អ្នក​វិនិយោគទុន​ជប៉ុន​ស្វែង​យល់​ស្ថានការណ៍​វិនិយោគ​នៅ​កម្ពុជា

អ្នក​វិនិយោគទុន​ជប៉ុន មួយ​ក្រុម ដែល​មាន​សមាជិក​ចំនួន​ជាង ១០០​នាក់ មក​ពី​ក្រុមហ៊ុន​ចំនួន ៦០​ក្រុមហ៊ុន បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី៨ ខែ​កុម្ភៈ ដើម្បី​ស្វែង​យល់​អំពី​ស្ថានការណ៍​វិនិយោគទុន និង​ឱកាស​មក​បណ្ដាក់​ទុន​នៅ​ប្រទេស​កម្ពុជា។

0:00 / 0:00

អ្នក​វិនិយោគទុន​ជប៉ុន ទាំង​នោះ បាន​ជួប​ប្រជុំ​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ចម ប្រសិទ្ធិ ជួប​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​ជួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន លោក ត្រាំ អ៊ីវតឹក មុន​នឹង​ជួប​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន នៅ​ល្ងាច​ថ្ងៃ​ទី៨ ខែ​កុម្ភៈ។

នេះ​គឺ​ដំណើរ​ទស្សនកិច្ច​លើក​ទី៣​ហើយ​របស់​អ្នក​វិនិយោគទុន​ជប៉ុន មក​កម្ពុជា ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លង​មក​នេះ។

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ចម ប្រសិទ្ធិ និង​ជា​ទេសរដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​ទៅ​កាន់​អ្នក​វិនិយោគទុន​ជប៉ុន ជាង ១០០​នាក់​នោះ​ថា កម្ពុជា មាន​ចំណុច​ខ្លាំង និង​មាន​សក្ដានុពល​ជាច្រើន ដើម្បី​ទាក់​ទាញ​ឲ្យ​អ្នក​វិនិយោគទុន​ជប៉ុន ឲ្យ​សម្រេច​ចិត្ត​មក​វិនិយោគទុន​នៅ​កម្ពុជា នៅ​គ្រា​ដែល​ប្រទេស​កម្ពុជា និង​ប្រទេស​ជប៉ុន បាន​ភ្ជាប់​ទំនាក់ទំនង​ការទូត​ជាមួយ​គ្នា​រយៈពេល ៦០​ឆ្នាំ​មក​ហើយ គឺ​តាំង​ពី​ឆ្នាំ​១៩៥៣ មក។

ចំណុច​ខ្លាំង​ទាំង​នោះ​មាន​ដូច​ជា ទី១ កម្ពុជា មាន​ស្ថិរភាព​នយោបាយ​ជាច្រើន​ឆ្នាំ​មក​ហើយ ទី២ កម្ពុជា មាន​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច (Macroeconomic) និង​ទី៣ កម្ពុជា ប្រកាន់​យក​គោលការណ៍​តម្លាភាព និង​ក្របខណ្ឌ​ច្បាប់​នានា ដើម្បី​ធានា និង​ការពារ​អ្នក​វិនិយោគទុន​ជាតិ និង​អន្តរជាតិ។

មួយ​វិញ​ទៀត កម្ពុជា គឺ​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ក្រីក្រ​បំផុត​ចំនួន ៤៨​ប្រទេស នៅ​លើ​ពិភពលោក ដែល​មាន​សិទ្ធិ​នាំ​ចេញ​ទំនិញ​សម្លៀកបំពាក់ អង្ករ និង​ទំនិញ​ដទៃ​ទៀត​ទៅ​ទីផ្សារ​សហភាព​អឺរ៉ុប (EU) សហរដ្ឋ​អាមេរិក ប្រទេស​កាណាដា និង​ប្រទេស​ដទៃ​ទៀត​ដោយ​រួច​ពន្ធ។

ជាមួយ​គ្នា​នេះ ប្រទេស​កម្ពុជា បាន​ក្លាយ​ជា​សមាជិក​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) តាំង​ពី​ឆ្នាំ​២០០៤ កន្លង​មក ដូច្នេះ​កម្ពុជា ប្រកាន់​យក​ការ​អនុវត្ត​តាម​គោលការណ៍​ច្បាប់​នានា​របស់​អង្គការ​នេះ​ជា​អាទិភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ពាណិជ្ជកម្ម។

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ចម ប្រសិទ្ធិ បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​នៅ​ថ្ងៃ​ទី៨ ខែ​កុម្ភៈ ថា អ្នក​វិនិយោគទុន​ជប៉ុន កំពុង​តែ​សម្លឹង​ឃើញ​ប្រទេស​កម្ពុជា ថា​ជា​កន្លែង​ផលិតកម្ម​នានា​ដើម្បី​នាំ​ចេញ​នៅ​លើ​ពិភពលោក​នា​ពេល​ខាង​មុខ​នេះ។

