សមត្ថកិច្ច​ខេត្ត​រតនគិរី​រក​ឃើញ​ទីតាំង​កាប់​ឈើ​ខុស​ច្បាប់​ក្នុង​ឃុំ​សេដា

ឈើ​មូល​ប្រមាណ​៣០០​ម៉ែត្រ​គូប​និង​ទីតាំង​រ៉ៃ​អារ​ច្រៀក​ឈើ​មួយ​កន្លែង​ត្រូវ​បាន​ក្រុម​សមត្ថកិច្ច​ខេត្ត​រតនគិរី​រក​ឃើញ​នៅ​ការដ្ឋាន​ដាំ​កៅស៊ូ​ជាប់​តំបន់​ព្រៃ​ឈើ​ក្នុង​ឃុំ​សេដា ស្រុក​លំផាត់ ដែល​គេ​អះអាង​ថា​ជា​របស់​មេ​បញ្ជាការ​កង​អង្គរក្ស​លោក​នាយក​រដ្ឋមន្ត្រី​គឺ​ឧត្តមសេនីយ​ឯក ហ៊ុយ ពិសិដ្ឋ។

0:00 / 0:00

ការរក​ឃើញ​នេះ​កើត​មាន​ឡើង​បន្ទាប់​ពី​ក្រុម​អាជ្ញាធរ​ចម្រុះ​ខេត្ត​កាលពី​ថ្ងៃ​ទី​២០ ធ្នូ ឆ្នាំ​២០០៨ បាន​ចុះ​ត្រួត​ពិនិត្យ​ការដ្ឋាន​នោះ​តាម​ព័ត៌មាន​ថា មាន​ការកាប់​ឈើ​មូល​ហើយ​អារ​ច្រៀក​ឈើ​នៅ​ការដ្ឋាន​នោះ។

ប្រភព​មន្ត្រី​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​ដែល​បាន​ដឹង​ពី​ហេតុការណ៍​បញ្ជាក់​ថា ឈើ​មូល​ប្រភេទ​លេខ​២​រាប់​រយ​ដើម​ត្រូវ​បាន​គេ​កាប់​នៅ​តំបន់​ព្រៃ​ឈើ​ជាប់​ការដ្ឋាន​នោះ​ដើម្បី​យក​ឈើ​និង​ឈាន​ទៅ​ឈូស​ឆាយ​ពង្រីក​ដី​ដើម្បី​ដាំ​កៅស៊ូ។

មន្ត្រី​មូលដ្ឋាន​និង​មន្ត្រី​ជំនាញ​ព្រៃ​ឈើ​ព្យាយាម​មិន​ធ្វើ​អត្ថាធិប្បាយ​ពិស្តារ​ជុំវិញ​ការរក​ឃើញ​បរិមាណ​ឈើ​នោះ​ទេ ប៉ុន្តែ​ទទួល​ស្គាល់​ថា​ទីតាំង​នោះ​គឺ​ជា​ការដ្ឋាន​ដី​របស់​ឧត្តមសេនីយ​ឯក ហ៊ុយ ពិសិដ្ឋ។

អធិការ​ប៉ូលិស​ស្រុក​លំផាត់ លោក សូយ ថាវ មាន​ប្រសាសន៍​ទទួល​ស្គាល់​ថា ៖ «ក្រុមហ៊ុន​របស់​ឯកឧត្ដម ហ៊ុយ ពិសិដ្ឋ គាត់​ធ្វើ​ចម្ការ​នៅ​ហ្នឹង អ៊ីចឹង​ក៏​យើង​អត់​បាន​ទៅ​មើល​ទៅ​អី​ទេ។ ហើយ​ដល់​ចុង​ក្រោយ​មក​ឮ​គេ​ថា​ដាក់​រ៉ៃ​ដាក់​អី»

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​ឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ សុំ​ការអធិប្បាយ​ជុំវិញ​សេចក្តី​រាយការណ៍​ខាង​លើ​នោះ​ទេ ក៏​ប៉ុន្តែ​មេការ​ទទួល​ខុស​ត្រូវ​ប្រចាំ​ការដ្ឋាន លោក សួ ទិតនី អះអាង​ផ្ទុយ​គ្នា​ថា ឈើ​ដែល​កាប់​នោះ​មាន​តិចតួច​គឺ​ជា​ឈើ​សេសសល់​ក្នុង​ការដ្ឋាន​ហើយ​អារ​ច្រៀក​ដើម្បី​ធ្វើ​រោង​ស្នាក់នៅ​សម្រាប់​កម្មករ​និង​ស្ពាន​ក្នុង​តំបន់​នោះ​តែ​ប៉ុណ្ណោះ។

