បុរសអ្នកភូមិគោកក្រូចនៃឃុំសំបួរម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះបានមានប្រសាសន៍កាលពីថ្ងៃអង្គារទី២០ ខែធ្នូថា ពេលបច្ចុប្បន្ននេះ ការប្រើឧបករណ៍នេសាទធំៗ ខុសច្បាប់កំពុងកើតមាននៅក្នុងបឹងទន្លេសាបនៃទឹកដីឃុំសំបួររបស់ស្រុកក្រឡាញ់ខេត្តសៀមរាប ដែលជាប់ព្រំប្រទល់គ្នាជាមួយនឹងឃុំពាមសីមា ស្រុកឯកភ្នំរបស់ខេត្តបាត់ដំបង។
សំឡេង៖ «រ៉ាវឡើងរាប់គីឡូដីប្រហែល ៥ គីឡូ (ម៉ែត្រ) ចាប់តាំងពីមាត់ពាមព្រែកតាឡកទៅវាលដំរីស្លាប់ដីឃុំសំបួរ ជាប់ទៅដីឃុំស្រណាល ស្រុកក្រឡាញ់យើង ៣ ខ្សែ ហើយម្ចាស់វានៅខាងបាត់ដំបងទាំងអស់ ឈ្មោះ ធី ឈ្មោះ ហាំង»។
ប្រភពដដែលបានបញ្ជាក់ថា ប្រជាពលរដ្ឋជាច្រើន ដែលរស់នៅក្នុងភូមិគោកក្រូចសុទ្ធតែបានដឹងអំពីការនេសាទខុសច្បាប់នោះ ហើយគេក៏ធ្លាប់បានប្រាប់ទៅអាជ្ញាធរមូលដ្ឋានដែរ។ ក៏ប៉ុន្តែគេមិនឃើញមានការបង្ក្រាបទៅលើអំពើនេសាទខុសច្បាប់នោះទេ។
រដ្ឋាភិបាលកម្ពុជាធ្លាប់បានបង្ហាញការព្រួយបារម្ភចំពោះការប្រើឧបករណ៍នេសាទត្រីខុសច្បាប់នៅក្នុងបឹងទន្លេសាបកន្លងទៅថា គឺជាមូលហេតុដែលបណ្ដាលឱ្យពូជមច្ឆាជាតិបាត់បង់ និងថយចុះ។ ចំណែកមន្ត្រីរដ្ឋបាលជលផល បានច្រានចោលការអះអាងរបស់ក្រុមប្រជាពលរដ្ឋទាំងនោះថា ជាការមិនពិតទេ។
លោក ព្រិន សារិន ជានាយខណ្ឌរដ្ឋបាលជលផលប្រចាំខេត្តសៀមរាប នៃអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប។ លោកមានប្រសាសន៍ថា មិនមានបទល្មើសនេសាទណាមួយកើតមាននៅតំបន់នោះដូចការអះអាងរបស់អ្នកភូមិឡើយ។ លោកមានប្រសាសន៍ទៀតថា តំបន់ព្រែកតាឡកនោះ គឺជាអតីតតំបន់ឡូត៍នេសាទលេខមួយ ដែលបច្ចុប្បន្នជាកន្លែងការពារមេត្រីពូជ ដោយមានមន្ត្រីជលផល និងសហគមន៍នេសាទប្រចាំការនៅទីនោះ ប្រសិនបើមានឧបករណ៍នេសាទខុសច្បាប់មិនអាចកំបាំងភ្នែកអាជ្ញាធរទីនោះបានទេ។
លោក ព្រិន សារិន៖ «មិនដូច្នោះទេ គឺយើងបានចុះទៅបង្ក្រាបជាប្រចាំ ហើយសហគមន៍យើងខ្ញុំនៅទីនោះដែរ។ វាមិនអាចកំបាំងនឹងភ្នែកច្រមុះគេទេ រាប់សិបគីឡូនោះ វានៅក្នុងព្រែកវាដាក់លបដាក់រ៉ាវនោះវាអត់បិទបាំងបានទេ»។
ទោះយ៉ាងណាលោក ស៊ឹម សោភ័ណ ដែលជាសមាជិកក្រុមប្រឹក្សាស្រុកក្រឡាញ់បានអះអាងថា៖ការប្រាប់របស់ក្រុមអ្នកភូមិអំពីបទល្មើសនេសាទនៅតំបន់នោះ គឺជាការពិត។ លោក ស៊ឹម សោភ័ណ បានមានប្រសាសន៍ថា៖លោកធ្លាប់បានលើកបញ្ហានេះទៅជជែកក្នុងអង្គប្រជុំក្រុមប្រឹក្សាស្រុកក្រឡាញ់ម្ដងមកហើយ កាលពីដើមខែធ្នូកន្លងទៅ។
លោក ស៊ឹម សោភ័ណ៖ «មាន ៣ ខ្សែធំៗ ប្រវែង ៣ គីឡូ (ម៉ែត្រ) ៥ គីឡូ (ម៉ែត្រ) ៣ នាក់ស្គាល់ទាំងម្ចាស់ទៀតនោះ»។
សមាជិកក្រុមប្រឹក្សាស្រុកក្រឡាញ់ដដែល បានបញ្ជាក់ពីមូលហេតុ ដែលនាំឱ្យបរាជ័យក្នុងការបង្ក្រាបបទល្មើសនោះថា អាជ្ញាធរស្រុកក្ដីឬក៏មន្ត្រីជលផលក្ដីនៅពេលដែលចុះទៅធ្វើសកម្មភាពបង្ក្រាបនោះ គឺក្រុមឈ្មួញតែងទូរស័ព្ទឱ្យក្រុមអ្នកពាក់ព័ន្ធ និងអំពើខុសច្បាប់ បើកកាណូតមកទទួលដឹកយកទៅ ហើយក្រុមអ្នកពាក់ព័ន្ធ និងអំពើនេសាទខុសច្បាប់ទាំងនោះ តែងដឹកអាជ្ញាធរពង្វាងផ្លូវមិនឱ្យឃើញកន្លែង ដែលពួកគេប្រើឧបករណ៍នេសាទខុសច្បាប់ទាំងនោះឡើយ៕