មន្ត្រី​កង​អង្គរក្ស​នាយក​រដ្ឋមន្ត្រី​ច្រាន​ចោល​របាយការណ៍​កាប់​ឈើ​យក​ដី​ពាក់ព័ន្ធ​នឹង​ឧត្ដមសេនីយ៍​ម្នាក់

មន្ត្រី​ថ្នាក់​ជំនួយការ​នៃ​កង​អង្គរក្ស​លោក​នាយក​រដ្ឋមន្ត្រី​បាន​ប្រតិកម្ម​ច្រាន​ចោល​របាយការណ៍​មាន​ការកាប់​ព្រៃ​ឈើ​ឈូសឆាយ​យក​ដី​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ឧត្តមសេនីយ៍​ឯក ហ៊ុយ ពិសិដ្ឋ មេ​បញ្ជាការ​កង​អង្គរក្ស​នោះ។

0:00 / 0:00

ប្រតិកម្ម​នេះ​គឺ​ជា​ការឆ្លើយ​តប​ទៅ​នឹង​សេចក្តី​រាយការណ៍​ដែល​អះអាង​ថា មាន​ការកាប់​ឈើ​មូល​ប្រមាណ​៣០០​ម៉ែត្រ​គូប​នៅ​តំបន់​ព្រៃ​ឈើ​ក្នុង​ឃុំ​សេដា ស្រុក​លំផាត់ ដើម្បី​ពង្រីក​យក​ដី​ការដ្ឋាន​ដាំ​កៅស៊ូ​នាយ​ឧត្តមសេនីយ៍​ជាន់ខ្ពស់​ខាង​លើ​នោះ។

វរសេនីយ៍​ទោ ហ៊ុន សុខា តំណាង​លោក ហ៊ុយ ពិសិដ្ឋ បាន​មក​ដល់​បន្ទប់​ធ្វើការ​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី​ប្រចាំ​ខេត្ត​រតនគិរី​នៅ​ថ្ងៃ​ពុធ ទី​២៤ ធ្នូ ឆ្នាំ​២០០៨ បញ្ជាក់ ៖ «ដែល​ថា ឯកឧត្ដម ហ៊ុយ ពិសិដ្ឋ ទៅ​រុករាន​ទន្ទ្រាន​យក​ដី​ឬ​កាប់​ព្រៃ​នោះ​គឺ​ជា​ព័ត៌មាន​មួយ​និយាយ​បំផ្លើស ឈើ​នោះ​គឺ​យើង​ប្រមូល​ឈើ​ចាស់ៗ​តាំង​ពី​ជំនាន់​ចម្ការ​បង​ប្អូន​ដែល​គាត់​កាប់​មុន​នោះ យើង​ប្រមូល​យក​មក​ទុក​ដើម្បី​ធ្វើ​ជា​ផ្ទះ​និង​ស្ពាន​ហ្នឹង​តាម​សំណើ​ប្រជាពលរដ្ឋ​ដែល​គាត់​ស្នើសុំ​ទេ»

តាម​ឯកសារ​ដែល​លោក​នាំ​មក​ជាមួយ​បង្ហាញ​ថា ដី​ចំនួន​១២០​ហិកតារ​នៅ​ភូមិ​បរទាត់ គឺ​ប្រជាសហគមន៍​ជា​អ្នក​លក់​ឲ្យ​លោក​ឧត្តមសេនីយ៍​តាំង​ពី​ឆ្នាំ​២០០៤ ហើយ​អាជ្ញាធរ​ភូមិ ឃុំ និង​ស្រុក បាន​ចុះ​ហត្ថលេខា​លើ​ឯកសារ​លក់​ដី​ក្នុង​នោះ​៥០​ហិកតារ​ជា​ដី​ចម្ការ​ចាស់​ដី​៣០​ហិកតារ​ជា​ដី​ដែល​អ្នក​ភូមិ​កាប់​រាន​រួច​ជា​ស្រេច មាន​ឈើ​មូល​កាប់​សេសសល់​ប្រមាណ​៣០​ទៅ​៤០​ដើម​និង​មួយ​ចំណែក​ទៀត​គឺ​ជា​ដី​ព្រៃ​ឈើ​មិន​ទាន់​កាប់​រាន។

