បច្ចុប្បន្ន បទល្មើសនេសាទគ្រប់ប្រភេទកំពុងកើតឡើងព្រោងព្រាតលើផ្ទៃទឹកបឹងទន្លេសាប ក្នុងខេត្តកំពង់ឆ្នាំង និងពោធិ៍សាត់ ទន្ទឹមពេលដែលអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធខ្លះមិនរវល់ជួយបង្ក្រាបទេ តែបែរជាទទួលប្រាក់ពីក្រុមអ្នកប្រព្រឹត្តបទល្មើសនេសាទទៅវិញ។
ប្រជាពលរដ្ឋក្រីក្រដែលរស់នៅតំបន់មាត់បឹងទន្លេសាប ក្នុងខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ បានត្អូញត្អែរថា បទល្មើសនេសាទកើតឡើងជាច្រើន ពិសេសគឺបទល្មើសម្យ៉ាងដែលគេហៅថាឈ្នក់។
ស្ត្រីអ្នកនេសាទម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះជាអ្នកភូមិកំពង់លួង ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ គាត់បានឲ្យដឹងនៅព្រឹកថ្ងៃទី១៧ ធ្នូ ថា បទល្មើសនេសាទឈ្នក់កំពុងកើតមានយ៉ាងច្រើនទាំងក្នុងដែនទឹកនៃស្រុកក្រគរ ខេត្តពោធិ៍សាត់ និងដែនទឹកនៃស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ គាត់បន្តថា យូរៗទើបឃើញផ្នែកជំនាញជលផលចុះទៅបង្ក្រាបម្ដង តែពេលជលផលចេញផុត បទល្មើសបានកើតមានដដែល។
គាត់ថា ចំណែកខាងកម្លាំងប៉ូលិស និងប៉េអិម វិញ មិនបានជួយបង្ក្រាបទេ ផ្ទុយទៅវិញគេបានយកប្រាក់ពីជនល្មើសដោយទុកឲ្យបទល្មើសនៅតែបន្ត៖ «មូលហេតុអីបានជាខាងនគរបាលចរាចរណ៍ ប៉េអិមអី គេកាន់ក្ដាប់រឿងបង់លុយបង់កាក់អ៊ីចឹង។ ប្រជាពលរដ្ឋយើងអត់ ហើយបើមិនរក គឺអត់បាយ ម្ល៉ោះហើយចេះតែប្រឹងរក។ មួយទូកពី ១៥ម៉ឺនទៅ ២០ម៉ឺន»។
ចំណែកអ្នកភូមិកៀនតាម៉ា នៅឃុំកំពង់អុស ស្រុកជលគីរី ក៏បានឲ្យដឹងដែរថា បទល្មើសនេសាទឈ្នក់កំពុងកើតមានជារៀងរាល់យប់នៅចំណុចបឹងធំ ដោយពុំឃើញមានអាជ្ញាធរជំនាញ ឬអាជ្ញាធរដែនដីចុះមកបង្ក្រាបឡើយ៖ «ប៉ូលិសគេអត់រវីរវល់ចាប់រឿងនេសាទខុសច្បាប់នេះទេ។ តែបើប្រជាពលរដ្ឋដាក់លបអីបន្តិចបន្តួច តាមចាប់គ្នា។ តែបើឈ្នក់ពេញទន្លេ គេអត់ចាប់។១យប់ៗ បានត្រីបីបួនតោន រួចខាងអាជ្ញាធរបែរជាថាជាការនេសាទលក្ខណៈគ្រួសារវិញ ដូចជាមិនសម»។
យ៉ាងនេះក្ដី នាយខណ្ឌរដ្ឋបាលជលផលនៃខេត្តទាំង២ មានប្រសាសន៍ប្រហាក់ប្រហែលគ្នាថា ផ្នែកជំនាញបានប្រឹងប្រែងបង្ក្រាបដែរ តែបង្ក្រាបមិនឈ្នះ។ ដោយសារបទល្មើសនេសាទប្រភេទឈ្នក់នេះ លុះត្រាមានការជួយសហការពីប្រជាពលរដ្ឋ ឬអាជ្ញាធរដែនដី ទើបសង្ឃឹមថាការបង្ក្រាបមានប្រសិទ្ធភាព។
លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ ពន្យល់ថា ការនេសាទដោយប្រើឧបករណ៍ឈ្នក់ មិនមែនសុទ្ធតែខុសច្បាប់ទេ ប្រសិនបើគេអនុវត្តន៍ត្រឹមត្រូវតាមការណែនាំរបស់ផ្នែកជំនាញជលផល៖ «គឺជាឧបករណ៍ដែលច្បាប់កំណត់ឲ្យធ្វើបាន ក៏ប៉ុន្តែហាមមិនឲ្យលួចប្រើភ្លើងពេលយប់ ទី២ គឺអត់ឲ្យបាចនុយ និងទី៣ គឺក្រឡាអួនឲ្យស្របតាមច្បាប់កំណត់។ យើងចុះបង្ក្រាប ៦ទៅ៧ដងហើយ។ ពេលលោកកំពុងសួរខ្ញុំនេះ គឺយើងកំពុងបង្ក្រាបនៅកំពង់ថ្គោល។ ជួនកាលគាត់មើលឃើញបង្គោលនៅពេលថ្ងៃ គាត់សន្និដ្ឋានថាជាបទល្មើស គឺមិនមែនទេ ទាល់តែយើងពិនិត្យនៅពេលយប់ទើបដឹង»។
ប្រហាក់ប្រហែលគ្នានេះដែរ នាយរងខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង លោក លី ឡា មានប្រសាសន៍ថា បន្ទាប់ពីទទួលបានព័ត៌មាននេះ ផ្នែកជំនាញនឹងធ្វើការឆ្មក់បង្ក្រាបបទល្មើសនេះ។
យ៉ាងនេះក្ដី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឱកាសចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋនៅភូមិអូរសោម ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា កន្លងទៅបានព្រមានថា ការទុកឲ្យកើតមានភាពអនាធិបតេយ្យនេសាទ គឺជាចរិតរុញឲ្យខ្លោចរោចឲ្យឆៅចំពោះគោលនយោបាយលុបឡូត៍របស់រាជរដ្ឋាភិបាល៖ «ខ្ញុំអាចគិតបានថា បើសិនជាអស់លោកមិនអាចធ្វើរឿងនេះបាន គឺអស់លោកកំពុងតែរុញឲ្យខ្លោចរោចឲ្យឆៅ។ មានន័យថាម៉េច? អស់លោកចង់ផ្ចាញ់ផ្ចាលខ្ញុំ ថាខ្ញុំកាត់ឡូត៍នេសាទជូនប្រជាពលរដ្ឋនេះ នាំឲ្យមានបញ្ហាអនាធិបតេយ្យលើបញ្ហានេសាទទៅវិញ ដើម្បីឲ្យរដ្ឋាភិបាលទ្រាំមិនបានបង្កើតឡូត៍នេសាទឡើងវិញ។ មើលអស់លោកដាក់មើល វាអត់មានអីខ្លាំងទេ! បញ្ហាវាស្ថិតនៅត្រង់យើងទេ តើយើងមើល ឬមិនមើល។ ដល់តែតឹងៗជ្រុល ដល់តែធូរៗហួស!»។
ឈ្នក់ គឺជាប្រភេទឧបករណ៍នេសាទម្យ៉ាងដែលមានសណ្ឋានដូចថ្នងមានចំពាស់៤ និងមានដង១។ តាមច្បាប់ជលផល ឧបករណ៍នេះមិនមែនជាឧបករណ៍នេសាទខុសច្បាប់ទេ តែបើអ្នកនេសាទបន្ថែមឧបករណ៍គួបផ្សំផ្សេងបន្ថែមទៀត ដូចជាដាក់បន្ថែមភ្លើងបំភ្លឺនៅពេលយប់ ឬបាចនុយបញ្ឆោតឲ្យត្រីផ្ដុំមកស៊ីនុយ និងប្រើអួនក្រឡាក្រោម ៣ហ៊ុនកន្លះ សម្រាប់ធ្វើឈ្នក់នោះ ទើបការនេសាទដោយប្រើឧបករណ៍ឈ្នក់ក្លាយជាការនេសាទខុសច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។