នាយក​រដ្ឋមន្ត្រី​លៃលក​រក​ដី​ឲ្យ​ទាហាន​ពិការ​គ្រួសារ​ពលី​រស់​នៅ

នាយក​រដ្ឋមន្រ្តី​ដាក់​បទបញ្ជា​ទៅ​គ្រប់​ក្រសួង​ស្ថាប័ន​ឲ្យ​សហ​ការ​រក​ទីតាំង​ដី​សម្បទាន​សង្គមកិច្ច​ទុក​សម្រាប់​ផ្តល់​ជូន​អតីត​កង​កម្លាំង​ប្រដាប់​អាវុធ​​ចូល​និវត្តន៍ គ្រួសារ​​​​យោធិន​ពិការ ពលី និង​គ្រួសារ​ដែល​រង​គ្រោះ​ដោយ​គ្រោះ​ធម្មជាតិ​ដើម្បី​កាត់​បន្ថយ​ភាព​​​ក្រីក្រ។

លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​មាន​ប្រសាសន៍​ដោយ​ដាក់​បទ​បញ្ជា​ទៅ​មន្ត្រី​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​រដ្ឋាភិបាល​គ្រប់​ជាន់​ថ្នាក់​ថា ចាប់​ពី​ឆ្នាំ​២០១០ ​ត​ទៅ​ត្រូវ​​ធ្វើ​ផែន​ការ​កំណត់​ផែនទី​ ទីតាំង​ដី​សម្ប​ទាន​សង្គម​កិច្ច នៅ​តាម​ខេត្ត ក្រុង​មួយ​ចំនួន​ឲ្យ​បាន​ច្បាស់លាស់​ទុក​សម្រាប់​ផ្តល់​ជូន កង​កម្លាំង​ប្រដាប់​អាវុធ និង​គ្រួសារ​ចូល​និវត្តន៍ អតីត​យុទ្ធជន​បាត់បង់​សមត្ថភាព​ការងារ​ និង​គ្រួសារ​ពលី​ជីវិត​ក្នុង​បុព្វហេតុ​ជាតិ ការ​​ពារ​សន្តិ​​ភាព បូរណ​​ភាពទឹកដី។

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន លើក​ឡើង​ដូច្នេះ​ក្នុង​ពិធី​ជួប​ប្រជុំ​ផ្សព្វផ្សាយ​គោល​នយោបាយ​ផ្តល់​សម្បទាន​ដី​សង្គមកិច្ច​ដល់​អតីត​កងកម្លាំង​ប្រដាប់អាវុធ និង​គ្រួសារ​របស់​រដ្ឋាភិបាល​ព្រឹក​ថ្ងៃ​ទី​២៣ ខែធ្នូ នាទី​ក្រុង​ភ្នំពេញ។ លោក​បញ្ជាក់​​​ថា ដី​ទុក​សម្រាប់​ធ្វើ​សម្បទាន​សង្គមកិច្ច​ដល់​អតីត​កង​កម្លាំង​ប្រដាប់​អាវុធ​ត្រូវ​តែ​ជា​ប្រភេទ​​​​ដី​​ដែល​អាច​ប្រកប​របរ​កសិកម្ម និង​ជា​ទីតាំង​ដែល​មាន​ប្រភព​ទឹក​ត្រឹម​ត្រូវ។

លោក ហ៊ុន សែន ​ថ្លែង​ថា ៖ «រៀបចំ​ឲ្យ​មាន​ផែនការ​ច្បាស់​លាស់​ឆ្នាំ​២០១០​ខាង​មុខ​នេះ​សម្រាប់​ជាមូល​ដ្ឋាន​បន្ត​រៀបចំ​សម្បទាន​ដី​សង្គមកិច្ច​នេះ។ សម្រាប់​បម្រុង​ទុក​តែ​ម្តង។ ដី​កន្លែង​ហ្នឹង​ទោះ​បី​សុំ​វិនិយោគ​ក៏​អត់​ឲ្យ​ដែរ ទុក​តែ​ម្តង»

