ចលនាខ្មែរសាមគ្គីដើម្បីប្រាសាទព្រះវិហារ ដែលមានមូលដ្ឋាននៅក្រុងប៉ារីសប្រទេសបារាំង គ្រោងរៀបចំពិធីបុណ្យបង្សុកូលឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធវីរយុទ្ធជនខ្មែរ៣នាក់ នៅថ្ងៃអាទិត្យ ទី៣០ ខែវិច្ឆិកា ខាងមុខនេះ នៅវត្តពោធិវង្ស ដែលបានពលីជីវិតក្នុងការប្រយុទ្ធការពារបូរណភាពទឹកដី តទល់ជាមួយក្រុមទាហានថៃ នៅតំបន់វាលឥន្ទ្រី ជ្រលងភ្នំទ្រព្យ កាលពីថ្ងៃទី១៥ តុលា ឆ្នាំ២០០៨ កន្លងមកនេះ។
លោក គិន រូហ្សេ អនុប្រធានចលនាខ្មែរសាមគ្គីដើម្បីប្រាសាទព្រះវិហារ បានមានប្រសាសន៍អំពីគោលដៅនៃពិធីបុណ្យបង្សុកូលនេះថា ៖ «យើងចង់បង្ហាញទឹកចិត្តរបស់យើងជាខ្មែរនៅខាងក្រៅដើម្បីប្រាប់ដល់បងប្អូនយើងនៅខាងក្នុងថា ទោះយ៉ាងណាក៏ដោយ មានការអីក៏ដោយ ក៏យើងរួមសាមគ្គីដើម្បីការពារទឹកដីយើងដែរ ទីពីរយើងចង់រំលែកទុក្ខគ្រួសារនៃអ្នកដែលបានស្លាប់ទៅហើយ ហើយឆ្លៀតឱកាសហ្នឹង ក៏អាចថា មានបងប្អូនខ្មែរយើងចូលជាថវិកាទៅ យើងនឹងបញ្ជូនផ្ទាល់ទៅដល់គ្រួសារដែលរងគ្រោះហ្នឹង។ ខ្ញុំបានធ្វើរួចហើយកាលពីខែមុន ខ្ញុំបានចុះទៅដល់ព្រះវិហារ ខ្ញុំបានទៅជួបគ្រួសារសព ក្នុងគ្រួសារសពនីមួយៗ ខ្ញុំបានជូនថវិកាចំនួន ៨០ម៉ឺនរៀល ហើយអ្នករបួស ខ្ញុំជូនគាត់ ៤០ម៉ឺនរៀល ហើយក្រោយមក ខ្ញុំដឹងថា អ្នករបួសហ្នឹងគេទៅភ្នំពេញ ខ្ញុំក៏បានតាមទៅជួបដល់ភ្នំពេញ នៅមន្ទីរពេទ្យព្រះកេតុមាលា ខ្ញុំក៏ជូនគាត់ម្នាក់ ១លានរៀលទៀត»។
លោក គិន រូហ្សេ បានមានប្រសាសន៍ឲ្យដឹងផងដែរថា គណៈកម្មាធិការប្រតិបត្តិនៃចលនាខ្មែរសាមគ្គីដើម្បីប្រាសាទព្រះវិហារ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០០៨ កន្លងមកនេះ បានយកអំណោយបច្ច័យបានមកពីបុណ្យផ្កាសាមគ្គី ចំនួនទឹកប្រាក់ជាងមួយម៉ឺនដុល្លារអាមេរិកដើម្បីប្រគេនព្រះសង្ឃនិងចែកជូនដល់ប្រជាពលរដ្ឋនិងក្រុមគ្រួសារយុទ្ធជនពលី។
លោក គិន រូហ្សេ មានប្រសាសន៍ដូច្នេះថា ៖ «ប្រាក់ដែលបាន គិតសរុបជាប្រាក់ដុល្លារ បាន ១ម៉ឺន១ពាន់៩៩ដុល្លារ។ នេះកាលពីលើកមុន។ ដូច្នេះលើកនេះ យ៉ាងម៉េចក៏យើងសង្ឃឹមថា មិនខុសពីលើកមុនប៉ុន្មានដែរ ព្រោះថា បងប្អូនខ្មែរយើងនៅទីនេះក៏មានការយកចិត្តទុកដាក់ពីបញ្ហាទឹកដីយើងនេះណាស់ ត្បិតតែយើងនៅឆ្ងាយពីស្រុក ប៉ុន្តែអារម្មណ៍និងចិត្តនៅជិតស្រុករហូត ឲ្យតែមានទុក្ខ យើងនាំគ្នាប្រជុំគ្នាពិភាក្សាថាត្រូវជួយស្រុកយើងរបៀបម៉េច។ ខ្មែរយើងនៅទីនេះ គឺថា ស្ទុះស្ទាណាស់។ ខ្ញុំធ្លាប់ធ្វើ[ញត្តិ]ផ្ញើទៅលោក សាកូហ្ស៊ី [ប្រធានាធិបតីបារាំង] គឺមានខ្មែរយើងស៊ីញ៉េពេញទឹកពេញដី ហើយគេផ្ញើត្រឡប់មកវិញ គឺគេដឹងរឿងយើងទាំងអស់»។
សូមជម្រាបជូនថា នៅថ្ងៃប្រារព្ធពិធីបុណ្យបង្សុកូលនៅថ្ងៃអាទិត្យខាងមុខនេះដែរ តាមប្រសាសន៍របស់លោក គិន រូហ្សេ ថា នឹងមានបញ្ចាំងជារូបភាពវីដេអូ អំពីភាពជាក់ស្តែងនៅក្នុងតំបន់ដែលកំពុងប្រឈមមុខគ្នាដោយអាវុធរវាងកងទ័ពខ្មែរនិងទាហានថៃ ហើយប្រាក់ដែលនឹងបានមកពីការរៃអង្គាសនៅថ្ងៃនោះដែរ នឹងយកទៅជួយបន្ថែមទៀតដល់ក្រុមទាហាន ប្រជាពលរដ្ឋនិងព្រះសង្ឃនៅតំបន់ប្រាសាទព្រះវិហារ៕