មន្រ្តីបក្សប្រឆាំងហាក់មិនចាប់អារម្មណ៍ចំពោះការថ្លែងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នោះឡើយ។
ជាថ្មីម្តងទៀតលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថា លោកនឹងធ្វើការផ្ទេរតំណែងដល់ភាគីដែលឈ្នះឆ្នោតដោយសន្តិភាពនិងរីករាយបំផុត បើសិនប្រជាពលរដ្ឋឈប់បោះឆ្នោតឲ្យលោកទៀតនោះ។
ការថ្លែងបែបនេះនៅក្នុងពិធីប្រារព្ធបើកវេទិកាសេដ្ឋកិច្ចអាស៊ីលើកទី៦ នាថ្ងៃទី២០ ខែមករា ឆ្នាំ២០១០ នៅរាជធានីភ្នំពេញ។
លោក ហ៊ុន សែន បានថ្លែងថា លោកប្រហែលមិនអាចមិនអាចគ្រប់គ្រងរដ្ឋាភិបាលរហូតដល់អាយុ ៨០ឆ្នាំបាននោះទេ។ ប៉ុន្តែលោកបានបញ្ជាក់ថា អ្វីៗមិនអាស្រ័យលើអាយុនណាម្នាក់នោះឡើយ គឺវាអាស្រ័យលើប្រជាពលរដ្ឋគេបោះឆ្នោតឲ្យឬក៏អត់។
លោកនាយករដ្ឋមន្ត្រីបានថ្លែងថា ៖ «អាយុ ៨០ ស្ទុះមិនរួចទេ ឥឡូវ ៥៨ នៅសល់ ២២ឆ្នាំទៀតបានអាយុ៨០ ដូច្នេះយូរណាស់ អត់អីទេ! ប៉ុន្តែបញ្ហាទាំងអស់វាអត់ចំណុះលើអាយុរបស់អ្នកណាទេ មានតែចំណុះលើប្រជាជនតែប៉ុណ្ណឹង!»។
លោកថ្លែងបន្តទៀតថា បើនៅឆ្នាំ២០១៣ ប្រជាពលរដ្ឋមិនបោះឆ្នោតឲ្យលោក សូមឲ្យអ្នកជាប់ឆ្នោតថ្មីកុំបារម្ភក្នុងការផ្ទេរអំណាចនោះ។ លោកនឹងប្រគល់នូវអ្វីៗទាំងអស់ ហើយជូនពរឲ្យមេដឹកនាំថ្មីធ្វើការបម្រើជាតិឲ្យបានល្អ។
លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ៖ «តែបើសិនឆ្នាំ២០១៣ ប្រជាជនមិនបោះឆ្នោតឲ្យ ជម្រើសតែមួយគត់គឺខ្ញុំត្រូវចាកចេញ ហើយពេលនោះអ្នកដែលឈ្នះកុំបារម្ភឲ្យសោះ ខ្ញុំនឹងទៅទីស្ដីការគណៈរដ្ឋមន្ត្រី ខ្ញុំនឹងចុះហត្ថលេខាប្រគល់នូវអ្វីទាំងឡាយដែលមានជូនមេដឹកនាំថ្មី ហើយជូនពរឲ្យអ្នកធ្វើការឲ្យបានល្អ បម្រើជាតិឲ្យបានល្អ ហើយខ្ញុំមិនរំខានអ្នកទេ អ្នកកុំបារម្ភ! ខ្ញុំជួយរួមវិភាគទានប្រាប់ទៅអ្នកដែលធ្លាប់គាំទ្រខ្ញុំ ឲ្យគាំទ្ររដ្ឋាភិបាលថ្មី មេដឹកនាំថ្មី ព្រោះគឺជាអ្នកដែលបានជាប់ឆ្នោតដោយប្រជាជន សូមកុំបារម្ភ!»។
ការថ្លែងពីការគ្រប់គ្រងអំណាចម្តងជាពីរដងបែបនេះជាការឆ្លើយតបបន្ទាប់ពីមានការរិះគន់ជាច្រើនថា លោក ហ៊ុន សែន ជាមេដឹកនាំផ្តាច់ការ ក្រាញអំណាចអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
តំណាងរាស្រ្តបក្សសមរង្ស៊ី លោក សុន ឆ័យ ហាក់ពុំមានការចាប់អារម្មណ៍ចំពោះការថ្លែងពីរឿងការខ្វាយខ្វល់បញ្ហាអ្នកណាធ្លាក់អំណាច អ្នកណាឡើងកាន់អំណាចនោះទេ។
លោក សុន ឆ័យ បន្តថា អ្វីដែលលោកចង់បាន គឺចង់ឲ្យមេដឹកនាំប្រទេសគិតគូរឲ្យបានល្អពីការពង្រឹងស្ថាបនាជាតិ បញ្ហាសន្តិសុខសង្គម ធានាឲ្យបាននូវការគោរពច្បាប់ លទ្ធិប្រជាធិបតេយ្យឲ្យបានត្រឹមត្រូវ។
លោក សុន ឆ័យ បានមានប្រសាសន៍ថា ៖ «គិតតែពីរឿងអំណាច ឥទ្ធិពល ហើយភ្លេចគិតពីការពង្រឹងស្ថាប័នជាតិ ហើយធ្វើការងារត្រឹមត្រូវ នោះអាចជាគ្រោះថ្នាក់មួយ។ ខ្ញុំថា ខ្ញុំមិនមានការព្រួយបារម្ភអី ឬក៏មិនមានការត្រេកត្រអាលអីជាមួយបញ្ហាអ្នកណាកាន់អំណាចយ៉ាងណាទេ គឺថា ត្រូវតែធ្វើយ៉ាងម៉េចឲ្យមានការគោរពទៅលើគោលការណ៍ច្បាប់ គោលការណ៍ប្រជាធិបតេយ្យនោះឲ្យបានត្រឹមត្រូវ ប្រសើរជាងខ្វល់តែពីរឿងចេញពីតំណែង ចូលតំណែង ឬយ៉ាងណានោះ!»។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាអ្នកដឹកនាំឋិតនៅក្នុងអំណាចយូរមួយរូប នៅក្នុងចំណោមអ្នកដឹកនាំឋិតនៅក្នុងអំណាចយូរជាច្រើននាក់នៅលើពិភពលោក។ លោកបានកាន់តំណែងជានាយករដ្ឋមន្រ្តីកម្ពុជាចាប់ពីឆ្នាំ១៩៨៥ មកទល់បច្ចុប្បន្ននេះ៕