អាជ្ញាធរ​​ដាក់​កម្លាំង​បង្ក្រាប​ការ​ជួញដូរ​គ្រឿង​ញៀន​ពេល​អុំ​ទូក

អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​កម្ពុជា នៅ​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា បាន​ដាក់​ពង្រាយ​កង​កម្លាំង​ចម្រុះ​ជា​ច្រើន​រយ​នាក់ នៅ​ថ្ងៃ​ដំបូង​នៃ​បុណ្យ​អុំ​ទូក​រយៈ​ពេល ៣​ថ្ងៃ ដើម្បី​ឃ្លាំ​មើល និង​បង្ក្រាប​ការ​ជួញ​ដូរ​គ្រឿង​ញៀន និង​ការ​ចែក​ចាយ​គ្រឿង​ញៀន​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។

អាជ្ញាធរ​ជាតិ​ប្រឆាំង​គ្រឿង​ញៀន​កម្ពុជា ក៏​បាន​ប្រើប្រាស់​បដា​ខិត្តប័ណ្ណ និង​ការ​ប្រគំតន្ត្រី​ឃោសនា​អប់រំ ប្រជាពលរដ្ឋ​ឲ្យ​បដិសេធ​គ្រឿង​ញៀន ឬ​មិន​ឲ្យ​ភ្លក់ ឬ​សាកល្បង​សេព​គ្រឿង​ញៀន​ជាដើម។

លោក​ឧត្ដមសេនីយ៍​ឯក ម៉ឹក ដារ៉ា ជា​អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រឆាំង​គ្រឿង​ញៀន​កម្ពុជា និង​ជា​ប្រធាន​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​របស់​ក្រសួង​មហាផ្ទៃ បាន​មាន​ប្រសាសន៍​ថា បើ​សិន​ណា​ប្រជាពលរដ្ឋ​ណា​សង្ស័យ​ថា មាន​ការ​ជួញ​ដូរ​គ្រឿង​ញៀន សូម​រាយការណ៍​រឿង​នេះ​ទៅ​សមត្ថកិច្ច​ដែល​នៅ​ជិត​បំផុត ឬ​រាយការណ៍​មក​លេខ​ពិសេស ៦០១ តាម​ប្រព័ន្ធ ០១២ ដោយ​មិន​អស់​កម្រៃ​ទេ។

លោក​បន្ត​ថា ៖ «ពិសេស​បុណ្យ​អុំ​ទូក​នេះ គឺ​ជា​ការ​ប្រមូល​ផ្ដុំ​មួយ​ដ៏​ធំ ដែល​មាន​មនុស្ស​រាប់​លាន​នាក់ ដែល​មក​ពី​បណ្ដា​ខេត្ត​នៅ​ទូទាំង​ប្រទេស មក​ចូល​រួម​នៅ​ក្នុង​ពិធី​បុណ្យ​នៅ​ក្នុង​រាជធានី​ភ្នំពេញ។ ជា​ការ​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ការងារ​ផ្សព្វផ្សាយ គឺ​បញ្ជ្រាប​ការ​យល់​ដឹង​ពី​ការ​គ្រោះថ្នាក់​ដោយសារ​គ្រឿង​ញៀន​នេះ​ជូន​ដល់​ប្រជាពលរដ្ឋ​លោក​ជ្រាប»

ខិត្តប័ណ្ណ​តូចៗ​អប់រំ​ប្រជាពលរដ្ឋ​ឲ្យ​ជៀស​វាង​គ្រឿង​ញៀន​ច្រើន​ពាន់​សន្លឹក ត្រូវ​បាន​គេ​បោះ​ពុម្ព​ដើម្បី​ចែកចាយ​ដល់​ប្រជាពលរដ្ឋ​នានា ដែល​ធ្វើ​ដំណើរ​តាម​រថយន្ត​ក្រុង​ចំនួន​ជាង ៣០០​គ្រឿង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

កីឡាករ​ប្រណាំង​ទូក​ង មក​ពី​ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល ឈ្មោះ អូន សុគា អាយុ ២០​ឆ្នាំ កំពុង​តែ​អុំ​សាកល្បង​ទូក​នៅ​មុខ​ព្រះ​បរម​រាជវាំង នៅ​មុន​ការ​ប្រណាំង​ទូក​ឈាន​មក​ដល់ បាន​ថ្លែង​ថា លោក​បាន​យល់​ដឹង​អំពី​គ្រោះថ្នាក់​គ្រឿង​ញៀន​នេះ​តាម​រយៈ​ខិត្តប័ណ្ណ និង​ទូរទស្សន៍។

លោក អូន សុគា បន្ត​ថា ៖ «បើ​តាម​ខ្ញុំ​វិភាគ​មើល តាម​រូបភាព​គេ​ដាក់​ផ្សាយ​តាម​ទូរទស្សន៍​ហ្នឹង គឺ​ជក់​ទៅ​ធ្វើ​ទុក្ខ​ខ្លួន ប៉ះ​ពាល់​ដល់​សុខភាព ប៉ះពាល់​ដល់​សរសៃ​ប្រាសាទ​ខួរក្បាល និង​ណាមួយ​ជក់​យូរៗ​គឺ​បែក​ទៅ​ជា​លួច​ទ្រព្យ​សម្បត្តិ​គេ គេ​ចាប់​បាន​ជាប់​គុក»

ប្រជាពលរដ្ឋ​ម្នាក់​មក​ពី​ខេត្ត​កណ្ដាល ឈ្មោះ កែវ គឹមសៅ បាន​ថ្លែង​ថា គ្រឿង​ញៀន​មិន​មែន​ជា​ឱសថ​ទេ ៖ «យើង​មិន​ត្រូវ​ប្រព្រឹត្ត​គ្រឿង​ញៀន​ទេ។ វា​នាំ​ឲ្យ​ប៉ះ​ពាល់​ដល់​សុខភាព ប៉ះពាល់​ដល់​សរសៃ​ប្រសាទ ព្រោះ​គ្រឿង​ញៀន​នាំ​ឲ្យ​ខូច​សុខភាព បាត់​បង់​សតិ និង​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​សង្គម​ទៀត»

ប្រភព​ពី​មន្ត្រី​ប្រឆាំង​គ្រឿង​ញៀន​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ឲ្យ​ដឹង​ថា មាន​អ្នក​ញៀន​គ្រឿង​ចំនួន​រវាង ១​ពាក់​នាក់ ទៅ ២​ពាន់​នាក់ នៅ​ក្នុង​មណ្ឌល​ចំនួន​ជាង ១០​កន្លែង ដែល​កំពុង​តែ​ទទួល​ការ​ព្យាបាល និង​បន្សាប​គ្រឿង​ញៀន។

មាន​អ្នក​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​គ្រឿង​ញៀន​ចំនួន​រវាង ៥​ពាន់​នាក់ ទៅ ៦​ពាន់​នាក់ និង​មាន​អ្នក​ប៉ះពាល់​ដោយ​គ្រឿង​ញៀន ឬ​អ្នក​បាន​សាកល្បង​គ្រឿង​ញៀន​ចំនួន​ជាង ២​ពាន់​នាក់៕