លោក អ៊ុន សុវណ្ណ ប្រធានមូលនិធិដើម្បីសង្គ្រោះនិស្សិតខ្មែរប្រចាំប្រទេសកាណាដា បានប្រាប់វិទ្យុអាស៊ីសេរីមុននេះ បន្តិចថា មូលនិធិលោកដែលបានបង្កើតឡើង កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ១៩៨១នោះ បានកសាងនូវអគារសិក្សាជាច្រើនខ្នងក្នុងខែត្រភាគខាងលិចប្រទេស។
លោក អ៊ុន សុវណ្ណ មានប្រសាសន៍រៀបរាប់ដូច្នេះថា ៖ «ខ្ញុំបញ្ជាក់ម្ដងទៀតថា អស់លោកខ្លះក៏ជ្រាប អស់លោកខ្លះក៏មិនទាន់ជ្រាបដែរ។ មូលនិធិសង្រ្គោះនិស្សិតខ្មែរ គឺជាអង្គការមនុស្សធម៌ ហើយមិនមែនជាអង្គការនយោបាយ គឺយើងជួយតែពីរឿងផ្នែកសិក្សាម្យ៉ាងគត់។ មូលនិធិនេះតាំងពីប៉ុន្មានឆ្នាំមករហូតមកដល់ខួប ២៧ឆ្នាំនេះ យើងបានសង់អគារសិក្សាបាន ១៤ខ្នង ហើយនិងផ្ទះសំណាក់គ្រូ ហើយនិងសិស្សពីរខ្នង ដូច្នេះបានន័យថាយើងសង់នៅស្រុកខ្មែរបាន ១៦អគារហើយ»។
លោកបន្តថា វិភាគទានបានមកពីរាត្រីសមោសរថ្ងៃនេះ គឺដើម្បីបង្ហើយអគារសិក្សាមួយខ្នងទៀត ៖ «ឆ្នាំនេះយើងធ្វើបុណ្យខួបឆ្នាំទី២៧ របស់មូលនិធិសង្រ្គោះនិស្សិតខ្មែរ ដើម្បីប្រមូលបច្ច័យពីបងប្អូនខ្មែរយើងនៅទីក្រុងម៉ុងរ៉េអាល់ហ្នឹង គឺយកទៅជួយបង្ហើយសាលារៀនមួយឈ្មោះសាលាបឋមសិក្សា សួគ៌ ឃុំសួគ៌ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។ តាមពិតរួចហើយ ប៉ុន្តែយើងនៅខ្វះ ពីព្រោះយើងយកលុយយើងចេញមុន ហើយយើងត្រូវតែរកបង្រ្គប់ឲ្យមូលនិធិវិញអ៊ីចឹង ពីព្រោះប្រាក់មូលនិធិត្រូវតែតម្កល់ប្រចាំតែម្ដង»។
ទីប្រឹក្សាជាន់ខ្ពស់ម្នាក់របស់មូលនិធិដើម្បីសង្គ្រោះនិស្សិតខ្មែរប្រចាំប្រទេសកាណាដា គឺលោក ជា សោភ័ណ បានឲ្យដឹងថា ក្រៅពីការចូលរួមរបស់ភ្ញៀវដែលជាសមាជិក សមាជិការបស់មូលនិធិ ក៏មានភ្ញៀវជាសប្បុរសជនអ្នកគាំទ្រជាច្រើនទៀតផងដែរ ៖ «ភាគច្រើន បងប្អូនណាហៅថាពឹងពរ ឬអ្នកឧបត្ថម្ភនេះ មានខាងភោជនីយដ្ឋាន ហើយខាងអ្នកលក់ចាប់ហួយគ្រឿងម្ហូបអាហារ ហើយក្រៅពីនោះ មានលោកវេជ្ជបណ្ឌិត... មានមេធាវី ... មានអ្នករកស៊ីលក់ផ្ទះទិញផ្ទះ ក៏ចូលរួមយ៉ាងច្រើន ហើយជាពិសេសភោជនីយដ្ឋានខ្មែរយើងមានច្រើនណាស់»។
សូមជម្រាបផងដែរថា ក្នុងរាត្រីសមោសរឆ្នាំកន្លងៗទៅ មេដឹកនាំនៃមូលនិធិតែងបានអញ្ជើញតារាល្បីឈ្មោះច្រើនរូបមកពីកម្ពុជា ដើម្បីចូលរួមសម្តែងជាតារាកិត្តិយស។
តារាទាំងនោះ រួមមានតារាភាពយន្តល្បីឈ្មោះ លោកស្រី ឌី សាវេត និងបុត្រា លោក ជា យុទ្ធថន និងអ្នកស្រី សោម វណ្ណស៊ូដានី ជាដើមផង។
ទោះបីយ៉ាងណាក្តី រាត្រីសមោសរឆ្នាំនេះ ដែលអនុគ្រោះឲ្យមូលនិធិសង្គ្រោះនិស្សិតខ្មែរប្រទេសកាណាដា អាចប្រមូលបានប្រាក់វិភាគទានរហូតជិតពីរម៉ឺនដុល្លារនោះ ក៏បានចូលរួមសម្តែងដោយតារាល្បីឈ្មោះជាច្រើនរូប រួមមានលោក ព្រុំ ស៊ីវុឌ្ឍី អ្នកស្រីឃុន វណ្ណា លោក រស់ សុភីរ៉ា អ្នកស្រី កើត សុខា និង កញ្ញា ពេជ្រ ចរណៃ ជាដើមផងដែរ៕