លោក ចម ប្រសិទ្ធិ៖ «ប៉ុន្តែ​អ្វី​ដែល​យើង​បាន​ឃើញ​ថា និន្នាការ​របស់​ជប៉ុន បាន​ចាប់​ផ្ដើម​ប្រែប្រួល​ក្នុង​រង្វង់ ២​ឆ្នាំ​កន្លង​មក​នេះ គឺ​មាន​ការ​ប្រែប្រួល​ខ្លាំង ដោយ​គេ​ឃើញ ទី១ ស្ថិរភាព​នយោបាយ និង​ស្ថិរភាព​សេដ្ឋកិច្ច​របស់​កម្ពុជា យើង​ផង។ ហើយ​ដោយ​សារ​មាន​ការ​តានតឹង​ជាមួយ​ប្រទេស​មួយ​ចំនួន​ហ្នឹង គេ​ឃើញ​ថា នៅ​តែ​កន្លែង​យើង​ទេ ដែល​ចេញ​កន្លែង​យើង​ទៅ ទៅ​កន្លែង​ណា​ក៏​ទៅ​បាន​ដែរ។ អីចឹង​ហើយ យើង​ឃើញ​ថា​ជប៉ុន ក៏​ចាប់​ផ្ដើម​គិតគូរ​ចូល​មក​វិនិយោគ​នៅ​កម្ពុជា ច្រើន​ឡើងៗ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា យើង»

ជាមួយ​គ្នា​នេះ តំណាង​អ្នក​វិនិយោគទុន​ជប៉ុន ម្នាក់​បាន​លើក​ឡើង​ក្នុង​កិច្ច​ប្រជុំ​នោះ​ថា លោក​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​របាយការណ៍​ថា ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់​នៅ​កម្ពុជា មិន​សូវ​ល្អ តម្លៃ​ចរន្ត​អគ្គិសនី​ថ្លៃ​ជាង​ប្រទេស​ជិត​ខាង និង​មាន​បញ្ហា​អំពើ​ពុក​រលួយ និង​បញ្ហា​មិន​តម្លាភាព​ជាដើម។

ឆ្លើយ​តប​នឹង​ការ​ព្រួយ​បារម្ភ​នេះ លោក ចម ប្រសិទ្ធិ បាន​ពន្យល់​ថា កម្ពុជា មាន​យន្តការ​ដោះស្រាយ​បញ្ហា​អំពើ​ពុក​រលួយ និង​កំពុង​តែ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ទាំង​នោះ។

គេ​បាន​កត់​សម្គាល់​ថា ប្រទេស​ជប៉ុន គឺ​ជា​ប្រទេស​មហា​មិត្ត​របស់​កម្ពុជា មួយ​ដែរ និង​បាន​ផ្តល់​ជំនួយ​ច្រើន​រយ​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំៗ សម្រាប់​សាងសង់​ផ្លូវ​ថ្នល់ ស្ពាន និង​គម្រោង​អភិវឌ្ឍន៍​សំខាន់ៗ​ដទៃ​ទៀត ប៉ុន្តែ​ប្រទេស​ជប៉ុន នៅ​តែ​ជា​ប្រទេស​ដែល​មាន​ទំហំ​វិនិយោគទុន​តិចតួច​នៅ​កម្ពុជា កន្លង​មក។

រហូត​ដល់​ឆ្នាំ​២០១២ កន្លង​មក​នេះ របាយការណ៍​បាន​ឲ្យ​ដឹង​ថា ប្រទេស​ជប៉ុន បាន​ឈរ​នៅ​លំដាប់​ទី៤ ដែល​មាន​ទំហំ​វិនិយោគ និង​ពាណិជ្ជកម្ម​បាន​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​ដល់​ចំនួន ៦៤១​លាន​ដុល្លារ​អាមេរិក។

វិនិយោគទុន​ជប៉ុន នោះ​មាន​ដូច​ជា​ក្រុម​អ្នក​ធ្វើ​នំ ក្រុមហ៊ុន​ធ្វើ​ម្រេច ក្រុមហ៊ុន​ផលិត​ម្សៅ​ស៊ុប (Ajinomoto) ក្រុមហ៊ុន​ផលិត​ម៉ូតូ​ហុងដា និង​យ៉ាម៉ាហា (Honda & Yamaha) ក្រុមហ៊ុន​ផលិត​ម៉ូទ័រ និង​ក្រុមហ៊ុន​ដទៃ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។