ជា​មួយ​គ្នានេះ​ដែរ​លោក ហ៊ុន សែន បាន​ប្រកាស​ដាក់​បទបញ្ជា​ទៅ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​មាន​វិធាន​ការ​​​​ក្តៅ​​ចំពោះ​ក្រុមហ៊ុន​ទាំងឡាយ​ណា​ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​​ដើម្បី​ធ្វើការ​អភិវឌ្ឍ ប៉ុន្តែ​បែរ​ជា​មិន​មាន​សកម្មភាព​អភិវឌ្ឍន៍​តាម​គោលការណ៍​ណែនាំ​ត្រូវ​ដក​ទុក​ជា​សម្បត្តិ​​​​របស់​រដ្ឋ ឬ​ទុក​សម្រាប់​ផ្តល់​សម្បទាន​ដី​សង្គម​កិច្ច​ដល់​ប្រជា​ពលរដ្ឋ​ដែល​ខ្វះ​ដី​បង្ក​បង្កើន​ផល។

បទ​បញ្ជា​នេះ​ទទួល​បាន​ការ​សាទរ​ពី​ក្រុម​មន្ត្រី​សង្គម​ស៊ីវិល​មួយ​ចំនួន​នៅ​កម្ពុជា ប៉ុន្តែ​មន្ត្រី​សង្គម​ស៊ីវិល​ខ្លះ​ទៀត​ហាក់​មិន​មាន​ជំនឿ​ចិត្ត​ចំពោះ​បទ​បញ្ជា​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ដែល​នឹង​មាន​ប្រសិទ្ធភាព​ប៉ុន្មាន​ឡើយ។

ក្រុម​មន្រ្តី​សង្គម​ស៊ីវិល​បាន​លើក​ជា​ឧទារហណ៍​​ ករណី​គ្រួសារ​យោធិន​ពិការ​ជិត​មួយពាន់​គ្រួសារ​រស់នៅ​ភូមិ​បន្ទាយ​រងៀង ឃុំ​ក្រយា ស្រុក​សន្ទុក ខេត្តកំពង់​ធំ ដែល​កាល​ពី​ពេលថ្មីៗ​នេះ​ត្រូវ​បាន​សមត្ថកិច្ច​គំរាមកំហែង​វាយ​ធ្វើ​បាប​​លើ​រាង​កាយ​ និង​ចាប់​ដាក់​គុក​អស់​​ជា​ច្រើន​នាក់​ក្រោម​បទ​ចោទ​ប្រកាន់​ប្រើ​អំពើ​ហិង្សា​បំផ្លិចបំផ្លាញ​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃ និង​រស់​នៅ​លើ​ដី​មាន​ម្ចាស់​កម្ម​សិទ្ធិ ឬ​លើ​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​យ៉ាង​អយុត្តិធម៌​ទៅវិញ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ​លោក​ ហ៊ុន សែន បាន​សង្កត់​ធ្ងន់​ដល់​មន្ត្រី​គណៈ​កម្មាធិការ​សម្បទាន​សង្គមកិច្ច​ថ្នាក់​ជាតិ​ត្រូវ​តែ​សហការ​សម្រប​សម្រួល​ជាមួយ​គណៈ​កម្មាធិការ និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ ដើម្បី​ធានា​ប្រសិទ្ធភាព​នៅ​ក្នុង​ការ​អនុវត្ត​គោល​ការណ៍​ផ្តល់​សម្បទាន​ដី​សង្គមកិច្ច​ជូន​អតីត​កង​កម្លាំង​ប្រដាប់​អាវុធ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់។

​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​បាន​អះអាង​ទៀត​ថា គិត​ត្រឹម​ឆ្នាំ​២០០៩​នេះ យ៉ាងហោច​ណាស់​មាន​ក្រុមហ៊ុន​ចំនួន ៧១​ត្រូវ​បាន​រដ្ឋាភិបាល​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដើម្បី​ធ្វើ​ការ​អភិវឌ្ឍ​ក្នុង​ទំហំ​ផ្ទៃ​ដី​ប្រមាណ​ជាង ១​លាន​ហិកតា។

លោក​ឧប​នាយក​រដ្ឋមន្ត្រី គាត ឈន់ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ មាន​ប្រសាសន៍​ថា កន្លង​មក​រដ្ឋាភិបាល​បាន​យក​ចិត្ត​ទុក​ដាក់​ហើយ​បាន​ត្រៀម​ដី​សម្បទាន​សង្គមកិច្ច​ជាង ៧​ម៉ឺន ៤​ពាន់​ហិកតា ​ទុក​សម្រាប់​ផ្តល់​ជូន​ដល់​អតីត​កង​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​អាយុ​​ចូល​និវត្តន៍​ គ្រួសារ​យោធិន​ពិការ​គ្រួសារ​ពលី​ក្នុង​បុព្វហេតុ​ការពារ​ជាតិ​មាតុភូមិ៕