តាម​មន្ត្រី​តំណាង​បញ្ជាក់​ថា អ្នក​ភូមិ​បាន​ស្នើសុំ​ធ្វើ​ស្ពាន​ចំនួន​២​ប្រវែង​៥២​ម៉ែត្រ​នៅ​តំបន់​នោះ​ជាមួយ​នឹង​ផ្លូវ​មួយ​ខ្សែ​ប្រវែង​១៤​គីឡូម៉ែត្រ​ទើប​លោក​ប្រមូល​ឈើ​ចាស់​នោះ​ដើម្បី​ស្នើសុំ​ទៅ​អាជ្ញាធរ​ខេត្ត​អារ​ច្រៀក​ធ្វើ​ស្ពាន​និង​ផ្ទះ​កម្មករ​តែ​ប៉ុណ្ណោះ។

យ៉ាង​នេះ​ក្តី​តាម​ប្រភព​ព័ត៌មាន​ដែល​វិទ្យុ​អាស៊ីសេរី​ទទួល​បាន​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​នៅតែ​អះអាង​ថា ឈើ​ដែល​រក​ឃើញ​នៅ​ការដ្ឋាន​ដាំ​កៅស៊ូ​របស់​លោក​ឧត្តមសេនីយ៍​ពិត​ជា​ឈើ​ថ្មី​ហើយ​មាន​បរិមាណ​ពី​៣០០​ទៅ​៤០០​ម៉ែត្រ​គូប​ឯណោះ។

កាលពី​ថ្ងៃ​អង្គារ ប្រធាន​ផ្នែក​នៃ​ខណ្ឌរដ្ឋបាល​ព្រៃ​ឈើ​ទទួល​បន្ទុក​ស្រុក​លំផាត់ លោក ឡេង យុក មាន​ប្រសាសន៍​ថា​ក្រុម​លោក​រក​ឃើញ​ឈើ​មូល​៣៨​ដើម។

ចំណែក​នាយ​ខណ្ឌរដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​រតនគិរី លោក យូកាស វិមាន នៅ​ថ្ងៃ​ពុធ​នេះ​អះអាង​ថា ៖ «ខាង​ផ្នែក​គេ​កំពុង​តែ​ធ្វើ​កិច្ចការ​អស់​ហ្នឹង ខេត្ត​អត់​ទាន់​បាន​រាយការណ៍​មក​ខ្ញុំ​នៅ​ឡើយ»

មេ​ឃុំ​សេដា លោក ភុំ ផាន់ មាន​ប្រសាសន៍​ថា អ្នក​ភូមិ​គឺ​ជា​អ្នក​លក់​ដី​ហើយ​ដី​មួយ​ចំណែក​គឺ​ជា​តំបន់​ព្រៃ​ឈើ ៖ «ដោយសារ​មាន​ផ្តិត​មេ​ដៃ​ប្រជាពលរដ្ឋ​ច្រើន​នាក់​ហើយ​ព្រមព្រៀង​តើ បាន​មេ​ភូមិ​គេ​ស៊ីញ៉េ មេ​ឃុំ​ស៊ីញ៉េ វ៉ៃ​ត្រា​ទៅ។ គេ​លក់​ហើយ​តែ​មិន​ស្រួល​គេ​កាប់​ឈើ​ហ្នឹង​ហើយ»

មន្ត្រី​ស៊ើប​អង្កេត​សមាគម​អាដហុក លោក ប៉ែន ប៊ុណ្ណារ៍ មាន​ប្រសាសន៍​ថា ៖ «សម្ដេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន លោក​ថា កុំ​ថា​ឡើយ​ដី​ព្រៃ​សូម្បីតែ​ដី​ចម្ការ​វិល​ជុំ​ដែល​ប្រើប្រាស់​បាន​តែ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​គឺ​មិន​អាច​លក់​ដូរ​បាន​ទេ។ បើ​យើង​និយាយ​ដី​ព្រៃ​ទៀត​គឺ​ជា​ដី​ទ្រព្យ​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ»

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន កាលពី​ពេល​ថ្មីៗ​នេះ​បាន​ប្រកាស​នៅ​ក្នុង​វេទិកា​ពិភាក្សា​ជាមួយ​ប្រទេស​ផ្តល់​ជំនួយ​ថា នឹង​ដាក់​វិធានការ​មុតមាំ​បំផុត​ដើម្បី​ទប់ស្កាត់​ការកាប់​បំផ្លាញ​ព្រៃ​ឈើ​ឲ្យ​បាន​ល្អ​ប្រសើរ៕