតាំង​នៅ​ព្រំដែន ដើម្បី​ស្វែង​រក​ឱសថ​ក្លែងក្លាយ។

របាយ​​ការណ៍​ប្រចាំ​ឆ្នាំ​២០១០ របស់​ក្រសួង​សុខាភិបាល​បាន​រក​ឃើញ​ថា មាន​ឱសថ​ក្លែងក្លាយ​តែ​ចំនួន ០,៣% បើ​ប្រៀបធៀប​ឆ្នាំ​២០០៩ គឺ​បាន​ថយ​ចុះ។ ឆ្នាំ​២០០៩ ឱសថ​ក្លែងក្លាយ​បាន​រក​ឃើញ​មាន​​ចំនួន ១,១% បាន​ធ្វើ​សកម្មភាព​នៅ​កម្ពុជា៕