និស្សិត​ពិការ​ខ្មែរ រៀន​ថ្នាក់​អនុបណ្ឌិត​នៅ​សហ​រដ្ឋ​អាមេរិក

និស្សិត​ពិការ​ខ្មែរ​ម្នាក់​បាន​ទទួល​អាហារូបករណ៍​ពី​សកល​វិទ្យា​ល័យ​មួយ​នៅ​សហ​រដ្ឋ​អាមេរិក ឲ្យ​បន្ត​ការ​សិក្សា​ថ្នាក់​អនុ​បណ្ឌិត​ជំនាញ​ផ្នែក​នយោបាយ​ជន​ពិការ និង​កិច្ច​ការ​សាធារណៈ។

0:00 / 0:00

លោក ហ៊ុយ ឃី និស្សិត​ពិការ​ខ្មែរ​បាន​ទទួល​អាហារូបករណ៍​ថ្នាក់​អនុបណ្ឌិត ពី​សកល​វិទ្យា​ល័យ American University’s School of International Service សម្រាប់​ថ្នាក់​អនុបណ្ឌិត​លើក​ដំបូង​បង្អស់ លើ​ពិភព​លោក សម្រាប់​ជន​ពិការ។ វិទ្យាស្ថាន​សម្រាប់​ជន​ពិការ និង​នយោបាយ​សាធារណៈ (Institute on Disability and Public Policy) បាន​បង្កើត​ថ្នាក់​អនុបណ្ឌិត​រយៈ​ពេល​មួយ​ឆ្នាំ សិក្សា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ដោយ​បាន​ជ្រើស​រើស​និស្សិត​ចំនួន ១០​នាក់​ សម្រាប់​ឆ្នាំ​សិក្សា​២០១១។

លោក ហ៊ុយ ឃី អាយុ​២៩​ឆ្នាំ ដែល​ទើប​តែ​បាន​ទទួល​សញ្ញាប័ត្រ​អនុបណ្ឌិត​ផ្នែក​ច្បាប់​អន្តរ​ជាតិ​ពី​សហ​រដ្ឋ​អាមេរិក​នោះ បាន​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​ពី​ទីក្រុង​បាងកក ប្រទេស​ថៃ ថា​លោក​សង្ឃឹម​ថា ការ​សិក្សា​ជំនាញ​ផ្នែក​នយោបាយ​ជន​ពិការ និង​កិច្ច​ការ​សាធារណៈ​នេះ នឹង​អាច​ជំរុញ​ឲ្យ​លោក​អាច​យក​ការ​អប់រំ​ខ្លួន ដើម្បី​ជួយ​ជន​ពិការ​ដទៃ​ទៀត ឲ្យ​ទទួល​បាន​ការ​អប់រំ​សម​ស្រប និង​ការ​ងារ​ត្រឹម​ត្រូវ។ លោក​បាន​ឲ្យ​ដឹង​ថា កន្លង​មក​ជន​ពិការ​នៅ​កម្ពុជា​ត្រូវ​បាន​គេ​រើស​អើង ៖ "ខ្ញុំ​ឃើញ​ចំណុច​សំខាន់​ពីរ​ជា​ចម្បង ចំពោះ​ជន​ពិការ​នៅ​ស្រុក​ខ្មែរ​យើង នៅ​មិន​ទាន់​បាន​ដោះ​ស្រាយ ទី​១ បញ្ហា​ទាក់​ទង​នឹង​ទៅ​ការ​អប់រំ ជន​ពិការ​ស្រុក​ខ្មែរ​គឺ​អត់​បាន​ទទួល​ការ​យក​ចិត្ត​ទុក​ដាក់​ទេ​ចំពោះ​ផ្នែក​អប់រំ គឺ​ថា​នៅ​តាម​សាលា​រៀន​និមួយៗ រដ្ឋ​ក្ដី មិន​បាន​បង្ក​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​ជន​ពិការ​ទេ។ ឧទាហរណ៍​ជន​ពិការ​ដែរ​ដើរ​អត់​រួច យើង​អត់​ជា​ធ្វើ​ជំរុញ​ឲ្យ​ជន​ពិការ​សម្រាប់​ជន​ពិការ​មាន​ការ​ពិបាក​ទៅ​សាលា​រៀន"

