ក្នុងរយៈពេល ៥ ថ្ងៃមកនេះ ចំនួនជនភៀសសឹកចេះតែកើនឡើងនៅស្របពេល ដែលស្ថានការណ៍ប្រយុទ្ធគ្នារវាងទាហានខ្មែរ និងថៃរឿងទំនាស់ព្រំដែននៅមិនទាន់ចប់។
មន្ត្រីមន្ទីរសុខាភិបាលថ្លែងថា ជំងឺរលាកសួត ផ្ដាសាយ និងជំងឺរាក កំពុងយាយីជនភៀសសឹក ដែលស្នាក់នៅក្នុងជំរំ ប្រមូលផ្ដុំគ្នាច្រើន ហើយរងកម្ដៅថ្ងៃ និងបរិយាកាសផ្លាស់ប្ដូរពួកគេពុំធ្លាប់ជួបប្រទះពីមុនមក។
មន្ត្រីសាខាកាកបាទក្រហមកម្ពុជាប្រចាំខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ចំនួនជនភៀសសឹក ដែលគេចចេញពីការប្រយុទ្ធគ្នាដ៏ខ្លាំងក្លារវាងទាហានខ្មែរ-ថៃនៅតាមបន្ទាត់ព្រំដែន រហូតមកដល់ពេលនេះ មានចំនួនកើនឡើងជាច្រើនដង បើប្រៀបធៀបទៅនឹងចំនួនជនភៀសសឹកកាលពីថ្ងៃសុក្រទី ២២ ខែមេសា ជាថ្ងៃទីមួយដែលការប្រយុទ្ធគ្នាចាប់ផ្ដើម។
នៅរសៀលថ្ងៃច័ន្ទទី ២៥ ខែមេសា គណៈកម្មការប្រតិបត្តិកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យ លោក ស សេងហ៊ាង មានប្រសាសន៍ថា រហូតមកដល់ថ្ងៃនេះ ជនភៀសសឹកមានចំនួនកើនឡើងដល់ជាង ៤៤០០ គ្រួសារស្មើនឹងមនុស្សចំនួនជាង ១៧៨០០ នាក់ហើយ។
ដោយសារតែចំនួនជនភៀសសឹកកើនឡើងច្រើនយ៉ាងនេះ អាជ្ញាធរបានរៀបចំជំរំស្នាក់នៅបណ្ដោះអាសន្នចំនួន ៧ កន្លែង សម្រាប់ទទួលប្រជាពលរដ្ឋស៊ីវិលទាំងនោះ។
លោក ស សេងហ៊ាង ៖ «នៅស្រុកបន្ទាយអំពិលមានជំរំសាលាបឋមសិក្សាពោធិថ្មី ៣៧៣ គ្រួសារ។ នៅបេងពីម្សិលមិញ ៦៧៦ គ្រួសារ។ នៅវត្តគោកឪឡោកចំនួន ៨១៧ គ្រួសារ។ នៅកញ្ជ្រៀចខ្ញុំក្ដាប់អត់ជាប់ទេកន្លែងនោះអត់ហ៊ានរាយការណ៍ទេ។ នៅវត្តគោកគ ៧៣៣ គ្រួសារ។ នៅវត្តសំរោងរបាយការណ៍ចុងក្រោយយម៉ោង ៥ ជាងហើយ ១២៩៥ គ្រួសារ ហើយនៅសាលាបឋមសិក្សាអូរឫស្សីចំនួនគ្រួសារ ៤០៧»។
មន្ត្រីដដែលបានឱ្យដឹងថា ជនភៀសសឹកខ្លះទៀតមិនទាន់បានចូលស្នាក់នៅក្នុងជំរំនៅឡើយទេ ដោយស្នាក់នៅតាមផ្ទះបងប្អូន និងមួយចំនួនទៀតបានភៀសខ្លួនទៅដល់ឃុំបន្ទាយឆ្មារស្រុកថ្មពួកខេត្តបន្ទាយមានជ័យឯណោះ។
កាលពីថ្ងៃសុក្រទី ២២ ខែមេសា ដែលជាថ្ងៃទាហានខ្មែរ និងថៃ បានប្រយុទ្ធគ្នាជាលើកដំបូងនៅតំបន់ព្រំដែនប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ចំនួនអ្នកភៀសសឹកចេញពីផ្ទះសម្បែងមានប្រមាណជាង ១១០០ គ្រួសារប៉ុណ្ណោះចូលទៅទីក្រុងសំរោង។
មន្ត្រីកាកបាទក្រហមកម្ពុជាបានឱ្យដឹងថា គេបានផ្តល់អង្ករប្រមាណជាង ៥០ តោនចែកជូនដល់ជនភៀសសឹកទាំងនោះ។ ប៉ុន្តែចំនួនអង្គរនោះនឹងមិនអាចឱ្យជនភៀសសឹកដ៏ច្រើនយកទៅដាំបាយទទួលទានបានយូរថ្ងៃឡើយ។
មន្ត្រីសុខាភិបាលបានឱ្យដឹងថា ជនភៀសសឹកមួយចំនួន ដែលកំពុងស្នាក់នៅបណ្ដោះអាសន្នក្នុងជំរំ កំពុងប្រឈមមុខនឹងជំងឺ។
អនុប្រធានមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ លោក ប្លុង ឆំ បានថ្លែងថា គេកំពុងរាយបណ្ដាក់មន្ត្រីសុខភាពជាច្រើនឱ្យប្រចាំការនៅតាមជំរំជនភៀសសឹក ដើម្បីពិនិត្យ និងព្យាបាលប្រជាពលរដ្ឋដែលមានជំងឺ។
លោក ប្លុង ឆំ ៖ «ជំងឺមកដល់ថ្ងៃនេះមានត្រឹមផ្ដាសាយ រលាកសួត ហើយនិងជំងឺរាក ដែលមិនជាធំដុំទេ គឺយើងឱ្យថ្នាំរាល់តែថ្ងៃ មានដូចជាខ្វះជាតិស្ករ ឬក៏ខ្យល់គអី។ វាជាទូទៅព្រោះកាលណាគាត់ផ្លាស់ទីកន្លែងមក ដោយសារយើងនៅក្នុងតង់នៅក្នុងជំរំណាមនុស្សវាច្រើនទៅ វាអាចផ្លាស់ប្តូរអាកាសធាតុវាធ្វើឱ្យគាត់មានជំងឺគ្រុនក្ដៅអីបន្តិចបន្តួច»។
ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តឧត្តរមានជ័យ គឺលោក អ៊ឹង បូរ៉ាត់ ថ្លែងថា ស្របពេលដែលជនភៀសសឹកជាច្រើនបានចាកចោលផ្ទះសម្បែង ដោយសារតែភ័យខ្លាចការប្រយុទ្ធគ្នារវាងទាហានខ្មែរ និងថៃនោះ បណ្ដាលឱ្យសាលាបឋមសិក្សាចំនួន ៦៧ និងសាលាមធ្យមសិក្សាចំនួន ១២ ទៀត នៅក្នុងស្រុកចំនួន ៤ បានបិទទ្វាផ្អាកការសិក្សាបណ្ដោះអាសន្ន៕