លោក សួ ទិតនី បាន​ឲ្យ​ដឹង​ថា ៖ «វា​អត់​ពិត​ប្រាកដ​ទេ ឋានៈ​គាត់​ប៉ុន​ណា​ណី គាត់​ទៅ​ធ្វើ​ពាស​វាល​ពាស​កាល​ដូច​មាត់​អ្នក​ថា អ្នក​និយាយ​ហ្នឹង»

ប្រជាពលរដ្ឋ​នៅ​ឃុំ​សេដា​និយាយ​ឲ្យ​ដឹង​ថា ការដ្ឋាន​ដែល​កាប់​អារ​ច្រៀក​ឈើ​មាន​ទំហំ​ប្រមាណ​ជាង​៥០​ហិកតារ​ជា​អតីត​ដី​ចម្ការ​វិលជុំ​នៃ​អ្នក​ភូមិ​ជនជាតិ​ដើម​នៅ​ទី​នោះ​ហើយ​ត្រូវ​បាន​អតីត​មេ​ឃុំ​និង​អ្នក​ភូមិ​មួយចំនួន​លក់​ទៅ​ឲ្យ​លោក​ឧត្តមសេនីយ ហើយ​ក៏​មាន​ការឈូស​ឆាយ​ដី​នោះ​ដើម្បី​ដាំ​កៅស៊ូ។

មេ​ឃុំ​សេដា លោក ភុំ ផាន់ និយាយ​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ ៖ «ដី​ហ្នឹង ភូមិភាគ​គេ​លក់​ដី​ហ្នឹង»

នាយផ្នែក​នៃ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​រតនគិរី​ទទួល​បន្ទុក​ស្រុក​លំផាត់ លោក ឡេង យុក មាន​ប្រសាសន៍​ថា លោក​បាន​ធ្វើ​របាយការណ៍​បន្ទាន់​មួយ​ទៅ​ថ្នាក់​លើ​រួច​ហើយ។

លោក ឡេង យុក បាន​មាន​ប្រសាសន៍​ថា ៖ «ក្រុម​ខ្ញុំ​ហ្នឹង​កាល​ហ្នុង​ចុះ​ទៅ​បង្រ្កាប​បាន ៣៨​មួយ​ក្រុម​ទៀត នៅ​ខាង​ក្រុម​លោក​នាយ​ខណ្ឌ​គាត់​ចុះ​ទៅ​ហ្នឹង ខ្ញុំ​អត់​ទាន់​បាន​សួរ​នាំ។ កាប់​ឈើ​ហ្នឹង​វា​ជា​រឿង​មួយ​ខុស​ហើយ ប៉ុន្តែ​ចង់​និយាយ​ថា​ចាំមើល​ឯកសារ​ពាក់ព័ន្ធ​ទាំង​អាជ្ញាធរ​ស្រុក ឃុំ​អី គាត់​ស៊ីញ៉េ​តាំងពី​២០០៤​ឯណោះ»

មន្ត្រី​ស៊ើបអង្កេត​សមាគម​អាដហុក​ខេត្ត​រតនគិរី លោក ប៉ែន ប៊ុណ្ណារ៍ មាន​ប្រសាសន៍​ពី​ករណី​នេះ ៖ «ពីរ​ថ្ងៃ​នេះ​យើង​បាន​ទទួល​ពាក្យ​បណ្ដឹង​ពី​ពលរដ្ឋ ឃើញ​ថា​មាន​ការកាប់​រំលំ​ដើម​ឈើ​ធំៗ ហើយ​រហូត​ដល់​កាប់​ឈើ​សម្រាប់​ធ្វើ​អាជីវកម្ម​ថែម​ទៀត ដែល​មាន​រាប់​រយ​ម៉ែត្រ​គូប។ អ្នក​ដែល​ពាក់ព័ន្ធ​ហ្នឹង​សុទ្ធតែ​ជា​អ្នក​មាន​អំណាច ដែល​ពេល​ខ្លះ​ធ្វើ​ឲ្យ​អាជ្ញាធរ​សមត្ថកិច្ច​មាន​ការខ្លាច​រអារ»

ក្នុង​ឆ្នាំ​២០០៨​នេះ​សមាគម​អាដហុក​ខេត្ត​រតនគិរី​រាយការណ៍​ថា ប្រជាសហគមន៍​បាន​រក​ឃើញ​ទីតាំង​ឈូស​ឆាយ​ព្រៃ​ឈើ​យក​ដី​ដាំ​កៅស៊ូ​និង​ទីតាំង​កាប់​ឈើ​ធ្វើ​អាជីវកម្ម​ជា​ច្រើន​កន្លែង​ទាក់ទិន​មន្ត្រី​មាន​អំណាច ក៏​ប៉ុន្តែ​ពុំ​មាន​ចំណាត់ការ​អ្វី​តាម​ផ្លូវ​ច្បាប់​នោះ​ឡើយ៕