និស្សិត ហ៊ុន ឃី មាន​ដើម​កំណើត​ពី​ខេត្ត​កំពង់ឆ្នាំង។ លោក​មាន​បញ្ហា​ភ្នែក​តាំង​ពី​កំណើត ដោយ​លោក​មិន​អាច​មើល​ឆ្ងាយ​បាន​ទេ ប៉ុន្តែ​លោក​បាន​ខិត​ខំ​ប្រឹង​ប្រែង​តស៊ូ​រៀង​សូត្រ​រហូត​ដល់​ទទួល​បាន​បរិញ្ញាបត្រ​ផ្នែក​ច្បាប់ ផ្នែក​ភាសា​អង់គ្លេស ហើយ​ចុង​ក្រោយ​បំផុត គឺ​អនុ​បណ្ឌិត​ផ្នែក​ច្បាប់​អន្តរ​ជាតិ។ លោក​បញ្ជាក់​ថា ការ​តស៊ូ​របស់​លោក​បាន​ជំរុញ​ឲ្យ​លោក​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ជីវិត​របស់​លោក ៖ "ទៅ​ថ្ងៃ​អនាគត​ខ្ញុំ​ចង់​ធ្វើ​ជា​សកម្ម​ជន​ផ្នែក​សិទ្ធិ​មនុស្ស ក្នុង​អង្គការ​សិទ្ធិ​មនុស្ស ជា​ពិសេស​ការ​ពារ​សិទ្ធិ​មនុស្ស​ទូ​ទៅ និង​ផ្ដោត​ជា​សំខាន់​ជន​ពិការ។ ដូច្នោះ​កម្មវិធី​មាន​សារសំខាន់​ផ្ដល់​ចំណេះ​ដឹង​ដល់​ខ្ញុំ ហើយ​វា​អាច​ជួយ​សម្រាប់​គោល​ដៅ​របស់​ខ្ញុំ​ទៅ​អនាគត"

បច្ចុប្បន្ន​នេះ និស្សិត ហ៊ុន ឃី កំពុង​ស្នាក់​នៅ​ប្រទេស​ថៃ​រយៈ​ពេល​ពីរ​សប្ដាហ៍ ជា​ការ​ចាប់​ផ្ដើម​ឆ្នាំ​សិក្សា​របស់​លោក។ សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​វិទ្យាស្ថាន​សម្រាប់​ជន​ពិការ និង​នយោបាយ​សាធារណៈ​បញ្ជាក់​ថា គោល​បំណង​នៃ​ថ្នាក់​អនុ​បណ្ឌិត គឺ​ដើម្បី​បង្កើន​ការ​ទទួល​ស្គាល់​ជន​ពិការ និង​បង្កើត​ឲ្យ​ពួក​គេ​មាន​ឱកាស​ទទួល​ការ​អប់រំ​ថ្នាក់​ឧត្ដម​សិក្សា ដែល​មិន​ធ្លាប់​ទទួល​បាន។ កម្មវិធី​នេះ គឺ​អប់រំ​សិស្ស​តាម​ការ​សិក្សា តាម​ប្រព័ន្ធ​អ៊ីនធឺណិត ដែល​អាច​ជំរុញ​ឲ្យ​ក្លាយ​ជា​អ្នក​ដឹក​នាំ ទាក់​ទង​ទៅ​នឹង​នយោបាយ​អន្តរ​ជាតិ សម្រាប់​វិស័យ​សាធារណៈ វិស័យ​ឯកជន និង​អង្គការ​ក្រៅ​រដ្ឋាភិបាល។ លោក ហ៊ុយ ឃី បាន​ផ្ញើ​សារ​សំខាន់​សម្រាប់​ជន​ពិការ​ថា ការ​ព្យាយាម​នឹង​បាន​សម្រេច ទោះបី​មនុស្ស​នោះ​មាន​ភាព​ពិការ​ក៏​ដោយ ៖ "អ្វីៗ ក៏​យើង​អាច​ធ្វើ​បាន​ដែរ ទោះបី​យើង​ពិការ​អី​ក៏​ដោយ។ បើ​សិន​ជា​យើង​មាន​ការ​តាំង​ចិត្ត ហើយ​យើង​មាន​គោល​ដៅ​ច្បាស់​លាស់​ក្នុង​ជីវិត យើង​អាច​ធ្វើ​តាម​ដូច​ជន​មិន​ពិការ។"

របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ក្រុម​ប្រឹក្សា​សកម្មភាព​ជន​ពិការ​ឆ្នាំ​២០០៩ បាន​ឲ្យ​ដឹង​ថា ពល​រដ្ឋ​កម្ពុជា​ប្រមាណ​២% មាន​ពិការ​ភាព ហើយ ១១% គឺ​ពិការ​ដោយ​សារ​តែ​គ្រាប់​មីន។ ១០% ដោយ​សារ​តែ​សង្គ្រាម និង​២០% ពិការ​តាំង​ពី​កំណើត។ ជន​ពិការ​នៅ​តំបន់​អាស៊ី​មាន​ចំនួន​ច្រើន​ជាង​គេ​នៅ​ក្នុង​ពិភព​លោក៕